
នៅពេលសេពគប់
មើលចិត្តគំនិតគ្នាដំបូង អ្នកអាចពិបាក នឹងយល់នូវចរិតលក្ខណៈ របស់បុរស ជា
ដៃគូណាស់ ប៉ុន្តែទោះជាយ៉ាងណា អ្នកគួរ សង្កេត ចរិត និងសកម្មភាព របស់បុរសនោះ
ដើម្បីឲ្យអ្នក អាចសម្រេចចិត្តបានត្រឹមត្រូវ ក្នុងការប្រគល់ស្នេហា
ឲ្យគេប្រើប្រាស់ជីវិតរួមគ្នា ។ ពិសេស ប្រសិនបើអ្នកឃើញនូវ ប្រការណាមួយក្នុង
ចំណោម៩ប្រការ ខាងក្រោមនេះ អ្នកគួរពិចារណា ដកខ្លួន ថយប្រសើរជាង ។
១-សម្លឹងស្រីស្អាតគ្រប់គ្នាមិនដាក់ភ្នែក
នៅពេលឃើញស្រីស្អាតដើរកាត់ គេតែងសម្លឹងស្រីនោះ
ពុំមែនក្នុងន័យមិត្តភាព តែសម្លឹងដោយ ខ្សែភ្នែក ត្រែកត្រអាល ប្រៀបដូច
ស្ត្រីនោះជា ចំណីដ៏មានឱជារសរបស់គេ ដែលកិរិយារបស់គេ ប្រៀប ដូចខ្លាឃើញចំណី
ហើយត្រៀមលក្ខណៈនឹង ដេញចាប់រួចអូសចំណី ទៅទំពាស៊ីយ៉ាង ដូច្នេះដែរ ។
២-ប្រើសព្វនាម ហៅស្ត្រីដោយមិនសុភាព
បើគ្រាន់តែហៅថា “ចែ មីង ឬអ៊ំ” ប្រៀបរូបអ្នកថា
ចាស់ដល់ថ្នាក់នោះ ប្រហែលជាអាចទ្រាំបាន ប៉ុន្តែប្រសិនបើនៅចំពោះមុខអ្នក
ហើយគេហៅ ស្ត្រី ម្នាក់ផ្សេងទៀត ដោយសព្វនាម ដែលមិនពីរោះ ដូចជា
“មី…មីស្អីគេនោះ…” ឬហៅស្ត្រីដោយប្រើ រហស្សនា ដែលមិនផ្តល់កិត្តិយស ឬប្រៀបធៀប
ស្ត្រី យ៉ាងពិបាក ស្តាប់ដូចជា “ដោះសំប៉ែតឡែត” , “ជើងវែងមើលតែឈើចាក់ធ្មេញ” ,
“ស្បែកខ្មៅដូចធ្យូង” ។ អ្នកគួរជៀសឲ្យឆ្ងាយ ពីបុរសមាត់ ស្អុយបែបនេះ
បើមិនដូច្នេះទេ រូបអ្នកក៏នឹងក្លាយជាចំណីមាត់ ដ៏ស្អុយគគ្រុក របស់គេ
នៅថ្ងៃណាមួយជាមិនខាន ។
៣-កំពុងញៀននឹងគ្រឿងស្រវឹង
គេសេពសុរា ជក់បារី
ដោយមិនចាប់អារម្មណ៍ខ្វល់ខ្វាយថា គួររក្សារូបភាពល្អៗ របស់ខ្លួន នៅចំពោះ
មុខស្ត្រី នឹងមិនខ្វល់ថា ក្លិនផ្សែងបារី និងសម្លេង ហ៊ោកញ្ជ្រៀវពីវង់ស្រា
និងរំខានដល់ស្ត្រីយ៉ាងណា ។ នៅចំពោះមុខអ្នក
គេប្រព្រឹត្តខ្លួនជាបុរសគម្រប់បែបនេះ ទៅហើយ ចុះទម្រាំនៅពីក្រោយ ខ្នងទៀត
គេប្រាកដជារឹតតែ យ៉ាប់ជាងនេះទៅទៀត ។
៤-អួតអាងពីភាពមានបាន របស់ខ្លួន
ទោះជាភាពមានបានរបស់បុរស គឺជាចំណុចលេចធ្លោ
ដែលស្ត្រីចង់បានក្តី ក៏បុរសមិនគួរនិយាយ ហើយនិយាយទៀត ដដែលៗពេកទេ
ធ្វើឲ្យស្ត្រី មានអារម្មណ៍ថា បុរសនេះ អួតតែពីភាពមានបាន របស់ខ្លួន
ឬបើនឹងទំនាក់ទំនង ជាមួយស្ត្រីណា ក៏នឹងប្រើប្រាស់តែ យុទ្ធវិធីប្រើលុយ
ធ្វើជាធ្នាក់ ។ បុរសដែលឃើញស្ត្រីរាល់រូបថា ជាស្ត្រីមុខលុយបែបនេះ
ចាត់ទុកជាការមាក់ងាយស្ត្រី និងការបង្ហាញ ឲ្យគេឯង បានដឹងថា គេជាមនុស្ស ដែល
សម្លឹងអ្វីៗ ដោយប្រាក់កាសទាំងអស់ រួមទាំងអារម្មណ៍និង ចិត្តគំនិត
ពុំបានយកចិត្តទុកដាក់ ដល់គុណសម្បត្តិអ្វីបន្តិចឡើយ ។
៥- រងចាំទទួលការបម្រើប៉ុណ្ណោះ
ជាធម្មតាបុរសគួរបង្ហាញនូវភាពមានចិត្ត
ភាពជាសុភាពបុរស របស់ខ្លួន ទោះជាស្ថិតក្នុងស្ថានភាព ណាក៏ដោយ ។
ប៉ុន្តែប្រសិនបើអ្នកឃើញបុរស ណាម្នាក់ដែលរង់ចាំតែទទួលការប្រណិប័ត
បម្រើឬរង់ចាំ ឲ្យស្ត្រី ចូលមកបម្រើខ្លួននោះ និងឆ្លុះបញ្ចាំងដល់អនាគតស្នេហា
របស់បុរសនោះ ប្រសិន បើស្ត្រីណា ផុងខ្លួនជាមួយនោះ
ប្រាកដជាមានសភាពដូចស្ត្រីបម្រើប្រចាំខ្លួនរបស់គេ ជាមិនខាន ។
៦-បន្ទាបបន្ថោកអ្នកដទៃ
ទោះជាគេមិនបានជាន់ឈ្លី បន្ទាបបន្ថោកអ្នកក្តី
ប៉ុន្តែការដែលគេបង្ហាញ ការមិនពេញចិត្ត ចំពោះអ្នក ដទៃ ដោយគ្រាន់តែតួលេខតម្លៃ
វត្ថុអ្វីមួយតិច ជាងរបស់ខ្លួន ហើយសរសើរនិងអួតតែពីគ្រឿងអលង្ការ
និងវត្ថុមានតម្លៃ របស់ខ្លួន បុរសប្រភេទ នេះនឹងសម្លឹងរក មើលតែស្ត្រីណាដែល
មានទ្រព្យ សម្បត្តិ ជា មនុស្សវាយឫក អួតអាងអាត្មានិយម
មិនគួរឲ្យសេពគប់ជាមួយទេ ។
៧-និយាយរឿងសិច ដោយឥតខ្មាសអៀន
សុភាពបុរសដែលមានសុជីវធម៌
គួររក្សារឿងក្នុងបន្ទប់គេង ជារឿងសម្ងាត់ ទោះបីជាសេចក្តីសុខ ដ៏គួរឲ្យ
ចង់ចាំក្តី ក៏មិនគួរយកមកនិយាយ បែកអូរ ហូរជាស្ទឹង ឲ្យអ្នកដទៃស្តាប់នោះទេ
ព្រោះអ្នកដែល ខូចខាតគឺជាស្ត្រី ។ ប្រសិនបើអ្នកជួប បុរសមាត់ដាច យករឿងលើគ្រែ
របស់ខ្លួនជាមួយដៃគូ មកបើកចំហ ឲ្យអ្នក ដទៃបានដឹង ស្ត្រីណាសេពគប់ជាមួយ
មានតែរឿងខាតបង់ប៉ុណ្ណោះ គួរចៀសឲ្យឆ្ងាយ ប្រសើរជាង។
៨-មើលងាយសមត្ថភាពរបស់ស្ត្រី
ទោះបីសរីរាង្គកាយស្ត្រី អាចមិនខ្លាំងដូចបុរស
ស្ត្រីអាចរត់ ឬប្រកួតកីឡា ឈ្នះបុរស បានក៏ពិតមែន ប៉ុន្តែបុរសក៏មិនអាច
ធ្វើឲ្យមាន ភាពស្អាត វិចិត្រ បានដូចស្ត្រីដែរ។ បុរសដែលតែងតែមើលងាយ សមត្ថភាព
របស់ស្ត្រី នៅក្នុងផ្នត់គំនិត របស់ពួកគេតែងតែគិតថា
ស្ត្រីគ្រាន់តែជាគ្រឿងអលង្ការលម្អ ខ្លួនរបស់គេ
ឬគ្រាន់តែជាតុក្កតាលម្អនៅមុខរថយន្តប៉ុណ្ណោះ ។
ម្យ៉ាងទៀតគំនិតបែបនេះនឹងបង្កឲ្យ មានការខ្វែងគំនិតគ្នា ទៅថ្ងៃក្រោយជាមិនខាន ។
៩-បង្ហាញភាពមិនទទួលខុសត្រូវរបស់ខ្លួន
បុរសបែបនេះមួយថ្ងៃៗ
ធ្វើតែរឿងឥតប្រយោជន៍របស់ខ្លួន ឬបើបានទទួល កិច្ចការងារអ្វីមួយ
ក៏ធ្វើមិនទាន់ពេលវេលា ខុសពេលណាត់ ជានិច្ច ឬធ្វើ បានហើយតែប្រកប ដោយ
ភាពខ្ជីខ្ជា ។ ពួកគេខ្ជិលធ្វើខ្លួននូវអ្វីដែលមានប្រយោជន៍
ដោយគិតថាធ្វើឲ្យជីវិតនឿយ ហត់ប៉ុន្តែពួក គេបែរជាស្ទុះស្ទា
និងឧស្សាហ៍ព្យាយាមក្នុងរឿង ស្វែងរកភាពសប្បាយរីករាយផ្ទាល់ខ្លួន ដូចជាដើរ
លេងស្រី ស្រា ល្បែង… ។ បុរសប្រភេទនេះមាន តែធ្វើឲ្យជិវិតអ្នក កាន់តែ
ស្រុតចុះថែមទៀត ប្រសិនបើអ្នកផុងខ្លួនជាមួយ ៕
_________________
ផ្តល់សិទ្ទិដោយ៖looking today