Showing posts with label Education. Show all posts
Showing posts with label Education. Show all posts

សមាជិកនៃអ្នក បង្កើតផែនទី Google Map នៅកម្ពុជាម្នាក់ បានស្លាប់ ដោយសារ គ្រោះថ្នាក់ ចរាចរណ៍ កាលពីព្រឹកមិញ


លោក ចិត្រ សុវិជ្ជា ដែលសមាជិកមួយរូប នៃអ្នកបង្កើតផែនទី Google Map នៅក្នុងប្រទេសកម្ពុជា បានស្លាប់ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៤ ព្រឹកមិញនេះ ដោយសារ គ្រោះថ្នាក់ចរាចរណ៏ ខណៈលោក បានធ្វើដំណើរ ទៅកាន់ស្រុកកំណើត នៅក្នុងខេត្ត ស្ទឹងត្រែង។








លោក ចិត្រ សុវិជ្ជា ត្រូវបានគេស្គាល់ថា ជាសមាជិកដ៏សកម្មម្នាក់ នៃអ្នកបង្កើតផែនទី Google Map នៅកម្ពុជា ហើយលោកបានរួមចំនែក ក្នុងការបង្កើតផែនទី នៅក្នុងខេត្តស្ទឹងត្រែង តែម្តង។ ជាមួយគ្នានេះដែរ លោកក៏បានចំណាយ ពេលវេលា ដើម្បីធ្វើការ បណ្តុះបណ្តាល ប្រជាជនជាច្រើន ឲ្យយល់ដឹង ពីការប្រើប្រាស់ Google Map ដើម្បីស្វែងរក ទីតាំងណាមួយ នៅក្នុងប្រទេសកម្ពុជា ទៀតផង។
ជាងនេះទៅទៀត ស្នាដៃរបស់លោក ត្រូវបានគេទទួលស្គាល់ និងកោតសរសើរយ៉ាងខ្លាំង ហើយវាបានជួយដល់ ប្រជាជនខ្មែរជាច្រើន ដែលបាន និងកំពុងតែប្រើប្រាស់ ផែនទី Google Map ដើម្បីស្វែងរកទីតាំង ដ៏ជាក់លាក់ណាមួយ នៅក្នុងប្រទេសកម្ពុជា ក៏ដូចជា នៅទូទាំងពិភពលោក ផងដែរ៕


លោក ចិត្រ សុវិជ្ជា
ប្រភព ៖ Google Developer Group Phnom Penh
កែសំរួលដោយ
ខ្មែរឡូត

ធី សុវណ្ណថា៖ «ខ្ញុំ​ចូល​រួម​សកម្មភាព​នយោបាយ​តាំង​ពី​សម្បុរ ស រហូត​ដល់​ខ្មៅ»

140108_09aខ្ញុំ ​ចង់​លើក​កម្ពស់​ស្រ្តី។ ចង់​ឲ្យ​យុវតី ឬ​ស្រ្តី​មាន​សិទ្ធិ​ស្មើ​គ្នា។ ក៏​ប៉ុន្តែ​នៅ​ក្នុង​សង្គម​ខ្មែរ កិច្ចការ​នយោបាយ មាន​ការ​ចូល​រួម​ពី​ស្ត្រី​តិចតួច​បំផុត។ ផ្ទុយ​ទៅ​វិញ​ចំនួន​ស្ត្រី​នៅ​កម្ពុជា​មាន​ចំនួន​ច្រើន ជាង​បុរស។ ដូច្នេះ​បើ​សិន​ជា ស្ត្រី​យល់​ច្បាស់​ពី​សិទ្ធិ​ខ្លួន​ក្នុង​សង្គម នោះ​ពួក​គេ​នឹង​អាច​គេច​ផុត​ពី​ការ​គាប​សង្កត់​ក្នុង​គ្រួសារ ឬ​អំពើ​ហិង្សា​នានា»។ នេះ​ជា​សម្តី​របស់ កញ្ញា ធី សុវណ្ណថា វ័យ ១៨ ឆ្នាំ បច្ចុប្បន្ន​ជា​សិស្ស​ថ្នាក់ ទី១១ នៃ​សាលា​អន្តរជាតិ Adventist។
ជា​ទូទៅ​យុវជន​ជាច្រើន​បាន​ប្រទះ​ឃើញ​កញ្ញា សុវណ្ណថា ក្នុង​សកម្មភាព​នយោបាយ ការ​បញ្ចេញ​មតិ​ជា​សាធារណៈ​ការ​ដឹក​នាំ​ហែរ​ក្បួន​យុវជន​ជាដើម ជា​ពិសេស​តាម​បណ្តាញ​សង្គម ហ្វេសប៊ុក។ កញ្ញា​មាន​ប្រភព​ពី​ក្រុម​គ្រួសារ​ជា​អ្នក​ជំនួញ ដែល​មាន​ប្អូន​ប្រុស ៣ រូប ហើយ​កញ្ញា​ជា​កូន​ស្រី​ច្បង។
យុវតី​រូប​នេះ បាន​បន្ថែម​ទៀត​ថា ខ្លួន​មិន​រួញរា​ចំពោះ​ការ​ចូល​រួម​ក្នុង​សកម្មភាព​នយោបាយ​ឡើយ បើ​ទោះ​ជា​សកម្មភាព​ទាំង​នោះ​បាន​ធ្វើ​ឲ្យ​ខ្លួន​ប្រែ​ពី​សម្បុរ​ពី ស មក​ជា​ខ្មៅ លែង​មាន​សម្រស់​ស្អាត​ដូច​មុន​យ៉ាង​ណា​ក្តី។
សុវណ្ណថា បាន​បន្ត​ទៀត​ថា «សម្រស់​សម្រាប់​ស្រ្តី វា​សំខាន់​មែន ក៏​ប៉ុន្តែ​សមត្ថភាព និង​តម្លៃ​ការងារ​របស់​ស្ត្រី​ទើប​ជា​អ្វី​ដែល​សំខាន់​ជាង។ ខ្ញុំ​មិន​ធ្លាប់​មាន​អារម្មណ៍​ស្តាយ​ក្រោយ​ឡើយ»។
កញ្ញា ធី សុវណ្ណថា បាន​ឲ្យ​ដឹង​ថា ការ​ចូល​រួម​របស់​ខ្លួន​ក្នុង​សកម្មភាព​នយោបាយ​នេះ ជា​ការ​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ក្នុង​នាម​ជា​យុវជន​មួយ​រូប​ក្នុង​ សង្គម។
កញ្ញា​និយាយ​ថា៖ «ខ្ញុំ​ចង់​ធ្វើ​ជា​យុវតី​មួយ​រូប​ដែល​រស់​នៅ​ក្នុង​សង្គម​មួយ​ដែល​មាន​មេ​ ដឹក​នាំ​ល្អ មាន​ការ​រីក​ចម្រើន ខ្ញុំ​មិន​ចង់​ធ្វើ​ជា​យុវជន​មួយ​ដែល​មាន​ការ​អប់រំ​ល្អ ប៉ុន្តែ​រស់​នៅ​ក្នុង​សង្គម​ដែល​កខ្វក់»។
រាល់​ការ​សម្រេច​ចិត្ត អ្វី ឬ​ការ​ធ្វើ​អ្វី​មួយ តែង​តែ​មាន​បញ្ហា​ប្រឈម។ ការ​ចូល​រួម​ក្នុង​សកម្មភាព​នយោបាយ​របស់ សុវណ្ណថា ក៏​ដូច​គ្នា​ដែរ ក្នុង​នោះ​រួម​មាន​ការ​ប៉ះពាល់​ដល់​ការ​សិក្សា ការ​បារម្ភ​ពី​ក្រុម​គ្រួសារ ព្រម​ទាំង​សុវត្ថិភាព​ផ្ទាល់​ខ្លួន​ជាដើម។
កញ្ញា​បាន​និយាយ​ថា៖ «ការ​ភ័យ​ខ្លាច​គឺ​អត់​មាន​ទេ ក៏​ប៉ុន្តែ​ការ​ប្រុង​ប្រយ័ត្ន​គឺ​នៅ​តែ​មាន។ អ្វី​ដែល​ខ្ញុំ​បារម្ភ​បំផុត​នោះ គឺ​ការ​លាប​ពណ៌ ហេតុ​នេះ​រាល់​ការ​និយាយ​ស្តី និង​ការ​ធ្វើ​អ្វី​មួយ​ខ្ញុំ​ក៏​មាន​ការ​ប្រុង​ប្រយ័ត្ន​ដែរ»។
យុវតី​រូប​នេះ ចាត់​ទុក​ទីលាន​ប្រជាធិបតេយ្យ​ដូច​ជា​ផ្ទះ ទី២ របស់​ខ្លួន។ ជា​ទូទៅ​ក្រៅ​ពី​ចំណាយ​ពេល​នៅ​ផ្ទះ​ខ្លះ និង​ម៉ោង​សិក្សា​នៅ​សាលា សុវណ្ណថា ចំណាយ​ពេល​នៅ​ឯ​ទីលាន​ប្រជាធិបតេយ្យ​រាប់​បញ្ចូល​ទាំង​ការ​គេង នៅ​ទី​នោះ​ពេល​យប់​ផង​ដែរ។
នៅ​ឯ​សាលារៀន សុវណ្ណថា នៅ​តែ​ព្យាយាម​ថែរក្សា​ចំណង​មិត្តភាព​របស់​ខ្លួន​បាន​ល្អ បើ​ទោះ​ជា​សមាសភាព​មិត្ត​រួម​ថ្នាក់​ចម្រុះ ឬ​មាន​និន្នាការ​នយោបាយ​ដោយ​ឡែក​ពី​គ្នា​យ៉ាង​ណា​ក្តី។
សុវណ្ណថា មាន​បំណង​ចង់​ក្លាយ​ជា​អ្នក​នយោបាយ​ស្ត្រី​មួយ​រូប​នៅ​ពេល​អនាគត ព្រម​ទាំង​មាន​បំណង​ចង់​បង្កើត​ជា​អង្គការ​ដែល​មាន​លក្ខណៈ​ជា​ការងារ ឬ​សកម្មភាព​សង្គម (Community Service)។
______________________
ប្រភពព័ត៌មានពី៖ ភ្នំពេញប៉ុស្តិ៍

១០គន្លឹះ​គ្រប់គ្រង​អាជីព​ការងារ​​ឲ្យ​ជោគជ័យ​ក្នុង​ឆ្នាំ​ថ្មី


ដើម្បី​គ្រប់គ្រង​​អាជីព​ការងារ​របស់​លោក​អ្នក​​នៅ​ពេល​បច្ចុប្បន្ន​ឲ្យ​ មាន​ប្រសិទ្ធភាព​ និង​ល្អ​ប្រសើរ​ជាង​មុន​  គឺ​ជា​រឿង​ដែល​​សំខាន់​បំផុត​​​ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី​នេះ។ ក៏ប៉ុន្តែ ​វា​មិន​មែន​ជា​រឿង​ងាយស្រួល​នោះ​ឡើយ ពោល​គឺ​វា​ទាមទារ​ឲ្យ​មាន​គម្រោង​ច្បាស់លាស់​ ប្រើប្រាស់​វិធីសាស្ត្រ​ ឬ គន្លឹះ​សំខាន់ៗ​​ជា​ច្រើន​ទៀត និង​​ការ​ប្ដេជ្ញា​ចិត្ត​មួយ​ខ្ពស់​សម្រាប់​ខ្លួន​ឯង។ ​​​
ខាងក្រោម​នេះ​គឺ​ជា​ចំណុច​១០​យ៉ាង​ដែល​​មិត្ត​អ្នកអាន​គូរ​ធ្វើ​ចាប់​ពី​ ថ្ងៃ​នេះ​តទៅ​ ដើម្បី​គ្រប់គ្រង​ ក៏​ដូច​ជា​ការ​បង្កើន​គុណភាព​​ការងារ​បច្ចុប្បន្ន​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង៖
១ បង្កើត​ជម្រើស​ចំពោះអាជីព​​ការងារ​បច្ចុប្បន្ន
អ្នក​អាច​សួរ​ខ្លួន​ឯង​ថា តើ​ការងារ​បច្ចុប្បន្ន​សមស្រប​ទៅ​នឹង​សមត្ថភាព​ និង​ជំនាញ​វិជ្ជាជីវៈ​របស់​​អ្នក​​ហើយ​ឬ នៅ? តើ​​លោក​អ្នក​​អាច​​មាន​​សក្ដានុពល​​​ស្វែងរក​ប្រាក់ខែ​ជាង​នេះ​ដែរ​ឬ​ទេ? តើ​អ្នក​ពេញ​ចិត្ត​ការងារ​បច្ចុប្បន្ន​ដែរ​ឬ ក៏​អត់? ប្រសិន​បើ​​ចម្លើយ​​ថា ឆ្លើយ​ថា “ទេ” នោះ​មាន​ន័យ​ថា ​អ្នក​ត្រូវ​តែ​ធ្វើ​អ្វី​ម្យ៉ាង​ដែល​​ថ្មី​សម្រាប់​​​ការងារ​ដែល​​អ្នក​ពេញ ​ចិត្ត។ ​​​​​​

២ ដុសខាត់​ជំនាញ​របស់​អ្នក
ប្រសិនបើ​លោក​អ្នក​ពេញចិត្ត​នឹង​ការងារ​​​បច្ចុប្បន្ន​ហើយ តើ​នៅ​ចាំ​អី​ទៀត​មិន​ប្រញាប់​ដុសខាត់​វា​ឲ្យ​ខ្លាំង​ជាង​នេះ​​ទៀត​ទៅ? ត្រង់​ចំណុច​នេះ​អ្នក​ត្រូវ​ឆ្លៀត​ឱកាស​តាម​អ្វី​ដែល​ខ្លួន​អាច​ធ្វើ​បាន ចាកចេញ​ពី​បុគ្គលិក​សាមញ្ញ​ម្នាក់​ទៅ​ជា​​អ្នក​សហគ្រិន​វ័យក្មេង​មួយ​ដ៏​ ឆ្លាតវៃ ដោយ​​ស្វែង​រក​ការ​បណ្ដុះបណ្ដាល​ទាំងឡាយ​ណា​ដែល​ផ្ដល់​គុណ​តម្លៃ​មាន​ភាព​​ ស៊ីចង្វាក់​នឹង​ការងារ​បច្ចុប្បន្ន។ ​​​​
៣ ប្រឹក្សា​ជា​មួយ​ចៅហ្វាយនាយ
ដើម្បី​ជៀសវាង​ភាព​មន្ទិល​សង្ស័យ​ណាមួយ​លើ​​ចំណុចខ្លាំង និង​ចំណុច​ខ្សោយ​​របស់​ខ្លួន អ្នក​មិន​ត្រូវ​អង្គុយ​យល់សប្ដិ​ទាំង​កណ្ដាល​ថ្ងៃ​នោះ​​ឡើយ​។ ដូច្នេះ​ អ្នក​អាច​យក​អាកាស​ដ៏​ល្អ​ណាមួយ​​ជា​ញឹកញាប់​ ដូច​ជា​ទៅ​ញាំ​អាហារ ឬ ទទួល​ទាន​កាហ្វេ​ជា​មួយ​​ចៅហ្វាយនាយ​ ឬ​អ្នក​គ្រប់គ្រង ដើម្បី​ប្រឹក្សា​លើ​​​​ការ​អនុវត្ត​ការងារ​របស់​អ្នក​​​នៅ​ពេល​បច្ចុប្បន្ន។ ​​

៤ បង្កើត​គោលដៅ​ឲ្យ​ប្រាកដ​​លើ​​ការងារ​បច្ចុប្បន្ន
អ្នក​ត្រូវ​កំណត់​​​គោលដៅ​ដែល​លោក​អ្នក​ចង់​សម្រេច​បាន​នៅ​ក្នុង​ឆ្នាំ​២០១៤ ​នេះ និង​កត់ត្រា​ទុក​​​តាម​អាទិភាព។ គោលដៅ​នេះ​អាច​រួម​បញ្ចូល​ទាំង​ការ​បង្កើន​សមត្ថភាព​ការងារ​បច្ចុប្បន្ន ការ​ដំឡើង​មុខតំណែង​ និង​តួនាទី​សមស្រប​ទៅ​នឹង​គុណភាព​ការងារ​ ឬ សម្រេច​ភាព​ជោគជ័យ​លើ​អាជីព​បច្ចុប្បន្ន។ ក៏ប៉ុន្តែ អ្នក​ត្រូវ​ចងចាំ​ថា ដើម្បី​សម្រេច​បាន​គោលដៅ​ទាំង​នេះ ដាច់ខាត​លោក​អ្នក​ត្រូវ​ច្បាស់លាស់ និង អនុវត្ត​​​វា​ជានិច្ច​តាម​បែបផែន​ដែល​បាន​គ្រោង​ទុក។​​​​​
៥ ស្វែង​រក​វិធីសាស្ត្រ​អនុវត្ត​លើ​គម្រោង​
​ចំណុច​នេះ​អ្នក​អាច​ចាប់​ផ្ដើម​រិះគិត​លើ​មធ្យោបាយ​តូចៗ​ចាំបាច់​​ជា​ច្រើន ​​  ដើម្បី​សម្រេច​គោលដៅ​ឆ្នាំ​២០១៤​របស់​អ្នក​​ឲ្យ​បាន និង​កត់ត្រា​ទុក។ បន្ទាប់​មក​ត្រូវ​កំណត់​ពេល​វេលា និង ចាប់​ផ្ដើម​​អនុវត្ត​វា ក៏ប៉ុន្តែ​វា​ទាមទារ​ឲ្យ​មាន​ភាព​ប្រាកដ​និយម​បំផុត។
​​

៦ ត្រូវ​ចាប់ផ្ដើម​ត្រៀម​ខ្លួន​ពី​ឥឡូវ​នេះ​ទៅ
ត្រូវ​សិក្សា​ និង​ត្រៀម​ខ្លួន​ជានិច្ច​​សម្លឹង​មើល​នូវ​ឧបសគ្គ​ទាំងឡាយ​ដែល​កើត​មាន​នៅ​ ចំពោះ​មុខ​ការងារ​​ដែល​ត្រូវ​ធ្វើ និង​កំណត់​បញ្ហា​ទាំង​នោះ​ទុក ដើម្បី​ស្វែង​រក​ដំណោះស្រាយ​ដោយ​ប្រសិទ្ធភាព។ ចូរ​កុំ​ភ្លេច​ថា ជំហាន​ដ៏​តូច​របស់​អ្នក​​ចាប់ផ្ដើម​ឡើង​នៅ​ក្នុង​ថ្ងៃ​នេះ អាច​ធ្វើ​ឲ្យ​អ្នក​ជោគជ័យ​នៅ​ក្នុង​ឆ្នាំ​ក្រោយ​បាន។ ​​
៧ ត្រូវ​រៀបចំ​ទុកដាក់​ឯកសារ​ឲ្យ​បាន​ត្រឹមត្រូវ
យក​ពេល​វេលា​សម្រាក​ថ្ងៃ​ចុង​សប្ដាហ៍​របស់​​អ្នក ​រៀបចំ​ឯកសារ​ឡើងវិញ ហេតុដូច្នេះ​វា​នឹង​មាន​របៀបរៀបរយ​ និង​មាន​ប្រសិទ្ធភាព។ ពិនិត្យ​មើល​ចំណុច​បរាជ័យ​កាល​ពី​ឆ្នាំ​មុន​ដែល​អ្នក​មិន​អាច​ធ្វើ​បាន ហើយ​ចាប់​ផ្ដើម​​ចូល​ទៅ​កៀក​នឹង​វា​នៅ​ក្នុង​ឆ្នាំ​នេះ ដោយ​មិន​បង្អែបង្អង់ និង​គ្មាន​ឧបសគ្គ​កើត​មាន​ជា​លើក​ទី២។
៨ ពិនិត្យ​លើ​ប្រសិទ្ធភាព​ការងារ​ប្រចាំ​ថ្ងៃ​​​​​
ឆ្នាំ​ថ្មី​នេះ ដល់​​ពេល​ដែល​លោក​អ្នក​ត្រូវ​គ្រប់គ្រង​ពេលវេលា​​ឲ្យ​មាន​ប្រសិទ្ធភាព​ បំផុត។  តើ​អ្នក​បាន​ចំណាយ​ពេល​ធ្វើ​អ្វី​ខ្លះ​ នៅ​ពេល​កំពុង​ធ្វើ​ការងារ? ជជែក​គ្នា​លេង ឬ ក៏​​អង្គុយ​មើល​ទូរស័ព្ទ? ជៀសវាង​​កំហុស​ទាំង​នេះ ក្រៅ​ពី​​បំពេញ​ការងារ​របស់​អ្នក​រួចរាល់ គូរ​ចាប់ផ្ដើម​​កត់ត្រា​ទុក​​​គម្រោង​តូចៗ ​ដែល​ត្រូវ​ធ្វើ​​មុន​នឹង​ចាក់ចេញ​ពី​កន្លែង​ធ្វើ​ការ ដើម្បី​សម្រេច​បាន​ភាព​ជោគជ័យ​នៅ​​ថ្ងៃ​ស្អែក ។

៩ បង្កើន​​​ទំនាក់ទំនង​ក្នុង​ការងារ​របស់​អ្នក
ការ​បង្កើន​ទំនាក់ទំនង​ល្អ​​​នៅ​កន្លែង​ការងារ​អាច​ជំរុញ​ឲ្យ​មាន​ការ​ អភិវឌ្ឍ​មួយ​ដល់​អ្នក ដូច​ជា​ការ​បង្ហាញ​​កាយវិការ​​ជា​វិជ្ជមាន​ជា​មួយ​មនុស្ស​ដែល​ធ្វើ​ការ​ ជាមួយ​អ្នក។ ទោះបី​ជា​យ៉ាងណា​ក៏ដោយ លទ្ធផល​ការងារ​ប្រកប​ដោយ​​គុណភាព​គឺ​ជា​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ ដើម្បី​ជោគជ័យ​នៅ​ក្នុង​កន្លែង​​ធ្វើ​ការ។
១០ អនុវត្ត​គម្រោង​របស់​អ្នក​ដោយ​មិន​ងាករេ
ការ​គ្រប់គ្រង​អាជីព​ការងារ​របស់​អ្នក​ឲ្យ​ជោគជ័យ​បាន​ពិត​ជា​មិន​អាច​ទៅ​ រួច​ឡើយ​ ប្រសិន​បើ​អ្នក​មិន​បាន​អនុវត្ត​គម្រោង​​របស់​អ្នក។ ដូច្នេះ អ្នក​ត្រូវ​ពិនិត្យ​មើល​សកម្មភាព​ការងារ​របស់​អ្នក​ឲ្យ​បាន​ទៀងទាត់ និង​ ត្រូវ​​​ស្វែង​រក​ជំនួយ​ភា្លមៗ នៅ​ពេល​ចាំបាច់។ សំខាន់​ជាង​នេះ​ទៀត អ្នក​ត្រូវ​​បន្ត​គោលដៅ​របស់​អ្នក​ដោយ​ក្លៀវក្លា​បំផុត និង​​មិន​ត្រូវ​បោះបង់​វា​ដោយ​​​ឧបសគ្គ​ណាមួយ​នោះ​ឡើយ៕​​​​​​
ប្រែសម្រួល៖ Narin
ប្រភព៖jobsearch
រូបភាព៖ theofficeprofessional &