Showing posts with label Culture. Show all posts
Showing posts with label Culture. Show all posts

ជុំវិញចំលាក់បូរាណខ្មែរនៅញ៉ូយក សង្គ្រាមពាក្យសំដីកំពុងបន្ត

សង្គ្រាមពាក្យសំដីកំពុងតែបន្តយ៉ាងគគ្រឹកគគ្រេងជុំវិញរូបចំលាក់បូរាណខ្មែរ ដែលតុលាការទីក្រុង ញ៉ូយកយកមកធ្វើ ការអង្កេត តាំងពីឆ្នាំទៅម៉ិញមកហើយនោះ។
សូមអានអត្ថបទដែលនិយាយ ពីរូបចំលាក់នេះចុះផ្សាយ កាលពីថ្ងៃ១៤មេសា២០១២ កន្លងទៅ។

សូមបញ្ជាក់ឡើងវិញថា ការទាមទាររបស់​រដ្ឋាភិបាលខ្មែរ អោយរូបចំលាក់ថ្មចំណាស់ជាង ១០០០ឆ្នាំនេះត្រូវបញ្ជូនត្រឡប់ទៅស្រុកដើមវិញបានទទួលការគាំទ្រពីសំណាក់រដ្ឋាភិបាលអាមេរិក និងពីយូណេស្កូផង​ ដោយឈរលើ ហេតុផលជាច្រើន បង្ហាញបញ្ជាក់ពីការលួចចេញពីប្រាសាទ ចិន Prasat Chen ក្នុងតំបន់កោះកែ Koh Ker នៃរូបចំលាក់នេះក្នុងអំឡុងឆ្នាំ១៩៧០ ខណៈពេលកម្ពុជាកំពុងតែជ្រមុជក្នុងសង្គ្រាមរាំងជល់ដ៏រ៉ាំរ៉ៃនោះ។
កាលពីដើមខែមេសារដ្ឋាភិបាលអាមេរិចកាំងបាន«ចាត់បង្ខំ»អោយមានការចាប់បញ្ជូនត្រឡប់ទៅ កម្ពុជាវិញ តែចៅក្រម ម្នាក់ នៅតុលាការទីក្រុងញ៉ូយកបានចេញបញ្ជាបង្គាប់ដំបូងមួយ ដោយអោយ រូបចំលាក់នេះស្ថិតនៅក្រោមការគ្រប់គ្រង របស់គ្រឹះស្ថានដេញថ្លៃ សុធើបាយSotheby's ជាបណ្ដោះអាសន្នសិន ដោយយោងទៅលើហេតុផលពីរ។ ទីមួយគ្មានភស្ដុតាងណាមួយ ក្នុងអំឡុងពេលធ្វើអង្កេត បានបង្ហាញថា មានសកម្មភាពខុសច្បាប់ ឬលួចបន្លំ ដែលអាចដាក់បន្ទុក លើ គ្រឹះស្ថានដេញថ្លៃនេះបានទេ។ ហេតុផលមួយទៀត យោងទៅលើបញ្ហាបច្ចេកទេស ក្នុងការលើដាក់វត្ថុបូរាណមួយនេះដែលអាចខុសពីក្បួនខ្នាតបណ្ដាលធ្វើអោយខូចខាតដល់រូបចំលាក់​ ហើយចៅក្រមគិតថា គ្រឹះស្ថានដេញថ្លៃ មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការរក្សាទុករូបចំលាក់នេះ ដើម្បីរងចាំសាលក្រមសំរេច។
ចំណេកឯខាងគ្រឹះស្ថានដេញថ្លៃវិញនៅក្នុងអត្ថបទមួយដែលចេញផ្សាយលើគេហទំព័រ Liveauctioneers.com បានអោយដឹងថាការលក់ដោះដូរ រូបចំលាក់ក្នុងកន្លែងរបស់ខ្លួន មានភាពស្របច្បាប់ទាំងស្រុងអនុលោមទាំងតាមច្បាប់នៃសហរដ្ឋអាមេរិចនិងទាំងច្បាប់នៃព្រះ រាជាណាចក្រកម្ពុជា។គ្រឹះស្ថានដេញថ្លៃក៏បានបញ្ជាក់បន្ថែមពីភាពស្អាតស្អំរបស់ ម្ចាស់រូបចំលាក់ ជនជាតិប៊ែលហ្សិច ដែលទទួលបានភាពជាម្ចាស់ទ្រព្យតាំងពី៤០ឆ្នាំកន្លងទៅហើយ ហើយភាពស្អាតស្អំនេះ មិនអាចមាននរណាម្នាក់យកមកជជែកវែកញ៉ែកបាននោះទេ។​ ភាពស្របច្បាប់របស់គ្រឹះស្ថានដេញថ្លៃបានលើកសង្កត់ធ្ងន់ថាហេតុផលឬភស្ដុតាងដែល បានទាញបញ្ជាក់ ពីរូបចំលាក់ត្រូវបានលួចចេញពីកន្លែងដើមនោះ​មានតិចតួច ស្ដួចស្ដើងជាទីបំផុត  ហើយក៏គ្មានអំណេះអំណាងណាមួយនិយាយពីកាលបរិច្ឆេតពិតប្រាកដ នៃការគាស់រំលើងលួចរូប ចំលាក់នេះផងទេ។
ប៉ុន្តែ ផ្ទុយពីការអះអាងខាងលើ ប្រតិកម្មជាច្រើនបានឆ្លើយប្រឆាំងតបទៅនឹង ឫកពាពាក្យសំដីរបស់ គ្រឹះស្ថានដេញថ្លៃ នេះ ជាពិសេសទៅលើការអះអាង លើកមិនចេះចប់មិនចេះហើយ ពី«ភាពស្អាតស្អំ»របស់ម្ចាស់រូបចំលាក់ជនជាតិប៊ែលហ្សិច។លោកបូរាណវិទូជនជាតិអង់គ្លេសម្នាក់ឈ្មោះ ផូល បារហ្វ័ដ Paul Barford បានធ្វើសេចក្ដីប្រកាសនៅក្នុង គេហទំព័រផ្ទាល់ខ្លួន មួយថា៖
«តើ “ភាពស្អាតស្អំ” ចង់និយាយមានន័យថាយ៉ាងដូចម្ដេច? តើគេអាចទិញយ៉ាងដូចម្ដេចបាន នូវវត្ថុបុរាណនៃរចនាបថខ្មែរមួយដោយបើគេបានដឹងថា ជើងរបស់វាទើបនឹងកាត់ផ្ដាច់ចេញ ជើងទ្រនៅកន្លែងដើម ហើយរូបនេះទៀតសោតមានប្រភពចេញពីប្រទេសមួយ ក្នុងខណៈដែលគេដឹងសឹងតែគ្រប់ៗគ្នាពីសង្គ្រាមរាំងជល់ដ៏រ៉ាំរ៉ៃនោះ?តើគេអាចនិយាយ យ៉ាងដូចម្ដេចបានពី“ភាពស្អាតស្អំ”ខណៈដែលការដឹកជញ្ជូន គ្មានលិខិតបញ្ជាក់បញ្ជូន ចេញដោយត្រឹមត្រូវនោះ​?​ ខ្ញុំមិនមើលឃើញថា វាស្អាតស្អំជាងអ្វី​ដែលខ្ញុំសូមធ្វើការប្រៀបធៀប ទៅនឹងការទិញ ក្ដាបញ្ជា iPad ដែលគេទំលាក់តំលៃ យ៉ាងថោក ក្រោយពេលមានការជ្រួលច្របល់ នៅទីក្រុងឡុងដ៍នោះទេ។»
តាមគេហទំព័រមួយឈ្មោះហៅថាEntlawdigest.comរបស់ស្ថាប័នយុត្តិធម៌អាមេរិចកាំង អង្គជំនុំជំរះលើកក្រោយ លើរឿងក្ដីនេះ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី២០ ខែមិថុនាខាងមុខ៕
សូមអញ្ជើញទស្សនាខ្សែរវីដេអូមួយនិយាយពីរឿងនេះ ផលិតដោយវិទ្យុសំលេងសហរដ្ឋអាមេរិច ដូចខាងក្រោម៖
ដោយ សេក មនោរកុមារ - ប៉ារីស​ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១២
ប្រភពពត៌មាន៖ artmediaagency.com