Showing posts with label អប់រំ. Show all posts
Showing posts with label អប់រំ. Show all posts

លោក​អ្នក​មិន​គួរ​មើល​រំលង​ចំណុច​​សំខាន់ៗ​​ចំនួន ៦​នេះ​ឡើយ​​​​​​​ ប្រសិន​ចង់​​ឲ្យ​លទ្ធផល​ការងារ​​ល្អ​​រាល់​ថ្ងៃ​!

មិន​គួរ​មើល​រំលង​គោល​សំខាន់ៗ​ទាំង​៦ចំណុចនេះ​ឡើយ​​​​​​​ ប្រសិន​ចង់​បាន​លទ្ធផល​ការងារ​ល្អៗ​ជា​រៀងរាល់​ថ្ងៃ​!ប្រភព៖​ mashable.com
ទាំង​អ្នក​មាន​អ្នកក្រ គឺ​សុទ្ធតែ​មាន​រយៈពេល ២៤​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ដូចគ្នា។ ដូច្នេះ​ ជោគជ័យ​ឬ មិន​ជោគជ័យ​វា​អាស្រ័យ​លើ​មនុស្ស​ប៉ុណ្ណោះ។ មានន័យថា បើ​មាន​មាន​យុទ្ធសាស្ត្រ​គ្រប់គ្រាន់​ក្នុង​ការ​ធ្វើ​ឲ្យ​ពេលវេលា​២៤​ម៉ោង ក្នុងមួយថ្ងៃ​នេះ​មានប្រយោជន៍​ នោះ​វា​នឹង​មានប្រយោជន៍​ តែ​បើ​អត់ទេ​​អ្វីៗ​ក៏​ទៅ​តាម​ហ្នឹង​ដែរ។ ខាងក្រោម​នេះ គឺជា​​ចំណុច​សំខាន់ៗ​ដែល​ជួយ​ឲ្យ​អ្នកទទួល​បាន​លទ្ធផល​ការងារ​ល្អ​ជា​រៀងរាល់ថ្ងៃ៖​

១) ក្រោក​ពី​ដំណេក​ពី​ព្រឹកព្រលឹម 
ការ​ក្រោកពីដំណេក​ពីព្រលឹម​ជួយ​ឲ្យ​ អ្នក​អាច​មាន​ពេល​គ្រប់គ្រាន់​ក្នុង​ការ​ធ្វើ​កិច្ចការ​ចាំបាច់​ផ្សេងៗ​។ មនុស្ស​ជោគជ័យ​ជាច្រើន​នៅ​លើ​ពិភពលោក មិនដែល​ក្រោកពីដំណេក​យឺតយ៉ាវ​នោះ​ទេ​។ ​​ជាក់ស្តែង​​​លោក Tim Cook​ នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​Apple តែង​ក្រោក​ពី​ដំណេក​ ដោយ​ផ្ញើ​អ៊ីមែល​ទៅ​កាន់​ក្រុមហ៊ុន​របស់​ខ្លួន​ នៅ​ម៉ោង​ ៤:៣០ នាទី។ ​

២) បរិភោគ​អាហារ​ពេល​ព្រឹក​ទៀងទាត់​​
​អាហារ​ពេលព្រឹក​ពិតជា​មាន​សារសំខាន់​ខ្លាំង​ណាស់​សម្រាប់​ រាងកាយ​ និង ខួរក្បាល​របស់​អ្នក ព្រោះ​ថា មាន​កិច្ចការ​ជាច្រើន​ដែល​ត្រូវធ្វើ​ដូច្នេះ​បើ​អ្នក​មិន​ទទួលទាន​អាហារ​ពេល​ព្រឹក​ឲ្យ​បាន​ល្អ និង ទៀង​ទាត់​ទេ​នោះ ​ធ្វើ​ឲ្យ​អ្នក​គ្មាន​ថាមពល​គ្រប់គ្រាន់​ឡើយ​។ ដូច្នេះ​ហើយ​ សូម​កុំ​មើល​ស្រាល​ ការ​ទទួល​ទាន​អាហារ​ពេល​ព្រឹក​ឲ្យ​សោះ​។

៣) សរសេរ​គម្រោង​សំខាន់ៗ​​​ប្រចាំ​​ថ្ងៃ​
​​ក្នុងមួយថ្ងៃៗ​មាន​រឿងរ៉ាវ និង កិច្ចការ​ជាច្រើន​ដែល​អ្នក​ជួបប្រទះ​ ​ដែល​ធ្វើ​ឲ្យ​ពេលខ្លះ​មិន​ដឹង​ថា ធ្វើ​មួយ​ណា​ទុក​មួយ​ណា​ទេ។ ជម្រើស​ដ៏​ល្អ​បំផុត​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ គឺ​អ្នក​ត្រូវ​សរសេរ​គម្រោង​​សំខាន់ៗ​ទុក​ ថា​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​ក្នុងមួយថ្ងៃ​ ដើម្បី​ធានា​ថា អ្នក​មិន​ប្រឈម​នឹង​ភាព​ស្មុគស្មាញ​ច្រើន​ក្នុង​ការសម្រេចចិត្ត​។


៤) ឆ្លៀតពេល​ធ្វើអ្វី​មួយ​ដែល​អ្នក​សប្បាយចិត្ត​
​ជា​ធម្មតា​ នៅ​ពេល​ធ្វើការងារ​ច្រើន​ម៉ោង​រួចមក អ្នក​ប្រាកដជា​មាន​អារម្មណ៍​ថា តប់ប្រមល់​ក្នុង​ចិត្ត​ ហើយ​អារម្មណ៍​បែប​នេះ​​នឹង​ធ្វើ​ឲ្យ​ការងារ​មិន​អាច​មាន​លទ្ធផល​ល្អ​ឡើយ បើសិន​អ្នក​មិនព្រម​បន្ធូរ​អារម្មណ៍​ខ្លះ​ទេ។ ដូច្នេះ​ ត្រូវ​ផ្តល់​ពេលវេលា​ខ្លះ​សម្រាប់​ខ្លួន​អ្នក​ក្នុង​ការ​​ធ្វើ​អ្វី​ដែល​ពេញចិត្ត នាំ​ឲ្យ​អ្នក​មាន​ភាព​រីករាយ​ក្នុង​ចិត្ត​។ ប្រការ​នេះ​អាច​កាត់បន្ថយ​ភាព​តានតឹង​បាន​។ បន្ទាប់ពី​ភាព​តានតឹង​ត្រូវ​បាន​កាត់បន្ថយ​ហើយ អ្នក​ក៏​អាច​បន្ត​ការងារ​ប្រកបដោយ​ប្រសិទ្ធិភាព​ទៀត។

៥) ការ​ទទួល​ទានទឹក​ឲ្យ​គ្រប់គ្រាន់
​ទឹក​ពិត​ជា​មាន​សារសំខាន់​សម្រាប់​រាងកាយ​របស់​មនុស្ស​ ព្រោះ​គ្មាន​នរណា​អាច​មាន​ជីវិត​នោះ​ទេ ប្រសិនបើ​គ្មាន​ទឹក​។ អ្នកខ្លះ​ដោយសារតែ​ រវល់​នឹង​ការងារ​ពេក​ភ្លេច​ទទួលទាន​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​ ដែល​ចំណុច​នេះ​ពិត​ជា​ផ្តល់​ផល​អាក្រក់​ចំពោះ​រាងកាយ​ និង ថាមពល​។ ដូច្នេះ​ ដើម្បី​ប្រាកដ​ថា អ្នក​មាន​ថាមពល​គ្រប់គ្រាន់​ក្នុង​ការ​បំពេញ​ការងារ​ជាច្រើន​នោះ​ សូម​កុំ​ភ្លេច​បរិភោគ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​ជាប្រចាំ។

៦) ​​ផ្តល់​ស្នាម​​ញញឹម​​
​គ្មាន​នរណា​ម្នាក់​ចង់និយាយ ឬ ធ្វើការ​ជាមួយ​មនុស្ស​ដែល​មាន​មុខក្រញូវ​នោះ​ឡើយ។ ដូច្នេះ​ សូម​កុំ​កំណាញ់​ធ្វើអ្វី​ ចំពោះ​ស្នាម​ញញឹម​ព្រោះ​ថា អ្នក​គ្មាន​ខាតបង់​អ្វី​ឡើយ​។ ប៉ុន្តែ​ វា​ធ្វើ​ឲ្យ​មនុស្ស​គ្រប់គ្នា​ដែល​នៅ​ជុំវិញ​ខ្លួន​អ្នក​មាន​អារម្មណ៍​រីករាយ និង ចង់​ធ្វើ​ការ​ជាមួយ​អ្នក​កាន់តែ​ខ្លាំង​ឡើង​។ ប្រការ​នេះ​នាំ​ឲ្យ​ផលិតភាព​ការងារ​មាន​លក្ខណៈ​ប្រសើរ​ឡើង​៕

​ប្រែ​សម្រួល៖ រស្មី
ប្រភព ពី thebnews
ប្រភព៖​ www.lifehack.org

ក្បូន​សំខាន់ៗចំនួន ៥ ​​ធ្វើ​ឲ្យ​អ្នកដទៃ​មើល​ឃើញ​ថា អ្នក​ជា​មនុស្ស​ឆ្លាត​! ​

រូបតំណាងប្រភព៖​ nytimes
ជា​ការ​ពិត​ណាស់​​មនុស្ស​ជាច្រើន​ ​មាន​ភាព​វៃឆ្លាត​តាំងពី​កំណើត​​មក​ម្ល៉េះ​​។ ប៉ុន្តែ​​យ៉ាងណាក៏ដោយ​ លក្ខណៈ​ពិសេស​ពី​កំណើត​មក​ទាន់​គ្រប់គ្រាន់​នៅ​ឡើយ​ទេ​។ មានន័យថា ​ដើម្បី​ក្លាយ​ជា​មនុស្ស​ឆ្លាតវៃ អ្នក​ត្រូវតែ​ចេះ​រៀបចំ​ឥរិយាបថ​សំខាន់ៗ​មួយ​ចំនួន​ ព្រោះថា រាល់​សកម្ម​ភាព​របស់​យើង​ តែង​ត្រូវ​បាន​វាយតម្លៃ​ដោយ​មនុស្ស​ជុំវិញ​ខ្លួន​​ថា យើង​ជា​មនុស្ស​បែប​ណា។ ​ខាង​ក្រោម​នេះ​ គឺ​ជា​ចំណុច​សំខាន់ៗ​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ជា​មនុស្ស​ឆ្លាត៖​​

១) ​ ដើរ​ក្នុង​ល្បឿន​មួយ​ដែល​ប្រហាក់ប្រហែល​អ្នកដទៃ​
​​បើ​យោង​តាម​​ការស្រាវជ្រាវ​របស់​លោក Carey Morewedge ​សាស្ត្រាចារ្យ​​សាកលវិទ្យាល័យ Boston​ បាន​បញ្ជាក់​ថា ល្បឿន​នៃ​ការ​ដើរ​របស់​មនុស្ស​ម្នាក់ៗ​ អាច​បង្ហាញ​ពី​ទឹកចិត្ត​របស់​ពួកគេ​បាន​។ ដូច្នេះ​ហើយ​ បើកាលណា​អ្នក​ដើរ​លឿន​ ឬ យឺត​ជាង​អ្នកដទៃ​​ក្នុង​ពេល​ដើរ​ជាមួយ​គ្នា​នោះ​ មនុស្ស​ភាគ​ច្រើន​យល់​ឃើញ​ថា អ្នក​ហាក់ដូចជា ​ល្ងីល្ងើ។

លោក​អូបាម៉ា​​ធ្លាប់​មាន​សង្សារ​ពីរ​នាក់​ដែរ ​អ្នក​ទាំងពីរ​ជា​អ្នកណា?​


២) សរសេរ​យ៉ាង​សាមញ្ញៗ​
​​​វា​ពិត​ជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ ក្នុង​ការ​សរសេរ​ឃ្លា ឬ ប្រយោគ​លើ​ប្រធាន​បទ​​អ្វី​មួយ ព្រោះ​ថា ​គោលបំណង​ធំ​បំផុត​ក្នុង​ការ​សរសេរ​គឺ​ធ្វើ​យ៉ាងណា​ឲ្យ​អ្នកអាន​អាច​យល់​អំពី​គោលបំណង​របស់​អ្នក​សរសេរ​។​ ប៉ុន្តែ​បើ​សរសេរ​វែង​ ហើយ​មាន​ពាក្យពេចន៍​ពិបាកៗ​ច្រើន​ពេក​ ប្រាកដ​ជា​ធ្វើ​ឲ្យ​អ្នក​អាន​ធុញ​ទ្រាន់​​។​ តាម​ការ​ស្រាវជ្រាវ​មួយ​ចំនួន​បង្ហាញ​ថា ​​​សរសេរ​អ្វីមួយ​យ៉ាង​សាមញ្ញ​សាមញ្ញ​​នោះ ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​មនុស្ស​ឆ្លាត​។


៣) និយាយ​ច្បាស់ៗ​ និង មាន​​ថាមពល
​ក្នុង​ការសន្ទនា​គ្នា​ម្តងៗ​ ​មនុស្ស​តែង​មាន​លក្ខណៈ​នៃ​ការ​និយាយ​ផ្សេងៗ​គ្នា។ ​អ្នកខ្លះ​និយាយ​​អ្វីមួយ​ តែង​ធ្វើ​ឲ្យ​អ្នកដទៃ​ស្តាប់​ដោយ​យកចិត្ត​ទុកដាក់​ ខណៈ​អ្នក​ផ្សេង​វិញ​​តែង​ធ្វើ​ឲ្យ​អ្នក​ស្តាប់​មាន​ការ​​ធុញទ្រាន់​។ ​ដោយសារតែ​បែបនេះ​ហើយ​ ពេលខ្លះ​មនុស្ស​ពីរ​នាក់​ដែល​និយាយ​ឃ្លា​តែមួយ​ដូចគ្នា​សោះ​​ តែ​ទាក់ទាញ​ការចាប់អារម្មណ៍​ផ្សេង​ពី​គ្នា​ទៅវិញ​។ ​ដូច្នេះ​បើ​តាម​ការ​ស្រាវជ្រាវ​ អ្នក​ដែល​និយាយ​ច្បាស់ៗ​ និង ប្រកបដោយ​ថាមពល​​ ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​មនុស្ស​ឆ្លាត។

ចំណុច៧យ៉ាងដែល ស្ដ្រីយល់ខុសអំពីបញ្ហា ពាក់ព័ន្ធផ្លូវភេទ


​៤) សម្លឹង​ភ្នែក​ដៃគូ​ពេល​កំពុង​និយាយ​
​មាន​មនុស្ស​ជាច្រើន​នៅ​ពេល​ដែល​និយាយ​គ្នា​ម្តងៗ​ ហាក់​ដូចជា​មិន​ហាន​សម្លឹង​ចំមុខ​គ្នា​ប៉ុន្មាន​ទេ។ ការ​ធ្វើ​បែបនេះ​ ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​មនុស្ស​ដែល​មិនទាន់​មាន​សេចក្តី​ក្លាហាន​​គ្រប់គ្រាន់​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​។ ដូច្នេះ​ហើយ នៅ​ពេល​ដែល​អ្នក​ហាន​សម្លឹង​ចំ​ភ្នែក​ដៃគូ​ក្នុង​ពេល​សន្ទនា​ជាមួយ​គ្នា​នោះ គេ​ចាត់​ទុក​ថា ជា​មនុស្ស​ឆ្លាត​។

៥) ​ការ​ស្លៀកពាក់​សមសួន​​
ការ​ស្លៀកពាក់​ ក៏​ជា​ចំណុច​សំខាន់​ណាស់​ដែរ ព្រោះ​វា​បង្ហាញ​អំពី​អត្តចរិត​ និង សេចក្តី​ថ្លៃថ្នូរ​របស់​អ្នក​ផង​ដែរ​។​ ដូច្នេះ​ហើយ​ នៅ​ពេល​ដែល​អ្នក​ស្លៀកពាក់​មិនសូវ​សមរម្យ​ ឬ ខុស​គេ​ពេក​ ធ្វើ​ឲ្យ​គេ​វាយ​តម្លៃ​ថា អ្នក​គឺ​ជា​មនុស្ស​ដែល​មិនសូវ​ឆ្លាតវៃ​៕

ប្រែ​សម្រួល៖ រស្មី

ប្រភព ពី Thebnews.
ប្រភព៖​ www.businessinsider.com

រឿង៨​យ៉ាង បុគ្គលិក​ជោគជ័យ​មិន​គួរ​និយាយ​នៅ​កន្លែង​ការងារ

កន្លែង​ការងារ​មួយ​អាច​ប្រព្រឹត្ត​ទៅ​បាន​ ល្អ​ឥត​អាក់ លុះ​ត្រា​តែ​បុគ្គលិក​ទាំង​អស់​ចេះ​យោគយល់​ ពិភាក្សា​គ្នា និង​ជឿជាក់​គ្នា​ទៅ​វិញ​ទៅ​មក។ ទោះ​បែប​នេះ​ក្ដី មិន​មែន​គ្រប់​រឿង​ទាំង​អស់​សុទ្ធតែ​ត្រូវ​លើក​យក​មក​និយាយ​នោះ​ទេ មាន​បញ្ហា​មួយ​ចំនួន​ក៏​មិន​ត្រូវ​លាត​ត្រដាង​ដែរ។ ធ្វើ​បែប​នេះ ដើម្បី​កុំ​ឲ្យ​អ្នក​ផ្សេង​ទៀត​អាក់​អន់​ស្រពន់​ចិត្ត ឬ​រឿង​ខ្លះ​ដែល​និយាយ​ចេញ​មក​អាច​ប៉ះ​បាល់​ដល់​សកម្មភាព​ការងារ​របស់​អ្នក។ ខាង​ក្រោម​នេះ គឺ​ជា​រឿង ៨​យ៉ាង លោក​អ្នក​ មិន​គួរ​លើក​ឡើង​នៅ​កន្លែង​ការងារ៖

​១. ធុញ​ថប់​នឹង​ការងារ

បុគ្គលិក​ល្អ​គួរ​បញ្ចេញ​កម្លាំង​ធ្វើ​ការងារ​អស់​ពី​សមត្ថភាព ហើយ​បើ​ទោះ​ពេល​ខ្លះ​មាន​អារម្មណ៍​ថា​ធុញ​ថប់ ឬ​ស្អប់​ការងារ ក៏​មិន​ត្រូវ​រៀបរាប់​ចេញ​មក​ក្រៅ​មុខ​បុគ្គលិក​ផ្សេង​ទៀត​ដែរ។ ធ្វើ​បែប​នេះ មាន​ន័យ​ថា​អ្នក​កំពុង​​មាន​គំនិត​អវិជ្ជមាន​លើ​ការងារ​ដែល​ខ្លួន​ធ្វើ និង​អូស​អ្នក​ដទៃ​ឲ្យ​មាន​គំនិត​ធុញ​ថប់​ដូច​អ្នក។ មួយ​វិញ​ទៀត បើ​ពាក្យ​ទាំង​អស់​នេះ​ឮ​ទៅ​ដល់​មេ​កើយ អ្នក​នឹង​ក្លាយ​ជា​​មុខ​សញ្ញា​អាក្រក់​ជា​មិន​ខាន។

២. និយាយ​ដើម​បុគ្គលិក​ផ្សេង​ថា​អសមត្ថភាព

ជា​ធម្មតា កន្លែង​ការងារ​មួយ ប្រាកដ​ជា​មាន​ទាំង​បុគ្គលិក​ប្រកប​ដោយ​សមត្ថភាព​ខ្ពស់ និង​បុគ្គលិក​អសមត្ថភាព​ខ្លះ​ជាក់​ជា​មិន​ខាន។ បុគ្គលិក​មួយ​ចំនួន​បាន​និយាយ​ដើម​គេ​ថា​ខ្សោយ​នៅ​ពី​ក្រោយ​ខ្នង ដើម្បី​ឲ្យ​បុគ្គលិក​ផ្សេង​ទៀត​សរសើរ​សមត្ថភាព​ខ្លួន ប៉ុន្តែ​ថ្ងៃ​ណា​មួយ​វា​នឹង​បង្ក​ផល​អវិជ្ជមាន​ដល់​គេ​​វិញ ព្រោះ​បុគ្គលិក​ផ្សេង​ទៀត​អាច​និយាយ​ដើម​គេ​បាន​ដូច​គ្នា។ បើ​មិន​បាន​ជួយ​អ្វី​គេ​ទេ កុំ​និយាយ​បង្អាប់​គេ​ពី​ក្រោយ​ខ្នង ហើយ​ត្រូវ​ចាំ​ថា​​បុគ្គលិក​ល្អ​ប្រើ​សមត្ថភាព​ខ្លួន​ឯង​ដើម្បី​ឈាន​ឡើង មិន​មែន​ជាន់​ពន្លិច​អ្នក​ដទៃ​ឡើយ។

៣. ប្រាក់​ខែ

3

និយាយ​រឿង​ប្រាក់​ខែ​ជាមួយ​អ្នក​ផ្សេង​ក្រៅ​កន្លែង​ការងារ​ជា​រឿង​មិន​ សមរម្យ​ទៅ​ហើយ កុំ​ថា​ឡើយ​ជា​មួយ​បុគ្គលិក​រួម​ការងារ។ បង្ហាញ​ពី​ទំហំ​ប្រាក់​ខែ​អ្នក​ប្រាប់​បុគ្គលិក​ផ្សេង នឹង​នាំ​ឲ្យ​មាន​ការ​ប្រៀបធៀប បង្កើត​បាន​ជា​ភាព​ច្រណែន ហើយ​គុណភាព​ការងារ​ប្រាកដ​ជា​ធ្លាក់​ចុះ​មិន​ខាន។

៤. ជំនឿ​សាសនា និង​នយោបាយ

​​​​​​មនុស្ស​ភាគ​ច្រើន​រស់​ជាមួយ​ជំនឿ ទាំង​សាសនា និង​នយោបាយ ដែល​ជា​ប្រធាន​ក្ដៅ​គគុក​វែក​ញែក​រក​ចាញ់​ឈ្នះ​មិន​ឃើញ។ មិន​ថា​អ្នក​ដាក់​ជំនឿ​លើ​សាសនា​ណា ឬ​ប្រកាន់​យក​នយោបាយ​បក្ស​ណា មិន​គួរ​លាត​ត្រដាង​នៅ​កន្លែង​ការងារ​ឡើយ ព្រោះ​អាច​បង្ក​ជា​ការ​មើល​មុខ​គ្នា​មិន​ត្រង់។ មួយ​វិញ​ទៀត ប្រសិន​បើ​រឿង​នេះ​ត្រូវ​បាន​ទម្លាយ បុគ្គលិក​មួយ​ចំនួន​ដែល​ជឿជាក់​ស៊ប់​ផ្ទុយ​នឹង​អ្នក អាច​ចាត់​ទុក​អ្នក​ជា​សត្រូវ៕

៥. ប្រវត្តិ​មិន​ល្អ​ពេល​នៅ​រៀន

5

អតីតកាល​របស់​មនុស្ស​ម្នាក់ អាច​បញ្ជាក់​ពី​ចរិត​លក្ខណៈ​របស់​គេ។ បើ​ទោះ​ពេល​នេះ​អ្នក​ប្រែ​ជា​ល្អ ក៏​មនុស្ស​ភាគ​ច្រើន​មិន​ដាក់​ជំនឿ​លើ​អ្នក​ខ្លាំង​ដែរ។ ធ្លាប់​ដើរ​លេង​គេច​សាលា ផឹក​ស្រា​សប្បាយ ប្រើ​គ្រឿង​ញៀន ឬ​វាយ​តប់​គ្នា​ជាដើម មិន​គួរ​ទម្លាយ​ប្រាប់​បុគ្គលិក​ដទៃ​ឡើយ ព្រោះ​វា​អាច​មាន​ផល​អវិជ្ជមាន​ចំពោះ​អ្នក។ ម្យ៉ាង​វិញ​ទៀត បើ​ដឹង​ថា​អ្នក​ធ្លាប់​មាន​ប្រវត្តិ​អាក្រក់ គេ​ប្រាកដ​ជា​មិន​សូវ​គោរព​តាម​ការ​ដឹក​នាំ​របស់​អ្នក​ឡើយ។

៦. បង្ហាញ​អំនួត

ទោះ​ខ្លួន​ពូកែ​យ៉ាងណា ក៏​មិន​ត្រូវ​និយាយ​អួត​អាង​នៅ​មុខ​បុគ្គលិក​ដទៃ​ដែរ ព្រោះ​មាន​​អំនួត​បែប​នេះ​អាច​ធ្វើ​ឲ្យ​គេ​ស្អប់​បាន​គ្រប់​ពេល​វេលា។ អ្នក​មាន​សមត្ថភាព​ប៉ុនណា បុគ្គលិក​ដទៃ​ប្រាកដ​ជា​មើល​ឃើញ ហើយ​អ្វី​ដែល​ត្រូវ​ធ្វើ​នោះ គឺ​ប្រើ​សមត្ថភាព​របស់​អ្នក​បំពេញ​ការងារ និង​ជួយ​បុគ្គលិក​ដទៃ​ទើប​ជា​ការ​ល្អ។

៧. និយាយ​លេង​សើច​ច្រើន

ជា​ការ​ពិត​ណាស់ នៅ​កន្លែង​ការងារ​គួរ​បង្កើត​បរិយាកាស​រីករាយ​ខ្លះ ប៉ុន្តែ​ជួនកាល​បើ​ធ្វើ​ឡើង​ជ្រុល​ពេក វា​អាច​ក្លាយ​ជា​ការ​រំខាន​ដល់​អ្នក​ដទៃ។ ពេល​ខ្លះ​ការ​លេង​សើច​នោះ ប៉ះ​ពាល់​ដល់​ជីវិត​ពិត​របស់​អ្នក​ដទៃ ដែល​នឹង​បង្កើត​ជា​ការ​ថ្នាំង​ថ្នាក់​ណា​មួយ។

៨. ប្រាប់​គ្រប់​គ្នា​ថា​កំពុង​ស្វែង​រក​ការងារ​ថ្មី

7

នៅ​ពេល​អ្នក​ប្រាប់​បុគ្គលិក​ផ្សេង​ថា​កំពុង​ស្វែង​រក​ការងារ និង​មាន​គម្រោង​ចាកចេញ វា​ប្រៀប​ដូច​ជា​អ្នក​បញ្ចប់​ឱកាស​ខ្លួន​ឯង​ដែរ។ គ្រប់​គ្នា​នឹង​យល់​ថា​អ្នក​រង់ចាំ​តែ​ពេល​ចាក​ចេញ និង​គ្មាន​ចិត្ត​ធ្វើ​ការងារ​ឡើយ ដែល​អាច​ប៉ះ​ពាល់​ដល់​ការ​ឡើង​តួនាទី ឬ​ការ​ទទួល​បាន​ប្រយោជន៍​ផ្សេង​ៗ​ក្នុង​កន្លែង​ការងារ។ ពេល​ខ្លះ​ការ​តាម​ប្រមាញ់​ការងារ​ថ្មី​របស់​អ្នក​អាច​បរាជ័យ ដែល​តម្រូវ​ឲ្យ​អ្នក​ត្រូវ​ធ្វើការ​នៅ​កន្លែង​ដដែល។ ដូច​នេះ យល់​ល្អ​ចាំ​រក​ការងារ​ថ្មី​នោះ​បាន ចាំ​លាត​ត្រដាង​ប្រាប់​អ្នក​រាល់​គ្នា។ ​


ប្រែ​សម្រួល៖ គង់ វិសាល
ប្រភព ពី សប្បាយ ប្រភព៖ businessinsider

ពិបាក​រក​ទីតាំង​សម្រាប់​ការ​ណាត់​ជួប​នៅ​គ្រា​ដំបូង​មែន​ទេ? ទីតាំង​​ចំនួន​ ១០ នេះ​អាច​ស័ក្ដិសម​បំផុត​សម្រាប់​លោក​អ្នក​​


រូបតំណាងប្រភព៖​ hotcupoflove

ការ ​ណាត់​ជួប​គ្នា​គ្រា​ដំបូង​ជាមួយ​មនុស្ស​ថ្មី​ ក្នុង​ពេលវេលា​ណាមួយ​ គឺ​ជា​អ្វី​ដែល​មនុស្ស​ម្នាក់ៗ​​​​មាន​ការ​ព្រួយ​បារម្ភ​​​​​ខ្លាំង​​ព្រោះ​ មិន​ដឹង​​ថា ត្រូវ​ទៅ​ណាត់​ជួប​នៅ​កន្លែង​ណា?​ ត្រូវ​​ស្លៀក​សំលៀកបំពាក់​ឬ​ការ​និយាយ​ស្ដី​​បែប​ណា​ទើប​សម និង ​គួរ​ឲ្យ​ចាប់​អារម្មណ៍? ទោះបី​ជា ​TheBNEWS  មិន​​បាន​ផ្តល់​​គន្លឹះ​ពី​ការ​ស្លៀក​ពាក់ ក៏​ដូច​ជា​ការ​រៀប​​​ចំ​ខ្លួន​​យ៉ាងណា​ក៏ដោយ លោក​អ្នក​អាច​នឹង​ទទួល​បាន​ដំបូន្មាន​ចំនួន​ ១០ ​ស្តី​ពី​ទីតាំង​ល្អៗ​​​សម្រាប់​ការ​ណាត់​ជួប​របស់​​លោក​​​។​


១) អញ្ជើញ​ទៅ​​ញ៉ាំ​អាហារ​ពេល​ល្ងាច
​ថ្វីត្បិត​តែ​ ​​នេះ​មិនមែន​ជា​គំនិត​ថ្មី​សន្លាង​​សម្រាប់​ការ​ណាត់​ជួប​គ្នា​ ប៉ុន្តែ​​​​ការ​អញ្ជើញ​ឲ្យ​ទៅ​ទទួល​ទាន​អាហារ​ពេល​ល្ងាច​​អាច​ជួយ​ឲ្យ​អ្នក​ ​បាន​​ស្គាល់​ពី​​បុគ្គល​នោះ​​កាន់តែ​ច្បាស់​យ៉ាង​ហោច​ណាស់​ក៏​ពីរ​ឬ​បី​​ ចំណុច​ដែរ​​ដូច​ជា​អត្តចរិត ពាក្យ​សម្តី ឬ កាយវិការ​ជា​ដើម។​ ប៉ុន្តែ​​ត្រូវ​ប្រយ័ត្ន​កុំ​ឱ្យ​មាន​កំហុស​អ្វី​កើត​ឡើង​ឲ្យ​សោះ​នៅ​ក្នុង​ ​គ្រា​ដំបូង​នេះ​។


ចំណុច​ដែល​គួរ​ចងចាំ​ការណាត់​ជួប​ញ៉ាំ​អាហារ​ពេល​ល្ងាច​​លើក​ទីមួយ​ធ្វើ​ បែប​សាមញ្ញ​ៗ​នាំ​ទៅ​ភោជនីយដ្ឋាន​ធម្មតា​ជាជាង​ទៅ​ញ៉ាំ​ក្នុង​ភោជនីយដ្ឋាន​​ សណ្ឋាគារ​លំដាប់​ផ្កាយ​៤។ ឧទាហរណ៍​​​ដូច​ជា​កុន​រឿង​ “Fast Times at Ridgemont High” តួ​ប្រុស​ Mark Ratner បាន​នាំ​តួ​ស្រី​ Stacey ទៅ​ញ៉ាំ​អាហារ​ក្នុង​ភោជនីយដ្ឋាន​អាល្លឺម៉ង់​​ធម្មតា​មួយ​។ អូ​!​ចំណុច​សំខាន់​បំផុត​ក្នុង​នេះ​គឺ​ត្រូវ​តែ​យក​ប្រាក់​ទៅ​ឲ្យ​គ្រប់​​ ចំនួន​ផង​ដែរ​សម្រាប់​​​ថ្លៃ​អាហារ​ដែល​នឹង​​អាច​​កុម្មង់​​យក​មក​ញ៉ាំ​​ បន្ថែម​ផង​ដែរ។


២) អញ្ជើញ​ទៅ​ញ៉ាំបាយ​ថ្ងៃ​ត្រង់
សម្រាប់​ការ​ណាត់​ ញ៉ាំ​អាហារ​ថ្ងៃ​ត្រង់​ ធ្វើ​​ឲ្យ​ភាគី​ទាំង​សង​ខាង​មិន​សូវ​មាន​សំពាធ​សម្រាប់​ការ​ជួប​គ្នា​ បើ​សិន​ជា​ការ​ជួប​​នោះ​ធ្វើ​ឡើង​នៅ​ពេល​ថ្ងៃ​។ មិនមែន​ត្រឹមតែ​​ជា​ពេល​ថ្ងៃ​ភ្លឺ​នោះ​ទេ ប៉ុន្តែ​ការ​ញ៉ាំ​អាហារ​ពេល​ថ្ងៃ​តែង​តែ​មាន​ពេល​កំណត់​ព្រោះ​អាច​នឹង​​រវល់ ​​រឿង​ការងារ​។ល។​ ហើយ​ចំណុច​នេះ​គឺ​ជា​កូន​សោរ​សំខាន់​សម្រាប់​អ្នក​ទាំងពីរ​ បើ​សិន​ជា​មើល​ទៅ​មិន​អាច​ទៅ​រួច​ទេ​ ​​អាច​​មាន​លេស​​​គ្រប់​គ្រាន់​សម្រាប់​​ដក​​ខ្លួន​បាន​ឆាប់​រហ័ស​​។


៣) ទៅ​​ហាង​កាហ្វេ ឬ​ហាង​ការ៉េម
សម្រាប់​ចំណុច​នេះ​ គឺ​រឹត​តែ​ងាយ​ស្រួល​ជាង​ការ​ណាត់​ទៅ​ញ៉ាំ​អាហារ​ថ្ងៃ​ត្រង់ទៅ​ទៀត​។ ការ​ណាត់​ជួប​​ក្នុង​ហាង​កាហ្វេ​​វា​​មិន​គ្រប់គ្រាន់​នោះ​ទេ ពោល​គឺ​​អ្នក​ទាំងពីរ​អាច​មាន​​​បំណង​ផ្សេង​​មួយ​ទៀត​ក្រៅ​ពី​នេះ។ យ៉ាងណាមិញ ការ​ណាត់​ជួប​​ក្នុង​ហាង​កាហ្វេ​ឬ​ហាង​ការ៉េម​​ បាន​ជួយ​ឲ្យ​អ្នក​ទាំងពីរ​​មាន​សំពាធ​តិច​​និង​ងាយ​ស្រួល​ដកដង្ហើម​​ រហូត​ដល់​អ្នក​ទាំងពីរ​អាច​ឈាន​ឆ្ពោះ​ទៅ​ដល់​ដំណាក់​កាល​មួយ​ដែល​អាច​និយាយ​ ស្ដី​​ជាមួយ​បាន​ធម្មតា​លែង​មាន​អារម្មណ៍​សំពាធ​​បន្ត​ទៅ​ទៀត​​។



៤) ណាត់​ជួប​ក្នុង​កម្មវិធី​ប្រកួត​កីឡា​
ទិញ​ សំបុត្រ​ទៅ​មើល​​កម្មវិធី​ប្រកួត​កីឡា ដូច​ជា កីឡា​បាល់​បោះ​ បាល់ទះ ហើយ​យក​ឱកាស​នេះ​ធ្វើ​ជា​ការ​ណាត់ជួប គឺ​ជា​ជម្រើស​ប្រសើរ​មួយ​ផង​ដែរ។​ ស្ដាប់​ទៅ​មិន​អណ្ដែងអណ្ដូង​ ហើយ​ការ​ណាត់​​ជួប​នៅ​កន្លែង​សាធារណៈ​​បែប​នេះ​ មិនមែន​ត្រឹម​តែ​គ្មាន​សម្ពាធ​ទេ​ថែម​ទាំង​​នាំ​មក​នូវ​បរិយាកាស​រីករាយ​ដល់ ​អ្នក​ទាំង​ពីរ និង ​ជជែក​គ្នា​បាន​ក្រោម​ប្រធាន​បទ​ផ្សេងៗ​តាម​ចិត្ត​ចង់។


៥) ណាត់​ជួប​ក្នុង​កម្មវិធី​ប្រគំតន្ត្រី​
បើ​សិន​ ជា​អ្នក​ទាំងពីរ​ចូលចិត្ត​តន្ត្រី​​ដូច​គ្នា​ មិន​ថា​តន្ត្រី​បែប​រ៉ក់ ​hip hop ឬ​ក៏​តន្ត្រី​ប្រពៃណី​ ការ​ទិញ​សំបុត្រ​​ចូល​ទៅ​ទស្សនា​ការ​ប្រគំ​តន្ត្រី​  គឺ​ជា​ចំណុច​​ចាប់​ផ្ដើម​ដ៏​ល្អ​បំផុត​មួយ​​សម្រាប់​ការ​ណាត់​ជួប​គ្រា​ ដំបូង​​ ។ ដូច​ជា​ទៅ​​មើល​ការ​ប្រកួត​កីឡា​ដូច្នេះ​ដែរ​ អ្នក​​ទាំងពីរ​ជួប​គ្នា​​ក្នុង​ទីសាធារណៈ​ ជាមួយ​មនុស្ស​ជា​ច្រើន​នៅ​ជុំវិញ​ខ្លួន​​ ម្យ៉ាង​ទៀត​អ្នក​ទាំងពីរ​​អាច​មាន​តន្រ្តី​កំដរ​ជួយ​​បង្កើន​បរិយាកាស​​ សន្ទនា​របស់​អ្នក​​​កាន់តែ​រលូន​ទៅ​មុខ។


៦) ណាត់​ជួប​​នៅ​រោងកុន
សំបុត្រ​កុន​អាច​នឹង​មាន​ តម្លៃ​ថ្លៃ​ជាង​សំបុត្រ​កុន​ធម្មតា​ ហើយ​​ក៏​ពិបាក​​​នឹង​មាន​ឱកាស​​​ក្នុង​ការ​ជជែក​គ្នា​ដើម្បី​ស្វែងយល់​ពី​ គ្នា​ទៅ​វិញ​​​ទៅ​មក​នៅ​ក្នុង​ស្ថានភាព​ងងឹត​​បែបនេះ​ ប៉ុន្តែ​ជា​ទូទៅ​ការ​​ណាត់​​​នៅ​ទី​នេះ​​​គឺ​ជា​ជម្រើស​ដំបូង​​មួយ​ដែរ​ ក្នុង​ចំណោម​​ការ​ណាត់​​ជួប​​ផ្សេងៗ​​ទៀត ហើយ​វា​កំពុង​ពេញ​និយម​ក្នុង​​ចំណោម​ស្រទាប់​យុវវ័យ​។ បើ​មិន​​អាច​ទៅ​រួច​ទេ ​អ្នក​គួរ​តែ​ពិចារណា​ចំណុច​ទី​មួយ​ ទីពីរ ឬ ទីបី​។ ​


៧) ណាត់​ជួប​ទៅ​ញ៉ាំ​អាហារ​​​ភិចនិច​
ទៅ​ញ៉ាំ​បាយ​ ក្រៅ​ផ្ទះ​ដោយ​រៀបចំ​ប្រអប់​បាយ​ពេល​ថ្ងៃ​ហើយ​ទៅ​ញ៉ាំ​ក្នុង​សួន​កម្សាន្ត​ ដើម្បី​បាន​ស្គាល់​ចិត្ត​ថ្លើម​គ្នា​​ក៏​ជា​ជម្រើស​មួយ​ល្អ​ម្យ៉ាង​ដែរ ព្រោះ​ការ​ណាត់​​ជួប​បែបនេះ​មាន​លក្ខណៈ​ឯកជន​​ដ៏​រ៉ូមែនទិច។ អ្នក​អាច​ជជែក​គ្នា​បាន​​ដោយ​ងាយស្រួល​មិន​ចាំ​បាច់​ខ្វល់​ថា​នឹង​មាន​អ្នក​ ​រត់​តុ​នៅ​ចាំ​ និង​មិន​បាច់​ចាយ​ប្រាក់​​​​លើក​ទឹក​ចិត្ត​ផង​ដែរ។


៨) ណាត់​ជួប​នៅ​សួនសត្វ​
បើ​សិន​ជា​អ្នក​ទាំងពីរ​​ ចូលចិត្ត​ធម្មជាតិ​និង​សត្វ​ព្រៃ​ដូច​គ្នា​ ការ​ណាត់​ជួប​គ្នា​​នៅ​ក្នុង​សួនស​ត្វ​គឺ​ជា​រឿង​សប្បាយ​រីករាយ​សម្រាប់​ អ្នក​ទាំងពីរ​ ​ដើម្បី​បាន​ទស្សនា​​​ធម្មជាតិ ​និង​សត្វ​​ព្រៃ​ផង និង ជជែក​​គ្នា​បណ្តើរ​ផង។ បរិយាកាស​បែប​នេះ អ្នក​ថា​មិន​រ៉ូមែនទិក? ​


៩) ណាត់​ជួប​នៅ​ផ្សារ​ទំនើប
កន្លែង​សាធារណៈ​មួយ​​ ទៀត​ដែល​អ្នក​អាច​​ស្ថិត​នៅ​ក្នុង​បំណង​របស់​អ្នក​សម្រាប់​ការ​ណាត់​ជួប  គឺ​នៅ​​តាម​ផ្សារ​ទំនើប។ នេះ​​អាច​ឲ្យ​អ្នក​​ទាំងពីរ​អាច​​ស្វែង​យល់​​ពី​ផលិតផល​​​ផ្សេងៗ​ជា​មួយ​ ដៃគូ​សន្ទនា​របស់​អ្នក​​​ដោយ​​គ្មាន​សំពាធ​អ្វី​ឡើយ​​។  បើ​បាន​យល់​ចិត្ត​គ្នា និង​ទិញ​កាដូ​ជូន​គ្នា​ទៀត​នោះ គឺ​កាន់​តែ​ល្អ​ហើយ។


១០) ណាត់​ជួប​នៅ​​សួន​​ ឬ កន្លែង​ល្បែង​កម្សាន្ត​​​​
ការ ​ណាត់​ជួប​គ្រា​ដំបូង​របស់​អ្នក​អាច​ជា​កន្លែង​បោះ​ប៊ូលីង​ ជិះស្គី ជិះស្គី​ទឹកកក​ លេង​កូនហ្គោល​​ក្នុង​តារាង​ខ្នាត​តូច​ ជា​ដើម​។ល។​ ល្បែង​កម្សាន្ត​ទាំង​នេះ​សុទ្ធ​តែ​អ្នក​អាច​លេង​ជាមួយ​គ្នា​ដើម្បី​បង្កើត​ ភាព​​​​ស្និទ្ធស្នាល សប្បាយ​រីករាយ​ជាមួយ​គ្នា​។ ភាគី​ទាំង​ពីរ​ក៏​ប្រហែល​ជា​ចូលចិត្ត​​លេង​ល្បែង​កម្សាន្ត​ជាមួយ​គ្នា​ជាជាង ​អង្គុយ​​​លើ​កៅអី​ទល់​​មុខ​គ្នា​ក្នុង​ហាង​អាហារ​ ឬ​ក៏​ទៅ​មើល​កុន​ឬ​តន្ត្រី​ជាមួយ​គ្នា​៕


ប្រែ​សម្រួល​៖ សុខា នីកា

ប្រភព៖​ newszoom

​វិធី​សាស្ត្រ​ ដើម្បី​បំភ្លេច​មនុស្ស​ម្នាក់ ​ចេញ​ពី​បេះដូង

ស្នេហា​ មិន​មែន​មនុស្ស​គ្រប់​គ្នា តែងតែ​ទទួល​បាន​ភាព​ជោគ​ជ័យ​ ឬ​អាច​រស់​នៅ​ជាមួយ​នឹង​មនុស្ស​ ដែល​ខ្លួន​ស្រលាញ់​​រហូត​នោះ​ទេ។ ប៉ុន្តែ​សម្រាប់​អ្នក​តស៊ូ​ជាមួយ​គ្នា និង​​ពុំ​សូវ​មាន​ឧបសគ្គ​ក្នុង​ជីវិត​ ​ប្រហែល​ជា​អាច​ទទួល​បាន​ស្នេហា​មួយ​ជោគជ័យ។ ផ្ទុយ​ទៅ​វិញ ​មាន​មនុស្ស​មិន​តិច​ទេ ដែល​​ជួប​​ក្ដី​​ខក​បំណង​ក្នុង​រឿង​ស្នេហា​នេះ។

love_rain-327679

98ef52db2e198608e8c7181935605c1e

​ឧទាហរណ៍​៖ អ្នក​ខ្លះ​ស្រលាញ់​គ្នា​​ខ្លាំង​ណាស់​កាល​នៅ​វ័យ​សិក្សា ប៉ុន្តែ​ទន្ទឹម​នឹង​ការ​ស្រលាញ់​កំពុង​តែ​ខ្លាំង​ឡើង​ៗ​នោះ ​ស្រាប់​តែ​ថ្ងៃ​មួយ​គូ​ស្នេហ៍​ប្រាប់​​ថា​ គេ​ជិត​រៀប​ការ​ហើយ ព្រោះ​ម្ដាយ​ជា​អ្នក​រៀប​ចំ។ អ្នក​ខ្លះ​ទៀត​ ស្រលាញ់​គ្នា​រាប់​ឆ្នាំ ប៉ុន្តែ​បាន​ត្រឹម​តែ​សង្សារ​ ព្រោះ​តែ​ជីវភាព​គ្រួសារ​ ខ្សត់​ខ្សោយ​ត្រូវ​ខិត​ខំ​រក​លុយ ប៉ុន្តែ​ចុង​ក្រោយ​គេ​រៀប​ការ​ជាមួយ​ អ្នក​មាន​បាត់។ យ៉ាង​ណា​មិញ រឿង​វិបត្តិ​ស្នេហា​មាន​ច្រើន​ណាស់​មិន​អាច​រៀប​រាប់​អស់​ទេ មាន​ទាំង​ការ​ផិត​ក្បត់ សារភាព​ស្នេហ៍​តែ​គេ​មិន​ស្រលាញ់ -ល-។

​​ដូច្នេះ​ដើម្បី​បំភ្លេច​មនុស្ស​ម្នាក់ ដែល​ចាក​ចោល​អ្នក​ ​ចេញ​ពី​បេះដូង​បាន តើ​មាន​វិធីសាស្ត្រ​អ្វី​ខ្លះ? Sabay សូមលើក​យក​នូវ​​ចំណុច​សំខាន់ៗ​មួយ​ចំនួន​ ដូច​ខាង​ក្រោម៖

១. ​ឈប់​ជួប​មុខ​គេ៖ អ្នក​មិន​អាច​បំភ្លេច​​គេ​​បាន​ទេ បើ​អ្នក​នៅ​តែ​ជួប​ និង​ឃើញ​ពី​សកម្មភាព ឬ​ទង្វើ​របស់​គេ​ទៀត។

២. លុប​​អ្វី​ៗ​​របស់​គេ ចេញ​ពី​ទូរសព្ទ​ដៃ ឬ​កុំព្យូទ័រ​ទាំង​អស់៖ អ្នក​ត្រូវ​តែ​លុប​លេខ​ទូរសព្ទ ​និង E-mailលុប​រូប​ថត និង Block គេ​​នៅ​លើ​ Facebook, Twitter, Instagram ​និង​អ្វី​ផ្សេងៗ​ទៀត ទាក់​ទង​នឹង​គ្រឿង​អេឡិចត្រូនិក។

៣. ​ប្រាប់​ដល់​មិត្តភ័ក្ដិ​អ្នក​ ឲ្យ​ឈប់​រំឭក​ពី​គេ៖ ប្រាប់​ដល់​មិត្តភ័ក្ដិ​របស់​អ្នក​ ដែល​ធ្លាប់​ស្គាល់​គេ ឬ​ដឹង​រឿង​រ៉ាវ​ពី​គេ​នោះ ឈប់​និយាយ​ពី​គេ​ទៀត ព្រោះ​បើ​អ្នក​លឺ​ឈ្មោះ​របស់​គេ អ្នក​នឹង​អាច​នឹក​ដល់​គេ​វិញ។

៤. ​បោះ​ចោល​វត្ថុ​អនុស្សាវរីយ៍​ទាំង​អស់៖ រាល់​វត្ថុ​អនុស្សាវរីយ៍​ ដែល​គេ​ធ្លាប់​ជូន អ្នក​ត្រូវ​តែ​បោះ​ចោល​​ ព្រោះ​បើ​អ្នក​ទុក​ អ្នក​ឃើញ​វា អ្នក​នឹង​នៅ​តែ​ឈឺចាប់។

៥. កុំ​ចង់​បញ្ឈឺ​គេ​វិញ៖ អ្នក​មិន​អាច​ចង់​ធ្វើ​គេ​ប្រច័ណ្ឌ​នឹង​អ្នក ដោយ​​អ្នក​យក​អ្នក​ផ្សេង​ទៅ​បញ្ឈឺ​មុខ​គេ នោះ​ទេ ព្រោះ​បើ​អ្នក​ធ្វើ​ដូច​នោះ មាន​ន័យ​ថា​អ្នក​នៅ​តែ​ស្រលាញ់​គេ និង​មិន​អាច​បំភ្លេច​គេ​ដដែល។

៦. ធ្វើ​ខ្លួន​ឲ្យ​រវល់៖ អ្នក​អាច​​យក​ពេល​វេលា​ទៅ​សិក្សា​ ​ឬ​ទៅ​ធ្វើ​​ការងារ​នានា ដើម្បី​កុំ​ឲ្យ​ទំនេរ​នឹក​ដល់​គេ ព្រោះ​បើ​អ្នក​រវល់​ យ៉ាង​ហោច​ណាស់​ ក៏​ជួយ​កាត់​បន្ថយ​ការ​នឹក​បាន​ខ្លះៗ។

៧. កុំ​ស្ដាប់​ចម្រៀង ​ឬ​មើល​រឿង​មនោសញ្ចេតនា៖ ព្រោះ​តែ​គេ​ គឺជា​តួឯក​របស់​អ្នក​ នៅ​ពេល​ដែល​អ្នក​ស្ដាប់​ចម្រៀង ឬ​មើល​រឿង​មនោសញ្ចេតនា អ្នក​នឹង​នឹក​ដល់​គេ​មុន​គេ ដូច្នេះ​អ្នក​ត្រូវ​តែ​ជៀស​វាង។
៨. ផ្ដល់​តម្លៃ​ដល់​ខ្លួន​ឯង៖ អ្នក​ត្រូវ​តែ​មើល​ថែ​ខ្លួន​ឯង​ឲ្យ​បាន​ល្អ ព្យាយាម​សិក្សា និង​ខិត​ខំ​ធ្វើ​ការ​បន្ត​ ដើម្បី​អនាគត​របស់​អ្នក​​បន្ត​ទៀត​។

​​​​៩. នាំ​យក​ការ​សប្បាយ​មក​វិញ៖ អ្នក​ត្រូវ​តែ​​បង្កើត​សកម្មភាព​រីករាយ​ឡើង​វិញ ដើម្បី​ឲ្យ​ខ្លួន​ឯង​មាន​ស្នាម​ញញឹម​ជា​ថ្មី។ ឧទាហរណ៍​ដូចជា៖ ធ្វើ​អ្វី​ដែល​អ្នក​ចូល​ចិត្ត លេង​សី លេង​បាល់ទាត់ ថតរូប រត់​ហាត់​ប្រាណ ញ៉ាំ​អាហារ​ឆ្ងាញ់ៗ ​ជួបជុំ​គ្រួសារ ឬ​មិត្តភ័ក្ដិ -ល-។

១០. អធ្យាស្រ័យ៖ ចំណុច​ចុង​ក្រោយ​នេះ​សំខាន់​ណាស់​​ ទោះ​បី​ជា​គេ​ធ្វើ​ឲ្យ​អ្នក​ឈឺចាប់​ប៉ុណ្ណា គេ​ធ្លាប់​ក្បត់​អ្នក គេ​ចាក​ចោល​អ្នក​ឲ្យ​នៅ​កំព្រា​ឯកា ប៉ុន្តែ​ត្រូវ​ចាំ​ថា​​​មាន​តែ​ការ​អធ្យាស្រ័យ​មួយ​ទេ ទើប​ជា​វិធី​ល្អ​ ដើម្បី​ឲ្យ​អ្នក​បំភ្លេច​គេ​បាន​ស្ងប់។ បើ​អ្នក​អាច​អធ្យាស្រ័យ​ដល់​គេ​បាន អ្នក​នឹង​រីក​រាយ៕
  
​​​ដោយ៖ វិន ជីវ័ន្ត
​ប្រភព៖ WikiHow

មេរៀន​ភាព​ដឹកនាំ​ទាំង ១១ ចំណុច​ដែល​អ្នក​គួរ​រៀនសូត្រ​ពី​លោក Tim Cook

លោក Tim Cook ជា CEO របស់​ Appleប្រភព៖​ libertaddigital
បន្ទាប់​ពី​​បាន​ក្លាយ​ជា​នាយក​ប្រតិបត្តិ​ (CEO) របស់​ក្រុមហ៊ុន​ Apple អស់​រយៈ​ពេល​ជាង​៣ ឆ្នាំ​មក​នេះ លោក Tim Cook ត្រូវ​បាន​​គេ​មើល​ឃើញ​ថា ជា​បុគ្គល​ឆ្នើម​ដែល​កំពុង​សាង​កេរ្តិ៍ឈ្មោះ​ឲ្យ​ក្រុមហ៊ុន​បច្ចេកវិទ្យា​លំដាប់​ពិភពលោក​មួយ​នេះ​ទទួល​ជោគជ័យ​កាន់​​តែ​ច្រើន​ឡើង។ ក្នុង​វ័យ ៥៤ ឆ្នាំ ​លោក​​ក៏​ជាប់​ឈ្មោះ​ជា​ CEO ល្បីល្បាញ​នៅ​សតវត្ស​ទី​២១ នេះ​បន្ទាប់​ពី​លោក Steve Jobs ដែល​ទទួល​បាន​មរណភាព​ហើយ​នោះ។

ដោយសារ​តែ​​គុណ​សម្បត្តិ​​មិន​ធម្មតា​របស់​​លោក Tim Cook មិន​ចាញ់​លោក Steve Jobs នោះ​ទើប TheBNEWS បង្ហាញ​មិត្ត​អ្នក​អាន​ពី​មេរៀន​​ភាព​ជា​អ្នកដឹកនាំ​ទាំង ១១ ចំណុច​របស់ CEO រូប​នេះ​​ដូច​ខាងក្រោម៖

១) ទទួល​យក​ហានិភ័យ​ដែល​កើត​មាន​ឡើង

ភាព​ជា​អ្នកដឹកនាំ​ក្រុមហ៊ុន​មួយ​ដែល​ល្បីល្បាញ​នៅ​ជុំវិញ​ពិភពលោក​ មិនមែន​ជា​រឿង​មួយ​ងាយស្រួល​នោះ​ឡើយ ហេតុដូច្នេះ​មាន​កិច្ចការ​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​លោក Tim Cook ត្រូវ​រ៉ាប់រង​នៅ​ក្នុង​ក្រុមហ៊ុន Apple។ យ៉ាងណាមិញ​លោក​ Cook បាន​បញ្ជាក់​ថា ភាព​ជឿជាក់​របស់​អ្នក​នៅ​ក្នុង​ការ​​ទទួល​យក និង ប្រឈមមុខ​បញ្ហា​​ទាំង​នោះ​គឺ​ជា​កូនសោ​នៃ​ភាព​ជោគជ័យ។ «បើ​គ្មាន​ការ​បរាជ័យ​ ភាព​ជោគជ័យ​ក៏​គ្មាន​ដែរ»។ នេះ​ការ​លើកឡើង​របស់​លោក Tim Cook។

២) ផ្ដោត និង យកចិត្ត​ទុកដាក់​ស្តាប់​​​ទៅ​កាន់​អ្នកណា​​ម្នាក់​ដែល​កំពុង​និយាយ​ជា​មួយ​អ្នក

លោក Steve Jobs ត្រូវ​​បាន​គេ​អះអាង​ថា ជា​បុគ្គល​ខ្លាំង និង មាន​តម្លៃ​បំផុត​សម្រាប់​ក្រុមហ៊ុន Apple ខណៈ​ដែល​លោក Tim Cook វិញ​ជា​មនុស្ស​ម្នាក់​ដែល​ស្ងប់ស្ងាត់​បន្តិច និង មាន​ការ​ប្រុង​ជើងការ​ខ្ពស់។ នេះ​ក៏​ដោយសារ​ លោក​បាន​ចំណាយ​ពេល​ជា​ច្រើន​​ដើម្បី​ស្តាប់​មនុស្ស​នៅ​ជុំវិញ​ខ្លួន​លោក និង ស្វែង​យល់​ពី​អ្វី​ដែល​ជា​តម្រូវ​ការ និង ការ​លើកឡើង​របស់​បុគ្គលិក​នៅ​ក្នុង​ក្រុមហ៊ុន​របស់​លោក។ ​

…១១ ចំណុច​ដែលលោក​​អ្នក​មិន​បានដឹង​ពី​លោក Tim Cook នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​​ Apple ​…

​លោក Tim Cook និយាយ​ដូច្នេះ​ថា៖« អ្នក​មាន​ត្រចៀក​ពីរ ដូច្នេះ​​អ្នក​ត្រូវ​ស្តាប់​ឲ្យ​បាន​ច្រើន​ជាង​និយាយ»

៣) ​មាន​ភាព​ជឿជាក់​លើ​​មនុស្ស​នៅ​ជុំវិញ​ខ្លួន

លោក Tim Cook ត្រូវ​បាន​គេ​អះអាង​ថា ជា​មនុស្ស​ដែល​មាន​​តែង​ផ្តល់​ការ​ជឿជាក់​​ទៅ​​លើ​ទស្សនៈ​បុគ្គលិក និង អ្នក​រួម​ការងារ​របស់​លោក។ តាម​ទិដ្ឋភាព​ជាក់ស្តែង​លោក​មាន​ក្រុម​ការងារ​ឆ្វេង​ស្តាំ​ច្រើន​ណាស់ ដោយហេតុ​ថា​ ពួកគេ​អាច​ជួយ​ចែក​រំលែក និង ផ្តល់​ទស្សនៈ​​​ផ្សេងៗ​សម្រាប់​គម្រោង​ការងារ​របស់​ក្រុមហ៊ុន​ទាំងមូល។ នាយក​ប្រតិបត្តិ​រូប​នេះ​បាន​យល់​ថា ការងារ​ជា​ក្រុម​នឹង​ផ្តល់​គំនិត​ដ៏​អស្ចារ្យ​​ដែល​លោក​មិន​អាច​ធ្វើ​បាន​ដោយ​ឯកឯង​បាន​​សម្រាប់​​ភាព​ជោគជ័យ​ស្រប​តាម​ទិស​ដៅ​របស់​ក្រុមហ៊ុន​ដែល​មាន​លោក​ជា​អ្នក​ដឹកនាំ​ស្រាប់។

៤) ភាព​ចម្រុះ​គ្នា​នៅ​ក្នុង​ក្រុមហ៊ុន​ មាន​សារសំខាន់​បំផុត​

Apple គឺ​ជា​ក្រុមហ៊ុន​មួយ​ដែល​មាន​ការ​ច្នៃប្រឌិត​ខ្ពស់ និង ទាមទារ​ឲ្យ​មាន​គំនិត​ថ្មីៗ​យ៉ាង​មាន​​តម្លៃ​​ចេញ​ពី​​បុគ្គលិក​​ផ្សេងៗ​គ្នា​នៅ​ក្នុង​ក្រុមហ៊ុន​សម្រាប់​​ដាក់​ចេញ​ផលិតផល​​ដ៏​អស្ចារ្យ​នៅ​ពេល​អនាគត។ នេះ​ហើយ​ជា​អ្វី​ដែល​លោក Cook បាន​យល់​ថា សេចក្តី​ត្រូវ​ការ​របស់​អ្នក​ដែល​មាន​ភាព​​ច្នៃប្រឌិត​​នៅ​ក្នុង​ក្រុមហ៊ុន​គឺ​ជា​សក្ដានុពល​នៃ​ភាព​ជោគជ័យ​របស់ Apple។

«យើង​ត្រូវ​ការ​គំនិត​ថ្មីៗ​ជា​​ច្រើន​ពី​បុគ្គលិក​របស់​​យើង។ យើង​ត្រូវ​ការ​អ្នក​ស្តង់ដារ​ការងារ​មួយ​យ៉ាង​សំបូរ​បែប​នៅ​ទី​នេះ។ ខ្ញុំ​ចង់​ឲ្យ​ពួកគេ​​ជឿជាក់​លើ​សមត្ថភាព​របស់​ខ្លួន»។ នេះ​ជា​ប្រសាសន៍​របស់​លោក Tim Cook។

៥) ចេះ​ដាក់​ខ្លួន​

មិន​ចំពោះ​ថា​អ្នក​មក​ពី​ណា​នោះ​ទេ បើ​អ្នក​មាន​ឱកាស​ក្លាយ​ជា​​បុគ្គលិក​របស់​ Apple នាយក​ប្រតិបត្តិ​រូប​នេះ​នឹង​នាំ​ឲ្យ​អ្នក​ស្គាល់​ពី​ទិដ្ឋភាព​ផ្សេងៗ​របស់​ក្រុមហ៊ុន​តាំង​ពី​ថ្នាក់​លើ​រហូត​ដល់​ថ្នាក់​ក្រោម រួម​ទាំង​ពី​អតិថិជន​ទៀត​ផង។ ងាក​មក​មើល​​មុខតំណែង​របស់​លោក​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​លំដាប់​ពិភពលោក​បែប​នេះ​មិន​ខ្វល់​​ថា​​អត់​ការងារ​ធ្វើ​នោះ​ឡើយ​ ប្រសិន​បើ​​លោក​ចាកចេញ​ពី​ក្រុមហ៊ុន​នេះ​។ តែ​អ្វី​ដែល​លោក​ចង់​ធ្វើ​ការ​នៅ​ទី​នេះ គឺ​ទឹកចិត្ត និង ក្តី​ស្រលាញ់​ដែល​​លោក​មាន​​ដល់​បុគ្គលិក​គ្រប់គ្នា។

« ក្នុង​នាម​ជា CEO ​ម្នាក់​ការ​ដាក់​ខ្លួន​ឲ្យ​ទាប​ នឹង​ធ្វើ​ឲ្យ​អ្នក​ជា​មនុស្ស​​ម្នាក់​ដែល​គួរ​ឲ្យ​គោរព​ពី​សំណាក់​បុគ្គលិក​នានា​នៅ​ក្នុង​ក្រុមហ៊ុន និង ហើយ​នេះ​ជា​គុណសម្បត្តិ​ពិសេស​មួយ​របស់​អ្នក​ដឹកនាំ​ដ៏​អស្ចារ្យ»។ នេះ​ជា​ការ​លើកឡើង​របស់​លោក Tim Cook។

៦) ទទួល​ស្គាល់​កំហុស​របស់​ខ្លួន

អ្នកដឹកនាំ​ដែល​​ខ្លាំង​ត្រូវ​​យល់​​ពី​អ្វី​ដែល​ជា​កំហុស​របស់​ខ្លួន និង ទទួល​ស្គាល់​កំហុស​​នោះ​​ដើម្បី​កែប្រែ​ឲ្យ​ល្អ​ប្រសើរ​ឡើង​សម្រាប់​ភាព​រីកចម្រើន​នៅ​ថ្ងៃ​ខាងមុខ។ សម្រាប់​លោក Tim Cook បាន​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ការ​ទទួលស្គាល់​កំហុស​នេះ​គឺ​​ជា​ប្រយោជន៍​ដ៏​ធំធេង ជា​ពិសេស​សម្រាប់​អ្នក​ដឹកនាំ​គ្រប់រូប។

CEO រូប​នេះ​បាន​បញ្ជាក់​ដូច្នេះ​ថា៖« ខ្ញុំ​​សរសើរ​លោក Steve Jobs ដែល​គាត់​បាន​ធ្វើ​ការ​ចំណុច​នេះ​បាន​ល្អ ហើយ​គាត់​ចេះ​​​លើក​ទឹកចិត្ត​​ខ្លួន​ឯង​ដើម្បី​ផ្លាស់ប្ដូរ​​គំនិត​របស់​​គាត់។ អ្នក​​ត្រូវ​ដឹង​ថា នេះ​គឺជា​​​ចំណុច​ដ៏​ឆ្លាត​វៃ​មួយ​ដែល​ខ្ញុំ​ចង់​ធ្វើ​ដូច​គាត់»

៧) ធ្វើ​អ្វី​ដែល​អ្នក​ចង់​​ធ្វើ និង ធ្វើ​ឲ្យ​បាន​ល្អ​បំផុត

គេ​ត្រូវ​ទទួល​ស្គាល់​ថា ក្រុមហ៊ុន Apple គឺ​ជា​ក្រុមហ៊ុន​មួយ​ដែល​ធ្វើ​អ្វី​ដែល​ខ្លួន​ចង់​ធ្វើ និង ​បាន​​​ផលិត​ចេញ​ផលិតផល​យ៉ាង​ល្អ​ឥតខ្ចោះ​ដល់​អតិថិជន​របស់​ខ្លួន​នៅ​ជុំវិញ​ពិភពលោក។ នេះ​ជា​រឿង​មួយ​ដ៏​​គួរឲ្យ​ភ្ញាក់ផ្អើល ប៉ុន្តែ​នេះ​គឺ​ជា​ការ​ពិត​ទៅ​ហើយ។

ត្រង់​ចំណុច​នេះ លោក Tim Cook បាន​​​អះអាង​​ ការ​ផ្ដោត​លើ​អ្វី​ដែល​យើង​ធ្វើ គឺជា​កូនសោ​នៃ​ភាព​ជោគជ័យ​របស់ Apple។ «បើ​អ្នក​ចង់​បាន iPhone ​របស់​យើង យើង​មាន​ជម្រើស​ពីរ​គឺ​ iPhone 6 និង iPhone 6 Plus។ បើ​យើង​អ្នក​ចង់​ទិញ​ iPodes អ្នក​មាន​ ៤ ជម្រើស ហើយ​បើ​អ្នក​ត្រូវ​ការ iPads អ្នក​ក៏​មាន​ពីរ​ជម្រើស​ដូចគ្នា។ នេះ​ជា​​​អ្វី​ដែល​យើង​កំពុង​តែ​ធ្វើ»



៨) ជឿជាក់​លើ​អ្វី​ដែល​អ្នក​​កំពុង​តែ​ធ្វើ

ជា​ការ​ពិត ក្នុង​នាម​ជា​អ្នក​ដឹកនាំ​​ម្នាក់ អ្នក​ត្រូវ​មាន​ទំនុកចិត្ត​​​​ និង ជឿជាក់​លើ​ខ្លួន​ឯង​ដើម្បី​​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹមត្រូវ​មួយ ត្បិតអី​ទង្វើ​របស់​អ្នក​ក៏​កើត​ចេញ​ពី​ចំណុច​​នេះ​ដែរ។ នេះ​ជា​អ្វី​ដែល​លោក Tim Cook មាន​នៅ​ក្នុង​ខ្លួន​របស់​លោក។ គេ​មិនអាច​វាស់​បាន​ថា តើ​លោក Tim Cook មាន​ទំនុកចិត្ត​មាន​ដល់​កម្រិតណា​នោះ​ទេ តែ​​ភាព​ជោគជ័យ​របស់​ Apple ក្រោម​ការ​ដឹកនាំ​របស់​លោក​បន្ត​ពី​លោក Steve Jobs គឺ​ជា​តឹកតាង​សម្រាប់​ជា​ក្រសែភ្នែក​របស់​មហាជន។ ​

៩) ត្រូវ​មាន​ម្ចាស់​ការ​លើ​ខ្លួន​ឯង 

ក្នុង​នាម​ជា​អ្នក​ដឹកនាំ​ម្នាក់ មិន​មានន័យ​ថា អ្នក​ត្រូវ​បាត់បង់​ភាព​ម្ចាស់ការ​សម្រាប់​​ខ្លួន​ឯង​នោះ​ឡើយ។ ហេតុដូច្នេះ​ហើយ អ្នក​​គឺ​ជា​មនុស្ស​ម្នាក់​គត់​ដែល​ត្រូវ​ស្មោះត្រង់ និង គ្រប់គ្រង​ខ្លួន​ឯង​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ឆន្ទៈ​របស់​ខ្លួន។ ងាក​មក​មើល​លោក Tim Cook វិញ លោក​មិន​អាច​គ្រប់គ្រង​​ច្រកល្ហក​របស់​ក្រុមហ៊ុន​ទាំង​មូល​បាន​នោះ​ឡើយ ​តែ​អ្វី​​ដែល​លោក​​ធ្វើ​បាន​យ៉ាង​ល្អ​នោះ​គឺ​​លោក​ដឹង​ពី​តួនាទី​របស់​លោក មាន​ភាព​​ម្ចាស់ការ​លើ​​ការងារ​ដែល​លោក​កំពុង​តែ​ធ្វើ​ និង បញ្ចប់​វា​យ៉ាង​​ល្អ​ប្រសើរ​​ទៀត​ផង។



១០) មាន​ច្បាប់​​វិន័យ​​សម្រាប់​ខ្លួន​ឯង​ជានិច្ច​


នៅ​ក្នុង​បទសម្ភាសន៍​មួយ​ធ្វើ​ឡើង​នៅ​​សាកលវិទ្យាល័យ Duke លោក Tim Cook បាន​​មាន​ប្រសាសន៍​ដូច្នេះ​ថា៖« មនុស្ស​ម្នាក់​ៗ​ត្រូវ​មាន​វិន័យ​មួយ​សម្រាប់​ខ្លួន​ឯង​សម្រាប់​ការ​អនុវត្ត។ ប្រសិន​បើ​អ្នក​ធ្វើ​អ្វីៗ​​ស្រប​តាម​​ច្បាប់​វិន័យ​មួយ​របស់​ខ្លួន អ្នក​នឹង​ទទួល​បាន​ជោគជ័យ​កាន់តែ​ល្អ​ឡើង»។ តាម​ទស្សនៈ​របស់​លោក Tim Cook នេះ​ជា​​​លក្ខណៈ​សម្បត្តិ​មួយ​របស់​អ្នកដឹកនាំ​​ដែល​ត្រូវ​ដឹង​ថា តើ​​ខ្លួន​ត្រូវ​ធ្វើ​អ្វី​ខ្លះ? ត្រូវ​ធ្វើ​នៅ​ពេល​ណា?

១១) មាន​តម្លៃ​ភាព

លោក Tim Cook បាន​ដឹង​ថា តម្លាភាព​​មាន​សារសំខាន់​ណាស់​សម្រាប់​​ធ្វើ​ឲ្យ​ការងារ​របស់​ក្រុមហ៊ុន Apple អាច​រក្សា​បាន​នូវ​ភាព​ជោគជ័យ។ បន្ទាប់​ពី​មាន​ភាព​រង្គោះរង្គើ​មួយ​ចំនួន​ជុំវិញ​ស្តង់ដារ​ការងារ​របស់​ក្រុមហ៊ុន​លោក លោក​​បាន​សម្រេចចិត្ត​បើក​ទ្វា​ជា​សាធារណជន និង អនុញ្ញាត​ឲ្យ​ពួកគេ​​បាន​ដឹង​ពី​ប្រតិបត្តិការ​ការងារ​​ទូទៅ​នៅ​ក្នុង​ក្រុមហ៊ុន​ Apple។ ​យុទ្ធសាស្ត្រ​នេះ​បាន​ផ្តល់​ភាព​គំរូ​មួយ​ដល់​ក្រុមហ៊ុន​នានា​​គិត​គួរ​ពី​​តម្លាភាព​នៅ​ក្នុង​ក្រុមហ៊ុន​កាន់តែ​ប្រសើរ​ឡើង​៕



ប្រែសម្រួល៖ ខេវិន​
ប្រភព៖​ Lifehack

១១ ចំណុច​ដែលលោក​​អ្នក​មិន​បានដឹង​ពី​លោក Tim Cook នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​​ Apple ​

លោក Tim Cook ជា CEO របស់​ Appleប្រភព៖​ Businessinsider
ក្នុង​អាយុ ៥៤ ឆ្នាំ លោក Tim Cook គឺ​ជា​​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន ​​Apple ដែល​ជា​​ក្រុមហ៊ុន​បច្ចេកវិទ្យា​​យក្ស​ដ៏​​​ល្បីល្បាញ​​​​​បំផុត​​មួយ​នៅ​លើ​ពិភពលោក​​នា​ពេល​បច្ចុប្បន្ន​​នេះ។ ក្រោយ​ចូល​កាន់កាប់​តំណែង​នេះ​ (CEO) ​នៅ​ក្នុង​ក្រុមហ៊ុន​នេះ​នា​ខែ សីហា ឆ្នាំ ២០១១ ពោល​គឺ​នៅ​ពេល​​ដែល​លោក​ Steve Jobs លាលែង​ពី​តំណែង​ខាងលើ​ ​លោក Cook​ នៅ​ពេល​បច្ចុប្បន្ន​នេះ​​​ត្រូវ​បាន​គេ​មើល​ឃើញ​​ថា ហាក់​​កំពុង​កសាង​ប្រជាប្រិយភាព​កាន់តែ​ខ្លាំង​ឡើង។ យ៉ាងណាមិញ ១១ ចំណុច​ខាងក្រោម​នេះ​នឹង​ធ្វើ​ឲ្យ​មិត្ត​អ្នកអាន​​ស្គាល់ CEO រូប​នេះ​កាន់តែ​ច្បាស់។​​​​

១) លោក​ Tim Cook ​គឺ​ជា​អតីត​​និស្សិត​សាកលវិទ្យាល័យ Auburn ជា​កន្លែង​ដែល​​លោក​បាន​សិក្សា​​បរិញ្ញាប័ត្រ​​ជំនាញ​វិស្វកម្ម​ឧស្សាហកម្ម​នៅ​ក្នុង​ឆ្នាំ ១៩៨២។ លោក​បាន​កើត​នៅ​​​កើត​នៅ​ទីក្រុង Robertsdale រដ្ឋ Alabama។

​២) ពី​មុន​មក​គ្មាន​អ្នកណា​​គិត​ថា លោក​ Cook អាច​ជា​មនុស្ស​ជំនិត​របស់​លោក Steve Jobs នោះ​ឡើយ ហើយ​ក៏​គ្មាន​អ្នកណា​ម្នាក់​​ជឿជាក់​ថា លោក​អាច​ក្លាយ​ជា CEO របស់​ Apple ដូច​នៅ​ពេល​នេះ​ដែរ។ ​

៣) មុន​មក​ធ្វើ​ការ​ឲ្យ​ក្រុមហ៊ុន Apple លោក​ធ្លាប់​បាន​បម្រើ​ការងារ​ឲ្យ​ក្រុមហ៊ុន IBM របស់​រយៈ​ពេល ១២ ឆ្នាំ។

៤) នៅ​ពេល​ដែល​លោក​កំពុង​បម្រើ​ការងារ​ឲ្យ​ក្រុមហ៊ុន IBM លោក​ក៏​​បាន​បញ្ចប់​ថ្នាក់​​បរិញ្ញាប័ត្រ​ជាន់​ខ្ពស់​នៅ​សាកលវិទ្យាល័យ Duke ​​នៅ​រដ្ឋ North Caronlina ផង​ដែរ​នា​ឆ្នាំ ១៩៨៨។



៥) លោក Steve Jobs និង លោក Cook ជា​ទូទៅ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា មិនសូវ​ជា​​មាន​គំនិត​ដូច​​គ្នា​ប៉ុន្មាន​នោះ​ឡើយ ​លើកលែង​តែ​អ្នក​ទាំងពីរ​មិន​បាន​ធ្វើ​ការ​ជា​មួយ​គ្នា​​មុន​ពេល​លោក Tim Cook ចូល​មក​ធ្វើ​ការ​ឲ្យ​ក្រុមហ៊ុន Apple នៅ​ក្នុង​ឆ្នាំ ១៩៩៨។

៦) លោក Cook គឺ​ជា​អ្នក​ផ្ដួចផ្ដើម​ដ៏​សំខាន់​​ និង ជា​​មនុស្ស​​តែ​មួយ​គត់​ដែល​​បាន​​បើក​ផ្លូវ​ឲ្យ​Apple ​ឈាន​ជើង​កាន់​តែ​ជ្រៅ​​ពង្រីក​ទីផ្សារ​បច្ចេកវិទ្យា​​របស់​ខ្លួន​ចូល​ទៅ​​កាន់​​​ទឹកដី​ចិន។

៧) លោក Cook ត្រូវ​បាន​គេ​ចាត់ទុក​ថា ជា​​ CEO ​ដែល​មាន​ការ​សន្សំសំចៃ​​​មួយ​ផង​ដែរ។ កាល​ពី​ឆ្នាំ ២០១០ លោក​បាន​ទិញ​ផ្ទះ​មួយ​ក្នុង​តម្លៃ​ត្រឹមតែ ១,៩ លាន​ដុល្លារ​ប៉ុណ្ណោះ (តម្លៃ​នេះ​មិន​ថ្លៃ​​នោះ​ឡើយ​សម្រាប់​ទឹកដី​អាមេរិក) នៅ​​ក្រុង Palo Altoរដ្ឋ California។ កាល​នោះ​លោក​មាន​ទ្រព្យសម្បត្តិ​ប្រមាណ ១០០​លាន​ដុល្លារ។ ​

៨) ដូច​អ្វី​ដែល​លោក Cook ​បាន​លើកឡើង​នៅ​ក្នុង​បទសម្ភាសន៍​​ជា​ច្រើន​នៅ​លើ​កញ្ចក់ទូរទស្សន៍​ CNBC និង ESPN លោក​ជា​មនុស្ស​ដែល​ចូលចិត្ត​ធ្វើ​ឲ្យ​ខ្លួន​ឯង​រវល់​គ្រប់ពេល លើកលែង​តែ​ពេល​គេង។

៩) លោក Cook បាន​តែងតាំង​ជា CEO របស់ Appleនៅ​ក្នុង​ថ្ងៃ​តែ​មួយ​ដែល​លោក Steve Jobs លាលែង​ពី​តំណែង​នេះ។

១០) លោក Cook ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​មនុស្ស​ដែល​ស្រលាញ់​មនុស្សជាតិ​បំផុត​មួយ​ផង​ដែរ។ ក្នុង​នាម​ជា​អ្នកដឹកនាំ​ក្រុមហ៊ុន ​លោក​បាន​បង្កើត​កម្មវិធី​ផ្តល់​មូលនិធិ​​​មួយ​នៅ​ក្រុមហ៊ុន​សម្រាប់​បុគ្គលិក​​គ្រប់រូប​បរិច្ចាគ​ថវិកា​របស់​ពួកគេ​លើ​សកម្មភាព​មនុស្ស​ធម៌​មួយ​ចំនួន។

​​១១) ដំបូន្មាន​របស់​លោក Steve Jobs ទៅ​កាន់​លោក Tim Cook នោះ​គឺ​ លោក Jobs មិន​ដែល​ស្នើ​ឲ្យ​លោក Cook គួរ​​ធ្វើ​អ្វី​នោះ​​ទេ។ លោក Jobs ​ គ្រាន់តែ​ចង់​ឲ្យ​លោក Cook ធ្វើ​អ្វី​ដែល​លោក Cook យល់​ថា ត្រឹមត្រូវ៕

ប្រែសម្រួល៖ ខេវិន​
ប្រភព៖​ Businessinsider

ជោគជ័យ​ នឹង​មិន​រត់​ទៅ​រក​សហគ្រិន​ណា​ដែល​​ចូលចិត្ត​ធ្វើ​សកម្មភាព​អវិជ្ជមាន​ទាំង​​​​ ​១០ ​នេះ​​ឡើយ!

រូបតំណាង​ប្រភព៖​ asianentrepreneur
ទោះបី​ជា​​លោក​អ្នក​កំពុង​និយាយ​ពី​ការ​ប្រកួត​បាល់ទាត់ ការ​បោះឆ្នោត ឬ លើ​ដង​វិថី​អាជីវកម្ម លទ្ធផល​នឹង​បង្ហាញ​លោក​អ្នក​យ៉ាង​ច្បាស់​ថា អ្នកណា​ជា​អ្នក​ឈ្នះ​? អ្នកណា​ជា​អ្នក​ចាញ់? ចុះ​បើ​លោក​អ្នក​ជា​សហគ្រិន​នោះ តើ​គិត​ថា ការ​ធ្វើ​អាជីវកម្ម​គឺ​ជា​រឿង​ព្រេងសំណាង ឬ ក៏​ជា​​គោលដៅ​ដែល​លោក​អ្នក​បាន​គ្រោង​ទុក? ទោះបី​ជា​យ៉ាងណា​ក៏ដោយ ចម្លើយ​​គឺ​លោក​អ្នក​ជា​សហគ្រិន​បរាជ័យ​បើ​​រក​ឃើញ​ថា មាន​ចំណុច​អវិជ្ជមាន​ទាំង ១០ ខាង​ក្រោម​​នេះ​។​

១) ច្រណែន​អ្នកដទៃ​​ការ​សម្លឹង​មើល​អ្នកណា​ម្នាក់​ដែល​ជោគជ័យ​នៅ​ជុំវិញ​ខ្លួន​អ្នក នឹង​​ជួយ​ជំរុញ​អ្នក​ឲ្យ​ជោគជ័យ​បាន ទោះបី​ជា​បុគ្គល​នោះ​ជា​គូប្រជែង​របស់​អ្នក​ក៏ដោយ។ អ្នក​ត្រូវ​ស្វែង​យល់​ថា ​រាប់​បុគ្គល​គ្រប់រូប​មាន​លទ្ធភាព​អាច​បង្កើត​ភាព​ជោគជ័យ​ផ្ទាល់​ខ្លួន​បាន ពោល​គឺ​​អ្នក​ក៏​អាច​ជោគជ័យ អ្នក​ផ្សេង​ក៏​អាច​ជោគជ័យ។ ហេតុដូច្នេះ​បើ​អ្នក​​គិត​តែ​ច្រណែន​ភាព​ជោគជ័យ​របស់​បុគ្គល​នោះ អ្នក​ក៏​គ្មាន​ថ្ងៃ​ស្វែង​​រក​ភាព​ជោគជ័យ​ឲ្យ​ខ្លួន​ឯង​បាន​ដែរ។ ចំណុច​នេះ​ហើយ​ដែល​សហគ្រិន​ទូទៅ​ត្រូវ​កំណត់​ខ្លួន​ឯង​ឲ្យ​បាន​ច្បាស់​ពី​​ចំណុច​​នេះ។​​

២) សម្លឹង​ថយក្រោយ​អ្នក​បាន​ចំណាយ​ពេល​​ជា​​ច្រើន​ដើម្បី​ប្រឈមមុខ​នឹង​​បញ្ហា​នានា ឆ្លងកាត់​ការ​សម្រេចចិត្ត​ដ៏​លំបាក ហើយ​ថែម​ទាំង​បរាជ័យ​ច្រើន​លើក​ច្រើន​សារ​ទៀត​ផង។ ហេតុដូច្នេះ​ សូម​កុំ​ឲ្យ​បញ្ហា​ដ៏​តូច​​មួយ​មក​រារាំង​ដំណើរ​របស់​អ្នក។ ​អ្នក​ត្រូវ​ស្វែង​រក​គន្លឹះ​នានា​ឲ្យ​បាន​ច្រើន​បំផុត​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​បាន ​ដើម្បី​ប្រយុទ្ធ​​ទប់ទល់​នឹង​បញ្ហា​​​ទាំង​នោះ និង​បន្ត​ធ្វើ​ជា​​និច្ច កុំ​​បោះបង់ ឬ​ក្រឡេក​មើល​ក្រោយ​ឲ្យ​សោះ។

៣) ដោះសា​​ ឬ យកលេស​ឲ្យ​ខ្លួន​ឯង​ការ​សម្រេចចិត្ត​របស់​អ្នក​អាច​ផ្តល់​លទ្ធផល​មួយ​មិន​ត្រឹមត្រូវ។ យ៉ាងណាមិញ​ ប្រសិនបើ​​​​ការ​សម្រេចចិត្ត​នោះ​មិន​ដំណើរ​ការ​ទេ អ្នក​ត្រូវ​រៀបចំ​គម្រោង​មួយ​ឡើង​វិញ ​មិន​ត្រូវ​យក​លេស​ឲ្យ​ខ្លួន​ឯង​ជា​ដាច់ខាត។ ដំណោះស្រាយ​ដ៏​ល្អ​នោះ ​គឺ​ថា​តើ​អ្វី​ទៅ​ជា​ឫសគល់​នៃ​បញ្ហា? តើ​មាន​វិធីសាស្ត្រ​បែប​ណា​ដើម្បី​ដោះស្រាយ​បញ្ហា​ទាំង​នោះ? ទោះបីជា​បែប​នេះ​ក្តី បញ្ហា​សុទ្ធតែ​ផ្តល់​មេរៀន​ឲ្យ​អ្នក ហើយ​បើ​អ្នក​អាច​កំណត់​វា​បាន​ហើយ​នោះ វា​នឹង​​មិន​កើត​​​មក​លើ​អ្នក​ទៀត​នោះ​ឡើយ។ ផ្ទុយ​​ទៅវិញ​ បើ​អ្នក​យក​លេស​ឲ្យ​ខ្លួន​ឯង​រហូត​ នោះ​បញ្ហា​នឹង​កើត​មាន​ដដែល។


៤) បោះបង់​ការ​រៀនសូត្រជា​ទូទៅ ​សហគ្រិន​គឺ​ជា​​មនុស្ស​ម្នាក់​ដែល​មាន​ការ​ស្វះស្វែង​សិក្សា​រៀនសូត្រ​ជា​ទីបំផុត ត្បិតអី​ការ​ចង់​ចេះ​ចង់​ដឹង និង ការ​ស្រាវជ្រាវ​រៀនសូត្រ​ពី​អ្នក​ដទៃ នឹង​ធ្វើ​ឲ្យ​ខ្លួន​មាន​ចំណេះដឹង​កាន់តែ​ទូលំទូលាយ​ឡើង។ វា​ជា​ហេតុផល​មួយ​ដែល​ថា គ្មាន​អ្នកណា​ម្នាក់​នៅ​លើ​លោក​យើង​នេះ​អាច​ដឹង​គ្រប់​រឿង​បាន​នោះ​ឡើយ។ ម្ល៉ោះហើយ ​​​​​អ្នក​ត្រូវ​ប្រឹងប្រែង​​សិក្សា​រៀនសូត្រ​បន្ថែម ​ទោះបី​​អ្នក​ស្ថិត​នៅ​ក្នុង​ស្ថានភាព​បែប​ណា​ក៏ដោយ។ បើ​មិន​ដូច្នេះ​ទេ អ្នក​​នៅ​តែ​ស្ថិត​ក្នុង​ចំណោម​​សហគ្រិន​​​ដែល​មិន​ងាយ​ចាក​ផុត​​​​ពី​ភាព​បរាជ័យ​។

៥) មាន​ទំនាក់ទំនង​ជា​មួយ​មនុស្ស​មិន​ល្អ ឬ​បុគ្គល​បរាជ័យ​អ្នក​ត្រូវ​ការ​ភាព​ជោគជ័យ ប៉ុន្តែ​ការ​រស់​នៅ​​ឡូកឡំ​​ ក្នុង​មជ្ឈដ្ឋាន​​​បុគ្គល​បរាជ័យ ឬ បុគ្គល​ដែល​មាន​ទស្សនៈ​​អវិជ្ជមាន​ច្រើន ​ក៏​ជា​ផ្នែក​មួយ​ផ្តល់​មេរៀន​មិន​ល្អ​ដល់​អ្នក​ផង​ដែរ។ មិន​ចំពោះ​ថា​​បាន​ធ្វើ​អ្វី ឬ ស្ថានភាព​បែប​ណា​នោះ​ទេ បុគ្គល​ទាំង​នេះ​​​អាច​នឹង​​ទាញ​អ្នក​ឲ្យ​ធ្លាក់​ក្នុង​ជ្រោះ​​បរាជ័យ​ជា​មិនខាន។ ដំណោះស្រាយ​ដ៏​ល្អ ​គឺ​អ្នក​គួរ​​ផ្សារ​ភ្ជាប់​​ទំនាក់ទំនង​ជា​មួយ​មនុស្ស​ល្អ​ៗ ដែល​សំបូរ​​​បទពិសោធន៍​ និង​ចំណេះដឹង ​ទើប​អាច​ផ្តល់​​​គតិ​ល្អៗ​សម្រាប់​អ្នក​យក​ទៅ​​សិក្សា​រៀនសូត្រ​។

៦) ​ក្រោក​ពី​គេង​ដោយ​គ្មាន​គម្រោង​អ្វី​សោះ 
ការ​គ្រប់គ្រង​ពេលវេលា គឺ​ជា​កត្តា​​សំខាន់​ណាស់​សម្រាប់​សហគ្រិន​គ្រប់រូប និង​ជា​អ្វី​ដែល​សហគ្រិន​ទាំងអស់​ត្រូវ​គ្រប់គ្រង​ឲ្យ​មាន​ប្រសិទ្ធភាព​បំផុត។ ផ្ទុយ​ទៅវិញ​ បើ​អ្នក​​សម្លឹង​​ឃើញ​ខ្លួន​ឯង​នៅ​មាន​ចំណុច​ខ្វះខាត​​​លើ​​ចំណុច​នេះ​ អ្នក​គូរ​ចាប់​ផ្តើម​រៀបចំ​​ផែនការណ៍​​​ការងារ​​ឲ្យ​បាន​ត្រឹមត្រូវ​ជា​មុន​សិន ដើម្បី​ប្រើ​ពេល​វេលា​ ២៤ ម៉ោង​របស់​​អ្នក​ឲ្យ​មាន​ន័យ​បំផុត។ សូម​ចាប់​ផ្តើម​ការងារ​របស់​អ្នក​​នៅ​ពេល​ព្រឹកព្រលឹម​​ជា​មួយផែនការណ៍​ដែល​អ្នក​បាន​រៀបចំ​រួច​ជា​ស្រេច​តាំង​ពី​ក្បាល​ល្ងាច​ ព្រោះ​ការ​​អនុវត្ត​របៀប​នេះ​​​នឹង​មិន​ធ្វើ​ឲ្យ​អ្នក​ដើរ​ខុស​គោលដៅ​នូវ​អ្វី​ដែល​អ្នក​បាន​រៀបចំ​ឡើង។

៧) ភ័យខ្លាច​ មិន​ទទួល​យក​ការ​ផ្លាស់ប្ដូរ​ការ​ផ្លាស់ប្ដូរ​គឺ​ជា​​អ្វី​ដែល​​បុគ្គល​ជោគជ័យ​ចូលចិត្ត​ធ្វើ​បំផុត ត្បិតអី​​បរិបទ​សាកលលោក​មាន​ការ​ប្រែប្រួល​ជា​លំដាប់​ទៅ​តាម​ពី​ដំណាក់កាល​មួយ​ទៅ​ដំណាក់​​មួយ​ទៀត។ យ៉ាងណាមិញ បើ​អ្នក​ជា​សហគ្រិន​មួយ​រូប​ ហើយ​បដិសេធន៍​មិន​ទទួល​យក ឬ​ភ័យ​ខ្លាច​​ការ​ផ្លាស់ប្ដូរ​នានា​ដែល​​អាច​នឹង​កើត​មាន​នា​ពេល​ខាង​មុខ​​ ​កុំ​ថា​ឡើយ​ដឹក​នាំ​អាជីវកម្ម សូម្បី​តែ​ដឹកនាំ​ខ្លួន​ឯង​ក៏​មិន​អាច​ទៅ​រួច​​ដែរ។ ​​


៨) ខ្វះ​ការ​អនុវត្ត​​​បុគ្គល​មួយ​ចំនួន​​មាន​ទស្សនៈ​​ល្អ​សម្រាប់​ផ្តល់​ដំបូន្មាន​ដល់​អ្នកដទៃ តែ​ការ​អនុវត្ត​សម្រាប់​ខ្លួន​ឯង​វិញ​ហាក់​មិន​សូវ​មាន​ប្រសិទ្ធភាព​សោះ។ នេះ​ហើយ​ជា​អ្វី​ដែល​សហគ្រិន​ជោគជ័យ​ត្រូវ​​ជៀសវាង​ ព្រោះ​ថា​នៅ​ក្នុង​កិច្ចការ​អាជីវកម្ម ​អ្វីៗ​ត្រូវ​អនុវត្ត​ឲ្យ​បាន​ច្រើន​តាម​គម្រោង​ដែល​បាន​ដាក់​ចេញ មិន​មែន​​បង្កើត​ឡើង​ហើយ​ទុកចោល​នោះ​ទេ។ គ្មាន​​ភាព​​​ជោគជ័យ​ណាមួយ​អាច​​សម្រេច​បាន​ដោយ​គ្រាន់​តែ​និយាយ​នោះ​ទេ ហើយ​ទ្រឹស្ដី​ដែល​ល្អ គឺ​ជា​ទ្រឹស្ដី​ដែល​ត្រូវ​បាន​គេ​យក​ទៅ​អនុវត្ត​នេះ​ឯង​។

៩) ផ្ដោត​ទៅ​លើ​ប្រាក់​ចំណេញនេះ​ជា​សញ្ញាណ​ដ៏​គ្រោះថ្នាក់​មួយ​ទៀត​នៅ​ក្នុង​ការ​ធ្វើ​អាជីវកម្ម ត្បិតអី​អាជីវកម្ម​មួយ​អាច​ដើរ​យ៉ាង​រលូន​បាន​ ត្រូវ​សង្កេត​មើល​គ្រប់​ផ្នែក​ទាំងអស់​ មាន​ដូច​ជា៖ ​​គុណភាព​ផលិតផល – សេវាកម្ម​ល្អ – តម្លៃ – មធ្យោបាយ​​ចែកចាយ​ ឬយុទ្ធសាស្ត្រ​ទីផ្សារ​ជា​ដើម។ យ៉ាងណាមិញ​ បើ​អ្នក​គិត​តែ​ប្រាក់​ចំណេញ​តែ​មួយ​មុខ មិន​យូរ​មិនឆាប់ អាជីវកម្ម​របស់​អ្នក​នឹង​​ដួល​បះជើង​ជា​មិនខាន។ ​​​

១០) យក​​ការ​បរាជ័យ​មក​រារាំង​គោលដៅ​របស់​ខ្លួននៅ​អាមេរិក​ គេ​បាន​រក​ឃើញ​ថា ​ក្នុង​ចំណោម​អាជីវកម្ម​ថ្មីថ្មោង​ចំនួន ១០ មាន​ ៨ បរាជ័យ។ នេះ​បញ្ជាក់​ថា ការ​ធ្វើ​អាជីវកម្ម​មិន​ដូច​អ្វី​ដែល​យើង​បាន​គិត​នោះ​ឡើយ។ វា​អាច​កើត​មាន​គ្រប់​រូបភាព​លើស​ពី​អ្វី​ដែល​ជា​ការ​រំពឹង​ទុក​របស់​អ្នក។ ប៉ុន្តែ រាល់​កា​បរាជ័យ​តែង​បង្កប់​មេរៀន​មួយ​ដ៏​ល្អ​សម្រាប់​សហគ្រិន។ ​នោះ​គឺ​បទពិសោធន៍។ នៅ​ពេល​ដែល​អ្នក​មាន​បទពិសោធន៍ អ្នក​នឹង​កាន់តែ​មាន​ទំនុកចិត្ត​ជាង​មុន​ធ្វើ​​កិច្ចការ​ដដែល​បាន​ល្អ​ជាង​មុន និង សម្រេច​បាន​សមិទ្ធផល​​កាន់តែ​ប្រសើរ​ឡើង​ទៀត​ផង​៕​​​

ប្រែសម្រួល៖ ខេវិន
ប្រភព៖​ Entrepreneur