១១ ចំណុចដែលលោកអ្នកមិនបានដឹងពីលោក Tim Cook នាយកប្រតិបត្តិក្រុមហ៊ុន Apple
ក្នុងអាយុ ៥៤ ឆ្នាំ លោក Tim Cook គឺជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សដ៏ល្បីល្បាញបំផុតមួយនៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ។ ក្រោយចូលកាន់កាប់តំណែងនេះ (CEO) នៅក្នុងក្រុមហ៊ុននេះនាខែ សីហា ឆ្នាំ ២០១១ ពោលគឺនៅពេលដែលលោក Steve Jobs លាលែងពីតំណែងខាងលើ លោក Cook នៅពេលបច្ចុប្បន្ននេះត្រូវបានគេមើលឃើញថា ហាក់កំពុងកសាងប្រជាប្រិយភាពកាន់តែខ្លាំងឡើង។ យ៉ាងណាមិញ ១១ ចំណុចខាងក្រោមនេះនឹងធ្វើឲ្យមិត្តអ្នកអានស្គាល់ CEO រូបនេះកាន់តែច្បាស់។
១) លោក Tim Cook គឺជាអតីតនិស្សិតសាកលវិទ្យាល័យ Auburn ជាកន្លែងដែលលោកបានសិក្សាបរិញ្ញាប័ត្រជំនាញវិស្វកម្មឧស្សាហកម្មនៅក្នុងឆ្នាំ ១៩៨២។ លោកបានកើតនៅកើតនៅទីក្រុង Robertsdale រដ្ឋ Alabama។
២) ពីមុនមកគ្មានអ្នកណាគិតថា លោក Cook អាចជាមនុស្សជំនិតរបស់លោក Steve Jobs នោះឡើយ ហើយក៏គ្មានអ្នកណាម្នាក់ជឿជាក់ថា លោកអាចក្លាយជា CEO របស់ Apple ដូចនៅពេលនេះដែរ។
៣) មុនមកធ្វើការឲ្យក្រុមហ៊ុន Apple លោកធ្លាប់បានបម្រើការងារឲ្យក្រុមហ៊ុន IBM របស់រយៈពេល ១២ ឆ្នាំ។
៤) នៅពេលដែលលោកកំពុងបម្រើការងារឲ្យក្រុមហ៊ុន IBM លោកក៏បានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Duke នៅរដ្ឋ North Caronlina ផងដែរនាឆ្នាំ ១៩៨៨។
៥) លោក Steve Jobs និង លោក Cook ជាទូទៅត្រូវបានគេមើលឃើញថា មិនសូវជាមានគំនិតដូចគ្នាប៉ុន្មាននោះឡើយ លើកលែងតែអ្នកទាំងពីរមិនបានធ្វើការជាមួយគ្នាមុនពេលលោក Tim Cook ចូលមកធ្វើការឲ្យក្រុមហ៊ុន Apple នៅក្នុងឆ្នាំ ១៩៩៨។
៦) លោក Cook គឺជាអ្នកផ្ដួចផ្ដើមដ៏សំខាន់ និង ជាមនុស្សតែមួយគត់ដែលបានបើកផ្លូវឲ្យApple ឈានជើងកាន់តែជ្រៅពង្រីកទីផ្សារបច្ចេកវិទ្យារបស់ខ្លួនចូលទៅកាន់ទឹកដីចិន។
៧) លោក Cook ត្រូវបានគេចាត់ទុកថា ជា CEO ដែលមានការសន្សំសំចៃមួយផងដែរ។ កាលពីឆ្នាំ ២០១០ លោកបានទិញផ្ទះមួយក្នុងតម្លៃត្រឹមតែ ១,៩ លានដុល្លារប៉ុណ្ណោះ (តម្លៃនេះមិនថ្លៃនោះឡើយសម្រាប់ទឹកដីអាមេរិក) នៅក្រុង Palo Altoរដ្ឋ California។ កាលនោះលោកមានទ្រព្យសម្បត្តិប្រមាណ ១០០លានដុល្លារ។
៨) ដូចអ្វីដែលលោក Cook បានលើកឡើងនៅក្នុងបទសម្ភាសន៍ជាច្រើននៅលើកញ្ចក់ទូរទស្សន៍ CNBC និង ESPN លោកជាមនុស្សដែលចូលចិត្តធ្វើឲ្យខ្លួនឯងរវល់គ្រប់ពេល លើកលែងតែពេលគេង។
៩) លោក Cook បានតែងតាំងជា CEO របស់ Appleនៅក្នុងថ្ងៃតែមួយដែលលោក Steve Jobs លាលែងពីតំណែងនេះ។
១០) លោក Cook ត្រូវបានគេមើលឃើញថា ជាមនុស្សដែលស្រលាញ់មនុស្សជាតិបំផុតមួយផងដែរ។ ក្នុងនាមជាអ្នកដឹកនាំក្រុមហ៊ុន លោកបានបង្កើតកម្មវិធីផ្តល់មូលនិធិមួយនៅក្រុមហ៊ុនសម្រាប់បុគ្គលិកគ្រប់រូបបរិច្ចាគថវិការបស់ពួកគេលើសកម្មភាពមនុស្សធម៌មួយចំនួន។
១១) ដំបូន្មានរបស់លោក Steve Jobs ទៅកាន់លោក Tim Cook នោះគឺ លោក Jobs មិនដែលស្នើឲ្យលោក Cook គួរធ្វើអ្វីនោះទេ។ លោក Jobs គ្រាន់តែចង់ឲ្យលោក Cook ធ្វើអ្វីដែលលោក Cook យល់ថា ត្រឹមត្រូវ៕
ប្រែសម្រួល៖ ខេវិន
ប្រភព៖ Businessinsider