ជប៉ុន៖ ពេលអនាគត ផ្ទាំងសូឡានឹងអាចផ្ទេរថាមពលពន្លឺព្រះអាទិត្យពីលើអាកាសមកផែនដី
អ្នកវិទ្យាសាស្ត្រជប៉ុនទទួលបានជោគជ័យ ចំពោះការបង្កើតបច្ចេកវិទ្យាផ្ទេរថាមពលឥតខ្សែ ហើយនេះជាជំហានមួយ ជួយជំរុញដល់ការបង្កើតបច្ចេកវិទ្យាផ្ទេរថាមពលពីអវកាសមកកាន់ផែនដីនៅឆ្នាំ ២០៤០។
បច្ចេកវិទ្យាដំបូងដែលអ្នកវិទ្យាសាស្ត្រជប៉ុនសម្រេចបាននោះ គឺការបញ្ជូនថាមពលទំហំ ១,៨គីឡូវ៉ាត់ តាមរលកធាតុអាកាស ទៅកាន់គ្រឿងទទួលអគ្គិសនីមួយទៀតមានចម្ងាយ ៥៥ម៉ែត្រ។ អ្នកនាំពាក្យមួយរូបរបស់ភ្នាក់ងាររុករកអវកាសជប៉ុន (JAXA) និយាយថា “សមិទ្ធផលនៃការផ្ទេរថាមពលតាមរលកធាតុអាកាសនេះ គឺជាជណ្ដើរមួយដែលអាចឱ្យយើងបោះជំហានដ៏ធំមួយទៀត ក្នុងការផលិតបច្ចេកវិទ្យាផ្ទាំងសូឡា សម្រាប់ផ្ទេរថាមពលពីអវកាសមកកាន់ផែនដី”។
ក្រុមអ្នកវិទ្យាសាស្ត្រអវកាស JAXA បានចំណាយពេលជាច្រើនឆ្នាំ ក្នុងការស្រាវជ្រាវផលិតបច្ចេកវិទ្យាផ្ទាំងសូឡា សម្រាប់ផ្ទេរថាមពលពីលើអាកាសមួយនេះ (Space Solar Power Systems) ។ ការផ្ទេរថាមពលដោយប្រើផ្ទាំងសូឡាពីលើអាកាសនេះ នឹងផ្ដល់ផលប្រយោជន៍យ៉ាងធំធេង សម្រាប់ជីវភាពរស់នៅលើផែនដី ហើយម្យ៉ាងទៀតបច្ចេកវិទ្យានេះនឹងមិនត្រូវបានបង្អាក់ដំណើរការដោយអាកាសធាតុ ឬពេលវេលា (ថ្ងៃ និងយប់) ដូចការប្រើផ្ទាំងសូឡានៅលើដីនោះឡើយ។
ដំណើរការនៃការផ្ទេរថាមពលពីអវកាសនេះនឹងបំពាក់ដោយបន្ទះសូឡាជាច្រើនផ្ទាំង រួមនឹងអង់តែន ហើយនឹងត្រូវបង្ហោះទៅលើអាកាសនៅរយៈចម្ងាយ ៣៦ ០០០គីឡូម៉ែត្រពីផែនដី។ យ៉ាងណាមិញ ប្រភពខាងលើបន្ថែមថា គម្រោងនេះ (Space Solar Power Systems) អាចនឹងចំណាយពេលច្រើនទសវត្សដើម្បីទទួលបានជោគជ័យ ពោលគឺនៅត្រឹម ឬក្រោយឆ្នាំ ២០៤០ ព្រោះមានឧបសគ្គជាច្រើន ដែលត្រូវប្រឈម ដូចជា “ការផលិតបច្ចេកវិទ្យាបញ្ជូនផ្ទាំងសូឡា និងការគ្រប់គ្រងពួកវានៅលើអាកាស”។
វីដេអូ៖