ក្នុងជំនួបជាមួយតារាចម្រៀង រូបស្រស់សម្បូរស្នេហ៍កញ្ញា សន នាងផល្លីកា កាលពីពេលកន្លងទៅ នៅក្នុងស្ទូឌីយោ ស៊ីធីអ៊ិន នាងបានប្រាប់ ថា បច្ចុប្បន្នការងារសិល្បៈគឺ មមាញឹកយ៉ាងខ្លាំង ព្រោះនាងត្រូវថតសំឡេង ដាក់ចូល CD និងត្រូវថតខារ៉ាអូខេបទចម្រៀង ដើម្បីត្រៀមចេញលក់ ក្នុងពេលឆាប់ៗខាងមុខនេះ ។
ជុំវិញរឿងរ៉ាវលើក ពេលចេញដំណើរ ទៅសម្តែងនៅ ខាងក្រៅប្រទេសវិញ បុប្ផាក្រពុំមកពី ទឹកដីខេត្តសៀមរាប រូបនេះ បាននិយាយប្រាប់ឲ្យដឹងថា "ឥឡូវនេះខ្ញុំបាន លើកពេលវេលា ចេញទៅសម្តែងនៅ ខាងក្រៅប្រទេសហើយ ព្រោះតែខ្ញុំមិនទាន់ រៀបចំឯកសារបាន រួចរាល់នៅឡើយ។ តែឯកសាររបស់ខ្ញុំ បានដាក់ទៅដល់ ស្ថានទូតរួចរាល់ហើយ។ ចំពោះការចេញទៅ សម្តែងខាងក្រៅប្រទេសនេះ គឺខ្ញុំបានយល់ព្រម ជាមួយស្ពន់ស័រ (អ្នកធានា) ដែលមកទាក់ទង់ខ្ញុំ ឲ្យចេញទៅ ច្រៀងនៅក្នុងប្រទេស អូស្ត្រាលី "។
បុប្ផាក្រពុំមកពី ទឹកដីខេត្តសៀមរាប និងជាតារាចម្រៀង លេចធ្លោជាងគេ ក្នុងផលិតកម្មប៊ីកមេន សន នាងផល្លីកា បានបញ្ជាក់ ឲ្យដឹងបន្ថែមថា " ចំពោះការចេញទៅសម្តែង នៅខាងក្រៅប្រទេសរបស់ខ្ញុំ នាពេលនេះ គឺមិនទាន់ដឹងថ្ងៃ ចេញទៅច្បាស់លាស់ នៅឡើយទេ គ្រាន់តែដឹងថា បើរៀបចំឯកសាររួចរាល់ គឺអាចចេញដំណើរ នៅក្នុងអំឡុងពាក់កណ្តាលឆ្នាំ ២០១៣នេះ គឺក្នុងខែមិថុនា"។
គួរបញ្ជាក់ថា ចាប់តាំងពីតារាចម្រៀង ខ្លួនតូចសំឡេងធំ និងលេងខ្លូន បែបយុវវ័យកញ្ញា សន នាងផល្លីកា បានឈានជើងចូល ប្រឡូកក្នុងពិភពសិល្បៈ មកដល់ពេលបច្ចុប្បន្ននេះ គឺជាលើកដំបូងសម្រាប់នាង ដែលបានឱកាស ចេញទៅសម្តែងនៅ ក្រៅប្រទេស ខណៈដែលនៅ ក្នុងប្រទេស កញ្ញា សន នាងផល្លីកា ក៏ទទួលបានការគាំទ្រពី សំណាក់មហាជន បានក្រាសក្រែល គ្រាន់បើមកហើយដែរ ៕
ដោយៈLooking TODAY