Showing posts with label Heroscope. Show all posts
Showing posts with label Heroscope. Show all posts

មើល​​ជោគជតារាសី​ស្នេហា​​​របស់​អ្នក​ក្នុង​ឆ្នាំ​២០១៤​

ក្នុង​ឱកាស​​បុណ្យ​ចូលឆ្នាំ​​​​ថ្មី​ប្រពៃណី ​​ចិន​ដែល​​បាន​ចូល​មកដល់​ថ្ងៃ​នេះ មាន​​ប្រិយមិត្ត​ជា​ច្រើន ជា​ពិសេស​បងប្អូន​​ខ្មែរ​សែស្រឡាយ​ចិន​ពិត​ជា​ចង់​ដឹង​ពី​ជោគជតារាសី​របស់​ ខ្លួន​មិន​ថា ​មិត្ត​យុវវ័យ​ដែល​នៅ​លីវ​ និង​គូស្នេហ៍​ដែល​​​រៀបការ​រួច​នោះ​ទេ។
ដូច្នេះ សម្រាប់​ប្រិយមិត្ត​មួយ​ចំនួន​ដែល​ចង់​​​ជ្រាប់​ច្បាស់​​ពី​ជោគជតារាសី​ ស្នេហា​​​​របស់​​ខ្លួន​តាម​ក្បួន​ចិន អាច​​ពនិត្យ​លើ​ក្បួន​​ហោរាសាស្ត្រ​នៃ​ឆ្នាំ​នីមួយ​ៗដែល​មាន​ជា​បន្តបន្ទាប់ ​ដូច​ខាង​ក្រោម​នេះ។
​​​ឆ្នាំជូត
ស្នេហា​សម្រាប់​​អ្នក​កើត​ឆ្នាំជូត​​អាច​​ ​​ជួប​បញ្ហា​​ច្រើន​ ជា​ពិសេស​ការ​ស្វែង​រក​ដៃគូ​ជីវិត​​ជា​មួយ​អ្នក​កើត​ឆ្នាំ​​មមី។ សម្រាប់​អ្នក​​ឥត​គូ​​ត្រូវ​មានការ​ព្យាយាម​ខ្លាំង​បន្ថែម​ទៀត​ ទើប​អាច​រក​ឃើញ​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​។ សម្រាប់​អ្នក​​រៀបការ​រួច ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន​​ជាង​មុន​ ​ពោល​គឺ​ត្រូវ​​ឆ្លៀត​យក​​​​ពេល​វេលា​ទំនេរ​មួយ​ចំនួន​ផ្ដល់​ការ​ថ្នាក់ថ្នម ​ឲ្យ​គ្នា​ទៅ​វិញ​ទៅមក និង​មាន​ការ​អត់ធ្មត់​ផង​ដែរ​ទើប​ប្រសើរ។ ​
ឆ្នាំ​ឆ្លូវ
ឆ្នាំឆ្លូវ​នឹង​ពាំនាំ​នូវ​វេលា​ល្អ​មួយ​ សម្រាប់​អ្នក​ស្វែង​រក​គូកំណាន់ចិត្ត នោះ​គឺ​គូព្រេង​ដែល​អ្នក​ចង់​ស្វែងរក ​​កំពុង​រង់ចាំ​អ្នក​ដោយ​ក្ដី​រីករាយ។ ក៏ប៉ុន្តែ សម្រាប់​អ្នក​ដែល​មាន​គូ​ និង​រៀបការ​រួច​ហើយ​​អាច​មាន​បញ្ហា​​ប៉ះទង្គិច​គ្នា​ និង​មាន​ការ​យល់​ច្រឡំ​គ្នា​មួយ​ចំនួន​ជា​ពិសេស​​គូស្នេហ៍​ដែល​កើត​ឆ្នាំ​ ឆ្លូវ​ដូចគ្នា និង​ឆ្នាំ​មមី​។​​​​
ឆ្នាំខាល
ចូល​មក​ដល់​ឆ្នាំ​ខាល​ ឧបទ្រពចង្រៃ​ដែល​កើត​មាន​ឆ្នាំ​ចាស់​ពិត​ជា​រសាត់​ចាកចេញ​ពី​លោក​អ្នក​ហើយ។ ដូច្នេះ​សម្រាប់​អ្នក​​ដែល​​ឯកោ នៅ​ចាំ​អី​ទៀត ឆាប់​ស្វែង​រក​គូកំណាន់ចិត្ត​របស់​លោក​អ្នក​ទៅ​ព្រោះ​ថា​ ឱកាស​ល្អ​សម្រាប់​រក​គូព្រេង​របស់​អ្នក​បាន​​​មក​ដល់​ហើយ​ជា​ពិសេស​ត្រូវ​ នឹង​អ្នក​ដែល​កើត​ឆ្នាំ​មមី និង​ឆ្នាំ​ច។ ចំពោះ​អ្នក​ដែល​មាន​គូ និង​គូស្នេហ៍​រៀបការ​រួចហើយ ចំណង​ស្នេហ៍​របស់​លោក​អ្នក​មិន​សាបសូន្យ​នោះ​ឡើយ ពោល​គឺ​សុភមង្គល​នឹង​ភាព​ផ្អែមល្ហែម​កើតមាន​ដល់​ក្រុម​គ្រួសារ​របស់​អ្នក។​​ ​
ឆ្នាំ​ថោះ
ចូល​មកដល់​ឆ្នាំ​ថោះ ជីវិត​ស្នេហា​របស់​អ្នក​ក៏​មិនចាញ់​ឆ្នាំ​​​ខាល​ប៉ុន្មាន​​ដែរ ក៏ប៉ុន្តែ​ត្រូវ​មាន​ការ​ព្យាយាម​ និង​ប្រុងប្រយ័ត្ន​បន្តិច​ទើប​បាន។ សម្រាប់​អ្នក​ដែល​ឥត​គូ​ត្រូវ​​បង្កើន​ការ​ទំនាក់ទំនង​បន្ថែម​ទៀត​ជា​មួយ​ មនុស្ស​ដែល​នៅ​ជុំវិញ​ខ្លួន ដើម្បី​រឹត​បន្តឹង​ចំណង​មិត្តភាព និង​ទទួល​បាន​ស្នេហា​សម​តាម​បំណង​មួយ។​​ រីឯ​​សម្រាប់​អ្នក​ដែល​មាន​គូ​ និង​រៀបការ​រួច​​វិញ​ត្រូវ​ផ្ដល់​កម្លាំងចិត្ត​​​បន្ថែម​ឲ្យ​គ្នា​ទៅវិញទៅមក និង​មាន​ជំនឿ​ជឿជាក់​លើ​ខ្លួន​ឯង នោះ​ស្នេហា​ដ៏​ផ្អែមល្ហែម​នឹង​កើត​មាន​​ដល់​​ជីវិត​អ្នក។
ឆ្នាំរោង
សម្រាប់​ស្នេហា​របស់​អ្នក​ឥត​គូ​​ដែល​​កើត ​ឆ្នាំ​រោង ​លទ្ធផល​នេះ​នឹង​ទទួល​បាន​ជោគជ័យ ក៏ប៉ុន្តែ​​អ្នក​ត្រូវ​មាន​ការ​អត់ធ្មត់​រង់ចាំ និង​ព្យាយាម​​បន្តិច​ទើប​​​អាច​​រក​ឃើញ​មនុស្ស​ដែល​អ្នក​ស្រលាញ់​តាម​ក្តី​ ប្រាថ្នា។ ចំពោះ​អ្នក​ដែល​មាន​គូស្នេហ៍​ និង​​រៀបការ​រួច ជីវិត​ស្នេហា​របស់​​អាច​មាន​ការ​ធ្លាក់​ចុះ​ ឬ ភាព​រកាំរកូស​មួយ​ចំនួន។ ដូច្នេះ​ ចូរ​ប្រុងប្រយ័ត្ន​​ ហើយ​ព្យាយាម​ដោះស្រាយ​បញ្ហា​ទាំងនោះ​​​​ដោយ​មាន​ការ​អត់ធ្មត់ ទើប​ប្រសើរ។
ឆ្នាំ​ម្សាញ់
ជីវិត​​ស្វែង​រក​គូស្រករ​របស់​អ្នក​​គ្មាន ​គូ​ ពិត​ជា​មិន​​សម​តាម​បំណង​នោះ​ឡើយ ​ដោយ​ហេតុ​ថា​នឹង​មាន​ឧបសគ្គ​​មួយ​ចំនួន​មក​រារាំង​​​​ស្នេហា​របស់​អ្នក។ ដូច្នេះ​​អ្នក​ត្រូវ​ដក​ខ្លួន​បន្តិច ហើយ​​ឈប់​គិត​ពី​បញ្ហា​នេះ ​ដោយ​រិះ​រក​ឱកាស​ផ្សេង​ទៀត​សម្រាប់​ខ្លួន​ឯង​នៅ​ពេល​ក្រោយ។ ​អ្នក​ដែល​មាន​គូ​ និង​រៀបការ​រួច ក៏​មិន​ត្រូវ​ប្រាកដប្រជា​ក្នុង​ជីវិត​ស្នេហា​របស់​អ្នក​ពេក​នោះ​ដែរ ព្រោះ​ថា​វា​មិន​​​សម​តាម​បំណង​ដូច​អ្វី​ដែល​​ខ្លួន​​រំពឹង​ទុក​។ ទោះបីជា​យ៉ាងណា​ក៏ដោយ អ្នក​​​ត្រូវ​ស្វែង​យល់​ពី​​តម្រូវ​ការ​​របស់​គូស្នេហ៍​ជា​មុន​សិន​ទើប​ល្អ។ ​​​​​​​
ឆ្នាំ​មមី
អ្នក​នៅ​​ឯកោ​ដែល​កើត​ឆ្នាំ​នេះ ចង់​ស្វែង​គូស្នេហ៍​របស់​ខ្លួន​ត្រូវ​បោះជំហាន​ទៅ​​ចាំ​នៅ​ខ្សែត្រៀម​ជា​មុន ដើម្បី​​រង់​ចាំ​បង្កើត​ចំណង​ស្នេហ៍​ជា​មួយ​​មនុស្ស​ដែល​ខ្លួន​ស្រលាញ់ បើ​មិន​ដូច្នេះ​ទេ អ្នក​នឹង​បាត់បង់​ឱកាស​នេះ​​ជា​មិន​ខាន។ សម្រាប់​​អ្នក​មាន​គូ​ និង​រៀបការ​រួច​​ ចំណង​ស្នេហ៍​ដ៏​ផ្អែមល្ហែម​របស់​អ្នក​​អាច​នឹង​បាត់បង់​​ទៅវិញ​ដោយ​ឈឺចាប់ ប្រសិន​បើ​​អ្នក​ចាប់កាន់​​ដៃ​គ្នា​ដោយ​មិន​មាន​ភាព​ច្បាស់​លាស់​ និង​​ការ​​អត់ធ្មត់។
ឆ្នាំ​មមែ
នេះ​ពិត​ជា​ឱកាស​ល្អ​​​ធ្លាក់​មក​ដល់​អ្នក ​ដែល​ឥត​គូ​ជា​ពិសេស​សុភាព​នារី​ដែល​កើត​ឆ្នាំ​មមែ ព្រោះ​ថា​​គូព្រេង​ដែល​អ្នក​ប៉ង​បាន​មក​ដល់​ហើយ។ ចូរ​ញញឹម​​ឡើង ហើយ​ត្រៀម​បញ្ចប់​ភាព​នៅ​លីវ​របស់​អ្នក​ជា​មួយ​គូស្នេហ៍​ដែល​អ្នក​ស្រលាញ់​ នេះ។ រីឯ​អ្នក​មាន​គូ​ និង​រៀបការ​រួច​វិញ ជីវិត​​​​ស្នេហា​របស់​អ្នក​​នឹង​ឆ្ពោះ​ទៅ​រក​ត្រើយ​សុភមង្គល​មួយ​គ្មាន​ដែន​ កំណត់។
ឆ្នាំ​វក
អ្នក​ដែល​ឥត​គូ​កើត​ឆ្នាំ​នេះ នឹង​អាច​រក​ឃើញ​ម្ចាស់​បេះដូង​របស់​ខ្លួន​បាន​លុះត្រាតែ​​មាន​ការ​​ខិតខំ​ ព្យាយាម​ឲ្យ​​បាន​ខ្លាំង​ជាង​មុន​​។ ចំពោះ​​អ្នក​មាន​គូ​ និង​រៀបការ​រួច ត្រូវ​រក្សា​ចំណង​ស្នេហ៍​របស់​ខ្លួន​ឲ្យ​បាន​ល្អ​ដោយ​សន្សឹមៗ ជៀសវាង​​អំពើ​ឆ្គាំឆ្គង​ណា​មួយ​ធ្វើ​ឲ្យ​អាក់អន់ស្រពន់ចិត្ត​ពី​គូស្នេហ៍​ របស់​ខ្លួន ហើយ​​ត្រូវ​ប្រុងប្រយ័ត្ន​ផង​ដែរ ព្រោះ​ថា​អាច​នឹង​មាន​អ្នកទី៣​ចូល​មក​កកូរកកាយ​ចំណង​ស្នេហ៍​របស់​អ្នក​ពេញ​ មួយ​ឆ្នាំ​នេះ។​​​
​ឆ្នាំ​រកា
សម្រាប់​អ្នក​ដែល​​ឥត​គូ​ចង់​ស្វែង​រក​ គូស្នេហ៍​របស់​ខ្លួន​ ហាក់​មិន​សូវ​ទទួល​បាន​ផ្លែផ្កា​ប៉ុន្មាន​នោះ​ឡើយ ក៏ប៉ុន្តែ​បើ​បុរស​វិញ​ អាច​មាន​សង្ឃឹម​ច្រើន​​ជាង​សុភាព​នារី។ ​យល់​ល្អ​ ​ត្រូវ​ស្វែងយល់​បន្ថែម​​ពី​ចំណុច​ខ្វះ​ខាត​ខ្លួន​ឯង​ជា​មុន ព្រោះ​ថា​លទ្ធផល​ក៏​មិន​អាក្រក់​ទាំងអស់​នោះ​ដែរ។ រីឯ​អ្នក​ដែល​មាន​គូ​ និង​រៀបការ​រួច​វិញ ធ្វើ​យ៉ាង​ម៉េច​កុំ​​អូសទាញ​ភាគី​ណាមួយ​​ឲ្យ​ធ្លាក់​ក្នុង​​ជម្លោះ​​ឲ្យ​សោះ បើ​មិន​ដូច្នេះ​ទេ ចំណង​ស្នេហ៍​របស់​អ្នក​ពិត​ជា​គ្មាន​ផ្លូវ​ផ្សះផ្សា​វិញ​បាន​ឡើយ។​​​​​
​ឆ្នាំច
រាសី​​ស្នេហា​អ្នក​ដែល​​​នៅ​ឯកោ​វិញ មក​ដល់​ឆ្នាំ​នេះ​ពិត​ជា​ឡើង​ខ្ពស់​ត្រដែត​​តែម្ដង ព្រោះ​ថា​ស្នេហា​ដែល​អ្នក​រង់ចាំ​ជា​ច្រើន​ឆ្នាំ​គឺ​បាន​មក​ដល់​​ដោយ​ឯកឯង ដោយ​មិន​បាច់​ចំណាយ​កម្លាំង ឬ ​តក់ក្រហល់​ពេក​នោះ​​ឡើយ។ សម្រាប់​អ្នក​មាន​គូ​ និង​រៀបការ​រួច​ ចំណង​ស្នេហ៍​របស់​អ្នក​​​នៅ​ស្ថិតស្ថេរ​​ បោះជំហាន​​ឆ្ពោះ​ទៅ​មុខ​​ជានិច្ច​​​យ៉ាង​រលូន​គ្មាន​ការ​រំខាន​អ្វី​នោះ​ ឡើយ។
ឆ្នាំកុរ
ងាក​មក​មើល​ឆ្នាំ​កុរ​ចុងក្រោយ​​ឯណេះ​វិញ ក៏​មិនចាញ់​ឆ្នាំច​ប៉ុន្មាន​ដែរ ពោល​គឺ​​ឆ្នាំ​នេះ​បាន​ផ្ដល់​ពន្លឺ​ភ្លើង​ខៀវ​​យ៉ាង​ច្បាស់​​​​ផង​ដែរ​ដល់​ អ្នក​ឥត​គូ​ស្វែង​រក​ម្ចាស់​បេះដូង​របស់​ខ្លួន។ ក៏ប៉ុន្តែ រាសី​របស់​អ្នក​ឆុង​នឹង​ឆ្នាំ​មមី​។ ដូច្នេះ វា​នឹង​ទាមទារ​ឲ្យ​អ្នក​ត្រូវ​ប្រើប្រាស់​យុទ្ធសាស្ត្រ​ជា​ច្រើន ដើម្បី​អន្ទងចិត្ត​មនុស្ស​​​ម្នាក់​​​ដែល​កើត​ឆ្នាំ​នេះ។ សម្រាប់​អ្នក​មាន​គូ​ និង​រៀបការ​វិញ ចំណង​ស្នេហ៍​របស់​អ្នក​មាន​ភាព​ល្អ​ប្រសើរ​ជា​ធម្មតា។ ទោះបី​ជា​បែប​នេះ​ក្តី អ្នក​មិន​ត្រូវ​លេង​ល្បែង​ត្រីកោណ​នោះ​ឡើយ​ បើ​មិន​ដូច្នេះ​ទេ ប្រាក់​ក៏​បង់​ថង់​ក៏​ដាច់៕

តោះទៅមើល ហុង​ស៊ុយ​ឆ្នាំ​មមី ​យ៉ាង​​ម៉េច​ដែរ?

ហោរា​ចិន​ល្បី​ឈ្មោះ ក្នុង​រាជ​ធានី​ភ្នំពេញ​​ លោក​ ចាំង​ ហាំងឡុង វ័យ ​៦៥ ឆ្នាំ បាន​ទស្សន៍​ទាយ​​​អំពី​ជោគ​ជតារាសី​សម្រាប់​ឆ្នាំ​​ទាំង​ ១២។​​ ដោយ​ចាប់​​​ផ្ដើម​ដំបូង​ឆ្នាំ​មមី៖​ ឆ្នាំ​មមី​​​​​​​​​ធាតុ​​មាស​ ត្រូវ​​បាន​ហោរា​រូប​​នេះ​ចង្អុល​បង្ហាញ​នូវ​ ទិស​​ជើង​បែរ​ទៅ​ត្បូង ធាតុ​ទឹក​ ​ កើត​ឈៀង​ជើង​ ធាតុ​ដី​ លិច​ឈៀង​ខាង​ត្បូង​​ ធាតុ​ដី​ ល្អ​ដូច​គ្នា។​លោក​​អ្នក​​កើត​ឆ្នាំ​នេះ​ បើ​មាន​ធាតុ​ដូច​គ្នា​គឺរឹង​ដាក់​គ្នា​​មែន​ទែន។ឆុង​ខ្លាំង​ជាង​គេ​ គឺ​ធាតុ​​ភ្លើង និង​​ធាតុ​ឈើ​។ ​ល្អ​ជាង​គេ​គឺ​ធាតុ​​ដី​ និង​ធាតុ​ទឹក​។​
ឆ្នាំ​ជូត
​ក្នុង​ឆ្នាំ​នេះ​ លោក​អ្នក​កើត​ឆ្នាំ​ជូត ​ត្រូវ​​មាន​តំណម​​បី​ខ​ ៖​ ទី១ សង់​ផ្ទះ​ ជួស​ជុល​ ការដ្ឋាន​សាង​សង់​កុំ​ទៅ​ជិត​។​ទី២ កុំ​ទៅ​ចូល​រួម​បុណ្យ​សព​ ឬ​​កុំ​មើល​សាក​សព។​ ទី៣ ​អាពាហ៍ពិពាហ៍​អាច​ចូល​រួម​​បាន​ តែ​បើ​​នៅ​កំលោះ​​កុំ​ទៅ​កំដរ​គេ។​ ម្យ៉ាង ​បើ​មាន​​គ្រួសារ​ ហើយ​កុំ​​ទៅ​រៀប​​គ្រែ​ចង​ម៉ុង​ឲ្យ​គេ កុំ​ទៅ​ដឹក​ដៃ​កូន​កំលោះ​ក្រមុំ។​លោក​អ្នក​កើត​​ឆ្នាំ​ជូត ​ឆ្នាំ​ថ្មី​​នេះ​​ ត្រូវ​​​ប្រុង​ប្រយ័ត្ន​ចាញ់​បោក​គេ។​ ពេល​ប្រគល់​លុយ​​ ឬ​ទទួល​​​លុយ​ពី​គេ​ត្រូវ​ត្រួត​​ពិនិត្យ​​ឲ្យ​បាន​ច្បាស់​លាស់។​កុំ​លោភលន់ និង​ចង់​បាន​របស់​​គេ។ ​ឆ្នាំ​នេះ​ដែរ​ ត្រូវ​ប្រយ័ត្ន​​គ្រោះ​​ថ្នាក់​ ខែ​​មិនា​ ​មិថុនា កក្កដា​ និង​ខែ​តុលា​​។ ​ឆុង​នៅ​ម៉ោង​ ៥ ដល់​៧ ព្រឹក​ ថ្ងៃ​ត្រង់​​ម៉ោង ១១ ដល់​ម៉ោង ៣ រសៀល យប់​ម៉ោង ៧ និង​ម៉ោង​ ៩។ ឆុង​ខ្លាំង​ ឆ្នាំ​មមែ និង​ឆ្នាំ​មមី​។
ឆ្នាំ​ឆ្លូវ
លោក​អ្នក​កើត​ឆ្នាំ​ឆ្លូវ​​ កុំ​ប្រហែស​ឲ្យ​សោះ​ ព្រោះ​លោក​អ្នក​អាច​ បាត់​របស់​មាន​តម្លៃ​មួយ​ចំនួន​ដូច​ជា​ លុយ​កាក់​ ទូរសព្ទ  ​​ដោយ​ត្រូវ​ចោរ​លួច​ ឆក់ ឬ​ប្លន់។ ដូច្នេះពេល​​​ចេញ​​ទៅ​ទី​ជិត​ឆ្ងាយ ​ត្រូវ​ប្រុង​ប្រយ័ត្ន​​ទុក​ដាក់​របស់​មាន​​តម្លៃ​ ឲ្យ​បាន​ល្អ។​ ជាង​នេះ​ទៀត ​ចូរ​កុំ​រក​ស៊ី​ចូល​ហ៊ុន​ជាមួយ​មិត្តភ័ក្ដិ ប្រយ័ត្ន​ចាញ់​បោក​​គេ​។​ ជា​ពិសេស ​​អ្នក​កើត​ឆ្នាំ​ មមី​ ​មមែ ​និង​ឆ្នាំ​ច​។​ ឆុង​​ខែ​ប្រហាក់​ប្រហែល​ នឹង​ឆ្នាំ​ជូត​ដែរ គឺ​ខែ មិនា​ ​មិថុនា កក្កដា​ និង​ខែ​តុលា។​​ ឆុង​ម៉ោង​​ពី​​​ម៉ោង ១១ ​ថ្ងៃ​ត្រង់​ ដល់​ម៉ោង ៣ រសៀល ​យប់​ម៉ោង ៧ និង​ម៉ោង​ ៩។​​​​​​​​​​​​​​​​​​​
​ឆ្នាំ​ខាល
ចំពោះ​អ្នក​កើត​ឆ្នាំ​ខាល​ ឆ្នាំ​​ថ្មី​នេះ​លោក​​អ្នក​​​មាន​រាសី​ល្អ​ជាមួយ​​ អ្នក​កើត​ឆ្នាំ​​មមី​។ ប៉ុន្តែ​អ្នក​កើត​ឆ្នាំ​នេះ​ ចូរ​កុំ​រវល់​រឿង​គេ​ កុំ​ធានា​ និង​កុំ​ឡើង​តុលាការ​ក្ដី​ក្ដាំ​ឲ្យ​សោះ។​ គួរ​ស្វែង​រក​ដំណោះ​ស្រាយ​តាម​សន្តិវិធី​ល្អ​ជាង​ ហើយ​បើ​ប្រហែស​តែ​បន្តិច​ លោក​អ្នក​​អាច​មាន​អ្នក​លប​វាយ​ពី​ក្រោយ​ខ្នង​ ដោយ​មិន​ដឹង​ខ្លួន​​។ ​អ្នក​កើត​ឆ្នាំ​នេះ ​ត្រូវ​ប្រយ័ត្ន​ខែ​កុម្ភៈ​ ឧសភា​ និង​ខែ​សីហា។ ​ឆុង​ម៉ោង​​ ៣ ដល់​ម៉ោង​៥ ទាប​ភ្លឺ​ ពេល​ព្រឹក​ម៉ោង​ ៩ ដល់​១១។​

ឆ្នាំ​ថោះ​
អ្នក​​កើត​ឆ្នាំ​ថោះ​ បើ​ស្រី​ល្អ​​ តែ​បើ​​មនុស្ស​​ប្រុស​អត់​សូវ​ល្អ​ទេ ក្នុង​ឆ្នាំ​ថ្មី​នេះ​​។ លោក​អ្នក​អាច​​​ខាត​បង់​ទ្រព្យ​សម្បត្តិ​។ ​ដូច្នេះ​ត្រូវ​ជៀស​វាង​ដាច់​ខាង​​ល្បែង​ស៊ី​សង ហើយ​បើ​ចង់​​រក​ស៊ី​ ដៃ​ខ្លី​កុំ​ចង់​​ឱប​ភ្នំ។ ប៉ុន្តែ​​ត្រូវ​តែ​សកម្ម​ នឹង​ការងារ​ ហើយ​មាន​ការ​ប្រុង​ប្រយ័ត្ន​ពិសេស​ខែ​មិនា​ កញ្ញា​ និង​ខែ​ធ្នូ​ ។ ឆុង​​ម៉ោង​ ៤ ដល់​ម៉ោង​៧​ ព្រឹក​ ។ ពេល​យប់​ម៉ោង ១១ ដល់​ម៉ោង ១ រំលង​អធ្រាត្រ​។
​ឆ្នាំ​រោង​
អ្នក​កើត​ឆ្នាំ​រោង​ ឆ្នាំ​​ថ្មី​នេះ​ល្អ​ណាស់​ ទាំង​លុយ​កាក់ ​ខោ​អាវ​ ស្លៀក​ពាក់​មិន​ខ្វះ​ខាត​ទេ​។ ប៉ុន្តែ​ដោយ​សារ​មាន​តារា​​មរណ​ទុក​ចូល​មក​ប្រកាន់​ ក្នុង​ជីវិត​របស់​យើង​ ក្នុង​ឆ្នាំ​នេះ។ ​យក​ល្អ​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ បញ្ហា​សុខភាព​​ខ្លួន​ឯង​ និង​សុខភាព​ដូន​តា​។ កុំ​ទៅ​ហែ​បុណ្យ​សព​ ឬ​មើល​សាកសព​។ ឆ្នាំ​នេះ​ឆុង​នៅ​ខែ​មេសា​ តុលា​ ខែ​មករា ឆ្នាំ​២០១៥​​ ល្អ​ ៥០ % ។ ​ឆុង​ម៉ោង ៧ ដល់​ម៉ោង​៩ព្រឹក ពេល​យប់​ម៉ោង​ ១ ដល់​ម៉ោង ៣។
ឆ្នាំ​ម្សាញ់​
អ្នក​កើត​ឆ្នាំ​​ម្សាញ់​ ប្រុស​ល្អ ស្រី​អត់​សូវ​ល្អ​ទេ​ ឆ្នាំ​​ថ្មី​នេះ​។ បើ​ជា​មនុស្ស​ស្រី​ត្រូវ​ប្រយ័ត្ន​ ខ្លួន​ឯង​ ឬ​ប្តី​​ក្រែង​មាន​ជន​​ទី​៣ ឬ​ជន​ទី​៤ ផិត​ក្បត់​គ្នា។ ឆ្នាំ​នេះ​យក​ល្អ​ពេល​មាន​បញ្ហា​កើត​ឡើង​ត្រូវ​ប្រកាន់​គោល​ការណ៍​ឈ្នះ​ៗ​ ទាំង​សង្ខាង​ និង​កុំ​មាន​គំនុំ​នឹង​គ្នា​។ ខែ​កុម្ភៈ​ ឧសភា​ និង​ខែ​វិច្ឆិកា​ ដាច់​ខាត​កុំ​ប្រព្រឹត្តិ​ល្បែង​ស៊ី​សង​ឲ្យ​សោះ​។ បើ​ធ្វើ​ដំណើរ​ឆ្ងាយ​ត្រូវ​ប្រុង​ប្រយ័ត្ន​នៅ​ម៉ោង​ ៩ ដល់​ម៉ោង​១១ ព្រឹក​  ពេល​យប់​គឺ​ទៀបភ្លឺ​ម៉ោង​ ៣​ដល់​ម៉ោង​៥ ។ ​ត្រូវ​តម​​បី​ខ​ដូច​ឆ្នាំ​ឆ្លូវ​ដែរ។​ យក​ល្អ​ត្រូវ​រក​យ៉ាន់​​សែន​ឲ្យ​ទេវតា​ ហើយ​ឆ្នាំ​នេះ​ទេវតា​ចាំង​ឈឺ​ បើ​​យើង​ដុត​ធូប​ចេះ​តែ​រម្លឹក​ទៅ​ សុំ​សុខ​សប្បាយ​។ប្ រយ័ត្ន​គ្រោះ​ថ្នាក់​ឃើញ​ឈាម​ ដោយ​ចៃដន្យ​។ ប្រើ​កាំ​បិត​​​ កាំ​​ភ្លើង​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​។
ឆ្នាំ​មមែ​
អ្នក​​កើត​ឆ្នាំ​នេះ​​ល្អ​​លេខ​​១ តែ​ក៏​ត្រូវ​មាន​​ការ​ប្រុង​ប្រយ័ត្ន​បំផុត​ផង​ដែរ ព្រោះ​ល្អៗ​ណាស់​ អាក្រក់​អាក្រក់​ណាស់​។​ ធ្វើ​អ្វី​មួយ​កុំ​ជិះ​សេះ​លែង​ដៃ​ បញ្ហា​ស្មុគ​ស្មាញ​អាច​ ដោះ​ស្រាយ​បាន។ យក​ល្អ​​​មិន​ត្រូវ​ទៅ​មន្ទីរ​ពេទ្យ​សួរ​​សុខ​ទុក្ខ​ អ្នក​មាន​ជំងឺ​ធ្ងន់​នោះ​ទេ​ ជា​​ពិសេស​អ្នក​កើត​ជំងឺ​ឆ្លង​មាន​របេង​ ថ្លើម​​ជា​ដើម ​ត្រូវ​មាន​​ការ​ប្រុង​ប្រយ័ត្ន​។ តែ​បើ​ចាំ​បាត់​ត្រូវ​ទៅ​ គឺ​​ឈរ​នៅ​ខាង​លើ​ខ្យល់​។ ម្យ៉ាង​កុំ​ចង់​បាន​លុយ​ពេក​ប្រយ័ត្ន​ឈឺ​ខ្លួន​ឯង​។ អ្នក​​កើត​ឆ្នាំ​នេះ​ឆុង​ខែ​ កក្កដា​ វិច្ឆិកា ធ្នូ​ ខែ មករា​ ឆ្នាំ​២០១៥ ។
ឆ្នាំ​វក
​លោក​អ្នក​កើត​ឆ្នាំ​នេះ​ យក​​​ល្អ​​​ កុំ​​ទៅ​​ចូល​រួម​ ក្នុង​ពិធី​បុណ្យ​សព​ កុំ​មើល​ក្តា​មឈូស​ ។ បើ​ជៀស​​មិន​​បាន​ត្រូវ​អង្គុយ​នៅ​ខាង​ក្រៅ បើ​ចូល​រួម​ហែ​បុណ្យ​សព ចូល​ផ្លូវ​ផេ្សង​ ត្រលប់​មក​ផ្ទះ​វិញ​​ត្រូវ​​ចូល​ច្រក​ផេ្សង និង​ត្រូវ​​ដុត​ក្រដាស​សែន​ បន្ទាប់​មក​​​ដើរ​កន្លង​ក្រដាស​សែន​នោះ កុំ​ឲ្យ​ព្រលឹង​ស្ថិត​នៅ​ខ្លួន​យើង​។ បន្ទាប់​មក​មុខ​នឹង​ចូល​បន្ទប់​ត្រូវ​យក​ទឹក​មាន​​ផ្កា​លុប​មុខ​បន្តិច​ទៅ​។ ខែ​ឆុង​ខ្លាំង​ជាង​គេ​មាន​ខែ​សីហា​និង​ខែ​វិច្ឆិកា​។ ឆុង​ម៉ោង​ ៣​ដល់​៥ ទៀប​​ភ្លឺ យប់​ម៉ោង ៩ ​ដល់​ម៉ោង​១១ ។
ឆ្នាំ​រកា​
​​​​​​​​​​​​ឆ្នាំ​ថ្មី​​នេះ​ចំពោះ​មនុស្ស​ស្រី​​​អាច​រៀប​អាពាហ៍ពិពាហ៍​​បាន​។​ ចំពោះ​មនុស្ស​ប្រុស​ មិន​សូវ​ល្អ​ទេ​ ហើយ​ឆ្នាំ​២០១៦ ចាំ​យក​​កូន​។ ​ការ​​រក​ស៊ី​​ហ៊ុន​គ្នា​​ជាមួយ​​អ្នក​​កើត​ឆ្នាំ​រោង​ ម្សាញ់​​​ វក​ ជូត​ ឆ្លូវ​ ​អាច​រក​ស៊ី​បាន។​ ប៉ុន្តែ​កុំ​ហ៊ុន​ជា​មួយ​អ្នក​កើត​ឆ្នាំ​​ថោះ និង​ច។​ យក​ល្អ​រឿង​រ៉ាវ​តិច​តួច​​គួរ​​មាន​ការ​អត់​ធ្មត់​ កុំ​ឈ្លោះ​ប្រកែក​គ្នា។ ឆុង​ខែ​​មិនា​​ និង​ខែ​វិច្ឆិកា​ ។ឆុង​ម៉ោង ៥ ដល់​៧ ព្រឹក​ខ្លាំង​ជាង​គេ​។
ឆ្នាំ​ច
​លោក​​អ្នក​កើត​ឆ្នាំ​នេះ​ប្រយ័ត្ន​គ្រោះ​ថ្នាក់​ចរាចរណ៍ ​ព្រោះ​ឆ្នាំ​ថ្មី​នេះ​​តារា​ខ្លា​ស​ ឈាន​ចូល​មក​ ។ ដូច្នេះ​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ ត្រួត​ពិនិត្យ​រថយន្ត​ ឲ្យ​បាន​ល្អ​ មាន​ប្រព័ន្ធ​ហ្វាំង​ ចង្កូត​ និង​គោរព​ច្បាប់​ចរាចរណ៍​ជាដើម​។​ ធម្មតា​ ចិន​ប៉ះ​ទេវតា​ខ្លា​ស​ឡើង​វត្ត​ភ្នំ​ ឬ​ទៅ​​ក្រុង​តាខ្មៅ​ និង​ទៅ​ផ្សារ​អូឡាំពិក​ ត្រូវ​សែន​ដល់​ទេវតា​ខ្លា​ស​ ដាក់​សាច់​ជ្រូក​​ឆៅ​បី​ខាំ​ ឲ្យ​​ខាំ​នៅ​មាត់​ខ្លា​ ទី​២ យក​ពង​ទារ​ស​ ឆៅ​ពីរ​​គ្រាប់​។បើ​ឡើង​វត្ត​​ចូល​ពី​កើត​​ត្រូវ​ចេញ​ពី​ជើង​ កុំ​ទៅ​មក​ផ្លូវ​ដដែល។
ឆ្នាំ​កុរ
រាសី​របស់​លោក​អ្នក​ល្អ​ណាស់​ ក្នុង​ឆ្នាំ​២០១៤ នេះ​ ។ ប៉ុន្តែ​​កុំ​ភ្លេច​ខ្លួន​​​សប្បាយ​ជា​មួយ​ស្រី​ញី​ យក​ល្អ​ឲ្យ​តែ​ថ្ងៃ​១៥ កើត​ពេល​យប់​ ចិន​សែន​ចេក​ណាំវ៉ា ខ្មែរ​សែន​ចេក​ពង​មាន់​ ហើយ​បួង​សួង​​ទេវតា​​ឲ្យ​ជួយ​​ថែរក្សា​។ ​ឆ្នាំ​នេះ​ត្រូវ​ប្រយ័ត្ន​បញ្ហា​សុខភាព។​ ឆុង​ខែ​ឧសភា​ និង​ខែ​សីហា​ ។ ឆុង​ម៉ោង​ ៩ ដល់​ម៉ោង​១១​ ​ព្រឹក​ ពេល​រសៀល​ម៉ោង ៣ ​ម៉ោង ​៥៕​