Showing posts with label charities. Show all posts
Showing posts with label charities. Show all posts

ហួស​ថ្លែង!បឋម​សិក្សា​ មួយ​កន្លែង​នៅ​​បាត់​ដំបង​ បាន​កែ​កុន​ពី​ជង្រុក​ដាក់​ពោត​​

ប្រៀប​​​​ធៀប​នឹង​កុមារ​មួយ​ចំនួន​​​​ ដែល​​មាន​ឱកាស​​​អង្គុយ​រៀន​​​ ក្នុង​បន្ទប់​​​សិក្សា​​​​ធំ​​ទូលាយ​បំពាក់ ​ដោយ​ឧបករណ៍​សិក្សា​​គ្រប់​គ្រាន់ និង​ខ្លះ​​ទៀត​អាច​​​​រៀន​ ក្នុង​បន្ទប់​​ម៉ាស៊ីន​ត្រជាក់​​។ ​កុមារ​​មួយ​ក្រុម​​នេះ​ហាក់​ដូច​មាន​វាសនា​​ខុស​គ្នា​​ហៅ​មិន​ឮ​ឡើយ​ ព្រោះ​ថា ទី​កន្លែង​សិក្សា​ដ៏​សាក​​សម​បំផុត​របស់​ពួក​គេ​​​​ពេល​​នេះ ​គឺ​​គ្មាន​អ្វី​ក្រៅ​ ពី​​រោង​ឈើ​ទ្រុឌ​ទ្រោម​​ ទំហំ ​៥​ ​ម៉ែត្រ​​គុណ ​៨​ម៉ែត្រ​ ​ដំបូល​ប្រក់​សង្កសី​ ​គ្មាន​ជញ្ជាំង​បិទ​បាំង​​ត្រឹម​ត្រូវ​​​​​ ខណៈ​ទី​នេះ​ពី​ដំបូង ​គឺ​ជា​​ជង្រុក​ដាក់​​គ្រាប់​ពោត​​របស់​ប្រជា​​កសិករ​​។​
មាន​សិស្ស​​ ចំនួន​១២៨ នាក់​ និង​ចែក​​​ជា​​បី​ថ្នាក់​ ​​រៀន​ពីរ​វេន​​ សាលា​បឋម​សិក្សា​អូរជ្រៃ ​មាន​ទីតាំង​ស្ថិត​នៅ​ដាច់​ស្រាយាល​ ​ភូមិ​អូរ​ជ្រៃ​ ឃុំ​បារាំង​ធ្លាក់​ ស្រុក​ភ្នំ​ព្រឹក​ ខេត្ត​​បាត់​ដំបង​ កំពុង​ប្រឈម​ នឹង​កង្វះ​ខាត​អគារ​ និង​សម្ភារៈ​​សិក្សា​យ៉ាង​ធ្ងន់​ធ្ងរ​។ ​
លោក ​ ពត សារឿន នាយក​សាលា​បឋម​សិក្សា​​អូរជ្រៃ​បាន​រៀបរាប់​ថា​ សាលា​រៀន​​​នេះ​​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​២០០៨ មាន​​គ្រូ​ក្រប​ខណ្ឌ​ម្នាក់​​​ និង​គ្រូ​ជាប់​កិច្ច​សន្យា​ម្នាក់​​ កំពុង​បង្រៀន​​ ចាប់​ពី​ថ្នាក់​ទី​១ ដល់​ថ្នាក់​ទី៣។ “ការ​ពិត​​​សាលា​អូរ​ជ្រៃ​​ គឺ​បាន​​​កែ​កុន​​ពី​រោង​ដាក់​ពោត​​ បន្ទាប់​មក​​ខ្ញុំ​បាន​​ត​សំយាប​ខាង​ក្រោយ​ទំហំ​បី​ម៉ែត្រ​​​បន្ថែម​ទៀត។ សាលា​បឋមសិក្សា​អូរជ្រៃ​​​​ក៏​ជា​សម្ពន្ធ ​របស់​សាលា​ប៊ូទូក​ផង​ដែរ។ សាលាប៊ូ​ទូក​​ សិស្ស​ទាំង​អស់​នាំ​គ្នា​រៀន​​នៅ​ក្រោម​ផ្ទះ​អ្នក​ស្រុក​ សរុប​ចំនួន​ ១៧៥ នាក់​​”។
បើ​តាម​លោក​  ពត សារឿន​ បច្ចុប្បន្ន​​ ទាំង​សិស្ស​ និង​គ្រូ​មាន​​ការ​លំបាក​ជា​ខ្លាំង ដោយ​សារ​សាលា​មាន​​សភាព​ទ្រុឌ​ទ្រោម​។ ពេល​ភ្លៀង​ធ្លាក់​​ម្តងៗ សិស្ស និង​គ្រូ ​ត្រូវ​ខក​រៀន និង​បង្រៀន​​​ ព្រោះ​​គ្មាន​​ជញ្ជាំង​បិទបាំង​​​ និង​ដំបូង​ធ្លុះ​ធ្លាយ​ដោយ​អន្លើ​។ ​ប៉ុន្តែ​ទោះ​ជា​​យ៉ាង​​ណា​ ដើម្បី​​កុមារ​តូច​ៗ ​ លោក​​នៅ​តែ​តស៊ូជម្នះ​ការ​លំបាក​​ បង្ហាត់​បង្រៀន​ឲ្យ​​ពួក​គេ​មាន​ចំណេះ​ដឹង​។ “កន្លង​មក​ខ្ញុំ​ធ្លាប់​បាន​ស្នើ​សុំ​ទៅ​សប្បុរស​ជន​ឲ្យ​ជួយ​សាងសង់​​អគារ​ សិក្សា​ដែរ​។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​​នេះ​​នៅ​មិន​ទាន់​មាន​​ការ​ឆ្លើយ​តប​​នៅ​ឡើយ​។ ចំណែក​​ខាង​មន្ទីរ​អប់រំ​បាន​​ឲ្យ​ខ្ញុំ​ធ្វើ​លិខិត​ផ្លូវ​​ការ​​​ជា​លើក​ទី ​២ ដាក់​​ទៅ​ក្រសួង​អប់រំ។ ដូច្នេះ​​ខ្ញុំ​សូម​អំពាវ​នាវ​ដល់​​​​សប្បុរស​ជន​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស​ មេត្តា​ជួយ​សាង​សង់​សាលា​អូរជ្រៃ​​នេះ​ផង​​​”។
លោក ពត​ សារឿន​ បាន​បន្ថែម​​ទៀត​ថា​​ សាលា​មាន​ដី​បម្រុង​សម្រាប់​សាង​សង់​​​រួច​​ហើយ​ ក្នុង​ទំហំ​ ៤០ ម៉ែត្រ​​គុណ​ និង​១២០ ម៉ែត្រ​ ដែល​ដី​​នេះ​បាន​មក​ពី​ការ​រ៉ៃ​លុយ​គ្នា​ ក្នុង​សហគមន៍ និង​ការ​ផ្ដល់​​​ជូន​ដី​ពី​សប្បុរស​ជន​ម្នាក់​។
ទន្ទឹម​គ្នា​ដែរ​ លោក ពៅ ទីន​ ​អនុ​ប្រធាន​ការិយាល័យ​​អប់រំ​ស្រុក​ភ្នំព្រឹក​ ខេត្ត​បាត់​ដំបង​បាន​​ប្រាប់​ Sabay ថា​ នៅ​ស្រុក​ភ្នំព្រឹក​ទាំង​មូល​មាន​ សាលា​បឋម​សិក្សា​ចំនួន​ ២៨។ សាលា​បឋម​សិក្សា​អូរជ្រៃ​​ ជា​​សាលា​មួយ ក្នុង​ចំណោម​សាលា​បីទៀត​ ​នៅ​ក្នុង​ស្រុក​នេះ​​ ដែល​មាន​សភា​ព​យ៉ាប់​យ៉ឺន និង​កណ្ដោច​កណ្ដែង​បំផុត​​។ “មាន​​សាលា​បឋម​សិក្សា​អូរជ្រៃ​ សាលា​​គ្រោះ​ក្រហម​ និង​សាលា​បឋម​សិក្សា​អន្លង់​មាន​។​ នៅ​រដូវវស្សា​អញ្ចឹង​សាលា​​ខ្លះ​ យើង​​មិន​អាច​​ធ្វើ​ដំណើរ​​ទៅ​បាន​ទេ​ ដោយ​សារ​​ផ្លូវ​លំបាក​ពេក​។ ប៉ុន្តែ​យ៉ាង​ណា​យើង​នៅ​តែ​ផ្ដល់​ក្តី​សង្ឃឹម​សម្រាប់​ពួក​គេ​”។
​​ ក្នុង​នាម​អនុប្រធាន​ការិយាល័យ​ ​​លោក​បាន​ស្នើ​ទៅ​ផ្នែក​​ពាក់​ព័ន្ធ​ សប្បុរសជន​ជាតិ​ និង​អន្តរ​ជាតិ​ មេត្តា​ជួយ​សាងសង់​សាលារៀន​ទាំង​បី​ខាង​លើ​ផង​៕
មានអ្នកណាចង់ចូលរួមជួយទេ!!!!
អត្ថបទ៖មៃ សុខលីម

លោកយាយ អាយុ ៨១ឆ្នាំ រស់នៅម្នាក់ឯង ធ្លាក់ខ្លួនឈឺធ្ងន់ ដង្ហោយ រកជំនួយ សម្រាប់ ជីវិតចុងក្រោយ

ស្វាយរៀង ៖ លោកយាយ អាយុ៨១ឆ្នាំ កំពុងមានជំងឺ ប្រចាំកាយ (ស្វិតដៃ ជើងងើប មិនរួច) រស់នៅតែ ម្នាក់ឯង គ្មានសាច់ញាតិ នឹងបងប្អូន ពេលនេះ ជួបជីវភាព ខ្វះខាត យ៉ាងខ្លាំង សម្រាប់ការរស់នៅ ប្រចាំថ្ងៃ ម្យ៉ាងលោកយាយ កាន់តែវ័យចំណាស់ទៅ ហើយ និងពុំមាន លទ្ធភាព គ្រប់គ្រាន់ ដើម្បីព្យាបាល ជំងឺបានដង្ហើយ រកជំនួយពីសប្បុរសជន ដើម្បីជីវិត ចុងក្រោយរបស់ លោកយាយ ។
លោកយាយ ឡុង ម៉ៅ បានលើ ដៃសំពះនិយាយ ទាំងទឹកភ្នែក ពីក្នុងដំខ្ទមដ៏គួរ ឲ្យសង្វេគ ដែលមានជញ្ជាំង រហែក រយីករយាក ស្ទើរបាក់ធ្លាក់ ទាំងស្រុង ថែមទាំង បច្ចុប្បន្ននេះ លោកយាយក៏មានជំងឺប្រ ចាំកាយ ទៀតផង ប៉ុន្ដែគ្មានថវិកា គ្រប់គ្រាន់ សម្រាប់ព្យាបាល ដូច្នេះ លោកយាយ សូមអំពាវនាវ ពីខេត្ដស្វាយរៀង សុំជំនួយឧបត្ថម្ភ ពីសប្បុរសជននានា ដែលមាន ចិត្ដសប្បុរស ជួយឧបត្ថម្ភដល់ ការរស់នៅ របស់លោកយាយផង ។
លោកយាយ ឡុង ម៉ៅ ដែលបច្ចុប្បន្ន រស់នៅ តែម្នាក់ឯង ក្នុងខ្ទម នេះមានទីលំនៅ ភូមិព្រៃទទឹង ឃុំចន្ដ្រី ស្រុករមាសហែក ខេត្ដស្វាយរៀង។ លោក យាយ បានលើកដៃសំពះដល់ សប្បុរសជន មេត្តាជូយដល់ គាត់ផងព្រោះរាល់ថ្ងៃនេះ លោកយាយកំពុងតែធ្លាក់ខ្លួន ឈឺធ្ងន់ និងខ្វះខាតយ៉ាងខ្លាំង ហើយលោកយាយ ក៏កំពុង តែមានស្រែកឃ្លាន ព្រោះគ្មានប្រាក់ទិញ ម្ហូបអាហារ ។ ម្យ៉ាងទៀត លោកយាយមានជំងឺដើរមិនរួច។
ប្រសិនបើបងប្អូន សប្បុរសជនណា មានក្ដីអាណិត អាសូរដល់ លោកយាយ ឡុង ម៉ៅ ចង់ឧបត្ថម្ភដល់គាត់ សូមមេត្តាទាក់ទង លេខទូរស័ព្ទ ០៩៦ ៤៥៥ ១៣ ១៦ ៕




ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល

ជិះកង់​​ពេញ​​​ស្រុក​​​ខ្មែរ​​​រៃ ​​ប្រាក់​​​បាន​​​រាប់​​​ម៉ឺន​​​ដុល្លារ​​​ជួយ ​​​មន្ទីរពេទ្យ​​​គន្ធបុប្ផា


ស្រប​ពេល​ដែល​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ កំពុង​តែ​ជួប​​បញ្ហា​ថវិកា និង​កំពុង​តែ​​អំពាវ​នាវ​ដល់​សាធារណ​ជន​គ្រប់​មជ្ឈដ្ឋាន​ឲ្យ​ចូល​រួម​ ឧបត្ថម្ភ​នោះ​ ស្រាប់​តែ​មាន​យុវជន​​​​មួយ​ក្រុម​បាន​​​ស្ម័គ្រ​ចិត្ត​ជិះ​កង់​​ពេញ​ប្រទេស ​កម្ពុជា​ ដើម្បី​ស្វែង​រក​ថវិកា​មក​ជួយ​មន្ទីរ​ពេទ្យ​នេះ។
លោក ធុល វិសាល អាយុ​ ២៨ឆ្នាំ ដែល​ជា​ប្រធាន​ក្រុម​នៃ​យុវជន​ស្ម័គ្រ​ចិត្ត​ ​កំពុង​តែ​ធ្វើ​សកម្មភាព​មនុស្ស​ធម៌​​នេះ​បាន​ប្រាប់​ថា ៖ “មូល​ហេតុ​ដែល​​នាំ​ឲ្យ​ក្រុម​ការងារ​របស់​ខ្ញុំ ជិះ​កង់​គ្រប់​ខេត្ត​ក្រុង​ដើម្បី​រៃ​អង្គាស​ប្រាក់​ ​ ដោយ​សារ​តែ​​ពួក​ខ្ញុំ​ចង់​នាំ​​យក​ប្រាក់ដែល​ប្រមូល​បាន​ទាំង​នោះ​​ទៅ​​ជួយ ​ដល់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ ​កំពុង​តែ​ជួប​ការ​ខ្វះ​ខាត។ ម្យ៉ាង​ទៀត​ ការ​ជិះ​កង់​នេះ​ក៏​ជា​ចំណង់​ចូល​ចិត្ត​របស់​ពួក​ខ្ញុំ​ផង​ដែរ”។
​លោក វិសាល​ បាន​ថ្លែង​ថា ៖ “ការ​ជិះ​កង់​របស់​ពួក​ខ្ញុំ​ បាន​ចាប់​ផ្ដើម​តាំង​ពី​ថ្ងៃ​ទី​២ ខែ​កុម្ភៈ​ មក​ម្ល៉េះ​ ហើយ​មាន​គ្នា​ជិះ​កង់​ទាំង​អស់​៥នាក់ និង​ ​ក្រុម​ការងារ​ម្នាក់​​​ទៀត​​​ (អ្នក​បើក​ឡាន) ធ្វើ​​ដំណើរ​ចេញ​ពី​រាជធានី​ភ្នំពេញ​ ទៅ​កាន់​​គ្រប់​បណ្ដា​ខេត្ត​ក្រុង​នានា​នៃ​ប្រទេស​កម្ពុជា​លើ​ចម្ងាយ​ផ្លូវ​ សរុប​ប្រមាណ​ ៤០០០គីឡូម៉ែត្រ“។
គិត​មក​ទល់​ពេល​នេះ​ ក្រុម​ការងារ​របស់​លោក​​បាន​ធ្វើ​ដំណើរ​បាន​ ១៤​ខេត្ត​ក្រុង​ហើយ​ ​និង​រៃ​អង្គាស​ប្រាក់​បាន​ជាង​ ៨០០០០ (៨​ម៉ឺន) ដុល្លារ​ ឥលូវ​នេះ​ពួក​លោក​ កំពុង​តែ​​ធ្វើ​​​សកម្មភាព​នៅ​ខេត្ត​ក្រចេះ ហើយ​គ្រោង​​បន្ត​ទៅ​កាន់​ខេត្ត​គោល​ដៅ​ជា​បន្ត​ទៀត។
ទន្ទឹម​នឹង​​សកម្មភាព​នៃ​ការ​​ជិះ​កង់​រៃ​ប្រាក់​មក​ជួយ​មន្ទីរ​ពេទ្យ​ កុមារ​នេះ​​ លោក​ វិសាល បាន​និយាយ​ថា ៖ “ពេល​​ធ្វើ​ដំណើរ​​ឆ្លង​កាត់​​នៅ​តាម​ខេត្ត​កន្លង​មក​ ពួក​ខ្ញុំ​ក៏​ជួប​ប្រទះ​បញ្ហា​​លំបាក​មួយ​ចំនួន​ផង​ដែរ ព្រោះ​​ពួក​ខ្ញុំ​មិន​ប្រើ​ប្រាស់​លុយ​ដែល​ប្រមូល​បាន​​មក​ចំណាយ​ផ្ទាល់​ ខ្លួន​នោះ​ទេ​ រាល់​ការ​ចំណាយ​នៅ​តាម​ផ្លូវ​ សុទ្ធ​តែ​ត្រូវ​​ប្រើ​ប្រាស់​លុយ​ផ្ទាល់​ខ្លួន​​​ទាំង​អស់”។
លោក​ បញ្ជាក់​បន្ថែម​ទៀត​ថា​ ៖ “​​ខ្ញុំ​ក៏​ចង់​អំពាវ​នាវ​ដល់​សប្បុរស​ជន​ទាំង​អស់ ​ដែល​បាន​ដឹង​ពី​សកម្មភាព​មនុស្ស​ធម៌​នៃ​ការ​ជិះ​កង់​មេត្តា​ជួយ​ឧបត្ថម្ភ​ តាម​ទឹក​ចិត្ត​ ដើម្បី​បន្ត​ជួយ​ដល់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​​​កំពុង​​​ខ្វះ​ខាត”។ លោក វិសាល​ បន្ថែម៕
អត្ថបទ៖ យិន សំបូរ​​​  ​​​​​​​​​​

កុមារីអាយុ ២ឆ្នាំ រើសអេតចាយ ដើម្បីរកប្រាក់មើលជម្ងឺ

កុមារីអាយុ ២ឆ្នាំម្នាក់ នៅប្រទេសចិន ត្រូវចេញទៅខាងក្រៅជារៀងរាល់ថ្ងៃ ដើម្បីរើសសម្បកដប
បន្ទាប់ពីបានដឹងថា ការងារនេះអាចជួយរកប្រាក់បន្ថែមដើម្បីព្យាបាលជម្ងឺ។
ទំព័រ Shanghaiist បានឱ្យដឹងថា Xiao Xiao បានចាប់ផ្ដើមចេញទៅរើសសម្បកដប ក្រោយពីបាន
ឃើញពុកម្ដាយរបស់ខ្លួន ធ្វើបែបនេះ ដើម្បីរកប្រាក់។ ជីតារបស់កុមារីនេះ ប្រាប់ថា ក្នុងរយៈពេល 
៣ខែមកនេះ សម្បកដបសរុបដែល Xiao Xiao រើសបាន មានតម្លៃប្រហែល ៥០ យ័ន (៨ដុល្លារ
អាមេរិក)។

ដោយសារតែមានជម្ងឺបេះដូងតាំងពីកំណើត ទើបកុមារី Xiao Xiao រស់នៅក្នុងខណ្ឌ Minhou ក្រុង
Fuzhou ខែត្រ Fujian ប្រទេសចិន ងាយនឹងមានកម្លាំងខ្សោយ និងឈឺធ្ងន់។ “រើសសម្បកដប! រើស
សម្បកដប!” គឺជាពាក្យដែលកុមារីរូបនេះ ប្រតិកម្មដំបូង នៅពេលបានឃើញដប ដែលគេចោលនៅ
តាមដងផ្លូវ។

ពុករបស់ Xiao Xiao ឱ្យដឹងថា ៖ “Xiao Xiao ត្រូវគ្រូពេទ្យពិនិត្យឃើញថា មានជម្ងឺបេះដូងតាំងពី
កំណើត ពេលដែលនាងមានអាយុ ៤ខែ។ អ្នកដែលមានជម្ងឺដូច Xiao Xiao ប្រាប់ថា រោគសញ្ញា
នេះនឹងមិនថយចុះនោះទេ វានឹងកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ”។

ក្រុមគ្រូពេទ្យបាននិយាយថា ពេលវេលាល្អបំផុតសម្រាប់ព្យាបាលជម្ងឺនេះ គឺមុនពេលនាងមាន
អាយុ ៣ឆ្នាំ។ ប៉ុន្ដែអ្វីដែលធ្វើឱ្យអស់សង្ឃឹម នោះគឺថ្លៃព្យាបាលឡើងដល់ ១០០,០០០យ័ន(ជាង 
១៦,៤០០ដុល្លារ) គឺហូសពីសមត្ថភាពរបស់គ្រួសារ។
Chen Meixiang ដែលជាម្ដាយរបស់កុមារីខាងលើ មានការយកចិត្តទុកដាក់ខ្លាំងទៅលើបបូរមាត់
របស់កូន ព្រោះគ្រូពេទ្យធ្លាប់បានប្រាប់ថា មិនអាចពន្យាពេលក្នុងការព្យាបាលនោះទេ ប្រសិន
ឃើញបបូរមាត់ ប្រែមានពណ៌ស្វាយ។

ពុករបស់ Xiaoxiao នៅពេលថ្ងៃ គាត់ធ្វើជាជាងជួសជុលអំពូលភ្លើងនៅតាមដងផ្លូវ ហើយពេល
យប់ ត្រូវធ្វើការផ្សេងទៀត ដើម្បីរកប្រាក់ឱ្យបានគ្រប់សម្រាប់ថ្លៃព្យាបាលជម្ងឺកូនស្រី មុនពេលនាង
មានអាយុ ៣ឆ្នាំ។
 
ម្ដាយរបស់ Xiaoxiao ក្រៅពីមើលហាងប៉ាក់ ក៏ត្រូវទៅធ្វើការបន្ថែម នៅហាងម៉ាស្សា ស្ទីមមួយ
កន្លែងនៅក្បែរនោះ។  លោកយាយរបស់ Xiaoxiao ឱ្យដឹងថា ចៅ​របស់​ខ្លួន តែងនឹកពុកម្ដាយនាង ហើយតែងមមើហៅឈ្មោះពុកម្ដាយនាងស្ទើររាល់យប់។

ក្រោយពីស្ថានភាពលំបាកនៃគ្រួសាររបស់ Xiaoxiao ត្រូវបានចុះផ្សាយនៅលើទំព័រសារព័ត៌មាន ក៏
ធ្វើឱ្យមានការរំជួលចិត្តជាខ្លាំង ពីសំណាក់សាធារណជន ហើយពួកគេក៏បានរៃអង្គាសប្រាក់ ដើម្បី​អាចជួយសង្គ្រោះជីវិតកុមារីដ៏គួរអាណិតនេះ។
ក្នុងរយៈពេលត្រឹមតែ ៣ថ្ងៃ គ្រួសាររបស់ Xiaoxiao ទទួលបានប្រាក់ពីសប្បុរសជន​ ជាង ១៤,០០០
ដុល្លារ ប៉ុន្ដែ ពុករបស់ Xiaoxiao ឱ្យដឹងថា គ្រួសារអាចរកប្រាក់ដែលនៅខ្វះបាន ទើបបានបដិសេធ
ថវិកាពីសប្បុរសជនផ្សេងទៀត។

បច្ចុប្បន្ន Xiaoxiao ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យសហភាពនៃសាកលវិទ្យាល័យវេជ្ជសាស្ត្រ Fujian
(Union Hospital of Fujian Medical University) ដើម្បីពិនិត្យ មុនពេលធ្វើការវះកាត់បេះដូង។