តារាចម្រៀងតារាសម្ដែង Kim Hyun Joong ត្រូវតុលាការផាកពិន័យ៥លានវ៉ុនករណីប្រើហិង្សាលើសង្សារ
តារាចម្រៀង និងតារាសម្ដែង Kim Hyun Joong ត្រូវតុលាការផាកពិន័យ ៥លានវ៉ុន ពីបទវាយដំធ្វើបាបអតីតមិត្តស្រី។
ក្រោមការស៊ើបអង្កេតអស់ជាច្រើនខែ តារាចម្រៀងតារាសម្ដែងល្បីរូបនេះ ត្រូវបានផាកពិន័យទឹកប្រាក់ ៥លានវ៉ុន (ប្រមាណជាង ៤ពាន់ដុល្លារ) សម្រាប់ករណីវាយដំលើរាងកាយអតីតមិត្តស្រី។
Kim Hyun Joong ត្រូវបានរងការចោទប្រកាន់ថា បានវាយដំធ្វើបាបអតីតមិត្តស្រីប៉ុន្តែពាក្យបណ្ដឹងនោះត្រូវបានព្យួរ (តាមពាក្យចចាមអារ៉ាមនិយាយថា អតីតមិត្តស្រី Hyun Joong បានផ្ដល់ភស្ដុតាងក្លែងក្លាយដល់ប៉ូលិសដូច្នេះទើបករណីបណ្ដឹងពីរចុងក្រោយត្រូវបានព្យួរចោល)។ តារាសម្ដែងបានរងការចោទប្រកាន់ពីបទប្រើអំពើហិង្សាចំពោះមិត្តស្រីចំនួនពីរដងគឺលើកទីមួយគឺនៅចុងខែមិថុនា និងលើកទីពីរនៅខែកក្កដាឆ្នាំមុន។
តារាចម្រៀងវិវត្តន៍ខ្លួនជាតារាសម្ដែងរូបនេះ បានកសាងកេរ្តិ៍ឈ្មោះល្បីក្នុងពិភពសម្ដែងតាមរយៈភាពយន្តភាគកូរ៉េ “Boys Over Flower” ជារឿងដែលទិញកម្មសិទ្ធិពីប្រទេសជប៉ុន។ មួយវិញទៀត ក្នុងរឿងនេះដែរ Kim Hyun Joong ក៏បានចូលរួមបកស្រាយបទចម្រៀង “Because I’m Stupid” ចាក់បញ្ចូលក្នុងរឿងនេះហើយ ក៏ជាបទមួយល្បីល្បាញបំផុតដែរនាខណៈនោះ៕