សំឡេងគ្រាប់កាំភ្លើងតូច ធំបានលាន់កក្រើកនៅកណ្ដាលរាជធានីភ្នំពេញ ជាមួយនឹងផ្សែងខ្មួលខ្មាញ់ ដោយការឆេះស្ថានីយ៍ប្រេងឥន្ធនៈ ហាងលក់ទំនិញ និងឆេះខូចខាតរថពាសដែក…ទិដ្ឋភាពក្នុងរាជធានីភ្នំពេញដែលធ្លាប់តែអ៊ូអរ បែរក្លាយជាស្ងប់ស្ងាត់មនុស្សបណ្ដើរៗ ដោយការភៀសខ្លួនចាកចេញទៅតាមបណ្ដាខេត្ដសុវត្ថិភាពផ្សេងៗ ហើយជំនួសមកវិញដោយការចល័តកម្លាំងទ័ពប្លែកៗតែប៉ុណ្ណោះ…។ នេះគឺជាព្រឹត្ដិការណ៍សង្គ្រាមបង្ហូរឈាមមួយចម្អិនកំពឹសនៅកណ្ដាលរាជធានីភ្នំពេញកាលពី១៦ឆ្នាំមុន(ថ្ងៃទី០៥-០៦ខែកក្កដាឆ្នាំ១៩៩៧) ។

ក្រោយកិច្ចព្រមព្រៀងស្ដីពីដំណោះស្រាយនយោបាយរួមមួយនៃជម្លោះកម្ពុជាថ្ងៃទី២៣ខែតុលាឆ្នាំ១៩៩១ (ហៅកាត់ថាកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីសស្ដីពីកម្ពុជា) និងក្រោមការរៀបចំដោយអាជ្ញាធរបណ្ដោះអាសន្ន អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា(ហៅកាត់ថាអ៊ុកតាក់) ជាមួយនឹងទឹកប្រាក់ចំនួនជាង២.០០០លានដុល្លារអាមេរិក កម្ពុជាបានដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនីតិកាលទី១(១៩៩៣ -១៩៩៨)របស់ខ្លួននៅឆ្នាំ១៩៩៣ គឺលទ្ធផលគណបក្សហ្វ៊ុនស៊ិនប៉ិចរបស់សម្ដេចក្រុមព្រះនរោត្ដម រណឫទ្ធិ (កាលណោះនៅជាព្រះ អង្គម្ចាស់)ទទួលបានចំនួន៥៨អាសនៈ ឈ្នះលើគណបក្សប្រជាជនកម្ពុជា ជាគណបក្សនយោបាយកាន់ អំណាចអស់រយៈពេល១៤ឆ្នាំ ពីឆ្នាំ១៩៧៩មក ដែលទទួលបានចំនួន៥១អាសនៈនៅក្នុងអាសនៈរដ្ឋសភាសរុបចំនួន១២០ ខណៈដែលមិនមានការចូលរួមបោះឆ្នោតពីភាគីកម្ពុជាប្រជាធិបតេយ្យ(ខ្មែរក្រហម) ។
លទ្ធផលនៃការចាញ់ឆ្នោតដ៏ជូរចត់របស់គណបក្សប្រជាជនកម្ពុជា បានជំរុញឱ្យមានការយន្ដការបង្រួបបង្រួមផ្សះផ្សាជាតិ(ព្រោះក្រោយការចាញ់ឆ្នោតលេចចេញមានការបង្កើតតំបន់អបគមន៍) ហើយក៏បង្កើតជារាជរដ្ឋាភិបាលចម្រុះដែលមានសហនាយករដ្ឋមន្ដ្រី(នាយករដ្ឋមន្ដ្រីពីរ)ដ៏ចម្លែកនៅលើពិភពលោក(សម្ដេចក្រុមព្រះនរោត្ដម រណឫទ្ធិ ជានាយករដ្ឋមន្ដ្រីទី១ និងសម្ដេច ហ៊ុន សែន ជានាយករដ្ឋមន្ដ្រីទី២) ខណៈដែលព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ អង្គសម្ដេចឪគង់ជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រ កម្ពុជាទី២ ។
ដោយការអនុវត្ដកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីសស្ដីពីកម្ពុជាមិនបានពេញលេញ ទើបរដ្ឋសភានីតិកាលទី១បានអនុម័តបង្កើតច្បាប់ស្ដីពីការដាក់ក្រុម“កម្ពុជាប្រជាធិបតេយ្យ”ឱ្យនៅក្រៅច្បាប់នាដើមខែកក្កដាឆ្នាំ១៩៩៤ ដែលនៅពេលនោះអង្គព្រះមហាក្សត្រសម្ដេចព្រះនរោត្ដម សីហនុ មិនបានសព្វព្រះរាជហឫទ័យទៅលើច្បាប់នេះទេ ។
ថ្វីដ្បិតមានច្បាប់ស្ដីពីការដាក់ក្រុម“កម្ពុជាប្រជាធិបតេយ្យ”ឱ្យនៅក្រៅច្បាប់ក៏ដោយ ក៏ប្រមុខរាជរដ្ឋាភិបាលកម្ពុជាទាំងពីរបានប្រកួតប្រជែងគ្នាធ្វើការទាក់ទាញឱ្យកម្លាំងខ្មែរក្រហម(ក្រុមកម្ពុជាប្រជាធិបតេយ្យ)ធ្វើការចុះចូល ដោយសម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រីទី២ ទាក់ទាញតាមរយៈលោក អៀង សារី រហូតដល់មានការលើកលែងទោសឱ្យលោក អៀង សារី ទៀតផង ដើម្បីជន្លបំបែកកម្លាំងពួកឧទ្ទាមសេសសល់ រីឯសម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ នាយករដ្ឋមន្ដ្រីទី១ ខំប្រឹងទាក់ទាញក្រុមលោក ខៀវ សំផន, នួន ជា ដែលគេចាត់ទុកថាជាក្រុមខ្មែរក្រហមក្បាលរឹងចុងក្រោយ ។ បញ្ហាទាក់ទាញក្រុមខ្មែរក្រហមឱ្យចុះចូលនេះ ធ្វើឱ្យនាយករដ្ឋមន្ដ្រីទាំង២ប្រទាញប្រទង់គ្នាយ៉ាងខ្លាំងក្នុងកម្រិតចង់ឈ្នះចាញ់ ដើម្បីពង្រឹង“តុល្យភាពកម្លាំង”រៀងៗខ្លួន។
នៅថ្ងៃទី២៤ខែឧសភាឆ្នាំ១៩៩៧ អាវុធគ្រប់ធុនមានទម្ងន់ជិត៣តោន ត្រូវសមត្ថកិច្ចចាប់បាននៅខេត្ដព្រះសីហនុ ដោយសមត្ថកិច្ចអះអាងថា ជាអាវុធនាំចូលដោយសម្ដេចក្រុមព្រះនរោត្ដម រណឫទ្ធិ នាយករដ្ឋមន្ដ្រីទី១ តាមច្រកកំពង់ផែក្រុងព្រះសីហនុ ។
ទីបំផុតព្រឹត្ដិការណ៍ផ្ទុះអាវុធដែលជា“សង្គ្រាមបង្ហូរឈាមមួយចម្អិនកំពឹស”នៅកណ្ដាលរាជធានីភ្នំពេញជាបេះដូងនៃប្រទេស បានកើតមានឡើងនៅថ្ងៃទី០៥-០៦ខែ កក្កដាឆ្នាំ១៩៩៧ ខណៈដែលសម្ដេចក្រុមព្រះនរោត្ដម រណឫទ្ធិ នាយករដ្ឋមន្ដ្រីទី១ យាងទៅគង់នៅឯបរទេសរួចជាស្រេច ។ ក្នុងព្រឹត្ដិការណ៍និងក្រោយព្រឹត្ដិការណ៍សង្គ្រាមបង្ហូរឈាមនេះ មានឧត្ដមសេនីយ៍យោធានិង ប៉ូលិសដែលស្និទ្ធ និងគាំទ្រសម្ដេចក្រុមព្រះនរោត្ដម រណឫទ្ធិជាច្រើននាក់ ដូចជាលោកលី សេងហុង, លោកក្រួច យឿម, លោក ចៅ សម្បត្ដិ ហៅង៉ូវ និងលោក ហូ សុខ ជាដើម…។ល។ ត្រូវបានស្លាប់បាត់បង់ជីវិត រួមទាំងយោធាខ្មែរក្រហមម្នាក់ឈ្មោះ ភុន ភាព ដែលដើរតួជាអ្នកក្លាហានក្នុងសង្គ្រាមកណ្ដាលរាជធានីភ្នំពេញ និងជាអ្នកចេញមុខបកអាក្រាតផែនការរបស់សម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ ក្នុងការទាក់ទាញកម្លាំងខ្មែរក្រហមនោះ ក៏ត្រូវស្លាប់ដែរ។
ព្រឹត្ដិការណ៍ផ្ទុះអាវុធថ្ងៃទី០៥-០៦ខែកក្កដាឆ្នាំ១៩៩៧នៅកណ្ដាលរាជធានីភ្នំពេញ ត្រូវបានមជ្ឈដ្ឋានមួយចំនួនចោទប្រកាន់ថា ជាអំពើរដ្ឋប្រហាររបស់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រីទី២ ដើម្បីផ្ដួលរំលំសម្ដេចក្រុមព្រះនរោត្ដម រណឫទ្ធិ នាយករដ្ឋមន្ដ្រីទី១ ។ ការចោទប្រកាន់នេះ ធ្វើឱ្យសម្ដេច ហ៊ុន សែន បញ្ចេញប្រតិកម្មបដិសេធ ភ្លាមៗ និងក្ដៅគគុកចាប់តាំងពីលើកដំបូង ។
ក្រោយព្រឺត្ដិការណ៍ផ្ទុះអាវុធថ្ងៃទី០៥-០៦ខែកក្កដាឆ្នាំ១៩៩៧ នៅកណ្ដាលរាជធានីភ្នំពេញ ដែលនឹកស្មានមិនដល់ ធ្វើឱ្យអ្នកក្រុងភ្នំពេញភ័យលោះព្រលឹងចុងសក់នោះ បានធ្វើឱ្យសម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ លែងបានស្គាល់រសជាតិធ្វើជានាយករដ្ឋមន្ដ្រីតទៅទៀតទល់បច្ចុប្បន្ន និងលើសពីនេះ អង្គការចាត់តាំងនយោបាយ និងយោធារបស់ក្រុមខ្មែរក្រហមទាំងក្បាលរឹង ទាំងក្បាលទន់ក៏ត្រូវរំលាយឬបញ្ចប់ជាស្ថាពរដែរ ។
ឥឡូវ ប្រជាពលរដ្ឋកម្ពុជាកំពុងតែទទួលបានផលពីសន្ដិភាព និងស្ថិរភាពនយោបាយហើយៗសូម កុំឱ្យថ្នាក់ដឹកនាំប្រទេសលេងល្បែងនយោបាយនាំមកនូវសង្គ្រាមកើតមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា តទៅទៀត ៕
vai: cambodiapage