Showing posts with label វប្បធម៏. Show all posts
Showing posts with label វប្បធម៏. Show all posts

ជប៉ុន​ខ្លាំង​បច្ចេកវិទ្យា ចំណែក​សិស្ស​ជប៉ុន​ក៏ ខ្លាំង​លួច​បើក​ចាក់​ តាម​បែប​បច្ចេកវិទ្យា​ ផងដែរ​( Video)

​ជប៉ុន​ត្រូវបាន​គេ​ស្គាល់​ថា​ជា​ប្រទេស​មួយ ដែល​មាន​បច្ចេកវិទ្យា​លំដាប់ មិន​ចាញ់​បណ្តា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​រឹងមាំ​ប៉ុន្មាន​ឡើយ​។ បច្ចេកវិទ្យា​ប្រទេស​ជប៉ុន ត្រូវបាន​បណ្តា​ប្រទេស​ផ្សេងៗ ទទួលស្គាល់ថា ជា​ប្រទេស​មួយ​ដែល​ខ្លាំង​ខាង​បច្ចេកវិទ្យា និង​វាយលុក​លើ​ទីផ្សារ​អន្តរជាតិ ។ ដោយឡែក​វីដេអូ​បែប​កំប្លែង ដែល​ឆ្លុះ​បញ្ជាំង​ពី បច្ចេកវិទ្យា លាយឡំ និង​សំណើច មើលទៅ ពិតជា​កំប្លែង​មែនទែន​ហើយ ខណៈ​ដែល​សិស្ស​ក្នុង​ថ្នាក់ បាន​ប្រឡង ។ វីដេអូ​ឃ្លិប​នេះដែរ គេ​ឃើញ​សិស្ស​ទាំងនោះ បាន​ប្រើប្រាស់​បច្ចេកវិទ្យា​ដើម្បី​ជា​ជំនួយ​ក្នុង​ពេល​ប្រឡង សឹង​គ្រប់បែបយ៉ាង ពិតជា​សម​ប្រទេស​ដែល​មាន​បច្ចេកវិទ្យា​រីក​លូតលាស់​របស់​គេ​៕​

ទស្សនា​វីដេអូឃ្លិបដូចខាង​ក្រោមនេះ៖

ប្រវត្តិនំគ្រក់

សិក្សាអំពីអត្តសញ្ញាណនំគ្រក់៖

ហេតុអ្វីបានគេហៅថា នំគ្រក់?
នំគ្រក់ គឺ នំខ្មែរជំនាន់ដើម ដែលគេធ្វើអំពី បាយកកកិន លាយម្សៅអង្ករ ដាក់ខ្ទិះដូង ចាក់ក្នុងអំបែងដី ដែលមានរាងជារន្ធតូចៗ សម្រាប់ចាក់ ហើយយកដាក់ ផ្គួបផ្គុំគ្នា ដើម្បីអោយកើតជាប្រអប់ៗ សម្រាប់ឆាប់ឆី ដោយដៃ។


១- គេដាក់ឈ្មោះថា នំគ្រក់ នេះ ដើម្បីកុំអោយច្រឡំគ្នា ជាមួយនំអំបែងដទៃៗ ទៀត ដោយមូលហេតុ សាមញ្ញ ទីមួយ គឺ ពេលណា គេចាក់ម្សៅ ចូលក្នុងអំបែងក្តៅ ដែលមានលាប ខ្លាញ់រលោង នំនេះ បានអោយ សម្លេង សូរឈីវ ហើយក៏ពុះគ្រក់ៗ លុះនំបានកក ឆ្អិនបន្តិចហើយ តែនៅឆៅកណ្តាលបន្តិចៗ គេចាប់គាស់នំចេញពី រន្ធអំបែងមួយ ទៅផ្គួបផ្គុំ ជាមួយនំ នៅក្នុងរន្ធអំបែង មួយទៀត រួចគេក៏បង្វិល ប្រអប់នំ សាចុះសាឡើង អោយឆ្អិនសព្វ អោយក្រហមស្រួយ ផ្នែកសំបកក្រៅ តែទន់ឈ្ងុយឆ្ងាញ់ នៅសាច់ខាងក្នុង។

២- មតិចាស់ៗមួយចំនួនទៀត បានមានប្រសាសន៍ថា ពាក្យហៅនំគ្រក់នេះ គឺបានក្លាយមកពី គ្រាមភាសា ប្រើជាប្រជាប្រិយ ក្នុងភូមិស្រុក ជាប្រយោគពេញ ថា នំអំបែងគ្រក់ ដែលមានពាក្យ គ្រក់ ជាភាសាកម្លាយ មកពីពាក្យគ្រលាស់ ថា "គ្រក់ម៉ោប្លោក ក្រោកម៉ោភ្លក្ស" ព្រោះនំនេះគេច្រើនធ្វើ ពេលព្រឹកព្រហាម សល់បាយកកពីល្ងាច មិនដឹងធ្វើអីអោយឆ្ងាញ់ ក៏បង្កើតការបង់ក្លាយបាយកក មកជានំគ្រក់ចាក់អំបែង ដ៏ឆ្ងាញ់ពិសារនេះ ដើម្បីទាក់ទាញមនុស្ស អោយក្រោកពីដំណេក មកជួបជុំគ្នា ឆីលេងជុំគ្រួសារ និង ជុំញាតិ យ៉ាងសប្បាយអឺងកង។

៣- បន្ថែមពីលើនេះទៀត មានមតិចាស់ៗមួយចំនួនដទៃទៀត បានមានប្រសាសន៍ ជាពិសេសថា កាលជំនាន់ដើម ខ្មែរយើងមានជំនឿមួយ ដែលខ្មែរជឿតៗគ្នាថា ប្រទេសខ្មែរមានអារក្សមួយ ជាអ្នករក្សាគ្រប់គ្រងទឹកទន្លេ និង ដីវាលទំនាប ជុំវិញទន្លេសាប។ អារក្សនេះ មានឈ្មោះថា គ្រក់ មានមាឌធំ ក្បាលពោះកំពីង ស៊ីច្រើន ហើយចូលចិត្តដេកស្រមុក ឮសូរគ្រក់ៗ លាន់ខ្ទ័រទឹកទន្លេ។ ជាប្រក្រតី នៅពេលមាន បុណ្យទានម្តងៗ អ្នកស្រុកតែងយកចំណី អាហារទៅសែនព្រេន នៅរោងអារក្សទន្លេនេះ ដើម្បីសុំសុខ កុំអោយអារក្ស បង្កទឹកជំនន់ ខ្យល់ព្យុះ បោកបក់ លិចខ្ទមអ្នកស្រុកក្រីក្រ ដែលរស់នៅតំបន់ដីទំនាប ទាំងឡាយ។ នៅរដូវទឹកឡើង អ្នកស្រុកអ្នកភូមិ ដែលរស់នៅទន្លេ ភាគច្រើន ពុំសូវមានស្រូវអង្គរ គ្រប់គ្រាន់ នឹងបរិភោគឡើយ ព្រោះពួកគេរស់នៅ តំបន់ទឹកលិច មានការធ្វើដំណើរ ទៅណាមកណាពិបាក។ រីឯស្រូវជង្រុក ជួនកាលក៏ត្រូវទឹកជំនន់ បំផ្លាញអស់ ពុំសូវមានអ្វីបរិភោគគ្រប់គ្រាន់ឡើយ ក្រៅពីសាច់ត្រី។ លុះនៅពេលបុណ្យភ្ជុំម្តងៗ អ្នកស្រុកក្រីក្រខ្លះ ពុំមានអង្ករគ្រប់គ្រាន់ សម្រាប់វេចនំ យកទៅសែនព្រេន អារក្សរក្សាទន្លេ ដើម្បីធ្វើបុណ្យជូនដូនតា អោយបានដូចគេ ក៏បបួលនាំគ្នាបំភ្លៃ រចនា រសជាតិបាយកក ដោយកិនលាយម្សៅ ដាក់ខ្ទិះដូង ចាក់ផាត់ជានំអំបែង តម្រៀបក្នុងជាលរពាក់ ទ្រាប់ស្លឹកចេក រួចយកទៅសែនព្រេន ថ្វាយដូនតា និង វិញ្ញាណសក្តិសិទ្ធិ ដែលនៅរក្សាទន្លេ។ នៅសម័យបុរាណនោះ អ្នកស្រុកតែងតែ និយមហៅនំនេះថា នំអំបែងសែនអារក្សគ្រក់។ ចំណេរតៗ យូរលង់ក្រោយមក នំនេះ បានត្រូវគេហៅកាត់ថា នំគ្រក់ៗ យ៉ាងប្រជាប្រិយទៅវិញ។

អ្នកស្រី កែវ ច័ន្ទបូរណ៍

ជនជាតិ​ថៃ​ពុំ​បានទទួល​វប្បធម៌​សំស្ក្រឹត​ទេ​

​ទោះបីជា​វប្បធម៌​អារ្យធម៌​ថៃ បាន​ឈានដល់​កម្រិត​មួយ​គួរ​ជាទី​មោទនៈ​ក៏ដោយ ប៉ុន្តែ​នោះ​មិនមែនជា​លទ្ធផល​ដែល​កើតចេញពី​វប្បធម៌​សំស្ក្រឹត​ដោយផ្ទាល់​ទេ វា​គ្រាន់តែ​ដកស្រង់​ចេញពី​ខ្មែរ​ហើយ​បូកផ្សំ នឹង​ទេពកោសល្យ​របស់​ជនជាតិ​ថៃ​ប៉ុណ្ណោះ​។​
​    ​មូលហេតុ​ដែល​នាំ​ឲ្យ​ហ៊ាន​និយាយ​ដូច​ច្នេះ គឺសំអាង​ទៅលើ​កត្តា​ពីរ​ដែល​បានបញ្ជាក់​នៅក្នុង​ឯកសារ​ប្រជុំ​សិលាចារឹក​ ស្តីពី​ប្រទេស​សៀម​របស់លោក​ហ្ស​ក​សឺ​ដេ​ស ខ្សែ​ទី​១ ទំព័រ​ទី​៤៤ ដែល​បាន​បញ្ជាក់ថា វត្តមាន​របស់​ជនជាតិ​ថៃ នៅក្នុង​ប្រវត្តិសាស្ត្រ​ឥណ្ឌូចិន ជា​ព្រឹត្តិការណ៍​ថ្មីថ្មោង​បំផុត គឺ​នៅក្រោយ​ដំណើរការ​ឥណ្ឌូ​រូបនីយកម្ម​ដែល​បាន​ចាប់​ផ្តើម​នៅ​ស​.​វ​ទី​១​នៃ ​គ​.​ស ហើយ​ឥណ្ឌូ​រូបនីយកម្ម​នេះ បាន​កន្លងផុត​ទៅជិត​១៣​សតវត្សរ៍​មកហើយ​។​​
    ​កត្តា​ទី​២ កុលសម្ព័ន្ធ​ថៃ​ដែល​កំពុង​ស្ថាបនា​ព្រះរាជាណាចក្រ​របស់ខ្លួន​នៅលើ​អាណាខេត្ត ​នានា​របស់​ខ្មែរ ដូចជា​សុខោទ័យ អយុធ្យា លពបុរី ៘ ក៏ត្រូវ​ស្ថិតក្នុង​ស្ថានភាព​អ្វីៗ​ប្រឆាំងនឹង​ខ្មែរ​ដែរ​។ ដូចនេះ​នៅក្នុង​គោលបំណង​សំខាន់​នេះ អ្នកដឹកនាំ​ថៃ​បាន​ខ្ចី​ព្រះពុទ្ធសាសនា​ថេរវាទ​ពី​ខ្មែរ​ធ្វើជា​មូលដ្ឋាន​ អភិវឌ្ឍន៍​ប្រទេស​របស់គេ​។ ទន្ទឹមនឹងនេះ​ក្សត្រ​ថៃ​ក៏បាន​បញ្ជូន​ប្រតិភូ​របស់ខ្លួន​ទៅ​ចម្លង​គម្ពីរ​ ធម៌​ពី​ប្រទេស​ស្រីលង្កា​ផងដែរ​។​
សិលាចារឹក​របស់​ព្រះបាទ​រាម​កំហែង ស​.​វ​ទី​១៣ បណ្ណាល័យ​ជាតិ​បាងកក ដែល​គេ​ជឿថា ក្លែងក្លាយ​
​     ​យោងតាម​ឯកសារ​របស់លោក ហ្ស​ក​សឺ​ដេ​ស ជនជាតិ​បារាំង​ក៏បាន​ឆ្លុះបញ្ចាំង​ឲ្យ​គេ​ឃើញ​យ៉ាងច្បាស់​ថែមទៀត​តាមរយៈ​ សិលាចារឹក ដែល​ចារ​ឡើង​ដោយ​ព្រះបាទ​រាម​កំហែង​នៅ​សុខោទ័យ នា​ឆ្នាំ ១២៩២​នៃ​គ​.​ស ឬ​នៅ​សតវត្សរ៍​ទី​១៣​នៃ​គ​.​ស ដោយមាន​ខ្លឹមសារ​ដូចខាងក្រោម​នេះ ’​ឪពុក​ខ្ញុំ​ឈ្មោះ ស្រី​ឥន្ទ្រា​ទិ​ត្យ ម្តាយ​ខ្ញុំ​ឈ្មោះ នាង​សួង បងប្រុស​ខ្ញុំ​ឈ្មោះ បាង​មឿង​។​
​    ​“​យើងខ្ញុំ​ទាំងអស់​ជា​កូន មាន​ចំនួន​៥​នាក់ កើតចេញពី​ពោះ​តែម្តង គឺ​ប្រុស​បី ស្រី​២ កូន​ទី​១​ត្រូវជា​បង​បង្អស់​បាន​ស្លាប់​តាំងពី​តូច​។ នៅពេល​ខ្ញុំ​ធំ​ដឹងក្តី​ឡើង អាយុ​បាន​១៩​ឆ្នាំ ស្រាប់តែ​ឃុន​សាម​ឆន់​មេ​មឿង​ឆូ​កបាន​នាំ​ទ័ព​មក​វាយ​មឿង​តាក​។ ឪពុក​ខ្ញុំ​ក៏បាន​ចេញទៅ​ទប់ទល់​នឹង​គេ​ពី​ទិស​ខាងឆ្វេង​។ ដោយសារ​កងទ័ព​រប​ស់​ឃុន​សាម​ឆន់ ដែល​មកពី​ទិស​ខាងស្តាំ​មាន​ចំនួន​ដ៏​ច្រើន​លើសលប់ ទ័ព​របស់​ឪពុក​ខ្ញុំ ហើយ​ក៏បាន​ប្រយុទ្ធ​ជាមួយ​ឃុន​សាម​ឆន់​នៅលើ​ខ្នង​ដំរី​។ (​ខ្ញុំ​បាន​វាយលុក​ដំរី​របស់គាត់​ដែលមាន​ឈ្មោះថា មាស​មឿង ដោយបាន​ទទួលជោគជ័យ​លើឃុ​នសាម​ឆន់​)​។ ដូច្នេះ​ឪពុក​ខ្ញុំ​ក៏បាន​តាំង​ឈ្មោះ​ខ្ញុំ​ថា ព្រះរាម​កំហែង ពីព្រោះ​ខ្ញុំ​បាន​ច្បាំង​ឈ្នះ​ដំរី​របស់​របស់​ឃុន​សាម​ឆន់​។ នៅពេលដែល​ឪពុក​ខ្ញុំ​នៅរស់ ខ្ញុំ​បាន​បម្រើ​គាត់​និង​ម្តាយ​ខ្ញុំ​បាន​យ៉ាង​ល្អ​។ នៅពេល​ខ្ញុំ​ចាប់បាន​សត្វព្រៃ ឬ​ត្រី​ខ្ញុំ​តែងតែ​យកទៅ​ជូន​ឪពុក​ខ្ញុំ ទោះ​ផ្លែឈើ​ជូរ​ក្តី ផ្អែម​ក្តី​ក៏​ខ្ញុំ​យកទៅ​ជូន​គាត់​ជានិច្ច​។ ហើយ​នៅពេលដែល​ខ្ញុំ​ទៅ​វាយ​ភូមិ​ស្រុក ឬ​ទីក្រុង​ណាមួយ ខ្ញុំ​រមែងតែ​ប្រមូល​ដំរី​, ប្រុស​, ស្រី ប្រាក់ មាស ដើម្បី​យក​ជូន​ឪពុក​ខ្ញុំ​ទាំងអស់​។ ក្រោយពេល​ឪពុក​ខ្ញុំ​ស្លាប់ ខ្ញុំ​នៅសល់តែ​បងប្រុស តែ​ខ្ញុំ​នៅតែ​បម្រើ​គាត់​ដូច​បាន​បម្រើ​ឪពុក​ខ្ញុំ​ដែរ​។ នៅពេល​បងប្រុស​ខ្ញុំ​ស្លាប់​ទៀត ព្រះរាជ​នគរ​ទាំងមូល​ក៏បាន​ធ្លាក់​មកលើ​ខ្ញុំ​ទាំងអស់​។​
​    ​តាមរយៈ​ខ្លឹមសារ​នៃ​សិលាចារឹក​នេះ ថ្វីត្បិតតែ​ពុំបាន​សរសេរ​ដោយ​ពាក្យកាព្យ​ឃ្លោង​តាម​ក្រឹត្យក្រម​នៃ​កាព្យ​ សំស្ក្រឹត​ក៏ដោយ ក៏​អាច​ឲ្យ​គេ​ដឹងថា កតញ្ញូ​ធម៌​និ​ងស្វាមីភក្តិ​របស់​ព្រះមហាក្សត្រ​ថៃ ព្រះរាម​កំហែង​ចំពោះ​បិតា​មាតា មាន​កម្រិត​ខ្ពស់បំផុត​។ ក៏ប៉ុន្តែ​បើ​យើង​ធ្វើការ​ប្រៀបធៀប​អត្ថបទ​នេះ​ជាមួយ​ខ្លឹមសារ​អត្ថបទ​របស់​ ព្រះបាទ​សុរិយា​វរ្ម័នទី​១ ក៏​អាច​ឲ្យ​យើង​ឃើញ​នូវ​ភាពស្រដៀងគ្នា ស្តីពី​ភក្តីភាព​គ្មាន​ព្រំដែន​របស់​នាម៉ឺន​សព្វ​មុខមន្ត្រី​ខ្មែរ ចំពោះ​ជាតិ​និង​ព្រះមហាក្សត្រ​ជំនាន់​នោះ​។​
​    ​គួរ​បញ្ជាក់ថា ពាក្យ​កំហែង​គឺជា​ពាក្យ​ខ្មែរ​បុរាណ​សំដៅ​មេទ័ព​ហនុមាន នៅក្នុង​រឿង​រាមកេរ្តិ៍​ដែល​អង់អាច​ក្លាហាន​កប់​កំពូល​។ តាម​ការពិនិត្យ​នឹង​ស្រាវជ្រាវ​ស្តីពី​តួអក្សរ​របស់​ព្រះបាទ​រាម​កំហែង ដែល​ចារ​ឡើង​ដោយ​ផ្ទាល់ដៃ​នេះ បាន​វិភាគ​ថា អក្សរ​ថៃ​នេះ​ត្រូវបាន​បង្កើតឡើង​តាម​អក្សរ​ខ្មែរ មិន​ខុសគ្នា​ពី​តួអក្សរ​ខ្មែរ ដែល​កាលពី​សម័យ​នោះ​ចម្លង​តាម​ប្រទេស​ឥណ្ឌា ប៉ុន្តែ​តួអក្សរ​ថៃ​ដែល​យកតាម​តួអក្សរ​ខ្មែរ ក្នុងសម័យ​ប្រវត្តិសាស្ត្រ​ដំបូង​របស់ខ្លួន​នោះ គឺ​មិនមាន​សក់ និង​ជើង​ត្រួត​លើ​គ្នា ដូច​តួអក្សរ​ខ្មែរ​ឡើយ ទាំងនេះ​គឺ​ដោយសារ​ទេពកោសល្យ​របស់​ជនជាតិ​ថៃ​។ កត្តា​ដែល​នាំ​ឲ្យ​ថៃ​បង្កើត​អ្វី​ឲ្យ​ខុសពី​ខ្មែរ ដោយសារតែ​គេ​មានគំនិត​ប្រឆាំងនឹង​អ្វី​ដែលជា​កម្មសិទ្ធិ​របស់​ខ្មែរ​។​
​     ​ម្យ៉ាងវិញទៀត អាច​និយាយបានថា ជាការ​ធម្មតា​ទេ អ្នកកាន់អំណាច​ថៃ គេ​ចង់​រំដោះខ្លួន​ចេញពី​ខឿនវប្បធម៌​ម្ចាស់​ស្រុក​។ ដូច្នោះ​ហើយ​បានជា​ក្នុង​វិស័យ​ស្ថាបត្យកម្ម​សិល្បៈ គេ​សង្កេតឃើញ​ដែរ​នូវ​លក្ខណៈ​ខុសស្រឡះ​ពីគ្នា រវាង​ព្រះភ័ក្ត្រ​នៃ​ព្រះ​ពុទ្ធបដិមា​ថៃ និង​ខ្មែរ​។ នេះ​គឺជា​ចំណុច​ចាប់ផ្តើម​នៅ​ខេត្ត​សុខោទ័យ អតីត​ខេត្ត​ខ្មែរ​នា​សម័យអង្គរ​៕F
 (​ម​.​ត្រា​ណេ​)

បុណ្យ«ដាលាន»៖ ប្រពៃណី​ដើម្បី​អបអរ​«ភោគផល» នៅ​ជនបទ​ខ្មែរ

ជាប្រពៃណីមួយ ដែលត្រូវបានបណ្ដាជនអ្នកស្រុកស្រែចំការ តែងតែរៀបចំធ្វើជារៀងរាល់ឆ្នាំ ក្នុងអំឡុងខែមករា កុម្ភៈ ឬ​ខែមិនា ទៅតាមភូមិនីមួយៗ ដើម្បីរំឭក​គុណដល់ទឹក ដី និងអាកាសធាតុ សម្រាប់ការបង្កបង្កើនស្រូវ។ នេះជាការអះអាង របស់មេភូមិមួយរូប ក្នុងខេត្តកំពង់ស្ពឺ ខណៈសមាជិកអ្នកភូមិរបស់លោក កំពុងប្រារព្ធបុណ្យប្រចាំឆ្នាំមួយ មានឈ្មោះថា​«បុណ្យដាលាន»។ អ្នក​សារព័ត៌មានរបស់មនោរម្យព័ងអាំងហ្វូ បានចុះទៅដល់ទីនោះ ដើម្បីធ្វើបទយកការណ៍នេះ មក​ជូន​លោកអ្នក។

ពំនូកចំបើងត្រូវបានគរទុក នៅក្រោយពេលបោកបែនរួច។
«ភូមិទួលធ្នង់» ជាភូមិមួយក៏ដូចជាភូមិដទៃទៀត តែងតែប្រារពពិធី«បុណ្យដាលាន»ជារៀងរាល់ឆ្នាំមិនដែលអាក់ខាន ក្រោយពីអ្នកភូមិ បានប្រមូលផលស្រូវរួចរាល់។ ភូមិនេះស្ថិតនៅក្នុងឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលមាន​ចម្ងាយជាងសាមសិបគីឡូម៉ែត្រ ពីទីក្រុងភ្នំពេញ។ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខបី រហូតដល់ផ្សារព្រៃទទឹង ទើប​បត់ស្តាំតាមផ្លូវលំចាក់កៅស៊ូមួយខ្សែរ ប្រមាណជាប្រាំមួយគីឡូម៉ែត ដោយឆ្លងកាត់ភូមិចំនូនប្រាំមួយភូមិទៀត គេនឹង​ទៅ​ដល់ភូមិនេះ (ភូមិទួលធ្នង់) ដែលជាភូមិទីប្រាំពីរ ស្តិតនៅខាងស្តាំដៃរ។
ក្នុងអំឡុងជុំវិញថ្ងៃទី០៩-១០ខែមីនា ក្រៅពីភូមិនេះ ក៏នៅមានភូមិផ្សេងៗទៀតដែរ ដែលបានប្រារពពីធី«បុណ្យដាលាន»​ដូចគ្នា។ ប្រជាពលរដ្ឋក្នុងភូមិទាំងមូល បានស្រុះស្រួលគ្នា រៀបចំពិធី«បុណ្យដាលាន» ដើម្បីបង្កើតនូវភាព​សប្បាយ​រីករាយ ការជួបជុំ ជាពិសេស ការបង្ហាញនូវ«ផលស្រូវ»​ ដែលពួកគាត់ទទួលបានក្នុងឆ្នាំនេះ។
លោកពូ កេត សំអុល មេភូមិទូលធ្នង់ បានប្រាប់ថា ពិធី«បុណ្យដាលាន» នេះធ្វើឡើងតាមប្រពៃណីជារៀងរាល់ឆ្នាំ ក្នុង​អំឡុងខែមករា កុម្ភៈ ឬខែមិនា ទៅតាមភូមិនីមួយៗ ដើម្បីរំឭកគុណដល់ទឹក ដី និងអាកាសធាតុ ដែលជាកត្តាសំខាន់​ដល់​ការបង្កបង្កើនស្រូវ។ លោកមេភូមិបន្តថា ពីធីបុណ្យនេះក៏មាននិមន្តព្រះសង្ឃសូត្រមន្តដើម្បី សុំសិរីសួស្ដីជូនដល់​ពលរដ្ឋ ក៏ដូចជាសុំឲ្យការបង្កបង្កើនស្រូវ ឲ្យបានផលច្រើនរាល់ឆ្នាំ និងក៏មានរាប់បាត្រឆ្លងដែរ។ បើតាមលោកមេភូមិ ពិធីបុណ្យ​ដាលាន នឹងអាចធ្វើការទាក់ទាញ ចំណាប់អារម្មណ៍របស់ភ្ងៀវទេសចរណ៍អន្តរជាតិ ដើម្បីចូលរួម ជាកាសិក្សាស្វែងយល់ និងជាការកំសាន្តជាមិនខានឡើយ។
ប្រពៃណីនៅក្នុងដួងព្រលឹងនៃប្រជាជនខ្មែរ បើទោះមានទំនើបកម្មខ្លះៗ
ចាស់ព្រឹទ្ធាចារ្យម្នាក់រស់នៅក្នុងភូមិនោះ លោកតា មាជ អាង ចំណាស់៧១ឆ្នាំ បានលើកឡើងថា បុណ្យដាលាន ក្នុងភូមិ​នាសម័យបច្ចុប្បន្ន ខុសប្លែកបន្តិចត្រង់«ការកំសាន្ត»។ ពីមុនគេលេងល្ខោន ឬចាប៉ីឆ្លងឆ្លើយ ទៅតាមចំណង់​ចំណូល​ចិត្ត និងសទ្ធារបស់អ្នកភូមិ។ ឯបច្ចុប្បន្ននេះ គេចូលចិត្ត«ជួលធុងបាស់» ឬ«វង់ភ្លេងសម័យ» ដើម្បីរាំកម្សាន្តជាជំនួសវិញ។ លោកបន្តថា ចំពោះការរៀបចំបុណ្យនេះ ធ្វើឡើងជាលក្ខណៈគ្រួសារនីមួយៗ ដោយមានការធ្វើនំបញ្ចុកសម្លគ្រឿងខ្មែរ ឬសម្លការី និងម្ហូបជាច្រើនទៀត ទៅតាមចំណងចំណូលចិត្តរបស់ពួកគេ និងប្រមូលផ្តុំនូវទៃទានទាំងឡាយនោះ នៅ​ក្នុង​«សាលាបុណ្យ»មួយនាកណ្តាលភូមិ ដើម្បីវេប្រគេនព្រះសង្ឃ។ ជាមួយគ្នានោះដែរ ក៏សម្រាប់ទទួលសាច់ញាតិបងប្អូន និងមិត្តភ័ក្រ ដែលបានចូលរួមក្នុងភូមិ និងមកពីទីជិត ទីឆ្ងាយជាដើម។
លោកយាយអាយុ ៧០ឆ្នាំម្នាក់ឈ្មោះ យឺន  ដែលកំពុងតែធ្វើដំណើរយ៉ាងប្រញ៉ាប់ប្រញ៉ាល ទៅសាលាបុណ្យក្នុងភូមិ ដោយមានទូលនំបញ្វុក និងយូរសម្លរប្រហើរនៅដៃផងនោះ បានឆ្លើយទៅនឹងការសាកសួររបស់ទស្សនាវដ្តីថា ក្រោយ​ពីប្រមូលផលស្រូវដាក់ក្នុងជង្រុករួចរាល់ អ្នកភូមិ ចាប់ផ្តើមគិតគូរធ្វើបុណ្យដាលាននេះហើយ។ រីឯបងស្រី យឹម សាន ដែលកំពុងតែរួមដំណើរជាមួយគ្នានោះ ក៏ជ្រលក់សម្ដីជាមួយដែរថា ពីធីនេះគេធ្វើជារៀងរាល់ឆ្នាំ ហើយការធ្វើពីធីនេះ ទីមួយដើម្បីកំសាន្តសប្បាយ ក្រោយពីការនឿយហត់ ទីពីបង្ហាញគ្នាទៅវិញទៅមក ពីផលស្រូវដែលទទួលបាន ទីបី​ការ​ជួបជុំបងប្អូនជិតឆ្ងាយដែលបានមកចូលរួម។ បងស្រីបន្ថែមថា ពិធីនេះចាប់ផ្តើមពីម៉ោងមួយរសៀលថ្ងៃទីមួយ ដោយ​មានសូត្រមន្ត និងសម្តែងធម៌ទេសនា ពេលយប់រាំកម្សាន្ត។ ពេលព្រឹកថ្ងៃទីពីររាប់បាត ដាឆ្លង និងថ្ងៃត្រង់អ្នកភូមិ​យក​ផលស្រូវតាមសទ្ធា ទៅចាក់ជា «ធា» នៅសាលាបុណ្យ ហើយស្រូវនោះត្រូវប្រមូល ទៅដាក់នៅតាមវត្តដែលខ្វះខាត។

ម្ហូបចំណីត្រៀមបំរុង របស់ក្រុមអ្នកភូមិ សម្រាប់ពិធីបុណ្យ។ MONOROOM.info photo/ O. Vary។
យុវជនពីរនាក់ឈ្មោះ គាន់ និងរត្ន័ មានខ្សែស្រឡាយចិន បាននិយាយស្រដៀងគ្នាថា ឲ្យតែដល់ពេលបុណ្យទានម្តងៗ ក្រៅពីចូលឆ្នាំ មានតែបុណ្យដាលាននេះទេ ដែលធ្វើឲ្យប្អូនមានសប្យាយ រីករាយ និងបានជួបជុំបងប្អូន មិត្តភក្រ័។ ឯ​យុវជន ហៀង ធ្វើការនៅភ្នំពេញ មកពីខេត្តព្រៃវែងបាននិយាយថា «ខ្ញុំសប្បាយ មានអ្នកចូលរួមច្រើន ចង់មករាំលេង និងស្គាល់ពីភូមិគេផង»។ ចំណែកកញ្ញា កាន និង លក្ខ័ណ ទាំងពីរនាក់មកពីខេត្តបាត់ដំបង ធ្វើការនៅរោងចក្រមួយ​ជាយក្រុងភ្នំពេញ ហើយបានស្នាក់នៅក្នុងភូមិនេះ។ ប្អូនស្រីនិយាយថា បានចូលរួមក្នុងពិធីនេះសប្បាយ ហើយប្លែក ព្រោះនៅឯខេត្តរបស់ប្អូន មិនដែលឃើញគេរៀបចំពិធីនេះទេ មកទល់នឹងប្អូនអាយុជាងម្ភៃឆ្មាំទៅហើយនោះ។
ទាន«ប្រាំបួនដង»របស់ ចុល្លកាឡ ក្នុងរដូវធ្វើស្រែ
ព្រះតេជគុណ អ៊ិន គឹមសុង និមន្តមកពីវត្តទួលត្រាច ស្ថិតនៅក្នុងភូមិជាប់គ្នានេះ បានមានសង្ឃដីកាប្រហែលគ្នា នឹងក្រុម​អ្នកភូមិដែរ។ ព្រះអង្គបន្ថែមថា ពីធីនេះមានកំណើត តាំងពីសម័យពុទ្ធកាលមួយព្រះអង្គ ព្រះនាម«វិបស្សី»មកម្លេះ។
ដំណើររឿងនៃពិធីបុណ្យ«ដាលាន»នេះ លោកតា ស៊ូ ចែម ជាគណៈកម្មការវត្តទួលត្រាច បានលំអិតដំណាល តាមប្រជុំ​រឿងព្រេងជាតកថា កាលពីព្រេងនាយ មានបងប្អូនពីរនាក់ជាកសិករ បងឈ្មោះមហាកាឡ និងប្អូនឈ្មោះ ចុល្លកាឡ។ ថ្ងៃមួយប្អូន បានបេះស្រូវសាលីកំពុងតែចេញផ្លែ មកទំពារហើយមានរសជាតិឆ្ងាញ់ ក៏កើតមានសទ្ធាក្នុងព្រះពុទ្ធសាសនា បានបបួលបងធ្វើទានចំពោះព្រះសង្ឃ ដែលមានព្រះពុទ្ធជាប្រធាន។
លោកតាបន្តថា ទោះបីជាមានការអង្វរករពីប្អូនយ៉ាងណាក៏ដោយ បងនៅតែមិនព្រមព្រោះស្រូវ«ជិតចេញផ្លែ»ទៅហើយ។ ចុងក្រោយបងក៏បង្ខំចិត្តចែកស្រែនោះជាពីចំណែក ឯចំណែកប្អូនយកទៅធ្វើអីក៏ធ្វើទៅ។ ប្អូនសប្បាយចិត្តណាស់​ ដោយ​និយាយថា ស្រួលហើយខ្ញុំនឹងបានធ្វើទាន កុំឲ្យ«ស្រូវចេញផ្លែទាន់»។
ប្អូនបានបបួលមិត្តភក្រ័ជាច្រើន ទៅ«ហែកបង្ហើបស្រូវ» យកមកកិនចម្អិន លាយទឹកដោះស្រស់ ផ្សំជាមួយទឹកឃ្មុំ ស្ករ​ក្រាម យកទៅថ្វាយភិក្ខុសង្ឃ ដែលមានព្រះពុទ្ធជាប្រធាន ហើយប្រាថ្នាថា «ខ្ញុំសូមឲ្យបានត្រាស់ដឹង នូវធម៌ប្រសើរមុនគេ ក្នុង​អនាគតកុំខាន» ព្រោះជាទានប្រសើរ ដែលកើតពីស្រូវដំបូងបំផុត។ ក្រោយពីក្រាបបង្គំលា ប្អូនបានត្រឡប់​ទៅមើល​ស្រូវ​វិញ ក៏ឃើញចេញផ្លែរដូចគេចងកណ្តឹង ហើយបានសម្រេចចិត្តធ្វើទានក្នុងរដូវធ្វើស្រែ ឲ្យបានប្រាំបួនដង​ក្នុងមួយ​រដូវ។
ដល់ពេលស្រូវល្មមធ្វើអំបុក ប្អូនធ្វើទានជាលើកទីពីរ ពេលច្រូតធ្វើទានជាលើកទីបី ពេលហាលដៃធ្វើទានជាលើកទីបួន ពេលចងកណ្តាប់ធ្វើទានជាលើកទីប្រាំ ជញ្ជូនកណ្តាប់ដាល់លាន ធ្វើទានជាលើកទីប្រាំមួយ ពេលបោកបែន ធ្វើទាន​ជា​លើកទីប្រាំពីរ រោយស្រូវចាក់ធាធ្វើទានជាលើកទីប្រាំបី និងដឹកស្រូវចាក់ជង្រុកធ្វើទានជាលើកទីប្រាំបួន។ ចុល្លកាឡ បានធ្វើភត្តទានប្រាំបួនដង ហើយស្រូវឥតមានខូចឡើយ។
លោកតាបានបញ្ជាក់ថាមកដល់បច្ចុប្បន្ននេះ នៅសល់តែពីរទេដែលគេតែងតែប្រារព្វ មួយពិធី«បុណ្យអកអំបុក»​ជាពិធិ​ទីពីរ និងពីធី«បុណ្យដាលាន» ជាពីធីទីប្រាំបួននេះឯងរបស់ ចុល្លកាឡ ក្នុងចំណោមប្រាំបួនពិធី៕