ជោគជ័យ នឹងមិនរត់ទៅរកសហគ្រិនណាដែលចូលចិត្តធ្វើសកម្មភាពអវិជ្ជមានទាំង ១០ នេះឡើយ!
ទោះបីជាលោកអ្នកកំពុងនិយាយពីការប្រកួតបាល់ទាត់ ការបោះឆ្នោត ឬ លើដងវិថីអាជីវកម្ម លទ្ធផលនឹងបង្ហាញលោកអ្នកយ៉ាងច្បាស់ថា អ្នកណាជាអ្នកឈ្នះ? អ្នកណាជាអ្នកចាញ់? ចុះបើលោកអ្នកជាសហគ្រិននោះ តើគិតថា ការធ្វើអាជីវកម្មគឺជារឿងព្រេងសំណាង ឬ ក៏ជាគោលដៅដែលលោកអ្នកបានគ្រោងទុក? ទោះបីជាយ៉ាងណាក៏ដោយ ចម្លើយគឺលោកអ្នកជាសហគ្រិនបរាជ័យបើរកឃើញថា មានចំណុចអវិជ្ជមានទាំង ១០ ខាងក្រោមនេះ។
១) ច្រណែនអ្នកដទៃការសម្លឹងមើលអ្នកណាម្នាក់ដែលជោគជ័យនៅជុំវិញខ្លួនអ្នក នឹងជួយជំរុញអ្នកឲ្យជោគជ័យបាន ទោះបីជាបុគ្គលនោះជាគូប្រជែងរបស់អ្នកក៏ដោយ។ អ្នកត្រូវស្វែងយល់ថា រាប់បុគ្គលគ្រប់រូបមានលទ្ធភាពអាចបង្កើតភាពជោគជ័យផ្ទាល់ខ្លួនបាន ពោលគឺអ្នកក៏អាចជោគជ័យ អ្នកផ្សេងក៏អាចជោគជ័យ។ ហេតុដូច្នេះបើអ្នកគិតតែច្រណែនភាពជោគជ័យរបស់បុគ្គលនោះ អ្នកក៏គ្មានថ្ងៃស្វែងរកភាពជោគជ័យឲ្យខ្លួនឯងបានដែរ។ ចំណុចនេះហើយដែលសហគ្រិនទូទៅត្រូវកំណត់ខ្លួនឯងឲ្យបានច្បាស់ពីចំណុចនេះ។
២) សម្លឹងថយក្រោយអ្នកបានចំណាយពេលជាច្រើនដើម្បីប្រឈមមុខនឹងបញ្ហានានា ឆ្លងកាត់ការសម្រេចចិត្តដ៏លំបាក ហើយថែមទាំងបរាជ័យច្រើនលើកច្រើនសារទៀតផង។ ហេតុដូច្នេះ សូមកុំឲ្យបញ្ហាដ៏តូចមួយមករារាំងដំណើររបស់អ្នក។ អ្នកត្រូវស្វែងរកគន្លឹះនានាឲ្យបានច្រើនបំផុតតាមលទ្ធភាពដែលអាចធ្វើបាន ដើម្បីប្រយុទ្ធទប់ទល់នឹងបញ្ហាទាំងនោះ និងបន្តធ្វើជានិច្ច កុំបោះបង់ ឬក្រឡេកមើលក្រោយឲ្យសោះ។
៣) ដោះសា ឬ យកលេសឲ្យខ្លួនឯងការសម្រេចចិត្តរបស់អ្នកអាចផ្តល់លទ្ធផលមួយមិនត្រឹមត្រូវ។ យ៉ាងណាមិញ ប្រសិនបើការសម្រេចចិត្តនោះមិនដំណើរការទេ អ្នកត្រូវរៀបចំគម្រោងមួយឡើងវិញ មិនត្រូវយកលេសឲ្យខ្លួនឯងជាដាច់ខាត។ ដំណោះស្រាយដ៏ល្អនោះ គឺថាតើអ្វីទៅជាឫសគល់នៃបញ្ហា? តើមានវិធីសាស្ត្របែបណាដើម្បីដោះស្រាយបញ្ហាទាំងនោះ? ទោះបីជាបែបនេះក្តី បញ្ហាសុទ្ធតែផ្តល់មេរៀនឲ្យអ្នក ហើយបើអ្នកអាចកំណត់វាបានហើយនោះ វានឹងមិនកើតមកលើអ្នកទៀតនោះឡើយ។ ផ្ទុយទៅវិញ បើអ្នកយកលេសឲ្យខ្លួនឯងរហូត នោះបញ្ហានឹងកើតមានដដែល។
៤) បោះបង់ការរៀនសូត្រជាទូទៅ សហគ្រិនគឺជាមនុស្សម្នាក់ដែលមានការស្វះស្វែងសិក្សារៀនសូត្រជាទីបំផុត ត្បិតអីការចង់ចេះចង់ដឹង និង ការស្រាវជ្រាវរៀនសូត្រពីអ្នកដទៃ នឹងធ្វើឲ្យខ្លួនមានចំណេះដឹងកាន់តែទូលំទូលាយឡើង។ វាជាហេតុផលមួយដែលថា គ្មានអ្នកណាម្នាក់នៅលើលោកយើងនេះអាចដឹងគ្រប់រឿងបាននោះឡើយ។ ម្ល៉ោះហើយ អ្នកត្រូវប្រឹងប្រែងសិក្សារៀនសូត្របន្ថែម ទោះបីអ្នកស្ថិតនៅក្នុងស្ថានភាពបែបណាក៏ដោយ។ បើមិនដូច្នេះទេ អ្នកនៅតែស្ថិតក្នុងចំណោមសហគ្រិនដែលមិនងាយចាកផុតពីភាពបរាជ័យ។
៥) មានទំនាក់ទំនងជាមួយមនុស្សមិនល្អ ឬបុគ្គលបរាជ័យអ្នកត្រូវការភាពជោគជ័យ ប៉ុន្តែការរស់នៅឡូកឡំ ក្នុងមជ្ឈដ្ឋានបុគ្គលបរាជ័យ ឬ បុគ្គលដែលមានទស្សនៈអវិជ្ជមានច្រើន ក៏ជាផ្នែកមួយផ្តល់មេរៀនមិនល្អដល់អ្នកផងដែរ។ មិនចំពោះថាបានធ្វើអ្វី ឬ ស្ថានភាពបែបណានោះទេ បុគ្គលទាំងនេះអាចនឹងទាញអ្នកឲ្យធ្លាក់ក្នុងជ្រោះបរាជ័យជាមិនខាន។ ដំណោះស្រាយដ៏ល្អ គឺអ្នកគួរផ្សារភ្ជាប់ទំនាក់ទំនងជាមួយមនុស្សល្អៗ ដែលសំបូរបទពិសោធន៍ និងចំណេះដឹង ទើបអាចផ្តល់គតិល្អៗសម្រាប់អ្នកយកទៅសិក្សារៀនសូត្រ។
៦) ក្រោកពីគេងដោយគ្មានគម្រោងអ្វីសោះ
ការគ្រប់គ្រងពេលវេលា គឺជាកត្តាសំខាន់ណាស់សម្រាប់សហគ្រិនគ្រប់រូប និងជាអ្វីដែលសហគ្រិនទាំងអស់ត្រូវគ្រប់គ្រងឲ្យមានប្រសិទ្ធភាពបំផុត។ ផ្ទុយទៅវិញ បើអ្នកសម្លឹងឃើញខ្លួនឯងនៅមានចំណុចខ្វះខាតលើចំណុចនេះ អ្នកគូរចាប់ផ្តើមរៀបចំផែនការណ៍ការងារឲ្យបានត្រឹមត្រូវជាមុនសិន ដើម្បីប្រើពេលវេលា ២៤ ម៉ោងរបស់អ្នកឲ្យមានន័យបំផុត។ សូមចាប់ផ្តើមការងាររបស់អ្នកនៅពេលព្រឹកព្រលឹមជាមួយផែនការណ៍ដែលអ្នកបានរៀបចំរួចជាស្រេចតាំងពីក្បាលល្ងាច ព្រោះការអនុវត្តរបៀបនេះនឹងមិនធ្វើឲ្យអ្នកដើរខុសគោលដៅនូវអ្វីដែលអ្នកបានរៀបចំឡើង។
ការគ្រប់គ្រងពេលវេលា គឺជាកត្តាសំខាន់ណាស់សម្រាប់សហគ្រិនគ្រប់រូប និងជាអ្វីដែលសហគ្រិនទាំងអស់ត្រូវគ្រប់គ្រងឲ្យមានប្រសិទ្ធភាពបំផុត។ ផ្ទុយទៅវិញ បើអ្នកសម្លឹងឃើញខ្លួនឯងនៅមានចំណុចខ្វះខាតលើចំណុចនេះ អ្នកគូរចាប់ផ្តើមរៀបចំផែនការណ៍ការងារឲ្យបានត្រឹមត្រូវជាមុនសិន ដើម្បីប្រើពេលវេលា ២៤ ម៉ោងរបស់អ្នកឲ្យមានន័យបំផុត។ សូមចាប់ផ្តើមការងាររបស់អ្នកនៅពេលព្រឹកព្រលឹមជាមួយផែនការណ៍ដែលអ្នកបានរៀបចំរួចជាស្រេចតាំងពីក្បាលល្ងាច ព្រោះការអនុវត្តរបៀបនេះនឹងមិនធ្វើឲ្យអ្នកដើរខុសគោលដៅនូវអ្វីដែលអ្នកបានរៀបចំឡើង។
៧) ភ័យខ្លាច មិនទទួលយកការផ្លាស់ប្ដូរការផ្លាស់ប្ដូរគឺជាអ្វីដែលបុគ្គលជោគជ័យចូលចិត្តធ្វើបំផុត ត្បិតអីបរិបទសាកលលោកមានការប្រែប្រួលជាលំដាប់ទៅតាមពីដំណាក់កាលមួយទៅដំណាក់មួយទៀត។ យ៉ាងណាមិញ បើអ្នកជាសហគ្រិនមួយរូប ហើយបដិសេធន៍មិនទទួលយក ឬភ័យខ្លាចការផ្លាស់ប្ដូរនានាដែលអាចនឹងកើតមាននាពេលខាងមុខ កុំថាឡើយដឹកនាំអាជីវកម្ម សូម្បីតែដឹកនាំខ្លួនឯងក៏មិនអាចទៅរួចដែរ។
៨) ខ្វះការអនុវត្តបុគ្គលមួយចំនួនមានទស្សនៈល្អសម្រាប់ផ្តល់ដំបូន្មានដល់អ្នកដទៃ តែការអនុវត្តសម្រាប់ខ្លួនឯងវិញហាក់មិនសូវមានប្រសិទ្ធភាពសោះ។ នេះហើយជាអ្វីដែលសហគ្រិនជោគជ័យត្រូវជៀសវាង ព្រោះថានៅក្នុងកិច្ចការអាជីវកម្ម អ្វីៗត្រូវអនុវត្តឲ្យបានច្រើនតាមគម្រោងដែលបានដាក់ចេញ មិនមែនបង្កើតឡើងហើយទុកចោលនោះទេ។ គ្មានភាពជោគជ័យណាមួយអាចសម្រេចបានដោយគ្រាន់តែនិយាយនោះទេ ហើយទ្រឹស្ដីដែលល្អ គឺជាទ្រឹស្ដីដែលត្រូវបានគេយកទៅអនុវត្តនេះឯង។
៩) ផ្ដោតទៅលើប្រាក់ចំណេញនេះជាសញ្ញាណដ៏គ្រោះថ្នាក់មួយទៀតនៅក្នុងការធ្វើអាជីវកម្ម ត្បិតអីអាជីវកម្មមួយអាចដើរយ៉ាងរលូនបាន ត្រូវសង្កេតមើលគ្រប់ផ្នែកទាំងអស់ មានដូចជា៖ គុណភាពផលិតផល – សេវាកម្មល្អ – តម្លៃ – មធ្យោបាយចែកចាយ ឬយុទ្ធសាស្ត្រទីផ្សារជាដើម។ យ៉ាងណាមិញ បើអ្នកគិតតែប្រាក់ចំណេញតែមួយមុខ មិនយូរមិនឆាប់ អាជីវកម្មរបស់អ្នកនឹងដួលបះជើងជាមិនខាន។
១០) យកការបរាជ័យមករារាំងគោលដៅរបស់ខ្លួននៅអាមេរិក គេបានរកឃើញថា ក្នុងចំណោមអាជីវកម្មថ្មីថ្មោងចំនួន ១០ មាន ៨ បរាជ័យ។ នេះបញ្ជាក់ថា ការធ្វើអាជីវកម្មមិនដូចអ្វីដែលយើងបានគិតនោះឡើយ។ វាអាចកើតមានគ្រប់រូបភាពលើសពីអ្វីដែលជាការរំពឹងទុករបស់អ្នក។ ប៉ុន្តែ រាល់កាបរាជ័យតែងបង្កប់មេរៀនមួយដ៏ល្អសម្រាប់សហគ្រិន។ នោះគឺបទពិសោធន៍។ នៅពេលដែលអ្នកមានបទពិសោធន៍ អ្នកនឹងកាន់តែមានទំនុកចិត្តជាងមុនធ្វើកិច្ចការដដែលបានល្អជាងមុន និង សម្រេចបានសមិទ្ធផលកាន់តែប្រសើរឡើងទៀតផង៕
ប្រែសម្រួល៖ ខេវិន
ប្រភព៖ Entrepreneur