របាយការណ៍ IDC: ឆ្នាំ២០១៥ នេះ Apple អាចមានរាសីធ្លាក់ចុះ
យោងតាមរបាយការណ៍ពីក្រុមហ៊ុនស្រាវជ្រាវចំណែកទីផ្សារ International Data Corporation (IDC) ឱ្យដឹងថា ក្រុមហ៊ុន Apple នឹងមានលទ្ធភាពអាចលក់ iPad ដាច់បាន ៦០លានគ្រឿងនៅក្នុងឆ្នាំ២០១៥ នេះ។ IDC ក៏បានធ្វើការវាយតម្លៃចំណែកទីផ្សាររបស់ក្រុមហ៊ុនអេឡិចត្រូនិកមានមូលដ្ឋាននៅសហរដ្ឋអាមេរិកនេះថា នឹងអាចក្ដាប់ចំណែកទីផ្សារបាន ២៥,៦% ក្នុងឆ្នាំនេះ ធ្លាក់ចុះបន្តិចពីឆ្នាំ២០១៤។
ក្រុមហ៊ុនស្រាវជ្រាវចំណែកទីផ្សាររបស់អាមេរិកនេះ បានបញ្ចេញរបាយការណ៍ថា នៅឆ្នាំ២០១៥ នេះ តួលេខចែកចាយលក់ iPad មានការប្រែប្រួលថមថយតិចតួចប្រៀបធៀបនឹងឆ្នាំ២០១៤ កន្លងទៅ។ ឆ្នាំ២០១៥ នេះ Apple នឹងអាចលក់ iPad ដាច់បានត្រឹម ៦០លានគ្រឿង ថយចុះពី ៦៣,៤លានគ្រឿងកាលពីឆ្នាំ២០១៤។ បើគិតពីចំណែកទីផ្សារវិញ iPad នឹងយកបានត្រឹម ២៥,៦% ធ្លាក់ចុះបន្តិចធៀបនឹងឆ្នាំទៅដែលមាន ២៧,៦%។ ការធ្លាក់ចុះនៃថេប្លេត iOS របស់ Apple នេះ គឺដោយសារ ថេប្លេត Android នៅក្នុងឆ្នាំនេះ នឹងទទួលបានការពេញនិយមខ្លាំងឡើង ដែលអាចក្ដាប់ចំណែកទីផ្សាររហូតដល់ទៅ ៦៧,៤%។
មិនតែប៉ុណ្ណោះថេប្លេតដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Windows Phone ក៏ត្រូវបានគេរំពឹងដែរថា នឹងមានកំណើនអ្នកប្រើប្រាស់ច្រើនជាងមុនថែមទៀតពោលគឺអាចកើនឡើង ៧% ប្រៀបធៀបនឹងឆ្នាំ២០១៤ ដែលក្ដាប់បានត្រឹម ៥,១%។ បច្ចុប្បន្នក្រុមហ៊ុន Microsoft មានការផ្ដោតយកចិត្តទុកខ្លាំងទៅលើការអភិវឌ្ឍថេប្លេតល្មមប្រើ ដោយភ្ជាប់មកជាមួយកម្មវិធី Office 365 ស្រាប់ ដែលជាយុទ្ធសាស្ត្រមួយអាចទទួលបានការគាំទ្រពីអតិថិជនថែមទៀត។
របាយការណ៍ IDC ថែមទៀតឱ្យដឹងទៀតថា ក្នុងឆ្នាំ២០១៩ ចំណែកទីផ្សារថេប្លេត Windows Phone នឹងមានកំណើតឡើងលេចធ្លោជាង Android និង iPad ទៅទៀត។ បើមើលលើតួលេខចែកចាយលក់ថេប្លេតសរុបក្នុងឆ្នាំ២០១៥ វិញ នឹងមានចំនួនដល់ ២៣៤,៥លានគ្រឿង កើនឡើង ២,១% ប្រៀបធៀបនឹងឆ្នាំ២០១៤ ដែលមានត្រឹម ២២៩,៧លានគ្រឿង៕
ប្រែសម្រួល៖ លី ឈៀន
ប្រភព៖ idc, appleinsider