ធី សុវណ្ណថា៖ «ខ្ញុំចូលរួមសកម្មភាពនយោបាយតាំងពីសម្បុរ ស រហូតដល់ខ្មៅ»
ជាទូទៅយុវជនជាច្រើនបានប្រទះឃើញកញ្ញា សុវណ្ណថា ក្នុងសកម្មភាពនយោបាយ ការបញ្ចេញមតិជាសាធារណៈការដឹកនាំហែរក្បួនយុវជនជាដើម ជាពិសេសតាមបណ្តាញសង្គម ហ្វេសប៊ុក។ កញ្ញាមានប្រភពពីក្រុមគ្រួសារជាអ្នកជំនួញ ដែលមានប្អូនប្រុស ៣ រូប ហើយកញ្ញាជាកូនស្រីច្បង។
យុវតីរូបនេះ បានបន្ថែមទៀតថា ខ្លួនមិនរួញរាចំពោះការចូលរួមក្នុងសកម្មភាពនយោបាយឡើយ បើទោះជាសកម្មភាពទាំងនោះបានធ្វើឲ្យខ្លួនប្រែពីសម្បុរពី ស មកជាខ្មៅ លែងមានសម្រស់ស្អាតដូចមុនយ៉ាងណាក្តី។
សុវណ្ណថា បានបន្តទៀតថា «សម្រស់សម្រាប់ស្រ្តី វាសំខាន់មែន ក៏ប៉ុន្តែសមត្ថភាព និងតម្លៃការងាររបស់ស្ត្រីទើបជាអ្វីដែលសំខាន់ជាង។ ខ្ញុំមិនធ្លាប់មានអារម្មណ៍ស្តាយក្រោយឡើយ»។
កញ្ញា ធី សុវណ្ណថា បានឲ្យដឹងថា ការចូលរួមរបស់ខ្លួនក្នុងសកម្មភាពនយោបាយនេះ ជាការបំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងនាមជាយុវជនមួយរូបក្នុង សង្គម។
កញ្ញានិយាយថា៖ «ខ្ញុំចង់ធ្វើជាយុវតីមួយរូបដែលរស់នៅក្នុងសង្គមមួយដែលមានមេ ដឹកនាំល្អ មានការរីកចម្រើន ខ្ញុំមិនចង់ធ្វើជាយុវជនមួយដែលមានការអប់រំល្អ ប៉ុន្តែរស់នៅក្នុងសង្គមដែលកខ្វក់»។
រាល់ការសម្រេចចិត្ត អ្វី ឬការធ្វើអ្វីមួយ តែងតែមានបញ្ហាប្រឈម។ ការចូលរួមក្នុងសកម្មភាពនយោបាយរបស់ សុវណ្ណថា ក៏ដូចគ្នាដែរ ក្នុងនោះរួមមានការប៉ះពាល់ដល់ការសិក្សា ការបារម្ភពីក្រុមគ្រួសារ ព្រមទាំងសុវត្ថិភាពផ្ទាល់ខ្លួនជាដើម។
កញ្ញាបាននិយាយថា៖ «ការភ័យខ្លាចគឺអត់មានទេ ក៏ប៉ុន្តែការប្រុងប្រយ័ត្នគឺនៅតែមាន។ អ្វីដែលខ្ញុំបារម្ភបំផុតនោះ គឺការលាបពណ៌ ហេតុនេះរាល់ការនិយាយស្តី និងការធ្វើអ្វីមួយខ្ញុំក៏មានការប្រុងប្រយ័ត្នដែរ»។
យុវតីរូបនេះ ចាត់ទុកទីលានប្រជាធិបតេយ្យដូចជាផ្ទះ ទី២ របស់ខ្លួន។ ជាទូទៅក្រៅពីចំណាយពេលនៅផ្ទះខ្លះ និងម៉ោងសិក្សានៅសាលា សុវណ្ណថា ចំណាយពេលនៅឯទីលានប្រជាធិបតេយ្យរាប់បញ្ចូលទាំងការគេង នៅទីនោះពេលយប់ផងដែរ។
នៅឯសាលារៀន សុវណ្ណថា នៅតែព្យាយាមថែរក្សាចំណងមិត្តភាពរបស់ខ្លួនបានល្អ បើទោះជាសមាសភាពមិត្តរួមថ្នាក់ចម្រុះ ឬមាននិន្នាការនយោបាយដោយឡែកពីគ្នាយ៉ាងណាក្តី។
សុវណ្ណថា មានបំណងចង់ក្លាយជាអ្នកនយោបាយស្ត្រីមួយរូបនៅពេលអនាគត ព្រមទាំងមានបំណងចង់បង្កើតជាអង្គការដែលមានលក្ខណៈជាការងារ ឬសកម្មភាពសង្គម (Community Service)។
______________________
ប្រភពព័ត៌មានពី៖ ភ្នំពេញប៉ុស្តិ៍