ស្មាតហ្វូន​ ៧ម៉ូដែល​ចេញ​អុកឡុក​​​​ឆាក​សមាជ​ទូរស័ព្ទ MWC 2015 សាធារណជន​សរសើរ​​មិន​ដាច់​ពី​​មាត់

3/09/2015 0 Comments A+ a-

ស្មាតហ្វូន ៧ម៉ូដែល​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​នៅ MWC 2015ប្រភព៖​ stuff.tv
ទោះបី​ព្រឹត្តិការណ៍​នៃ​សមាជ​ទូរស័ព្ទ​ពិភពលោក​ប្រចាំ​ឆ្នាំ២០១៥ នេះ​ទើប​បញ្ចប់​ទៅ ប៉ុន្តែ​ក៏​បាន​បន្សល់​នូវ​ចំណងដៃ​ផលិតផល​អេឡិចត្រូនិក​ជាច្រើន សុទ្ធតែ​ទំនើបៗ​ធ្វើឲ្យ​ផ្ញៀវ​ចូលរួម​មិន​តិច​ទេ ដែល​សុទ្ធតែ​លើក​សរសើរ​ពេញៗ​មាត់ ពិសេស​គឺ​ស្មាតហ្វូន​ស៊េរី​ថ្មីៗ​តែ​ម្ដង។ ខាង​ក្រោម​នេះ​គឺ​ជា​ស្មាតហ្វូន​ល្អ​បំផុត ៧ម៉ូដែល​ដែល​បាន​អង្រួន​ចិត្ត​ទស្សនិកជន​នៅ​ក្នុង​ព្រឹត្តិការណ៍ MWC 2015 ដែល​ទើប​បញ្ចប់​ទៅ​ថ្មីៗ៖

1

១) Galaxy S6 Edge
GS6 Edge គឺ​ជា​ស្មាតហ្វូន​មាន​រចនាបថ​រូបរាង​ថ្មី​សន្លាង​របស់ Samsung។ GS S6 Edge មាន​អេក្រង់​កោង​បញ្ឆិត​ចុះក្រោម​បន្តិច នៅ​គែម​ទាំង​សងខាង​អេក្រង់។ ស្មាតហ្វូន​ទំនើប​នេះ បាន​ជាប់​ឈ្មោះ​ជា​ម៉ូដែល​ស្មាតហ្វូន​ដែល​ល្អ ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ខ្ពស់​ជាង​គេ​នៅ​ក្នុង​សមាជ​ទូរស័ព្ទ​ពិភពលោក​ឆ្នាំ២០១៥​នេះ។

1

លក្ខណៈ​ពិសេស​ដែល​អ្នក​ងាយ​មើល​ឃើញ​នៅ​លើ​ Galaxy S6 Edge គឺ​នៅ​ត្រង់​ថា អ្នក​ប្រើ​អាច​មើល​ម៉ោង (clock) នៅ​ចំហៀង​អេក្រង់ ត្រង់​អេក្រង់​បញ្ឆិត​នៃ​ស្មាតហ្វូន​នេះ​បាន។

២) Galaxy S6

2

Galaxy S6 មាន​ការ​រចនា​រូបរាង​ស្រដៀង​នឹង Galaxy S6 Edge ដែរ ប៉ុន្តែ​មិន​មាន​អេក្រង់​កោង​បញ្ឆិត​ទេ។ ស្មាតហ្វូន​នេះ ត្រូវ​បាន​បំពាក់​អង្គ​ប្រតិបត្តិ​ល្បឿន​លឿន​ប្រភេទ octa-core processor និង​មាន RAM ទំហំ 3GB។ ថ្មីៗ​នេះ គេ​បាន​ប្រៀបធៀប​គុណភាព​រូបថត​នៅ​ទី​ងងឹត​រវាង Galaxy S6 និង iPhone 6 Plus ជា​លទ្ធផល​ឃើញ​ថា រូបថត​ដែល​ផ្ដិត​ចេញ​ពី Galaxy S6 មាន​សភាព​ភ្លឺ​ច្បាស់​ជាង​រូបថត​ដែល​ផ្ដិត​ដោយ ​កាមេរ៉ា iPhone 6 Plus។

៣) HTC One M9

3

One M9 គឺ​ជា​ស្មាតហ្វូន​ស៊េរី​ថ្មី​បន្ទាប់​ពី​ម៉ូដែល​ស្មាតហ្វូន​ជោគជ័យ One M8 រួច​មក​របស់​ក្រុមហ៊ុន HTC។ ស្មាតហ្វូន​របស់ HTC ត្រកូល One ប៉ុន្មាន​ម៉ូដែល​ចុងក្រោយ​គឺ​សុទ្ធតែ​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង តាមរយៈ​ការ​រចនា​ស្អាត ទាន់សម័យ។ HTC បាន​ភ្ជាប់​មក​ជាមួយ​ឈីប​អង្គ​ប្រតិបត្តិ Snapdragon 810 ដែល​ជា​ជំនាន់​ចុងក្រោយ​របស់​ក្រុមហ៊ុន Qualcomm មាន RAM ទំហំ 3GB។ One M9 ភ្ជាប់​មក​ជាមួយ​កាមេរ៉ា​ទំហំ 20.7MP។

៤) Blackberry Mystery Slide Phone

4

នៅ​សមាជ MWC 2015 នេះ ក្រុមហ៊ុន​ទូរស័ព្ទ​កាណាដា BlackBerry ក៏​មិន​ឈរ​នៅ​ស្ងៀម បាន​បង្អួត​ស្មាតហ្វូន​ទំនើប​នឹង​គេ​ដែរ។ ​ម៉ូដែល​ស្មាតហ្វូន​ដែល BlackBerry ​ទើប​ប្រកាស​នេះ ត្រូវ​បាន​រចនា​ជា​ទូរស័ព្ទ​រុញ ទំនើប។

៥) Microsoft Lumia 640XL

5

មិន​ប្រាកដ​ថា​ទាល់តែ​ស្មាតហ្វូន​តម្លៃ​ថ្លៃ ទើប​ល្អ មាន​មុខងារ​អាច​បំពេញ​តម្រូវការ​អ្នក​បាន​នោះ​ទេ ចំណែក​ស្មាតហ្វូន Lumia ស៊េរី​ថ្មី​របស់ Microsoft នេះ​វិញ​ក៏​មិន​ធម្មតា​ដែរ។ Lumia 640XL ជា​ស្មាតហ្វូន​មាន​តម្លៃ​ធូរ​ថ្លៃ​តែ​ជាង ២០០ដុល្លារ​ប៉ុណ្ណោះ តែ​បាន​ភ្ជាប់​មក​ជាមួយ​លក្ខណៈ​សម្បត្តិ​ល្អៗ​មិន​ចាញ់​ស្មាតហ្វូន​ទំនើបៗ​ក្នុង​ពេល​បច្ចុប្បន្ន​នោះ​ទេ។ Lumia 640XL មាន​អេក្រង់ ៥,៧អ៊ីញ 720spx ដំណើរការ​ដោយ Windows Phone 8.1 និង​មាន RAM 1GB។

៦) Saygus V2
ជា​ស្មាតហ្វូន​មាន​ទំហំ​អង្គ​ចងចាំ 64GB ហើយ​មាន​រន្ធ​បន្ថែត​កាត​មេម៉ូរី​ចំនួន២ ដើម្បី​ងាយស្រួល​បង្កើន​ទំហំ​មេម៉ូរូ​តាម​តម្រូវការ​របស់​អ្នក​ប្រើ។ ជាក់ស្ដែង​ក្រុមហ៊ុន Sandisk បាន​ចេញ​កាត់ microSD នៅ​ក្នុង​សមាជ MWC នេះ​អីចឹង ដែល​មាន​ទំហំ 200GB ដូច្នេះ​មាន​ន័យ​ថា Saygus V2 អាច​មាន​ទំហំ​អង្គ​ចងចាំ​សរុប​រហូត​ដល់ 464GB នៅ​លើ​ទូរស័ព្ទ​តែ​មួយ​បាន។

6

ស្មាតហ្វូន​នេះ ដំណើរការ​ដោយ Android 4.4.4 ដែល​អាច​ធ្វើ​បច្ចុប្បន្នភាព​ដល់ Lollipop បាន។ Saygus V2 មាន​កាមេរ៉ា​ទំហំ 21MP បំពាក់​ឈីប​អង្គ​ប្រតិបត្តិ Qualcomm 801 ល្បឿន 2.5GHz បច្ចេកវិទ្យា NFC និង 4G LTE  ព្រម​ជាមួយ​បច្ចេកវិទ្យា​ IR transmitter អាច​ប្រើ​ធ្វើ​ជា​តេឡេ​បញ្ជា​ទូរទស្សន៍​បាន។

៧) Xperia M4 AQUA

 7

ខណៈ​ដែល​ស្មាតហ្វូន​ទំនើប​ស៊េរី​ក្រោយ​គឺ Galaxy S6 ត្រូវ​បាន​ដក​ចេញ​នូវ​បច្ចេកវិទ្យា​មិន​ចូល​ទឹក ដែល​ធ្លាប់​មាន​នៅ​លើ Galaxy S5 នោះ ចំណែក​ស្មាតហ្វូន Sony ​ចេញ​ស៊េរី​ក្រោយៗ​គឺ​នៅ​តែ​បន្ត​ផ្ដល់​ទំនុកចិត្ត​ដល់​អ្នក​ប្រើ មិន​ខ្លាច​ចូល​ទឹក ឬ​ធូលី​ដី​នោះ​ទេ។ Xperia M4 AQUA នេះ​មាន​អេក្រង់ ៥,២អ៊ីញ 720p និង​មាន​លក្ខណៈ​សម្បត្តិ​មធ្យម​ជាមួយ​តម្លៃ​សមរម្យ​អាច​ទទួល​យក​បាន​ត្រឹមតែ​ជាង ៣០០ដុល្លារ​ប៉ុណ្ណោះ៕

ប្រែ​សម្រួល៖ លី ឈៀន
ប្រភព៖​ stuff.tv