អារ៉ាប៊ីសាអ៊ូឌីត​​មាន​អន់​ឯណា! ទិញ​អាវុធ​ចូល​ច្រើន​ជាងគេ​ក្នុង​ពិភពលោក វ៉ាដាច់​​ទាំង​ឥណ្ឌា​ទៅទៀត

3/09/2015 0 Comments A+ a-

កង​ទ័ព​អារ៉ាប៊ីសាអ៊ូឌីត​ រូប​ឆ្វេង - ​យន្តហោះ​ចម្បាំង F-15 ដែល​បញ្ជា​ទិញ​ពី​សហរដ្ឋ​អាមេរិកប្រភព៖​ defender.hr
​​អស់​រយៈ​ពេល​ជាង​មួយ​ទសវត្ស​កន្លង​ទៅ​នេះ ឥណ្ឌា​ជា​ប្រទេស​ដែល​ទិញ​ចូល​អាវុធ​ច្រើន​ជាង​គេ​ក្នុង​ពិភពលោក ជាមួយ​នឹង​ទឹក​ប្រាក់​បញ្ជាទិញ​ជាង​មួយ​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​ទៅ​មិញ។ ប៉ុន្តែ​ឥណ្ឌា​អង្គុយ​តំណែង​នេះ​មិន​បាន​តទៅ​ទៀត​ទេ ព្រោះ​កាលពី​ឆ្នាំ២០១៤ និង​នៅ​ឆ្នាំ​២០១៥ ​នេះ​ផ្ទាល់​តែ​ម្ដង ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​បាន​វ៉ា​ដាច់​ឥណ្ឌា​ទៅ​ហើយ ខាង​ទិញ​អាវុធ​ចូល។

​អារ៉ាប៊ីសាអ៊ូឌីត​ជាប់​លេខ​មួយ​នេះ ដោយ​សារ​ប្រទេស​នេះ​បាន​ទិញ​ចូល​អាវុធ​សម្រាប់​ប្រើប្រាស់​ក្នុង​វិស័យ​ការពារ​ជាតិ ច្រើន​ឡើងៗ រហូត​ដល់ ៦ ឆ្នាំ​ជាប់ៗ​គ្នា​ជាមួយ​ និង​ទំហំ​ទឹក​ប្រាក់ ៦៤,៤ ពាន់​លាន​ដុល្លារ។ នេះ​បើ​យោង​តាម​ក្រុមហ៊ុន HIS ខាង​ស្រាវជ្រាវ​អំពី​ការ​ទិញ/លក់​អាវុធ។ ក្រុមហ៊ុន​បាន​វាយ​តម្លៃ​ថា​មូលហេតុ​ដែល​អារ៉ាប៊ីសាអ៊ូឌីត​បញ្ជា​ទិញ​គ្រឿង​សព្វាវុធ យ៉ាង​ច្រើន​លើស​លប់​ដល់​ថ្នាក់​នេះ ព្រោះ​ស្ថាន​ការណ៍​ថ្មីៗ​បាន​ប្រែប្រួល​ជា​បន្ត​បន្ទាប់ ជាពិសេស​វិបត្តិ​នៅ​មជ្ឈិមបូព៌ា ​ឬ​ដើម​បូព៌ា (Middle East) និង​នៅ​អាស៊ី​ប៉ាស៊ីហ្វិក (Asia Pacific)។

​តាម​មើល​ទៅ ពី​នេះ​ទៅ​មុខ​យូរ​អង្វែង ក៏​អារ៉ាប៊ីសាអ៊ូឌីត​នៅ​តែ​នាំ​មុខ​គេ​ខាង​ទិញ​អាវុធ​ចូល​ជា​និច្ច ព្រោះ​ការ​បញ្ជាទិញ​ថ្មីៗ​នៅ​តែ​បន្ត​កុងត្រា​ទៅ​មុខ​ទៀត។ នេះ​ជា​ការ​ឲ្យ​ដឹង​ពី​លោក Ben Moores ជា​អ្នក​វិភាគ និង​ដឹង​កិច្ចការ​រាក់ជ្រៅ​ក្នុង​បញ្ហា​ទិញ​អាវុធ​របស់​អារ៉ាប៊ីសាអ៊ូឌីត។ គ្រាន់តែ​ចន្លោះ​ឆ្នាំ២០១៣ ដល់ ២០១៤ អារ៉ាប៊ីសាអ៊ូឌីត​ទិញ​អាវុធ​ចូល​លើស​មុន​រហូត​ដល់ ៥៤%។ ឆ្នាំ២០១៥ ចំនួន​នេះ​នឹង​កើន ៥២% ជាមួយ​និង​ទឹកប្រាក់ ៩,៨ ពាន់​លាន​ដុល្លារ។ ប្រទេស​ដែល​នាំ​ចូល​អាវុធ​ច្រើន​ដាច់​គេ​ទាំង​ប្រាំ​មាន៖ អារ៉ាប៊ីសាអ៊ូឌីត – ឥណ្ឌា – ចិន – សហភាព​អារ៉ាប់រួម – និង​តៃវ៉ាន់៕

ប្រែ​សម្រួល ៖ អន សំអាង
ប្រភព៖​ Reuters