iPhone ជំនាន់ក្រោយៗនឹងអស់បញ្ហារឿងធ្លាក់ទឹកទៀតហើយព្រោះ Apple ទើបរកឃើញបច្ចេកវិទ្យានេះ
ផ្អែកតាមរបាយការណ៍ពីគេហទំព័រ CNN ឱ្យដឹង ពេលនេះក្រុមហ៊ុន Apple កំពុងរិះរក និងអភិវឌ្ឍបច្ចេកវិទ្យាច្នៃប្រឌិតថ្មីៗ ក្នុងនោះនឹងមានបច្ចេកវិទ្យាមិនជ្រាបទឹក ដែលត្រូវគេរាយការណ៍ថា នឹងបំពាក់លើ iPhone ស៊េរីក្រោយ អាចជា iPhone 6S ឬ iPhone 7។
ថ្មីៗនេះក្រុមហ៊ុនអេឡិចត្រូនិកដែលមានស្នាក់ការនៅសហរដ្ឋអាមេរិកនេះ បានចុះបញ្ជីប៉ាតង់បច្ចេកវិទ្យា ក្នុងការឌីហ្សាញសមាសធាតុពិសេសដើម្បីបំពាក់លើឧបករណ៍អេឡិចត្រូនិក មិនឱ្យចូលទឹកបាន។ ដូច្នេះគេរំពឹងថា ក្រុមហ៊ុន Apple អាចនឹងប្រើបច្ចេកវិទ្យាការពារនេះ បំពាក់ទៅលើទូរស័ព្ទជំនាន់ក្រោយរបស់ខ្លួន ដើម្បីការពារទូរស័ព្ទខូច នៅពេលធ្លាក់ចូលទឹក។
វាពុំមែនជារឿងថ្មីអ្វីនោះឡើយ ព្រោះថា សព្វថ្ងៃក៏មានស្មាតហ្វូនមួយចំនួនបានភ្ជាប់បច្ចេកវិទ្យាមិនចូលទឹកនេះ (water resistant) នេះចរាចរលើទីផ្សាររួចមកហើយ ដូចជា Galaxy S5 និងស៊េរីស្មាតហ្វូន Xperia Z មួយចំនួន។
យ៉ាងណា ស្មាតហ្វូន Galaxy S6 ពុំត្រូវបាន Samsung បំពាក់បច្ចេកវិទ្យាមិនចូលទឹកដូច GS5 ទេ ព្រោះថា Galaxy ជំនាន់ថ្មីនេះប្រើស៊ុមថ្មីផលិតពីអាលុយម៉ីញ៉ូម ដែលមិនអាចទប់ស្កាត់ការជ្រាបទឹកបានឡើយ។
ទោះជាយ៉ាងណា ពេលនេះ ខាងក្រុមហ៊ុន Apple ពុំទាន់ឆ្លើយតបទៅនឹងការលើកឡើងជុំវិញបច្ចេកវិទ្យាមិនចូលទឹក ពីបណ្ដាសារព័ត៌មានអន្តរជាតិធំៗនៅឡើយទេ៕
ប្រែសម្រួល៖ លី ឈៀន
ប្រភព៖ money.cnn.com