សាកសពនាវាចម្បាំងធំបំផុតរបស់អធិរាជជប៉ុនដែលលិចបាត់តាំងពីសង្គ្រាមលោកលើកទី២ បានរកឃើញហើយ
ស្ថាបនិករួមរបស់ក្រុមហ៊ុន Microsoft លោក Paul Allen បានមានប្រសាសន៍ថា លោកបានរកឃើញ សាកសពនាវាចម្បាំងរបស់ជប៉ុនដែលលិចបាត់តាំងពីសង្គ្រាមលោកលើកទី២ ។ ការរកឃើញនេះធ្វើឡើងនៅកំឡុងពេលដែលរូបលោក និង ក្រុមការងាររបស់កំពុងបំពេញបេសកកម្មស្រាវជ្រាវរកសំណល់នាវាចម្បាំងតាមរយៈនាវាចរណ៍កម្សាន្តរបស់លោកនៅភាគកណ្តាលប្រទេសហ្វីលីពីនកាលពីថ្ងៃទី២ មីនាកន្លងទៅថ្មីៗនេះ។
តាមការអះអាងរបស់លោក Allen នាវាដែលរកឃើញនោះគឺជានាវាចម្បាំង Musashi ដ៏មានសក្ដានុពលរបស់អតីតអធិរាជជប៉ុន។ វាជានាវាចម្បាំងធំជាងគេបំផុតមិនធ្លាប់មាននៅក្នុងសម័យសង្គ្រាមលោកលើកទី២ ដែលត្រូវបានប្រើប្រាស់សម្រាប់ប្រតិបត្តិការយោធានៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកទប់ទល់នឹងកងទ័ពអាមេរិក។
សាកសពនាវាចម្បាំង Musashi ដែលបានរកឃើញ ប្រភព៖ cnn
នាវាចម្បាំង Musashi ត្រូវបានគេអះអាងថា មានទម្ងន់សរុបប្រមាណ ៦៩ ០០០ តោនហើយវាបានលិចនៅក្នុងប្រទេសហ្វីលីពីនដោយសារតែការវាយប្រហារតាមដែនឱកាសរបស់កងទ័ពអាមេរិកនៅក្នុងខែ តុលា ឆ្នាំ ១៩៤៤ ទន្ទឹមនឹងការឆក់យកអាយុជីវិតរបស់ទាហាន និង នាវិកជប៉ុនប៉ុន្មាន ១ ០០០នាក់នៅកំឡុងពេលនោះ ។
លោក Allen បានបញ្ជាក់ថា នាវានេះត្រូវបានរកឃើញនៅក្នុងដែនសមុទ្រ Sibuyan ភាគកណ្តាលប្រទេសហ្វីលីពីន ក្នុងជម្រៅប្រមាណ ១ គីឡូម៉ែត្រ។ ការរកឃើញនេះធ្វើឡើងដោយប្រើប្រាស់ឧបករណ៍សូណាស្រាវជ្រាវបាតសមុទ្រ (AUV)៕
មហាសេដ្ឋីស្ថាបនិករួមរបស់ក្រុមហ៊ុន Microsoft លោក Paul Allen dailytech
ប្រែសម្រួល៖ ខេវិន
ប្រភព៖ CNN