អគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកូរ៉េខាងត្បូងត្រូវសកម្មជនម្នាក់យកឡាមឆូតមុខ
អគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសកូរ៉េខាងត្បូងលោក Mark Lippert ត្រូវបានសកម្មជនគាំទ្រឱ្យមានការបង្រួបបង្រួមកូរ៉េទាំងពីរម្នាក់យកឡាមឆូតមុខនៅទីក្រុងសេអ៊ូល។
លោក Lippert ត្រូវបានជនម្នាក់នោះយកឡាមឆូតមកលើផ្ទៃមុខបណ្ដាលឱ្យឈាមហូរ ហើយជនល្មើសម្នាក់នោះបានស្រែកថា គូសត្រូវកូរ៉េទាំងពីរគួរតែបង្រួបបង្រួមគ្នា។ នេះបើតាមការបញ្ជាក់ពីប៉ូលិសកូរ៉េខាងត្បូងកាលពីថ្ងៃព្រហស្បតិ៍។
ជនល្មើសត្រូវបានចាប់ខ្លួន
ក្រសួងការបរទេសសហរដ្ឋអាមេរិកបានចេញប្រតិកម្មភ្លាមៗដោយបានថ្កោលទោសលើការវាយប្រហារនេះ។ សកម្មភាពវាយប្រហារនេះបានកើតឡើង នៅក្នុងមជ្ឈមណ្ឌលសម្ដែងសិល្បៈមួយនៅទីក្រុងសេអ៊ូល ខណៈដែលលោក Lippert ត្រៀមឡើងធ្វើបាឋកថា។
លោក Lippert ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ហើយរបួសរបស់លោកមិនបណ្ដាលឱ្យគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ។
តាមសេចក្ដីរាយការណ៍ YTN TV បានឱ្យដឹងថា បុរសម្នាក់នោះមានឈ្មោះ Kim មានអាយុ ៥៥ឆ្នាំ។ ជនល្មើសម្នាក់នេះ បានស្រែកដូច្នេះថា ៖«កូរ៉េខាងត្បូង និងខាងជើងគួរតែបង្រួបបង្រួមគ្នាវិញ» ពេលកាន់ផ្លែឡាមមកឆូតមុខលោក Lippert។
គួរបញ្ជាក់ថា ឡាមដែលជនល្មើសប្រើនោះមានប្រវែង ២៥សង់ទីម៉ែត្រ៕
