អ្នកយកព័ត៌មានឲ្យទូរទស្សន៍ គេហទំព័រ និងកាសែតក្នុងស្រុក៥អង្គភាព ត្រូវគេគំរាមបាញ់សម្លាប់ ជេរប្រមាថ និងបោកកំទេចកាមេរ៉ា ទូរស័ព្ទ
បញ្ចូលអត្ថបទ ៖ ចន្ទ្រគ្រាស
ថ្ងៃអាទិត្យ ទី១៥ ខែមីនា ឆ្នាំ២០១៥ ម៉ោង ១៥:៤០
ខេត្តបន្ទាយមានជ័យ ៖ អ្នកយកព័ត៌មានឲ្យទូរទស្សន៍ គេហទំព័រ និងកាសែតក្នុងស្រុកចំនួន៤នាក់ មកពី៥អង្គភាព រួមមានទូរទស្សន៍អាស៊ីអាគ្នេយ៍, គេហទំព័រ កាសែតនគរវត្ត, គេហទំព័រកាសែតដើមអំពិល, កាសែតតាព្រហ្ម និងកាសែតរាជសីហ៍ ប្រចាំខេត្តបន្ទាយមានជ័យ បានដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលសង្កាត់ប៉ោយប៉ែតជាបន្តបន្ទាប់ ដើម្បីទាមទាររកយុត្តិធម៌ក្នុងហេតុការណ៍២ផ្សេងគ្នា ពីបទគំរាមកំហែងបាញ់សម្លាប់ និងបោកកំទេចកាមេរ៉ា, ទូរស័ព្ទ, ប៉ុនប៉ងវាយ និងជេរប្រមាថ។
ហេតុការណ៍ទី០១ បានកើតឡើងកាលពីយប់ថ្ងៃទី១២ មីនា ២០១៥ នៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត គឺអ្នកយកព័ត៌មានឲ្យកាសែតរាជសីហ៍ លោកសាន់ សាលី អាយុ៤៦ឆ្នាំ រស់នៅក្នុងភូមិ-សង្កាត់កើតហេតុខាងលើអះអាងថា លោកត្រូវបានបុរសម្នាក់មិនស្គាល់ត្រកូលឈ្មោះរ៉ា អាយុ៣៦ឆ្នាំ មានទីលំនៅភូមិព្រៃព្រិច សង្កាត់ប៉ោយប៉ែត គំរាមបាញ់សម្លាប់ដល់ផ្ទះ ដោយគ្រាន់តែរឿងប៉ះពាក្យសម្ដីតិចតួច កាលពីម៉ោង៧និង២០នាទីយប់ ថ្ងៃទី១២ មីនា។ លោកសាន់ សាលី ប្រាប់ថា ដំបូងជនសង្ស័យបានមកផឹកស៊ីមុខផ្ទះដែលខ្លួនស្នាក់នៅជាមួយមនុស្ស២នាក់ផ្សេងទៀត ហើយជនសង្ស័យពេលផឹកស្រវឹងបានអួតអាងថា រូបគេបើទោះជាចាស់ចំណាស់ណាក៏ដោយមិនគោរពឡើយ។ ជនរងគ្រោះបន្តថា ខ្លួនមិនចេះហូបស្រាទេ ពេលកំពុងអង្គុយចុចទូរស័ព្ទលេងឮពាក្យជនសង្ស័យនិយាយយ៉ាងដូច្នេះ ក៏និយាយទៅកាន់ជនសង្ស័យវិញ ដោយសុំទោសជាមុនថា សុំទោសបើខុសត្រូវកុំខឹង។ ភ្លាមនោះជនសង្ស័យតបថា បងនិយាយចុះខ្ញុំអត់ខឹងទេបង។ ជនរងគ្រោះបន្តថា ភ្លាមនោះលោកក៏និយាយថា មនុស្សចាស់ប្រៀបបាននិងម្ដាយឪពុកយើង បើសិនម្ដាយឪពុកយើងគាត់ឆ្កួតយ៉ាងណា ក៏ត្រូវតាមស្លៀកសម្លៀកបំពាក់ឲ្យគាត់ដែរ។ ជនរងគ្រោះបន្តថា គ្រាន់តែនិយាយប៉ុណ្ណឹង ស្រាប់តែជនសង្ស័យខឹងបង្ករករឿងតែម្ដង ដោយដំបូងជេរប្រមាថ បន្ទាប់មកស្រាប់តែទាញត្បាល់ថ្មបុកគ្រឿងគប់លោក តែត្រូវបុរសម្នាក់ដែលផឹកស៊ីជាមួយជនសង្ស័យចាប់ជាប់ជ្រុះត្បាល់ថ្មនោះពីដៃ។ ជនរងគ្រោះប្រាប់ថា ជនសង្ស័យជិះម៉ូតូចេញទៅបាត់ លុះមួយសន្ទុះក្រោយមកត្រឡប់មកវិញ ដោយស្រែកគំរាមរកបាញ់សម្លាប់ ហើយលោកក៏រត់ពួនក្នុងផ្ទះ ដោយចាក់សោរមិនហ៊ានចេញមកក្រៅឡើយ ហើយជនសង្ស័យបានស្រែកពីខាងក្រៅផ្ទះថា បើខ្លាំងបើកទ្វារអញ និងបាញ់ឲ្យមើល។ ក្រោយហេតុការណ៍គំរាមកំហែងនេះ សមត្ថកិច្ចនគរបាលរដ្ឋបាលប៉ុស្តិ៍សង្កាត់ប៉ោយប៉ែត បានចុះដល់កន្លែងកើតហេតុដែរ តែជនសង្ស័យបានជិះម៉ូតូគេចទៅបាត់។ ទោះជាយ៉ាងណា ករណីគំរាមកំហែងនេះ លោកបានដាក់ពាក្យបណ្ដឹងតាមការណែនាំរបស់សមត្ថកិច្ចហើយនៅប៉ុស្តិ៍រដ្ឋបាលនគរបាលសង្កាត់ប៉ោយប៉ែត។ ជុំវិញការចោទប្រកាន់ខាងលើជនសង្ស័យឈ្មោះរ៉ា មិនអាចទាក់ទងសុំកាបំភ្លឺបានទេ ព្រោះមិនស្គាល់លេខទូរស័ព្ទ។
ដោយឡែកហេតុការណ៍ទី២ កើតឡើងកាលពីរសៀលថ្ងៃទី១៤ មីនា ម្សិលមិញនៅភូមិក្បាលស្ពាន២ សង្កាត់និងក្រុងប៉ោយប៉ែត គឺអ្នកយកព័ត៌មានឲ្យទូរទស្សន៍អាស៊ីអាគ្នេយ៍ និងជាអ្នកយកព័ត៌មានឲ្យគេហទំព័រកាសែតនគរវត្ត លោកនីម វណ្ណា អាយុ៤៥ឆ្នាំ មានទីលំនៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ត្រូវបុរសស្រវឹងស្រាម្នាក់បោកកំទេចកាមេរ៉ាឌីជីថលមួយគ្រឿង ប្រភេទហ្វូជិក និងទូរស័ព្ទដៃម៉ាកសាំស៊ុងកាឡាក់ស៊ីណូតធូ ពណ៌ស ០១គ្រឿង ក្នុងនោះអ្នកយកព័ត៌មានឲ្យគេហទំព័រកាសែតដើមអំពិល លោកកែម ចិន្ដា អាយុ៣២ឆ្នាំ រស់នៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ត្រូវជនស្រវឹងខាងលើ ជេរប្រមាថដូចគ្នា ហើយលោកឆេង រីដា អាយុ៥០ឆ្នាំ ស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ត្រូវជនខាងលើក្របួច.កអាវប៉ុនប៉ងវាយធ្វើបាប និងជេរប្រមាថ ដោយគ្រាន់តែអ្នកយកព័ត៌មានទាំង៣រូប ទៅថតយករូបភាពហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍តែប៉ុណ្ណោះ។
លោកនីម វណ្ណា បានប្រាប់ថា ដំបូងលោកទទួលព័ត៌មានថា មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅកន្លែងកើតហេតុ លុះចុះទៅដល់ទីនោះ ខណៈកំពុងផ្តិតយករូបភាពទាំងកាមេរ៉ា ទាំងទូរស័ព្ទ ស្រាប់តែត្រូវជនស្រវឹងខាងលើ ចាប់បោកកំទេចចោលតែម្ដង។ ចំណែកលោកកែម ចិន្ដា ប្រាប់ដូចគ្នា និងលោកនីម វណ្ណា ដែរថា ពេលលោកចុះទៅផ្តិតយករូបភាពគ្រោះថ្នាក់ចរាចរណ៍ខាងលើ បែរជាជនស្រវឹងស្រានោះស្រែកជេរប្រមាថមិនឲ្យថតយករូបភាព។ ចំណែកលោកឆេង រីដា ប្រាប់ថា ពេលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះកើតឡើង លោកបានផ្ដិតយករូបភាព តែត្រូវជនស្រវឹងដដែលនេះ ស្ទុះក្របួច.កអាវប៉ុនប៉ងវាយធ្វើបាប និងជេរប្រមាថលោក។
ក្រោយហេតុការណ៍ខាងលើ កើតឡើងជនសង្ស័យឈ្មោះនាង គា ភេទប្រុស អាយុ៥២ឆ្នាំ មានទីលំនៅភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង បើកបររថយន្តម៉ាកកាមរីកូរ៉ូឡា ស៊េរីឆ្នាំ២០០៤ ពណ៌ស្ករ ចង្កូតឆ្វេង គ្មានស្លាកលេខ ដែលបង្កគ្រោះថ្នាក់ចរាចរណ៍បើកបរស្រវឹងថយរថយន្តបុកផ្ទះអ្នកស្រុក ហើយថែមទាំងបោកកំទេចកាមេរ៉ា និងទូរស័ព្ទ ប៉ុនប៉ងវាយធ្វើបាប, ជេរប្រមាថអ្នកយកព័ត៌មាននោះត្រូវបានសមត្ថកិច្ចនាំយកទាំងរថយន្តទៅប៉ុស្តិ៍រដ្ឋបាលដើម្បីសួរនាំ។
លោកនីម វណ្ណា ប្រាប់ថា ក្នុងពាក្យបណ្ដឹងនោះ លោកប្ដឹងពីបទបំផ្លាញភស្តុតាង ឯកសារ និងបំផ្លាញឧបករណ៍យកព័ត៌មាន ដោយទាមទារប្រាក់សំណង១.៥០០ដុល្លារអាមេរិក។ ឯលោកកែម ចិន្ដា ប្រាប់ថា លោកប្ដឹងជនសង្ស័យពីបទជេរប្រមាថ ដោយទាមទារសំណង១.០០០ដុល្លារអាមេរិក។ ចំណែកលោកឆេង រីដា ប្រាប់ថា លោកប្ដឹងជនសង្ស័យពីបទប៉ុនប៉ងវាយធ្វើបាប និងជេរប្រមាថ ដោយទាមទារសំណង២០០ដុល្លារអាមេរិក។
ទោះជាយ៉ាងណាជុំវិញករណីខាងលើជនសង្ស័យឈ្មោះនាង គា បានបដិសេធន៍ថា ខ្លួនមិនបានចាប់បោកកំទេចកាមេរ៉ា ឬទូរស័ព្ទរបស់អ្នកយកព័ត៌មានឡើយ ប៉ុន្តែទទួលស្គាល់ថា ដោយសារខ្លួនឆេវឆាវខឹងប្រពន្ធសុំលែងលះ ហើយហៅប្រពន្ធឲ្យវិលត្រឡប់ទៅផ្ទះ ប្រពន្ធមិនព្រម ពេលឃើញអ្នកយកព័ត៌មាននាំគ្នាទៅថតយករូបភាពជម្លោះក្នុងគ្រួសារ គាត់ហាមមិនឲ្យថត តែអ្នកយកព័ត៌មាននៅតែនាំគ្នាថតនោះ ទើបទ្រាំមិនបាន ក៏យកដៃគ្រវៀសប៉ះចំកាមេរ៉ា និងទូរស័ព្ទរបស់អ្នកយកព័ត៌មានធ្លាក់យ៉ាងដូច្នេះ។ ចំពោះករណីប៉ុនប៉ងវាយធ្វើបាបអ្នកយកព័ត៏មាន និងជេរប្រមាថ នៅពេលសាកសួរជនសង្ស័យមិនឆ្លើយតបនោះទេ។
ជុំវិញហេតុការណ៍ទាំង២ខាងលើ លោកអ៊ឹម សុភារះ មេប៉ុស្តិ៍រដ្ឋបាលនគរបាលសង្កាត់ប៉ោយប៉ែត ប្រាប់តាមទូរស័ព្ទនៅព្រឹកថ្ងៃទី១៥ នេះថា លោកកំពុងចាត់ការលើករណីទាំង២ ហើយដោយធ្វើការមិនគិតពីថ្ងៃឈប់សំរាកសៅរ៍ ឬអាទិត្យឡើយ ព្រោះរឿងរ៉ាវត្រូវដោះស្រាយមានច្រើន៕ប្រភព ពី កោះសន្តិភាព