អ្នក​បំពុល​ត្រី​ងាប់​រាប់រយ​គីឡូក្រាម​ ៥​ថ្ងៃ​ហើយ​មិន​ទាន់​ត្រូវ​បាន​ចាប់ខ្លួន​នៅឡើយ

3/15/2015 0 Comments A+ a-

ខេត្តកំពង់ចាម ​៖ ត្រី​ជា​ច្រើន​ប្រភេទ​តូច​ធំ ត្រូវ​បាន​គេ​សង្ស័យ​មាន​ជន​មិន​ស្គាល់​មុខលួច​បំពុល​បណ្តាល​ឲ្យ​ងាប់​អណ្តែត​ហូរ​តាម​ទឹក​ព្រែក​គៀន​ជ្រៃ ស្ថិត​នៅ​ភូមិ​ឥន្ទនេល ឃុំ​គៀន​ជ្រៃ ស្រុក​កំពង់សៀម​ មក​ដល់​ព្រឹក​ថ្ងៃ​ទី​១៥​ មីនា ២០១៥​នេះ នៅមិន​ទាន់​ត្រូវ​បាន​សមត្ថកិច្ចស្រាវជ្រាវ​ចាប់​បាន​ជន​កំហូចណា​ម្នាក់​នៅឡើយ​ទេ ដោយ​ត្រី​ងាប់​មាន​រហូត​ដល់​ទៅរាប់រយ​គីឡូក្រាម​ឯណោះ ។
លោក​អ៊ុ​ក ណា​រិ​ន នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​ប្រាប់​ឲ្យ​ដឹង​ថា ក្រោយ​ពី​មាន​បាតុភាព​កើតឡើងដោយ​ត្រី​ងាប់​រាប់រយ​គីឡូក្រាម​នោះ  រូប​លោក​ និង​សហការី​បាន​ចុះ​ទៅ​ប្រជុំ​ជា​បន្ទាន់ កាល​ពី​​ថ្ងៃ​ទី​១៤​ មីនា ដោយកោះហៅ​សហ​គម​ន៍នេសាទ​មក​ពីឃុំ​ហាន់ជ័យ  ឃុំ​ស្រក  និង​ឃុំ​គៀន​ជ្រៃ  មាន​ប្រធាន​ភូមិ ​និង​ប៉ុ​ស្តិ៍រដ្ឋបាល​ឃុំ​គៀន​ជ្រៃ បើក​ការ​ស៊ើបអង្កេត​ឃ្លាំមើលអ្នក​ដែល​ត្រូវ​បាន​ដាក់​ការ​សង្ស័យ ​លួច​បំពុលបណ្តាល​ឲ្យ​ត្រី​ងាប់​នៅ​ក្នុង​ទឹក​ព្រែក​នោះ ។
លោក​អ៊ុ​ក ណា​រិ​ន នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តប្រាប់​បន្ត​ថា កាល​ពី​​ថ្ងៃ​ទី​១០ មីនា​ កន្លង​ទៅ​ត្រីនៅ​ក្នុង​ព្រែក​គៀន​ជ្រៃ  ត្រូវ​បាន​ពុល​ងាប់​ជា​បន្តបន្ទាប់នៅ​កន្លែង​ទឹក​រាក់​ហើយ​ល្អក់ ហើយ​អាកាសធាតុក៏​ក្តៅ​ផង​ដែរ ។ ចំពោះ​មូលហេតុ​ដែល​បណ្តាល​ឲ្យ​ត្រី​ងាប់​នោះត្រូវ​បាន​រូប​លោក​ដាក់​ការ​សង្ស័យថា ​មាន​ជន​ណា​​ម្នាក់​​​​បំពុលដើម្បី​ចាប់​យក​ត្រី​នៅ​ក្នុងភូមិ​ឥន្ទនេល ។
សមត្ថកិច្ច​​ក៏​ដូច​ជា​ជំនាញបាន​ចុះ​ទៅ​ស្រាវជ្រាវ ដល់​កន្លែង​កើត​​មាន​បញ្ហា​នោះ ។ ទើប​នៅ​ថ្ងៃ​ទី​១៤ ​មីនា រូប​លោក​បាន​ប្រជុំ​ផ្ស​ព្វផ្សាយ​ពង្រឹង​ដល់​សហ​គ​ម៍​នេសាទដើម្បី​ឃ្លាំ​មើល​តាម​រក​ជន​ទុច្ចរិត ដែល​បាន​បំពុល​ឲ្យ​ត្រី​ងាប់​រហូតដល់​រាប់រយ​គីឡូក្រាម ។  លោក​ថា ​យោង​តាម​មាត្រា​៩៨ នៃ​ច្បាប់​ជលផលចំពោះ​ជន​ណា​ដែល​បានបំពុល​​ត្រី​ឲ្យ​ងាប់​ដូច​ខាងលើ ស្ថិត​នៅ​ក្នុង​លំដាប់ថ្នាក់​លេខ​១ បើសិនជា​ចាប់​បាន​ត្រូវ​តែ​ផ្តន្ទាទោស​ពី៣​ទៅ​៥​ឆ្នាំ៕