ពលរដ្ឋ​រិះគន់​ចំណាត់ការ សាលាក្រុង ដាក់​ផ្លូវ​សុធារស ជា​ផ្លូវ​ឯកទិស​

3/08/2015 0 Comments A+ a-

ភ្នំពេញ: បន្ទាប់ពី​អាជ្ញាធរ​រាជធានី បញ្ចេញ​កណ្តាប់ដៃ នូវ​ផែនការ​ថ្មី ដាក់​ផ្លូវ​សុធារស ជា​ផ្លូវ​ឯកទិស ក្នុង​រយៈពេល ប៉ុន្មាន​ថ្ងៃ កន្លងមកនេះ បាន​បណ្តាល​ឲ្យ​ចរាចរ កកស្ទះ​យ៉ាងខ្លាំង ចាប់តាំងពី​ព្រឹក​ព្រលឹម រហូត​ដល់ពេល​ព្រលប់ នៅលើ​ផ្លូវ​ព្រះ​នរោត្តម​។
​យានយន្ត​គ្រប់​ភេទ ដែល​បានធ្វើ​ចរាចរ លើផ្លូវ​ព្រះ​នរោត្តម បាននាំគ្នា​បញ្ចៀស​ទិស ​ចរាចរ​របស់ខ្លួន មក​ធ្វើដំណើរ តាមផ្លូវ​ព្រះមុនីវង្ស និង​ផ្លូវ​២៧១ និង​ផ្លូវ​តូចៗ ដែល​នៅ​អម​នឹង​ផ្លូវ​ព្រះ​នរោត្តម​។ ប៉ុន្តែ​ដោយសារតែ​ម្នាក់ៗ បាន​នាំ​គេច​ពីផ្លូវ​ព្រះ​នរោត្តម​នោះ បាន​បណ្តាល​ឲ្យ​ផ្លូវ​ព្រះមុនីវង្ស និង​ផ្លូវ​២៧១ និង​ផ្លូវ​តូចៗ បាន​កកស្ទះ​យ៉ាងខ្លាំង​ផងដែរ បន្ទាប់ពី​យានយន្ត គ្រប់​ភេទ ចាប់ផ្តើម​ធ្វើដំណើរ លែង​គោរព​ច្បាប់​ចរាចរ​។​
​នៅពេល​ព្រឹក មនុស្ស​បាននាំគ្នាសម្រុក​ទៅ​កន្លែងធ្វើការ ពេល​ថ្ងៃត្រង់ សម្រាក​ពី​ការងារ និង​ពេល​ល្ងាច អ្នកធ្វើការងារបាន​វិល​ចូល​ទ្រនំ​វិញ​។ ពេលវេលា​ទាំងបី​នេះហើយ ជា​ប្រធានបទ​នៃ ការកកស្ទះ​ចរាចរ នៅលើ​ផ្លូវ​ព្រះ​នរោត្តម ក្នុង​រយៈពេល ៣-៤ ថ្ងៃ បន្ទាប់ពី​អាជា្ញធរ​ក្រុងភ្នំពេញ បាន​បញ្ជា​ឲ្យ​នគរបាល​ចរាចរ ដាក់​បា​រ៉ា​ស់ដែក ដែលមាន​សញ្ញា​លេខ “​ដក​” យ៉ាង​ធំ នៅ​ចំហៀង​ម្ខាង​នៃ ផ្លូវ​សុធារស ជាប់​នឹង​ស្តុ​ប​ជលផល​។​
​បើទោះបី​ជាមាន​ចរាចរ​កកស្ទះ យ៉ាងណាក៏ដោយ ក៏​បា​រ៉ា​ស់ដែក​ដែលមាន​សញ្ញា​ដក​នោះ ក៏​មិន​ត្រូវបាន​នគរបាល​ជំនាញ​​លើក​ចេញពី​កណ្តាល ផ្លូវ​សុធារស​ដែរ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ ធ្វើដំណើរ​ជា​បណ្តោះអាសន្ន ក្នុងការ​កាត់បន្ថយ ការកកស្ទះ នៅ​មហាវិថី​ព្រះ​នរោត្តម​ដែរ​។​
​អ្នកធ្វើដំណើរ បាន​សម្តែង​ការខកចិត្ត ចំពោះ​ចំណាត់ការ​ដ៏​តឹងរ៉ឹង របស់​អាជ្ញាធរ ក្រុងភ្នំពេញ ដែល​ដាក់​ផ្លូវ​សុធារស​​ជា​ផ្លូវ​ឯកទិស​។ អ្នកដំណើរ បានស្នើ​សុំ​ឲ្យ អាជ្ញាធរ​លុបចោលនូវ​ចំណាត់ការ​នោះ ហើយ​បែរមក​ប្រើ​វិធានការ​ថ្មី ធ្វើការ​ពង្រីក​ផ្លូវ​សុធារស ឲ្យ​ធំ​ជាង​មុន​។ ការកកស្ទះ​ចរាចរ​នោះ ក៏មាន​ធាតុ​ផ្សំ មួយចំនួន​ផងដែរ ដូចជា មាន​យានយន្ត​ខ្លះបានមក​ឈប់​ចត លើផ្លូវ​ផងដែរ ដូច្នេះ​នគរបាល​ចរាចរ គួរតែ​សែង​រថយន្ត​ចតឥត​សណ្តាប់ធ្នាប់​នោះចេញពី​ផ្លូវ ហើយ​ធ្វើការ​ផាកពិន័យតាមច្បាប់​។​
​អ្នកដំណើរ​ម្នាក់ បាន​អះអាងថា បើ​អាជ្ញាធរចិត្ត​ស្លុយ​មែន គួរ​ណាស់​តែ ធ្វើការ​បើកផ្លូវ ថ្មី​មួយ​ខ្សែ​ទៀត ពី​ចំណុច​មុខ​ផ្សារ​អ៊ី​អន ទៅ​មហាវិថី​ព្រះ​នរោត្តម ជាជាង​ដាក់​ផ្លូវ​សុធារស ជា​ផ្លូវ​ឯកទិស​។​
​ចរាចរ​ដែល​កកស្ទះ នៅ​ផ្លូវ​ព្រះ​នរោត្តម ដោយសារតែ​ពលរដ្ឋនាំគ្នា​សម្រុក​ទៅ​ផ្សារ​ទំនើប​អ៊ី​អន ដូច្នេះ​ផ្សារ​ទំនើប​នេះគួរតែ​គិតគូរ​ឡើងវិញ ពី​បញ្ហា​ចរាចរ​ភ្ញៀវ​របស់ខ្លួន​។​
​សូមបញ្ជាក់ថា បន្ទាប់ពី​ធ្វើការ​សិក្សា ដាក់​ចរាចរ​ផ្លូវ​សុធារស ជា​ផ្លូវ​ឯកទិស ពី​ស្ថានទូត​រុស្ស៊ី មក​ស្តុ​ប​ជលផល ក៏​ឃើញថា មានការ​កកស្ទះ​កាន់តែខ្លាំងៗ​ឡើង ស្ទើរតែ​គ្រប់​ផ្លូវ​ទាំងអស់ មេ​នគរបាល​ចរាចរ​ណ៍ ជើងគោក​រាជធានី បាន​ស្នើសុំ​អាជ្ញាធរ ក្រុងភ្នំពេញ ដោយ​ដាក់​ផ្លូវ​សុធារស ជា​ផ្លូវ​ឯកទិស ពី​ស្តុ​ប​ជលផល ទៅ​ស្ថានទូត​រុស្ស៊ី​វិញ​៕ ប្រភពៈ CEN
Sothearos-CEN-0-03-15-(1)Sothearos-CEN-0-03-15-(2)Sothearos-CEN-0-03-15-(3)Sothearos-CEN-0-03-15-(4)Sothearos-CEN-0-03-15-(5)​ពលរដ្ឋ​រិះគន់​ចំណាត់ការ សាលាក្រុង ដាក់​ផ្លូវ​សុធារស ជា​ផ្លូវ​ឯកទិស​(រូបៈកូឡាប)