អ្នក​បើក​បរ​ទាំង​អស់​របស់​ TransAsia ត្រូវ​ប្រឡង​ឡើង​វិញ​ ដើម្បី​បញ្ជាក់​សមត្ថភាព

2/07/2015 0 Comments A+ a-

រូប​តំណាងប្រភព៖​ buffettism88.com
ក្រុមហ៊ុន​ TransAsia Airways ​បាន​ឲ្យ​ដឹង​ថា​ក្រុមហ៊ុន​គ្រោង​ដាក់​ចេញ​វិញ្ញាសា​មួយ ហើយ​តម្រូវ​ឲ្យ​អ្នក​បើកបរ​ដែល​ជា​បុគ្គលិក​ក្រុមហ៊ុន​ទាំង ៧១ នាក់​ត្រូវ​ប្រឡង​ជាប់​តេស្ត​បើក​បរ​នេះ​សិន។ ដោយឡែក ក្រុមហ៊ុន​ក៏​ពិនិត្យ​កែសម្រួល​រចនាសម្ព័ន្ធ និង​របៀប​ធ្វើ​ការ​នៅ​ក្នុង​ក្រុមហ៊ុន​ផង​ដែរ បន្ទាប់​ពី​មាន​គ្រោះ​ថ្នាក់​ធ្លាក់​យន្តហោះ​ចូល​ទឹក​ទន្លេ កាលពី​ថ្ងៃ​ពុធ ទី៤ ខែកុម្ភៈ​កន្លង​ទៅ​នេះ។ ប្រសិនបើ​គេ​គិត​មើល​ទៅ ត្រឹម​តែ​រយៈ​ពេល ៧ ខែ​ប៉ុណ្ណោះ យន្តហោះ​របស់ TransAsia ពីរ​គ្រឿង​បាន​ជួប​គ្រោះ​ថ្នាក់​របៀប​នេះ ហើយ​សុទ្ធតែ​ម៉ាក ATR-72-600។

​សេចក្ដី​ប្រកាស​របស់​ក្រុមហ៊ុន​មាន​សេចក្ដី​ជា​អាទ៌​ថា​ ៖ អាកាសយានិក (ពីឡុត) ទាំង ៧១ នាក់​របស់​ក្រុមហ៊ុន TranAsia ត្រូវ​​ប្រឡង​វិញ្ញាសា​បើក​បរ​យន្តហោះ ដែល​មាន​មន្ត្រី​មក​ពី​គណ´កម្មការ​អាកាសចរណ៍​ស៊ីវិល និង​ក្រុម​អ្នក​ជំនាញ​ជា​អ្នក​ត្រួត​ពិនិត្យ។ ក្រុមហ៊ុន​ធ្វើ​បែប​នេះ​ដើម្បី​ធានា​សារ​ជា​ថ្មី​ថា​អ្នក​បើក​បរ​យន្តហោះ​ទាំង​អស់​របស់​ក្រុមហ៊ុន​សុទ្ធតែ​មាន​ជំនាញ​វិជ្ជាជីវៈ​របស់​ខ្លួន​ច្បាស់​លាស់។ ​ក្រៅ​ពី​នោះ ក្រុមហ៊ុន​នឹង​ដាក់​ក្រុមហ៊ុន​ឲ្យ​ស្ថិត​ក្នុង​ដំណាក់​កាល​កែ​សម្រួល​រយៈ​ពេល​មួយ​ឆ្នាំ ក្រោម​ការ​អង្កេត​ពី​ក្រុម​អ្នក​ត្រួត​ពិនិត្យ​អន្តរ​ជាតិ។


សូម​រំឭក​ថយ​ក្រោយ​បន្តិច​ អំពី​ករណី​យន្តហោះ​របស់​ TransAsia។ កាលពី​ខែកក្កដា ឆ្នាំ២០១៤ យន្តហោះ​មួយ​គ្រឿង​របស់​ក្រុមហ៊ុន​បាន​ធ្លាក់​ប៉ះ​ចំ​ផ្ទះ​អ្នក​ស្រុក ហើយ​បណ្ដាល​ឲ្យ​អ្នក​ជិះ​នៅ​ក្នុង​យន្តហោះ​ស្លាប់ ៤៨ នាក់។ កាលពី​ថ្ងៃ​ទី៤ កុម្ភៈ ២០១៥ យន្តហោះ​មួយ​គ្រឿង​របស់​ក្រុមហ៊ុន​បាន​ហោះ​បុក​ស្ពាន​ហើយ​មុជ​ក្បាល​ចូល​ទឹក​ទន្លេ​នៅ​ក្បែរ​នោះ។ គេ​រក​ឃើញ​សព​អ្នក​រងគ្រោះ ៣៥ នាក់ នៅ​រស់ ១៥ នាក់ និង ៨ នាក់​មិន​ទាន់​ដឹង​នៅ​រស់​ឬ​ស្លាប់​នៅ​ឡើយ​ទេ ព្រោះ​រក​មិន​ទាន់​ឃើញ​ (missing)៕


ប្រែ​សម្រួល ៖ អន សំអាង
ប្រភព៖​ Channel News Asia