យុវតីបញ្ចប់ការសិក្សាពីក្រៅប្រទេសពីររូបរួមគ្នាបង្កើតក្រុមហ៊ុនត្រូវការបុគ្គលិកស្ត្រី៩០% ដំបូងគេបង្អស់នៅកម្ពុជា
យុវតីពីររូបដែលបានបញ្ចប់ការសិក្សាពីប្រទេសផ្សេងគ្នា បានសហការគ្នាបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួនមួយ ដើម្បីចូលរួមលើកកម្ពស់សមត្ថភាពស្ត្រីក្នុងសង្គមឲ្យស្មើបុរស និងមួយវិញទៀត គឺដើម្បីបង្កើតអ្វីដែលជារបស់ផ្ទាល់ខ្លួន ដោយផ្អែកលើបទពិសោធន៍ និងចំណេះដឹងដែលបានសិក្សាពីក្រៅប្រទេសព្រោះតែអ្នកទាំងពីរមិនចង់ធ្វើការឲ្យគេ។
ក្រោយពីយុវតីស្ថាបនិកក្រុមហ៊ុន E&T Asia កញ្ញា វ៉ាន់ ឥណ្ឌា វ័យ ២៦ឆ្នាំ បាន បញ្ចប់ការសិក្សាមកពីសាកលវិទ្យាល័យអាស៊ីសម្រាប់ស្ត្រី (Asian University For Women) នៅប្រទេសបង់ក្លាដេស ផ្នែកសេដ្ឋកិច្ច នយោបាយ និងទស្សនវិជ្ជា ក្នុងឆ្នាំ២០១៣ និងកញ្ញាថុន ថាវរី អាយុ២៦ឆ្នាំ បានបញ្ចប់ការសិក្សាមកពីសាធារណរដ្ឋឆែក (University of Hradec Kralove, Czech Republic) ផ្នែកគ្រប់គ្រងព័ត៌មានវិទ្យា ក្នុងឆ្នាំ២០១២ យុវតីទាំងពីរបានសហការគ្នាបង្កើតក្រុមហ៊ុនលើកកម្ពស់ស្ត្រី E&T Asia ក្នុងខែកញ្ញា ឆ្នាំ២០១៤ ។
ជាប្រធានប្រតិបត្តិនៃក្រុមហ៊ុន E&T Asia កញ្ញា វ៉ាន់ ឥណ្ឌា ឲ្យTheBNEWS ដឹងថា គោលដៅសំខាន់នៃការបង្កើតក្រុមហ៊ុននេះឡើង គឺដោយសារ «យើងបានមើលឃើញពីឱកាសមួយ ដោយសារតែក្នុងស្រុកខ្មែរគឺ មិនទាន់មានក្រុមហ៊ុនណា ដែលបានផ្ដល់សេវាប្រភេទនេះនោះទេ បើមាន មានតែតាមរយៈការសួរតៗគ្នាពីអ្នកដែលធ្លាប់ស្គាល់» និងមួយវិញទៀតយើងចង់ឲ្យមានការចូលរួមកាន់តែច្រើនពីស្ត្រី ដោយក្រុមហ៊ុនយើង ចង់បានអ្នកធ្វើការជាស្ត្រី ៩០% នៃចំនួនបុគ្គលិកសរុប។
ស្ថាបនិកវ័យក្មេងខាងលើបន្តថា ក្រុមហ៊ុន E&T Asia មានផ្ដល់សេវាកម្ម ជំនួយការស្រាវជ្រាវ (Research Assistance) បកប្រែផ្ទាល់មាត់ (Interpretation) បកប្រែឯកសារ (Translation) បកប្រែវីដេអូ (Transcription) និងជាអ្នកសម្របសម្រួលតាមតំបន់ (Local fixer) ក្នុងប្រទេសកម្ពុជា។
កញ្ញាបន្តថា សេវាជំនួយការស្រាវជ្រាវ (Research Assistance) និងជាអ្នកសម្របសម្រួលតាមតំបន់ (Local fixer) គឺជាសេវាស្នូល ដែលក្រុមហ៊ុនកំពុងផ្ដោតសំខាន់ ក៏ដូចជាកំពុងទទួលបានគម្រោងការងារជាបន្តបន្ទាប់ពីបណ្ដាដៃគូសហការ ដូចជាតាមអង្គការ និងស្ថាប័នមួយចំនួន។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ ក្រុមហ៊ុនកញ្ញាបានទទួលគម្រោង(Project) ពី អង្កការ Oxfam America និង Oxfam Australiaជាដើម។
ប្រធានផ្នែកទំនាក់ទំនងក្រុមហ៊ុន E&T Asia កញ្ញា ថុន ថាវរី បានថ្លែងផងដែរថា ក្រុមហ៊ុនកញ្ញាគ្រោងពង្រីកក្រុមការងារបន្ថែម ដោយសារបច្ចុប្បន្នតម្រូវការនៃគម្រោងដែលក្រុមហ៊ុនទទួលបាន មានចំនួនកើនឡើង។
កញ្ញាបន្តថា អ្វីដែលជាទំនុកចិត្តពីអតិថិជនមកលើក្រុមហ៊ុនកញ្ញា គឺដោយសារសមិទ្ធផលដែលទទួលបានគឺកើតចេញពីឆន្ទៈ និងការពុះពារដើម្បីធានាបាននូវគុណភាពជូនពួកគាត់ ហើយភាពជោគជ័យគឺកើតចេញពីបទពិសោធន៍ដែលអ្នកទាំងពីរធ្លាប់បានសិក្សាកាលពីនៅរៀនថ្នាក់បរិញ្ញាបត្រនៅក្រៅប្រទេស។ ពេលបញ្ចប់គម្រោង ឲ្យក្រុមហ៊ុនឯកជន ឬអង្គការមួយចំនួន កញ្ញាថាវរី ឱ្យដឹងថា មានអតិថិជនមួយចំនួនបានផ្ដល់យោបល់បន្តទៅឲ្យអ្នកដែលពូកគាត់ស្គាល់ និងអ្នកដែលត្រូវការសេវាកម្មបែបនេះ។
កញ្ញាបន្តថា អ្វីដែលជាទំនុកចិត្តពីអតិថិជនមកលើក្រុមហ៊ុនកញ្ញា គឺដោយសារសមិទ្ធផលដែលទទួលបានគឺកើតចេញពីឆន្ទៈ និងការពុះពារដើម្បីធានាបាននូវគុណភាពជូនពួកគាត់ ហើយភាពជោគជ័យគឺកើតចេញពីបទពិសោធន៍ដែលអ្នកទាំងពីរធ្លាប់បានសិក្សាកាលពីនៅរៀនថ្នាក់បរិញ្ញាបត្រនៅក្រៅប្រទេស។ ពេលបញ្ចប់គម្រោង ឲ្យក្រុមហ៊ុនឯកជន ឬអង្គការមួយចំនួន កញ្ញាថាវរី ឱ្យដឹងថា មានអតិថិជនមួយចំនួនបានផ្ដល់យោបល់បន្តទៅឲ្យអ្នកដែលពូកគាត់ស្គាល់ និងអ្នកដែលត្រូវការសេវាកម្មបែបនេះ។
កញ្ញា បានបង្ហាញការតាំងចិត្តដូច្នេះថា៖ «យើងនឹងក្លាយជាក្រុមហ៊ុនទី១ ខាងផ្ដល់សេវា ជំនួយការអ្នកស្រាវជ្រាវ (research assistance) និងជាក្រុមហ៊ុនទី១ ដែលតម្រូវឲ្យមានបុគ្គលិកធ្វើការជាស្ត្រី ៩០% ដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា»។
សូមទស្សនាវីដេអូ៖
សូមបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុនE&T Asia មានបុគ្គលិកស្នូល ចំនួនបួននាក់ មិនរាប់បញ្ជូលអ្នកធ្វើការស្ម័គ្រ(Internship) និងFreelancer មួយចំនួនផ្សេងទៀតផងដែរ។ ក្រុមហ៊ុន E&T Asia មានទីតាំងនៅក្នុងកន្លែងបណ្ដុះគំនិតអាជីវកម្មឈ្មោះថា Small World នៅម្តុំទួលគោក៕
អត្ថបទ៖ ម៉ៅ ចរិយា
