Samsung បង្ហោះ​វីដេអូ Galaxy S6 មុន​ថ្ងៃ​​សម្ពោធ

2/23/2015 0 Comments A+ a-

កំពូល​ស្មាតហ្វូន Galaxy S6 របស់ Samsung ដែល​ត្រៀម​សម្ពោធ​ចេញ​ផ្លូវការ​នៅ​ដើម​ខែ​មីនា​ ខាង​មុខ ពេលនេះ​ក្លាយជា​ជា​ប្រធានបទ​ក្ដៅ​គគុក​លើក​យក​មក​ជជែក​គ្នា​ពី​បណ្ដា​សាធារណ និង​កំពុង​រង់ចាំ​យ៉ាង​អន្ទះសា ចង់​ដឹង ចង់​ឃើញ​​​រូបរាង ព្រមទាំង​បច្ចេកវិទ្យា​ថា តើ​នឹង​ទំនើប​ជាង Galaxy S5 យ៉ាងណា​ទៀត។

នៅ​ខណៈ​ពេល​នេះ​ដែរ ក្រុមហ៊ុន Samsung បាន​បង្ហោះ​វីដេអូ​នៅ​លើ youtube ហាក់​ចង់​បញ្ជាក់​ប្រាប់​សាធារណជន​នូវ​ការ​មក​ដល់​របស់​កំពូល​ស្មាតហ្វូន​ត្រកូល Galaxy ជំនាន់​ថ្មី​ដែល​ជា Galaxy S6 តែម្ដង។

Untitled-3

ថ្ងៃ​ប្រកាស​ចេញ​កំពូល​ស្មាតហ្វូន Galaxy ជំនាន់​ក្រោយ​មួយ​ទៀត​បន្ទាប់ពី Galaxy S5 កាន់តែ​ខិត​ជិត​មក​ដល់​ហើយ។ យោង​តាម​របាយការណ៍​សារព័ត៌មាន​អន្តរជាតិ​ធំៗ​ជាច្រើន បាន​ឱ្យ​ដឹង​ប្រហាក់ប្រហែល​គ្នា​ថា Galaxy S6 នឹង​ត្រូវ​បាន​ក្រុមហ៊ុន​អេឡិចត្រូនិក​យក្ស​កូរ៉េ​ខាង​ត្បូង Samsung បំពាក់​បច្ចេកវិទ្យា​ចុងក្រោយ ព្រម​ជាមួយ​លក្ខណៈ​សម្បត្តិ​ថ្មីៗ​រឹតតែ​ទំនើប​ជាង​ជំនាន់​មុនៗ។


សូម​បញ្ជាក់​ថា ក្រុមហ៊ុន Samsung បាន​ចេញ​លិខិត​អញ្ជើញ​ដល់​សាធារណជន​ឱ្យ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍ Galaxy Unpacked ដើម្បី​សម្ពោធ Galaxy S6 រួច​មក​ហើយ។ ពិធី​សម្ពោធ​នឹង​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃ​ទី០១ ខែ​មីនា​ខាង​មុខ អំឡុង​សមាជ​ទូរស័ព្ទ​ពិភពលោក (Mobile World Congress) ដែរ។ ក្រុមហ៊ុន​មិន​បាន​បញ្ជាក់​អ្វី​ច្រើន​នៅ​លើ​លិខិត​អញ្ជើញ​នោះ​ទេ ក្រៅពី​មាន​បិទភ្ជាប់​ដោយ​រូប​ខ្សែកោង ទំនង​ចង់​បង្ហើប​អំពី​រូបរាង​កោង​លើ Galaxy S6 អម​ជាមួយ​ឃ្លា​អក្សរ ‘What’s Next’។

Screenshot_2015-02-21_10.18.21.0

ខាងក្រោម​នេះ​គឺ​ជា​លក្ខណៈ​សម្បត្តិ​ដែល​ជា​ការ​សន្និដ្ឋាន​ប៉ុណ្ណោះ៖
-អេក្រង់ 2K ទំហំ ៥អ៊ីញ (2560×1440)px ប្រភេទ Super AMLOED
-តួ Galaxy S6 ផលិត​ដោយ​លោហធាតុ
-ការ​ឌីហ្សាញ GS6 មាន​កម្រាស់​ស្ដើង​តែ ៦,៩១មិល្លីម៉ែត្រ និង​មាន​បណ្ដោយ ១៤៣,៣មិល្លីម៉ែត្រ ហើយ​ទទឹង​ប្រវែង ៧០,៨មិល្លីម៉ែត្រ
-រន្ធ​កាស (Headphone) ត្រូវ​បាន​ប្ដូរ​ទីតាំង
-សម្បក Galaxy S6 ផលិត​ឡើង​ដោយ​ស្រោប​ជាមួយ​កញ្ចក់​ខ្មៅ​រលូង​ចាំង​ស្អាត​ស្អាត
-ប៊ូតុង​សំឡេង​ផលិត​ពី​លោហធាតុ
-មាន IR Blaster សម្រាប់​គ្រប់គ្រង​ឧបករណ៍​ផ្សេងៗ ជាក់ស្ដែង​ដូចជា​ការ​បញ្ជា​ទូរទស្សន៍​ជាដើម
-កាមេរ៉ា​ក្រោយ​អាច​មាន​ទំហំ 16MP ឬ 20MP ជាមួយ​បច្ចេកវិទ្យា Optical Image Stabilization (OIS)
-បំពាក់ Fingerprint Sensor ថ្មី

បើ​តាម​ពាក្យ​ចចាមអារ៉ាម​ផ្សេងៗ​កន្លង​មក​ថា GS6 នឹង​បំពាក់​អង្គ​ប្រតិបត្តិ Exynos 7420 ឬ 8-core Snapdragon 810 សម្រាប់​ដាក់​លក់​លើ​ទីផ្សារ​ខុស​គ្នា។ ស្មាតហ្វូនដ៏​​ថ្មី​សន្លាង​​​នេះ ​មាន​កាមេរ៉ា​បែងចែក​ជា​ពីរ​ទំហំ​ផ្សេង​គ្នា​គឺ 16MP និង 20MP។  RAM ក៏​ចែក​ចេញ​ជា​ពីរ​ទំហំ​ផ្សេង​គ្នា​ដែរ គឺ 3GB និង 4GB និង​ដំណើរការ​ដោយ Android 5.0 Lollipop ដូច​គ្នា។ Galaxy S6 ត្រូវ​គេ​រំពឹង​ទៀត​ថា នឹង​មាន​បច្ចេកវិទ្យា​ពិសេស​អាច​ការពារ​មិន​ឱ្យ​រង​ស្នាម​ឆ្កូត​ទៀត៕


ដោយ៖ លី ឈៀន
ប្រភព៖​ theverge, youtube