៥យ៉ាងដែលមិនគួរនិយាយទៅកាន់កូនប្រុសតូចៗរបស់លោកអ្នក
ការអប់រំកូនឱ្យក្លាយជាមនុស្សល្អ មិនមែនជារឿងងាយស្រួលនោះទេ។ វាត្រូវការពេលវេលា ហើយការអប់រំទៀតសោត គឺត្រូវធ្វើឡើងតាំងពីមិនទាន់ដឹងក្ដីរហូតដឹងក្ដី និងធំពេញវ័យ។ ថ្ងៃនេះ TheBNEWS សូមបង្ហាញមិត្តអ្នកអានឱ្យបានដឹងអំពី ចំណុច ៥យ៉ាងដែលលោកអ្នកគួរនិយាយ ឬបង្រៀនកូនៗតូចៗរបស់លោកអ្នកនោះទេ៖
១) កូនពិតជាកូនប្រុសដ៏អស្ចារ្យមែន! (What a great boy you are)
អ្នកជំនាញអះអាងថា ចំណុចនេះគឺមិនល្អនោះទេ ព្រោះថាវាបង្កប់ទៅដោយអត្ថន័យនៃការឱ្យតម្លៃភេទខុសគ្នាដែលធ្វើឱ្យកូនប្រុសរបស់លោកអ្នកយល់ថា ឱ្យតែប្រុស គឺអស្ចារ្យជាងស្រី។ ការលើកសរសើរកូនរបស់អ្នកគួរតែ កុំនិយាយពីភេទ។ លោកអ្នកអាចនិយាយថា “កូនធ្វើបានល្អ!”។
២) ហៅតែមិត្តភ័ក្ដិប្រុសៗកូនមកចូលរួមខួបកំណើតបានហើយ
អាចស្រដៀងនឹងចំណុចទីមួយដែរ។ ប្រសិនបើលោកអ្នកនិយាយបែបនេះ កូនប្រុសរបស់លោកអ្នកនឹងពិបាកចូលសង្គម (socializing) ហើយប្រហែលជាមិនចេះ ឬក៏ខ្សោយក្នុងការទំនាក់ទំនងជាមួយក្មេងស្រី ឬមិត្តភ័ក្ដិស្រីនៅថ្ងៃអនាគត។ បើមានកម្មវិធីជប់លៀង ឬខួបកំណើតសម្រាប់កូនៗរបស់លោកអ្នក គួរតែអនុញ្ញាតឱ្យគេហៅមិត្តភ័ក្ដិស្រីៗមកចូលរួមដែរ។
៣) ស្រីៗត្រូវតែនៅផ្ទះ ហើយមើលថែក្មេងៗ ឬកូនៗ
នេះជាចំណុចមិនល្អមួយទៀត។ ពាក្យចាស់ខ្មែរថា “ស្ត្រីបង្វិលចង្ក្រានមិនជុំ” មិនត្រូវបាន គេឱ្យតម្លៃទៀតនោះទេ ព្រោះថាបច្ចុប្បន្នស្ត្រីអាចធ្វើកិច្ចការបានដូចមនុស្សប្រុស។ អីចឹងហើយ ជាឪពុកម្ដាយ ត្រូវបញ្ជ្រាបចំណុចនេះដល់កូនប្រុសរបស់លោកអ្នកឱ្យបានយល់តាំងពីតូចមក។ គួរប្រាប់គេថា មើលម្ដាយកូន ម្ដាយកូនធ្វើការងារច្រើនណាស់មិនថានៅផ្ទះ ឬនៅក្រុមហ៊ុនទេ។
៤) ក្មេងប្រុសមិនត្រូវយំទេ
អ្នកជំនាញលើកឡើងថា ឪពុកម្ដាយខ្លះគិតថា ចង់ឱ្យកូនប្រុសធំឡើងរឹងមាំ និងមិនងាយទន់ជ្រាយ ប៉ុន្តែរឿងពិតមួយនោះគឺថា គ្មាននរណាម្នាក់អាចគេចផុតពីបញ្ហាប្រឈមបាននោះទេ ហើយក៏គ្មានអ្វីខុសដែរបើអ្នកនិយាយពីអារម្មណ៍ភ័យខ្លាច ឬអន់ចិត្តនៅពេលណាមួយ។ ការពិតនោះគឺថា ឪពុកម្ដាយអាចបង្រៀនកូនៗរបស់ខ្លួនឱ្យបានដឹងថា បញ្ហាប្រឈមនឹងកើតមានឡើងចៀសមិនរួចប៉ុន្តែរូបគេត្រូវតែរឹងមាំ។ ពួកគេឪពុកម្ដាយនៅចាំគាំទ្រជានិច្ច។
៥) ប្រុសៗគេមិនចម្អិនអាហារទេ
បើលោកអ្នកបង្រៀន ឬប្រាប់គេតាំងពីតូចបែបនេះ គេនឹងចងចាំការពិតការងារមានដាច់ដោយឡែកពីគ្នាសម្រាប់មនុស្ស និងមនុស្សស្រី។ កូនប្រុសរបស់លោកអ្នក ប្រហែលមិនរៀនចម្អិនអាហារ ឬជួយកិច្ចការអ្វីដល់ម្ដាយនោះទេ៕
