កំពូលបុរសជិះកង់ ចំណាយពេល៥ឆ្នាំ ប៊ិះបំបែកឯតទគ្គកម្ម ២៥ម៉ឺនគីឡូម៉ែត្រ តែត្រូវឡានបុកស្លាប់នៅថៃ
បុរសម្នាក់ជាជនជាតិឈីលី (Chile) ដែលបានព្យាយាមធ្វើដំណើរដោយជិះកង់ជុំវិញពិភពលោក ក្នុងរយៈពេល ៥ ឆ្នាំ បានរងគ្រោះថ្នាក់ចរាចរណ៍រហូតដល់បាត់បង់ជីវិត នៅក្នុងថ្ងៃម្សិលមិញតែម្ដងនៅប្រទេសថៃ។ លោក Juan Francisco Guillermo អាយុ ៤០ ឆ្នាំ ពេលកំពុងជិះកង់នៅលើដងផ្លូវសុខៗ ស្រាប់តែរថយន្តធុនតូចមួយគ្រឿងបានបើកមកបុក បណ្ដាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុតែម្ដងក្នុងខេត្តនគររដ្ឋសីមា (Nakhon Ratchasima)។
នគរបាល ក៏ដូចជាបណ្ដាញសង្គមនានាបានចុះផ្សាយថា លោកមានបំណងបំបែកឯតទគ្គកម្មពិភពលោកខាងជិះកង់ជុំវិញពិភពលោក ដែលមានចម្ងាយធ្វើដំណើរសរុប ២៥ ម៉ឺនគីឡូម៉ែត្រក្នុងរយៈពេលប្រាំឆ្នាំ ដើម្បីជាប់ឈ្មោះក្នុង «សៀវភៅឯកទគ្គកម្មពិភពលោក – Guinness World Record»។ លោកចាប់ផ្ដើមធ្វើដំណើរតាំងពីខែវិច្ឆិកា ឆ្នាំ២០១០ និងគ្រោងបញ្ចប់ដំណើរនេះនាខែវិច្ឆិកា ឆ្នាំ២០១៥។ បំណងប្រាថ្នានេះជិតក្លាយជាការពិតទៅហើយ លោកក៏ជួបគ្រោះថ្នាក់រហូតដល់ស្លាប់ ដែលធ្វើឲ្យការខំប្រឹងជិះកង់រាប់សិបម៉ឺនគីឡូម៉ែត្រកន្លងទៅនេះ មិនត្រឹមតែអសាឥតការទេ ថែមទាំងបាត់បង់ទាំងជីវិតទៅទៀត។
អ្នកបើករថយន្ត ត្រូវសមត្ថកិច្ចចាប់ខ្លួន ហើយបានបង់ប្រាក់ធានាសុំនៅក្រៅឃុំ (bail)។ ប្រសិនបើតុលាការចាប់ពិរុទ្ធបាន អ្នកបើកបរប្រឈមនឹងការជាប់ពន្ធនាគារដល់ ១០ ឆ្នាំ (ជាកម្រិតទោសអតិបរមា)។ សាក្សីនៅកន្លែងកើតហេតុនិយាយថា គ្រោះថ្នាក់នេះបណ្ដាលមកពីអ្នកបើកឡាន បើកបរខ្វះការប្រុងប្រយ័ត្ន ព្រោះអ្នកជិះកង់ ជិះមកចិញ្ចើមផ្លូវត្រូវតាមក្រិត្យក្រមច្បាប់៕
ប្រែសម្រួល ៖ អន សំអាង
ប្រភព៖ The Associated Press
