ISIS បញ្ចេញ​វីដេអូ​ថ្មី​៖ ឱ្យ​កូន​ក្មេង​​​ហាត់​ក្បាច់​គុន និង​អប់រំ​សតិអារម្មណ៍​​ ឲ្យ​ក្លាយ​ជា​អ្នក​ចម្បាំង​ឈាន​មុខ​ (មាន​វីដេអូ)

2/23/2015 0 Comments A+ a-


រូបភាព​ផ្ដិត​ពី​វីដេអូ​ដែល​គេ​បង្ហោះ (កុមារ​កំពុង​​ត្រូវ​គេ​បញ្ចូល​មនោគមវិជ្ជា​)ប្រភព៖​ ISIS Video

កាលពី​យប់​មិញ ISIS បាន​បង្ហោះ​វីដេអូ​ដ៏​ថ្មី​សន្លាង​មួយ​ឈុត​ទៀត និយាយ​អំពី​ការ​បណ្ដុះបណ្ដាល និង​បំពាក់​បំប៉ន​ខាង​ស្មារតី និង​សម្ភារៈ​ចំពោះ​កុមារ​ឈាន​មុខ​របស់​គេ ដើម្បី​ក្លាយ​ជា​គ្រាប់ពូជ ស្នង​តំណែង​ពី​អ្នក​ជំនាន់​ចាស់។ ​នៅ​ក្នុង​វីដេអូ គេ​ឃើញ​ក្រុម​ភេរវជន កំពុង​បញ្ចូល​មនោគមវិជ្ជា​ក្មេងៗ ដោយ​បង្រៀន​ ក្បាច់​គុន និង​អប់រំ​សតិអារម្មណ៍

​អ្នក​ជំនាញ​ខាង​វិស័យ​សន្តិសុខ​ជាតិ លោក Alex Kassirer វិភាគ​ឃើញ​ថា​វីដេអូ​នោះ​ថត​នៅ​ប្រទេស​ស៊ីរី នៅ​ក្នុង​មណ្ឌល​ហ្វឹកហ្វឺន​ឈ្មោះ Al Farouk។ វីដេអូ​នេះ​មិន​ដឹង​ថត​នៅ​ពេល​ណា​ឲ្យ​ពិត​ប្រាកដ​នោះ​ទេ។ គ្រូ​បង្គោល​សម្រាប់​មើល​ការ​ខុសត្រូវ​កុមារ​ទាំង​នោះ ឲ្យ​ដឹង​ថា​ក្នុង​ចំណោម​កុមារ​ទាំង ៨០ នាក់​នោះ មាន​ខ្លះ​ជា​កូន​សាសន៍​បរទេស ដែល​ជា​កងប្រដាប់​អាវុធ​ទៅ​ពី​ស្រុក​ក្រៅ​ទៅ​ចូល​រួម​ក្នុង​ក្រុម​ជ្រុល​និយម​និកាយ​ស៊ុននី (Sunni extremists)។


​ការ​បណ្ដុះបណ្ដាល​នេះ​ចែក​ជា​វគ្គៗ។ កុមារ​ទាំង​នោះ​បាន​ឆ្លង​កាត់​វគ្គ​ទី​មួយ​រួច​ហើយ រយៈ​ពេល​បណ្ដុះ​បណ្ដាល ៤ ខែ។ គ្រូ​បង្ហាត់​នោះ​ចាត់​ទុក​កុមារ​ទាំង​នេះ ជា​អ្នក​ដែល​ត្រូវ​បាន​សម្រិតសម្រាំង​យ៉ាង​ពិសេស​ជា​អ្នក​ស្នង​ត្រកូល ឬ​អ្នក​បន្ត​វេន (the next generation of ISIS)។ កុមារ​នៅ​ក្នុង​វីដេអូ​ដែល​ក្រុម ISIS បំពាក់បំប៉ន​ទាំង​នោះ​សុទ្ធតែ​ជា​កុមារា​ទាំង​អស់។

កាលពី​ពេល​កន្លង​ទៅ ISIS បាន​ប្រកាស​រើស​ក្មេងៗ​អាយុ​ក្រោម ១៥ ឆ្នាំ ដើម្បី​យក​ទៅ​ «បញ្ចូល​មនោគមវិជ្ជា​ឲ្យ​ក្លាយ​ជា​មនុស្ស​ថ្មី ឬ​លាង​ខួរ​ក្បាល​ – brainwash» ព្រោះ​ក្មេងៗ ខួរក្បាល​នៅ​ខ្ចី ចង់​ឲ្យ​គេ​បត់​ទៅ​តាម​ផ្លូវ​ណា គឺ​គេ​បត់​ទៅ​តាម​ផ្លូវ​នោះ។ ​នៅ​ក្នុង​វីដេអូ​ដែល ISIS បង្ហោះ​កាលពី​ខែមករា គេ​ឃើញ​កុមារ​ម្នាក់​ដែល​ទទួល​មនោគមវិជ្ជា​ពី ISIS បាន​លើក​កាំភ្លើង​បាញ់​ស្លាប់​ឈ្លើយសឹក​ពីរ​នាក់ ដែល​ត្រូវ​ក្រុម​នេះ​សង្ស័យ​ជា​គិញ​សម្ងាត់ ឬ​ភ្នាក់ងារ​បង្កប់​របស់​ប្រទេស​រុស្ស៊ី (Russian spy)៕


​ប្រែ​សម្រួល ៖ អន សំអាង


ប្រភព៖​ The Daily Mail និង NBC