អាមេរិកទើបសម្រេចបានមនុស្សយន្ត (Robot) សមត្ថភាពអស្ចារ្យចេះជួយពន្លត់អគ្គិភ័យដោយស្វ័យប្រវត្តិ!
ក្រុមអ្នកវិទ្យាសាស្ត្រកងទ័ពជើងទឹករបស់អាមេរិកថ្មីៗនេះទើបបានបង្ហាញសមិទ្ធផលអស្ចារ្យរបស់ខ្លួនជាមួយគំរូ (prototype) រ៉ូបូត (robot) ពន្លត់អគ្គិភ័យដែលមានសមត្ថភាពខ្ពស់អាចជួយសង្គ្រោះមនុស្សនៅក្នុងហេតុការណ៍ភ្លើងឆេះបាន។ មនុស្សយន្តនេះ ត្រូវបានក្រុមស្រាវជ្រាវឱ្យរំពឹងថា នៅថ្ងៃណាមួយ នឹងមានសមត្ថភាពអាចវិនិច្ឆ័យដឹង និងអាចការពារពីគ្រោះថ្នាក់សុវត្ថិភាពតាមសមុទ្របាន។
មនុស្សយន្តដែលចេះពន្លត់អគ្គិភ័យដោយស្វ័យប្រវត្តិនេះ មានឈ្មោះថា Shipboard ឬ SAFFiR ហើយត្រូវបានបង្កើតឡើងដោយក្រុមអ្នកជំនាញផ្នែករ៉ូបូតនៅសាកលវិទ្យាល័យ Virginia Tech សហរដ្ឋអាមេរិក។ លក្ខណៈសម្បត្តិមនុស្សយន្តដ៏ពិសេសនេះ គឺមានជើងពីរ កម្ពស់ ៥ហ្វីត ឬប្រហែល ១,៥២ម៉ែត្រ ទម្ងន់ ១៤៣ផោន ឬប្រហែល ៦៥គីឡូក្រាម អាចបត់បែន បំពេញបេសកកម្មជួយពន្លត់អគ្គិភ័យបានក្នុងទីកន្លែងចង្អៀតស្មុគស្មាញ ដែលមនុស្សពិបាកធ្វើការនេះបាន។
ដើម្បីឱ្យ SAFFiR ដំណើរការមុខងាររបស់ខ្លួនបានដោយស្វ័យប្រវត្តិ ក្រុមអ្នកស្រាវជ្រាវបាន បំពាក់ប្រព័ន្ធរ៉ាដា និងកាមេរ៉ានៅលើនោះ។ SAFFiR នៅពេលនេះ ត្រូវបានដាក់ឱ្យធ្វើតេស្តសាកល្បងសមត្ថភាពប៉ុណ្ណោះ ប៉ុន្តែក្រុមអ្នកជំនាញក៏មានបំណងនឹងអភិវឌ្ឍរ៉ូបូតឆ្លាតវៃនេះឱ្យមានសមត្ថភាពពេញលេញ អាចបំពេញប្រតិបត្តិការជំនួសមនុស្សបានពេញលេញតែម្ដង៕
ប្រែសម្រួល៖ លី ឈៀន
ប្រភព៖ businessinsider
