MacBook Pro ជួបបញ្ហានៅពេលចាក់វីដេអូ
ថ្មីៗនេះ ក្រុមហ៊ុន Apple បានប្រកាសផ្ដល់ជូនសេវាកម្មជួសជុលស៊េរីកុំព្យូទ័រ MacBook Pro ទាំងឡាយដែលបានចេញលក់តាំងពីខែកុម្ភៈ ឆ្នាំ២០១១ ទៅដល់ខែធ្នូ ឆ្នាំ២០១៣ ដែលមានបញ្ហានៅត្រង់វីដេអូ (video)។
នេះគឺជាកម្មវិធីផ្ដល់ជូនការជួសជុលកាន់តែធំទូលាយថ្មីមួយទៅលើ MacBook Pro ដែលក្រុមហ៊ុនផ្ដល់ជូនការជួសជុល notebook ទៅតាមស៊េរីចេញក្នុងអំឡុងឆ្នាំខាងលើ។ ក្រុមហ៊ុន Apple បានរកឃើញប្រព័ន្ធរបស់ MacBook Pro មួយចំនួនតូច បង្ហាញវីដេអូខុស គ្មានវីដេអូ ឬនៅសុខៗក៏ restart ដោយមិនបានធ្វើ។ ប្រព័ន្ធ MacBook Pro ទាំងនេះ ត្រូវបានក្រុមហ៊ុនបញ្ចេញលក់លើទីផ្សារនៅចន្លោះខែកុម្ភៈ ឆ្នាំ២០១១ ទៅដល់ខែធ្នូ ឆ្នាំ២០១៣។
ក្រុមហ៊ុន Apple នឹងផ្ដល់សេវាកម្មជួសជុលដល់អតិថិជនដោយឥតគិតថ្លៃ លើកុំព្យូទ័រ MacBook Pro ដែលមានបញ្ហាដូចរៀបរាប់ខាងលើ។ ខាងក្រោមនេះ គឺជាបញ្ហាលំអិត ព្រមទាំងការផ្ដល់ជម្រើសសេវាកម្មនៅលើម៉ូដែល MacBook Pro៖
មានអាការៈ មួយចំនួនដែល MacBook Pro ជួបបញ្ហាដូចជា រអាក់រអួលពេលបើកវីដេអូមិនបានរលូន (ខុសពីរូបដើម ខុសពីសំឡេងដើម) ឬមិនមានវីដេអូបង្ហាញលើអេក្រង់កុំព្យូទ័រ និងសូម្បីតែនៅលើអេក្រង់ External display ទោះបីកុំព្យូទ័រកំពុងបើកធម្មតា និងអាចធ្វើឲ្យកុំព្យូទ័រ restart បាន។
ម៉ូដែលកុំព្យូទ័ររបស់ Apple ដែលមានបញ្ហាវីដេអូរួមមាន៖ ម៉ូដែល MacBook Pro អេក្រង់ ១៥អ៊ីញស៊េរីឆ្នាំ២០១១ និងម៉ូដែលចេញចុងឆ្នាំ២០១១, ម៉ូដែល MacBook Pro អេក្រង់ ១៧អ៊ីញស៊េរីឆ្នាំ២០១១ និងម៉ូដែលចុងឆ្នាំ២០១១, ម៉ូដែល MacBook Pro អេក្រង់ ១៥អ៊ីញមាន Retina display ចេញនៅពាក់កណ្ដាលឆ្នាំ២០១២ និងដើមឆ្នាំ២០១៣។
ប្រសិនលោកអ្នកមានបញ្ហាលើវីដេអូជាមួយស៊េរី notebook ទាំងឡាយខាងលើ ដូច្នេះអ្នកអាចទាក់ទងទៅក្រុមហ៊ុន Apple តាមរយៈតំណភ្ជាប់នេះ ដើម្បីទទួលបានការសេវាកម្មជួសជុលឥតគិតថ្លៃបាន៕
ប្រែសម្រួល៖ លី ឈៀន
ប្រភព៖ apple