​វីដេអូ ISIS ​កាត់​ក្បាល​ជនជាតិ​អេហ្ស៊ីប ២១នាក់​ មិន​មែន​ជា​ការពិត ១០០%ទេ

2/22/2015 0 Comments A+ a-

រូបភាព​ដែល​ផ្ដិត​ចេញ​ពី​វីដេអូ (ISIS បណ្ដើរ​ចំណាប់​ខ្មាំង​)ប្រភព៖​ The Daily Mail
​កាលពី​ថ្ងៃ​ទី១៧ កុម្ភៈ ២០១៥ ក្រុម ISIS បាន​បង្ហោះ​វីដេអូ​មួយ​ដែល​មាន​រយៈ​ពេល ៥ នាទី​ ស្ដីពី​សកម្មភាព​កាត់​ក្បាល​ជនជាតិ​អេហ្ស៊ីប ២១ នាក់​ជា​គ្រិស្ត​បរិស័ទ។ ខ្សែវីដេអូ​នេះ​ត្រូវ​គេ​សង្ស័យ​ថា​ទំនង​មិន​មែន​ជា​ការ​ពិត ១០០% ទេ ព្រោះ​អ្នក​ជំនាញ​បាន​អះអាង​កាលពី​ពេល​ថ្មីៗ​យ៉ាង​ដូច្នេះ បន្ទាប់​ពី​យក​វីដេអូ​នោះ​មក​ពិនិត្យ​មើល​ឡើង​វិញ ហើយ​វិភាគ​លើ​ខ្លឹមសារ​វីដេអូ ធៀប​នឹង​ទិដ្ឋភាព​ជាក់​ស្ដែង។ ខាងក្រោម​នេះ​ជា​ការ​រៀបរាប់​ត្រួសៗ ដែល​បញ្ជាក់​ថា​វីដេអូ​នោះ​មិន​ពិត​ទាំង​ស្រុង ហើយ​ត្រូវ​គេ​យក​ទៅ​ថែមថយ​ត្រង់​ចំណុច​ខ្លះ។

ខ្សែវីដេអូ ដែល​ក្រុម ISIS ​បង្ហោះ​តាម​បណ្ដាញ​សង្គម កាលពី​សប្ដាហ៍​មុន បង្ហាញ​ថា​ជនជាតិ​អេហ្ស៊ីប ២១ នាក់​នៅ​ប្រទេស​លីប៊ី (Libya) ត្រូវ​ក្រុម​នេះ​កាត់​ក្បាល​ក្បែរ​មាត់​សមុទ្រ ជាមួយ​និង​ផ្ទៃ​សមុទ្រ​ក្រហម​ច្រាល ក្រាល​ដោយ​ឈាម។ ​នៅ​ក្នុង​វីដេអូ គេ​ឃើញ​ចំណាប់​ខ្មាំង​ត្រូវ​គេ​បណ្ដើរ​ម្នាក់​មួយៗ តាម​បណ្ដោយ​ឆ្នេរ​សមុទ្រ​។ តាមពិត ​វីដេអូ​​នេះ​មិន​មែន​ជា​ការ​ពិត​ទាំង​ស្រុង​ទេ គឺ​មាន​ឈុត​ខ្លះ ត្រូវ​ ISIS កែ​ច្នៃ​បន្ថែម​តាម​បច្ចេកទេស​ទំនើប។ នេះ​ជា​ការ​អះអាង​របស់​អ្នក​ជំនាញ​ខាង​វិភាគ​វីដេអូ។

តាមពិត វីដេអូ​នេះ​ថ្វីត្បិត​មិន​ពិត​ត្រង់​ផ្នែក​ខ្លះ ក៏​មិន​មែន​មាន​ន័យ​ថា​គ្មាន​ការ​ពិត ១០០% នោះ​ដែរ។ អ្នក​ជំនាញ​អះអាង​ថា​ក្រុម ISIS យក​វីដេអូ​ដើម មក​កែច្នៃ​ក្នុង​កម្មវិធី​កុំព្យូទ័រ​មួយ​ចំនួន តាម​បច្ចេកវិទ្យា​ទំនើប ហើយ​មិន​មែន​ប្រើ​កម្មវិធី​ធម្មតា​ៗ​ដូច​ជា​៖ Photoshop ឬ Adobe After Effect ទេ​ប៉ុន្តែ​ប្រើ​សុទ្ធ​តែ​កម្មវិធី​ទំនើប​មិន​ចាញ់​ហូលីវូដ​​ប៉ុន្មាន​ឡើយ​។ ឧទាហរណ៍ ផ្ទៃ​សមុទ្រ​ទូទៅ ទូទាំង​ពិភពលោក គឺ​មាន​ពណ៌​ខៀវ ប៉ុន្តែ​ផ្ទៃ​សមុទ្រ​នៅ​ក្នុង​វីដេអូ ត្រូវ​គេ​កែច្នៃ​ឲ្យ​ទៅ​ជា​ពណ៌​ក្រហម​ច្រាល​ដូច​ឈាម។ ចំណុច​មួយ​ទៀត ឆ្នេរខ្សាច់ និង​មាត់​សមុទ្រ​នោះ មិន​មែន​ជា​ការ​ពិត​ទេ។ អ្នក​ជំនាញ​សង្ស័យ​ថា​​​វីឌីអូ​នោះ​ថត​ក្នុង​ស្ទូឌីយោ និង​សម្រាំង​រូប​ភាព (edit)​ ​​តាម​បច្ចេកវិទ្យា​ទំនើប​។ 


វីដេអូ​ដែល​គេ​កែច្នៃ បង្ហាញ​ថា​ ISIS មាឌ​ធំ​ជាង​ចំណាប់​ខ្មាំង​ឆ្ងាយ​ណាស់​ (ប្រភព៖ The Daily Mail)
វីដេអូ​ដែល​គេ​កែច្នៃ បង្ហាញ​ថា​ ISIS មាឌ​ធំ​ជាង​ចំណាប់​ខ្មាំង​ឆ្ងាយ​ណាស់​ (ប្រភព៖ The Daily Mail)

អ្នក​ជំនាញ​ខាង​វិស័យ​ភាពយន្ត និង​វីដេអូ អះអាង​ថា​​មនុស្ស​ធម្មតាៗ​ មិន​មាន​សមត្ថភាព​ផលិត​ខ្សែវីដេអូ បាន​ល្អ​ដល់​កម្រិត​នេះ​ទេ  ព្រោះ​នេះ​ជា​បច្ចេកវិទ្យា​ខ្ពស់​ ដែល​មាន​តែ​ក្រុមហ៊ុន​ផលិត​ភាពយន្ត​ហូលីវូត (Hollywood) របស់​សហរដ្ឋ​អាមេរិក​ទេ ទើប​ធ្វើ​បាន​ល្អ​ដល់​ថ្នាក់​ហ្នឹង។ ចំពោះ​រូប​វាលខ្សាច់ ត្រូវ​ ISIS កាត់​ត​បន្ថែម​ជា​ផ្ទៃ​ខាង​ក្រោយ (background)។

​អ្នក​ស្រី Veryan Khan ជា​អ្នក​ជំនាញ​ខាង​វិភាគ និង​ប្រមូល​ព័ត៌មាន​អំពី​ភេរវកម្ម​។ អ្នក​ស្រី​​​អះអាង​ថា៖ ទោះ​បី ISIS ពូកែ​សម្រាំង​រូបភាព​ និង​កែច្នៃ​តាម​បច្ចេកវិទ្យា​ភាពយន្ត​ទំនើប​បែប​នេះ​ក្ដី ក៏​គង់​នៅ​មាន​ចំណុច​ខុសឆ្គង​ខ្លះ ដែល​អ្នក​ជំនាញ​អាច​ចាប់​ថ្នាក់​បាន។ ឧទាហរណ៍ ​វីដេអូ​បង្ហាញ​ថា​ក្រុម​ជីហាត (Jihadis) ដែល​បណ្ដើរ​ចំណាប់​ខ្មាំង​នោះ កម្ពស់​រហូត​ដល់​ជាង ២ ម៉ែត្រ បើ​គិត​មើល​ទៅ ខ្ពស់​ជាង​ចំណាប់​ខ្មាំង​ជាង​កន្លះ​ម៉ែត្រ។ ​សមិទ្ធិករ​ភាពយន្ត​ហូលីវូត (Hollywood director) អ្នកស្រី Mary Lambert ​ក៏​យល់​យ៉ាង​ដូច្នេះ​ដែរ។ លោក​ស្រី​យល់​ថា​នៅ​ក្នុង​វីដេអូ អ្នក​​បណ្ដើរ​ចំណាប​ខ្មាំង​​​កម្ពស់​ណាណី ចំណែក​ចំណាប់​ខ្មាំង​ទាប​កន្តឿៗ។ ចំណុច​ហ្នឹង​ហើយ​​ ដែល​ជា​ភស្តុតាង​ថា​វីដេអូ​នេះ​ ជា​វីដេអូ​កែច្នៃ​។

​សរុប​សេចក្ដី​មក សកម្មភាព​កាត់​ក្បាល​នោះ ​គឺ​ពិត​ជា​បាន​កាត់​មែន ហើយ​កាត់​ក្បាល និង​ថត​ក្នុង​ស្ទូឌីយោ។ បន្ទាប់​មក វីដេអូ​ដើម ត្រូវ ISIS យក​ទៅ​កែច្នៃ ដោយ​បន្ថែម​រូប​ផ្ទៃ​សមុទ្រ និង​ឆ្នេរ​ខ្សាច់​ ដើម្បី​ធ្វើ​ឲ្យ​វីដេអូ​មាន​លក្ខណៈ​រស់​រវើក និង​អច្ឆរិយ៕


ប្រែ​សម្រួល ៖ អន សំអាង
ប្រភព៖​ The Daily Mail , Fox News , CNN