ការ​ពិត iPhone មាន​​រូបមន្ត​សំខាន់​ ៩​យ៉ាងទើប​​ឈ្នះ​​​​ទូរស័ព្ទ Android ល្បី​ដូច​សព្វថ្ងៃ

2/04/2015 0 Comments A+ a-

ប្រសិន​លោកអ្នក​ទិញ​ស្មាតហ្វូន​ស៊េរី​ខ្ពស់ អ្នក​នឹង​មាន​អារម្មណ៍​កក់ក្ដៅ ព្រម​ជាមួយ​ទំនុក​ចិត្ត​ខ្លាំង​ទៅ​លើ​គុណភាព និង​មុខងារ​ពិសេស បច្ចេកវិទ្យា​ចុងក្រោយ​នៅ​លើ​នោះ។ យ៉ាងណា គេ​នៅតែ​មាន​ការ​ប្រៀបធៀប​ស្មាតហ្វូន​ដែល​ខ្លួន​កំពុង​កាន់​ក្នុង​ដៃ ទៅ​នឹង​ស្មាតហ្វូន​ទំនើបៗ​ជាច្រើន​ទៀត​នៅ​លើ​ទីផ្សារ។ ជាក់ស្ដែង អ្នក​មាន​ទូរស័ព្ទ iPhone តែង​មាន​ការ​ប្រៀបធៀប​ទៅ​នឹង​ទូរស័ព្ទ Galaxy ឬ​ស្មាតហ្វូន Android ស៊េរី​ខ្ពស់ៗ​ដ៏ទៃ​ទៀត ឬ​អ្នក​មាន​ស្មាតហ្វូន Android មួយ​ចំនួន យល់​ថា​ទូរស័ព្ទ​របស់​ខ្លួន​កំពុង​ប្រើ គឺ​ល្អ​ជាង iPhone។

ចុះ​មិត្ត​អ្នក​អាន​វិញ តើ​យល់​យ៉ាងណា​រវាង iPhone និង​ស្មាតហ្វូន Android? តើ​មួយ​ណា​ល្អ​ជាង​មួយ​ណា? នៅ​ទំព័រ​មុន ស្មាតហ្វូន Android មាន ១៥ចំណុច​យក​ឈ្នះ iPhone ចំណែក​ពេល​នេះ​វិញ iPhone មាន ៩ចំណុច​សម្រាប់​តតាំង​វិញ។  ខាងក្រោម​នេះ គឺ​ជា​លក្ខណៈ​លេចធ្លោ ៩ចំណុច​ដែល iPhone ល្អ​ជាង​ទូរស័ព្ទ​ប្រើ Android OS៖


១) ទូរស័ព្ទ iPhone មាន​កម្មវិធី (app) ល្អៗ​មុន​ទូរស័ព្ទ Android

1

បើ​ទោះបី ចំណែក​ទីផ្សារ iPhone នៅ​តូច​ជាង​ស្មាតហ្វូន Android ក្ដី ក៏​ប៉ុន្តែ​អ្នក​អភិវឌ្ឍ​កម្មវិធី (developer) ​បច្ចុប្បន្ន​នៅ​តែ​សម្រុក​បង្កើត app សម្រាប់​ដំណើរការ​នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ iOS មុន Android។ អ្នក​អាច​ស្វែងរក និង​ប្រៀបធៀប app ដូច​គ្នា​នៅ​លើ iPhone និង​ទូរស័ព្ទ Android ប៉ុន្តែ​មុខងារ និង​ការ​ឌីហ្សាញ​នៅ​ចាស់ app ដែល​បង្កើត​សម្រាប់ iOS។

២) ការ​ឌីហ្សាញ​រូបរាង iPhone ស្អាត​ជាង​ស្មាតហ្វូន Android

2

ក្រៅពី​ស្មាតហ្វូន​ពីរ​ម៉ូដែល​គឺ HTC One និង Xiaomi Mi Note ដែល​ត្រូវ​បាន​សាធារណជន​ជាច្រើន​ដាក់​ពិន្ទុ​ខ្ពស់​លើ​ការ​រចនា​ស្អាត ទាន់សម័យ​នោះ ដូច​ជា​ពុំ​មាន​ស្មាតហ្វូន​ណា​ទៀត​អាច​ប្រៀបធៀប​នឹង iPhone បាន​នៅឡើយ។ iPhone ទទួល​បាន​ការ​ពេញ​និយម​ដូច​សព្វថ្ងៃ​ក៏​ព្រោះតែ​ការ​ឌីហ្សាញ​រូបរាង​មាន​លក្ខណៈ​ល្អ​ស្អាត​ខុស​ពី​ទូរស័ព្ទ Android ដែល​តែង​មាន​រូបរាង​ប្លែកៗ​ពី​គ្នា។

៣) ប្រព័ន្ធ​បង់ប្រាក់​តាម​ទូរស័ព្ទ (mobile-payments system) Apple Pay ដែល​បំពាក់​នៅ​លើ iPhone 6/6 Plus គឺ​មាន​លក្ខណៈ​ទំនើប និង​ពិសេស

3

មុខងារ Apple Pay ទោះបី​ទើប​ចាប់ផ្ដើម​បើ​ទំព័រ​ប្រវត្តិសាស្ត្រ​ក្ដី ប៉ុន្តែ​ក្នុង​នោះ Apple គឺ​ជា​ក្រុមហ៊ុន​ដំបូង​គេ​ដែល​បង្កើត​ឡើង​សម្រាប់​ផ្ដល់​ភាព​ងាយស្រួល​ដល់​អ្នក​ប្រើ អាច​ទូទាត់​ថ្លៃ​ទំនិញ​ដោយ​ប្រើ​ទូរស័ព្ទ​ដៃ។ iPhone 6/6 Plus មាន NFC ដែល​អាច​គាំទ្រ​មុខងារ Apple Pay នេះ ហើយ​បច្ចុប្បន្ន​ក្រុមហ៊ុន Apple កំពុង​ទាក់ទង​ទៅ​ក្រុមហ៊ុន និង​ធនាគារ​ហិរញ្ញវត្ថុ​ដើម្បី​សហការ​ផ្ដល់​ការ​គាំទ្រ​ជាមួយ​មុខងារ Apple Pay របស់​ខ្លួន។

៤) បុគ្គលិក​នៅ Apple Store ផ្ដល់​សេវាកម្ម​ល្អ និង​រាក់ទាក់ រង់ចាំ​ឆ្លើយ​រាល់​ចម្ងល់​របស់​អតិថិជន

4



តើ​អ្នក​នឹង​ទិញ​សុំ​ជំនួយ​ពី​នរណា នៅ​ពេល​ទូរស័ព្ទ Android របស់​អ្នក​មាន​បញ្ហា​ម្ដងៗ? យោង​តាម​សារព័ត៌មាន Business Insider ឱ្យ​ដឹង​ថា តាម​បណ្ដា​ក្រុមហ៊ុន និង​ហាង​ចែកចាយ​ស្មាតហ្វូន Android គឺ​មិន​មាន​ផ្ដល់​ការ​ណែនាំ​នៅ​ពេល​ទូរស័ព្ទ Android មាន​បញ្ហា​ទាំង​អស់​ឡើយ។ ដោយឡែក ចំពោះ​គ្រប់​ហាង Apple Store ទាំង​អស់ គឺ​មាន​នូវ​បុគ្គលិក​រួសរាយ​រាក់ទាក់ រង់ចាំ​ឆ្លើយ​នឹង​សំណួរ និង​ចម្ងល់​ទាំងឡាយ​របស់​អតិថិជន​ទាំងអស់។

៥) ឆាប់ៗ​នេះ អ្នក​នឹង​អាច​បញ្ជា​សម្ភារៈ​ប្រើប្រាស់​ក្នុង​ផ្ទះ​ជាច្រើន ដោយ​គ្រាន់តែ​ប្រើ iPhone

5



ប្រព័ន្ធ Platform ប្រភេទ smart-home របស់​ Apple ដែល​ហៅ​ឈ្មោះ​ថា HomeKit នឹង​ត្រូវ​ក្រុមហ៊ុន​ដាក់ចេញ​ឱ្យ​ប្រើប្រាស់​ប្រកប​ដោយ​ភាព​ឆ្លាតវៃ​ បច្ចេកវិទ្យា​ខ្ពស់ ដើម្បី​ផ្ដល់​ភាព​ងាយស្រួល​បញ្ជា​សម្ភារៈ​ប្រើប្រាស់​ក្នុង​ផ្ទះ​ជូន​អតិថិជន និង​កាន់តែ​សម្បូរ​បែប​ថែមទៀត​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ។

HomeKit គឺ​ជា platform ដែល​នឹង​អនុញ្ញាត​ឱ្យ​អ្នក​ប្រើ គ្រប់គ្រង និង​បញ្ជា​ឧបករណ៍​អេឡិចត្រូនិក​មួយ​ចំនួន​នៅ​ក្នុង​ផ្ទះ ពី​ចម្ងាយ​ដូច​ជា អំពូល​ភ្លើង និង​ប្រដាប់​ប្រើប្រាស់​ជាច្រើន​ទៀត ដោយ​ប្រើ iPhone ឬ iPad។ គេ​រំពឹង​ថា នៅ​ចុង​ឆ្នាំ២០១៥ នេះ HomeKit នឹង​បំពេញ​មុខងារ​បាន​ពេញ​លេច នឹង​ត្រូវ​បាន​ដាក់​ឱ្យ​ប្រើ​ទូលំទូលាយ។

៦) ឪពុកម្ដាយ មាន​ភាព​ងាយស្រួល​ក្នុង​ការ​ត្រួតពិនិត្យ​កម្មវិធី (app) ដែល​កូនៗ​ប្រើប្រាស់​បាន​ល្អ​ជាង​ទូរស័ព្ទ Android

6



នៅ​លើ​ iOS 8 ត្រូវ​បាន Apple បន្ថែម​មុខងារ​មួយ​ឈ្មោះ​ថា Family Sharing ដែល​អាច​ឱ្យ​អ្នក​ចែកចាយ (share) កម្មវិធី (apps), សៀវភៅ (book) និង​មាតិកា​ផ្សេងៗ​ឆ្លងកាត់​ឧបករណ៍ (device) ផ្សេងៗ​គ្នា​របស់​សមាជិក​គ្រួសារ​បាន។

មុខងារ Family Sharing ថែមទាំង​អាច​ឱ្យ​អ្នក​ដាក់កម្រិត​នៃ​ការ​ប្រើប្រាស់ app របស់​កូនៗ​ ដោយ​គិត​ថា app ទាំង​នោះ​មិន​ស័ក្ដិសម​សម្រាប់​ក្មេងៗ​ប្រើ។

៧) គ្មាន​ទូរស័ព្ទ Android ណា យក​ឈ្នះ​បច្ចេកវិទ្យា​ស្កេន​ក្រយៅដៃ fingerprint sensor របស់ iPhone នៅ​ឡើយ ខណៈ Samsung និង HTC កំពុង​អភិវឌ្ឍ​ដែរ

7



ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន​ Android ចំនួន​ពីរ​គឺ Samsung និង HTC បាន​ខិតខំ និង​បាន​អភិវឌ្ឍ​មុខងារ​ស្កេន​ក្រយៅដៃ​បំពាក់​លើ​ទូរស័ព្ទ​របស់​ខ្លួន។ ប៉ុន្តែ fingerprint នៅ​លើ​ទូរស័ព្ទ​ទាំងនោះ មិន​ទាន់​មាន​សារប្រយោជន៍ និង​ដំណើរការ​ទៀងទាត់​ដូច TouchID sensor នៅ​លើ iPhone 6/6 Plus នៅ​ឡើយ។

ប៉ុន្មាន​ឆ្នាំ​មុន ក្រុមហ៊ុន Apple បាន​ទិញ​ក្រុមហ៊ុន Authentec ដែល​មាន​ឯកទេស​បង្កើត fingerprint sensor សមត្ថភាព​ខ្ពស់​សម្រាប់​បំពាក់​លើ​ទូរស័ព្ទ។ មក​ដល់​ពេល​នេះ គ្មាន​នរណា​អាច​ប្រកួត​ជាមួយ TouchID បាន​នោះ​ទេ។

៨) កាមេរ៉ា​ទូរស័ព្ទ Android ចំនួន​តិចតួច​ណាស់ ដែល​អាច​ប្រៀបធៀប​នឹង​កាមេរ៉ា iPhone 6 (ផ្ដោត​លើ​គុណភាព មិន​និយាយ​ចំពោះ​ទំហំ MP)

8



ស្មាតហ្វូន Android ស៊េរី​ខ្ពស់​មួយ​ចំនួន​បាន​បំពាក់​កាមេរ៉ា​មាន​គុណភាព​ល្អ មិន​ចាញ់ iPhone 6 នោះ​ទេ ជាក់ស្ដែង Galaxy Note 4 ជាដើម។ កាមេរ៉ា iPhone 6 មាន​សមត្ថភាព​ថត​រូប​បាន​ច្បាស់​ល្អ ជាមួយ​មុខងារ​កាមេរ៉ា​ថត​វីដេអូ​ពិសេសៗ ដូច​ជា slow-motion និង time-lapse ជាដើម។ មាន​ពាក្យ​ចចាមអារ៉ាម​មក​ថា iPhone ជំនាន់​ថ្មី​នឹង បំពាក់​បច្ចេកវិទ្យា DSLRs កាមេរ៉ា​ទៀត។

៩) Software តែង​ទទួល​បាន​ការ​ធ្វើ​បច្ចុប្បន្នភាព​ជានិច្ច មិន​ដូច​ទូរស័ព្ទ Android ដែល​កម្រ​បាន ឬ​មិន​អាច​អាប់ដេត (Update) ព្រោះតែ​ស៊េរី​ចាស់​ពេក

9



Google បាន​ធ្វើ​បច្ចុប្បន្នភាព​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​ទូរស័ព្ទ Android ក្នុង​មួយ​ឆ្នាំ​ម្ដង ដូច​ជា iOS របស់ Apple អីចឹង​ដែរ។ ម្ចាស់​ស្មាតហ្វូន​ Android មួយ​ចំនួន មិន​សុទ្ធតែ​អាច​ធ្វើ​បច្ចុប្បន្នភាព Software ចុងក្រោយ​នោះ​ទេ លុះត្រា​តែ​ទិញ​ស្មាតហ្វូន​ថ្មី​មួយ​ទៀត។ នោះ​ដោយសារ​តែ ក្រុមហ៊ុន​ជា​ម្ចាស់​ម៉ាក​ទូរស័ព្ទ មិន​ផ្ដល់​កញ្ចប់​គាំទ្រ​ការ​អាប់ដេត (Update) ផ្ទុយ​គ្នា​ពី ម្ចាស់ iPhone ដែល​តែងតែ​អាច Update បាន​នៅ​ពេល Apple ​ដាក់ចេញ​ជំនាន់ iOS ថ្មីៗ។

ប្រែ​សម្រួល៖ លី ឈៀន
ប្រភព៖​ businessinsider