តារាបង្ហាញម៉ូដក្រូអាតយកកាំបិតចាក់ទ្រូងសម្លាប់បងប្អូនភ្លោះព្រោះតែច្រណែន
សារព័ត៌មាន New York Post បានចុះផ្សាយថា តារាបង្ហាញម៉ូដក្រូអាត បានត្រូវប៉ូលិសឃុំឃាំងពីបទចោទប្រកាន់ថា បានព្យាយាមសម្លាប់បងប្អូនភ្លោះរបស់នាង ដោយសារតែច្រណែនដែលបងប្អូនភ្លោះនាងបានសេពគប់ជាមួយបុរសដែលនាងស្រលាញ់ ខណៈអាការៈជនរងគ្រោះកំពុងស្ថិតក្នុងគ្រោះថ្នាក់នៅឡើយ។
ប៉ូលិសបានចាប់ឃាត់ខ្លួននាង Sara Grkovic តារាបង្ហាញម៉ូដល្បីវ័យ២២ឆ្នាំប្រទេសក្រូអាតដោយបទចោទប្រកាន់ថា បានយកកាំបិតចាក់ទ្រូងនាង Dajana Gkovic ដែលជាបងប្អូនភ្លោះ ក្រោយបានទទួលបណ្ដឹងពីអ្នកនៅកន្លែងកើតហេតុកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន។
តាមពេលវេលា និងម៉ោងក្នុងប្រទេសក្រូអាត ក្រោយអ្នកទាំងពីរបានឈ្លោះប្រកែកពាក្យសម្ដីគ្នាយ៉ាងខ្លាំង ព្រោះតែនាង Sara ច្រណែនបងប្អូនភ្លោះដែលបានសេពគប់ជាមួយបុរសម្នាក់ដែលនាងលួចស្រលាញ់ ដោយនាងបានប្រើកាំបិតធ្វើម្ហូបចាក់ទៅលើនាង Dajana បណ្ដាលឱ្យនាង Dajana រងរបួសធ្ងន់ធ្ងរ និងត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
មិត្តភក្តិអ្នកទាំងពីរបានឱ្យដឹងថា បងប្អូនស្រីភ្លោះទាំងពីរនាក់រស់នៅផ្ទះជាមួយម្ដាយ ប៉ុន្តែថ្ងៃកើតហេតុម្ដាយនាងមិនបានស្ថិតនៅផ្ទះនោះទេ ដោយសារតែលោកស្រីទៅបំពេញភារកិច្ចការងារនៅប្រទេសអាល្លឺម៉ង់ ចំណែកឪពុកបងប្អូនភ្លោះទាំងពីរ មិនដែលទាក់ទងមកឡើយ។
អ្នកជិតខាងម្នាក់ក៏បានឱ្យសារព័ត៌មានដឹងដែរថា គាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះហេតុការណ៍អកុសលនេះ ព្រោះធម្មតាអ្នកទាំងពីរជាក្មេងសុភាព ប៉ុន្តែត្រលប់មកវិញ គាត់គិតថាទោះបីជាបងប្អូនភ្លោះក្ដី ប៉ុន្តែអ្នកទាំងពីរអាចនឹងមានភាពប្រកួតប្រជែងគ្នា អ្នកណាស្អាតជាអ្នកណាក៏ថាបាន។
បច្ចុប្បន្នស្ថានភាពជំងឺ Dajana មិនទាន់វិវត្តន៍យ៉ាងណានោះទេពោលគឺនៅធ្ងន់ដដែល ហើយកំពុងសម្រាកព្យាបាលនៅក្នុងបន្ទប់សង្គ្រោះអ្នកជំងឺធ្ងន់ធ្ងរក្នុងមន្ទីរពេទ្យនៃប្រទេសក្រូអាត។ នាងរងរបួសផ្នែកទ្រូង និងភ្លៅខាងស្ដាំ៕
ប្រែសម្រួល៖ សុខា នីកា
ប្រភព៖ nypost.com
