iPhone 6S នឹង​​មិន​ងាយ​កោង មិន​ងាយ​​បែក និង​មិន​​ឆ្កូត​

2/12/2015 0 Comments A+ a-

នៅ​ក្នុង​ជំនួប​ប្រជុំ​មួយ​រវាង​វិនិយោគិន​ក្នុង​ទីក្រុង​ញ៉ូវយ៉ក​កន្លង​ទៅ​ថ្មីៗ​នេះ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Corning លោក James Clappin បាន​ប្រកាស​អំពី​គម្រោង​អភិវឌ្ឍ​បច្ចេកវិទ្យា​កញ្ចក់​អេក្រង់​ស្មាតហ្វូន​ដើម្បី​ឱ្យ​មាន​គុណភាព​ខ្ពស់ ឬ​អាច​ល្អ​ជាង​កញ្ចក់​ដែល​ផលិត​ពី​ត្បូង​កណ្ដៀង​ថែមទៀត។

ក្រុមហ៊ុន Corning ដែល​មាន​ឯកទេស​ផលិត​កញ្ចក់​​អេក្រង់​គុណភាព​ខ្ពស់​ស៊េរី​ Gorilla Glass កាលពី​ពេល​ថ្មីៗ​នេះ បាន​ប្រកាស​ចេញ​កញ្ចក់ Gorilla Glass ជំនាន់​ទី៤ ​បច្ចេកវិទ្យា​កាន់តែ​ទំនើប រឹងមាំ​ល្អ​​ជាង​មុន សម្រាប់​គួបផ្សំ​ទៅ​នឹង​​វិស័យ​អភិវឌ្ឍ​ស្មាតហ្វូន។​ Gorilla Glass 4 ល្អ​ហើយ តែ​ក្រុមហ៊ុន Corning ក៏​នៅ​មាន​របក​គំហើញ​ថ្មី​មួយ​ចំនួន​ទៀត ត្រឹម​នឹង​បង្អួត​សាធារណជន​នា​ពេល​ឆាប់ៗ​ខាង​មុខ។



​កញ្ចក់​ត្បូង​កណ្ដៀង (Sapphire) គឺ​ពិត​ជា​មាន​គុណភាព​ខ្ពស់ ​ប្រើ​មិន​ចេះ​ឆ្កូត​ទេ ប៉ុន្តែ​វា​មាន​លក្ខណៈ​ផុយ​ជាង​កញ្ចក់​ទូទៅ។ ប្រសិនបើ​កញ្ចក់ Sapphire រង​សម្ពាធ​ដោយ​ការ​រលាស់ នោះ​វា​អាច​បែក​បាន។ ផ្ទុយ​ទៅវិញ​កញ្ចក់ Gorilla Glass អាច​រ៉ាប់រង​នឹង​លក្ខណៈ​បែប​នេះ​បាន ពោល​គឺ​អាច​រង​នូវ​ការ​ពត់​កោង ប៉ុន្តែ​វា​ងាយ​មាន​ស្នាម​ឆ្កូត​ជាង។ នេះ​ហើយ​ជា​ចំណុច​ខ្សោយ​នៅ​លើ​កញ្ចក់ Gorilla Glass។

ក្រុមហ៊ុន​ផលិត​កញ្ចក់ Gorilla ដែល​មាន​ស្នាក់​ការ​នៅ​អាមេរិក​នេះ បាន​បង្ហាញ​ជំនឿ​ចិត្ត​របស់​ខ្លួន​ថា ចុងក្រោយ​នឹង​អាច​បាន​ប្រភេទ​កញ្ចក់​ថ្មី​ដែល​ពោរពេញ​ដោយ​គុណភាព​ឥត​ខ្ចោះ ធន់​ទ្រាំ​ទាំង​ការ​បត់បែន និង​ធន់​នឹង​ស្នាម​ឆ្កូត​បាន។ នេះ​គឺ​ជា​គម្រោង​អភិវឌ្ឍ​ថ្មី​ដ៏​ពិសេស​ ដែល​ត្រូវ​ក្រុមហ៊ុន​ហៅ​ថា ‘Project Phire’ ជាមួយ​ក្ដី​រំពឹង​ថា នឹង​សម្រេច​រួចរាល់​នៅ​ចុង​ឆ្នាំ២០១៥​នេះ។

ប្រធាន​ក្រុមហ៊ុន Corning Glass Technolgies បាន​លើកឡើង​កាលពី​ឆ្នាំ​មុន​ថា៖ «យើង​បាន​ប្រាប់​អ្នក​ហើយ​កាលពី​ឆ្នាំ​មុន​ថា កញ្ចក់​ត្បូង​កណ្ដៀង​គឺ​អស្ចារ្យ​អាច​ធន់​ទ្រាំ​បាន​ទៅ​នឹង​ស្នាម​ឆ្កូត ប៉ុន្តែ​ចំពោះ​ការ​ជ្រុះ​ធ្លាក់​គឺ​មិន​ចំណាប់​ទេ»។ «ដូច្នេះ​ក្រុមហ៊ុន​នឹង​បង្កើត​សមិទ្ធផល​ថ្មី​មួយ ដែល​ធន់​ទ្រាំ​ទាំង​ស្នាម​ឆ្កូត និង​ធន់​ទ្រាំ​ទៅ​លើ​ការ​ធ្លាក់​បែក នោះ​គឺ​កញ្ចក់ Gorilla Glass 4»។

ប្រសិន​បើ ការ​ប្រកាស​ចេញ​សម្ភារៈ​អេក្រង់​ស្មាតហ្វូន​ថ្មី​របស់ Corning ទាន់ពេល​ក្នុង​ការ​អភិវឌ្ឍ iPhone 6S ត្រៀម​ចេញ​ចុង​ឆ្នាំ២០១៥ នោះ​ក្រុមហ៊ុន Apple អាច​នឹង​សហការ​ជ្រើសរើស​បច្ចេកវិទ្យា​អេក្រង់ Gorilla Glass ជំនាន់​ចុងក្រោយ​នេះ ទៅ​បំពាក់​លើ​កំពូល​ទូរស័ព្ទ​របស់​ខ្លួន​ជា​មិន​ខាន។

សូម​បញ្ជាក់​ថា បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​ជាច្រើន​សុទ្ធតែ​បាន​សហការ នាំ​បច្ចេកវិទ្យា​កញ្ចក់​អេក្រង់​ប្រភេទ Goirlla Gloass របស់​ក្រុមហ៊ុន Corning Inc ទៅ​បំពាក់​លើ​ឧបករណ៍​អេឡិចត្រូនិក​របស់​ខ្លួន (ស្មាតហ្វូន/ថេប្លេត)។ ជាក់ស្ដែង​ក្រុមហ៊ុន Apple ក៏​បាន​ប្រើប្រាស់​កញ្ចក់​របស់​ក្រុមហ៊ុន​អាមេរិក​នេះ យក​ទៅ​បំពាក់​លើ​ទូរស័ព្ទ iPhone ហើយ​ក្រុមហ៊ុន Samsung បាន​យក​ប្រភេទ​កញ្ចក់​នេះ​ទៅ​បំពាក់​លើ​ស្មាតហ្វូន​ត្រកូល Galaxy មួយ​ចំនួន​រួច​មក​ហើយ៕



ប្រែ​សម្រួល៖ លី ឈៀន
ប្រភព៖​ softpedia