អាមេរិក​បង្ហាញ​វីដេអូ​​ធ្វើតេស្ត​មីស៊ីល​របស់​ខ្លួន​កាន់តែ​ទំនើប​ជាង​មុន ទុក​ប្រើប្រាស់​ប្រឆាំង​នឹង​នាវា​ចម្បាំង​​សត្រូវ​​

2/12/2015 0 Comments A+ a-

មីស៊ីល TLAMs ដែល​ត្រូវ​បាន​ប្រើប្រាស់​នៅ​ក្នុង​ជូរ​កងទ័ព​ជើងទឹកអាមេរិក​ប្រភព៖​ centerforsecuritypolicy
សហរដ្ឋអាមេរិក​បាន​ធ្វើតេស្ត​​ដោយ​ជោគជ័យ​​លើ​​មីស៊ីល​ (TLAM) ជំនាន់​ថ្មី បន្ទាប់​ពី​បាន​អភិវឌ្ឍ​ជា​បន្តបន្ទាប់​​​ដែល​ខ្លួន​បាន​អះអាង​ថា មាន​​សមត្ថភាព​ខ្ពស់​វាយ​ប្រហារ​លើ​​គ្រប់​សមរភូមិ​ជើងទឹក។ ​នេះ​បើ​យោង​តាម​​​​ការ​ឲ្យ​ដឹង​ពី​វិទ្យាស្ថាន​កងទ័ព​ជើងទឹក​អាមេរិក (USNI) ដែល​បាន​បង្ហាញ​​ខ្សែវីដេអូ​នៃ​ការ​ធ្វើ​តេស្ត​បាញ់​មីស៊ីល​ខាងលើ​នេះ។

ដោយ​បាន​​សាកល្បង​ធ្វើតេស្ត​​​នៅ​ថ្ងៃ​ទី ២៧ ខែ មករា​កន្លង​ទៅ​នេះ​នៅ​កោះ  San Niolas រដ្ឋ  California ការ​ធ្វើតេស្ត​មីស៊ីល​ខាងលើ​ បាន​បាញ់​​ចេញ​ពី​យន្តហោះ​ចម្បាំង  Boeing F/A-18E/F Super Hornet ​​ដោយ​ជោគជ័យ​​លើ​នាវា​​ដឹក​ទំនិញ​​​ដែល​ត្រូវ​បាន​ដាក់​ធ្វើ​​ជា​គោលដៅ​។ ​​​​​

តាម​ពិត​ទៅ​​​មីស៊ីលTLAMs ត្រូវ​បាន​​​​ផលិត​​ឡើង​តាំង​ពី​ទសវត្ស​ទី​៧០ មក​ម្ល៉េះ​នៅ​ក្នុង​ជូរ​កងទ័ព​ជើងទឹក​របស់​ខ្លួន​ ប៉ុន្តែ​ការ​អភិវឌ្ឍ​ចុងក្រោយ​លើ​មីស៊ីល​នេះនឹង​កាន់តែ​មាន​ប្រសិទ្ធភាព​ជាង​មុន​ដើម្បី​វាយ​ប្រហារ​​​​ប្រឆាំង​ទៅ​នឹង​នាវា​​ចម្បាំង​របស់​សត្រូវ ដោយ​ហេតុ​ថា វា​អាច​​បាញ់​ទម្លុះ​ជ្រៀតចូល​​​ដល់​ផ្នែក​ខាងក្នុង​នៃ​នាវា​​ចម្បាំង​របស់​​ទាំង​នោះ​​ដូច​ជា នាវា​ដឹក​ជញ្ជូន​រថក្រោះ​​ជា​ដើម។ វា​មាន​សមត្ថភាព​អាច​បាញ់​បាន​រហូត​ដល់​​ចម្ងាយ​អតិបរិមា ១ ៨៥២ គីឡូម៉ែត្រ​។ ​​​

យ៉ាងណាមិញ​ នេះ​មិន​ទាន់​គ្រប់គ្រាន់​នោះ​ឡើយ​សម្រាប់​មហិច្ឆតា​របស់​កងទ័ព​ជើងទឹក​អាមេរិក ត្បិតអី​ខ្លួន​នឹង​អភិវឌ្ឍ​បន្ថែម​ឲ្យ​មីស៊ីល​ប្រភេទ​នេះ​បាញ់​បាន​កាន់តែ​ឆ្ងាយ​​ជាង​មុន និង មាន​សមត្ថភាព​ខ្ពស់​ជាង​នេះ​​ដើម្បី​ពង្រឹង​វិស័យ​កងទ័ព​របស់​ខ្លួន៕


ប្រែសម្រួល៖ ខេវិន​​​
ប្រភព៖​ Businessinsider