ការ​ដាក់​​លិខិត​​ប្រកាស​​បង់​ពន្ធ​​លើ​​ប្រាក់​ចំណេញ​​នឹង​​ធ្វើ​តាម​​ប្រព័ន្ធ​​​អេឡិចត្រូនិក​​ (Internet)

2/03/2015 0 Comments A+ a-

រូប​តំណាង​
​អគ្គនាយកដ្ឋាន​ពន្ធដារ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នឹង​ដាក់​ឲ្យ​​ដំណើរការ​នៃ​ការ​ដាក់​លិខិត​ប្រកាស​បង់​ពន្ធ​លើ​ប្រាក់ចំណេញ​តាម​ប្រព័ន្ធ​​អេឡិចត្រូនិក​ ​(E-Filing) ​នៅ​ពេល​ឆាប់ៗ​ខាងមុខនេះ ដើម្បី​ឲ្យ​ប្រព័ន្ធ​នេះ​ក្លាយជា​ផ្នែក​មួយ​នៃ​ការ​បង្កើន​ប្រសិទ្ធភាព​ និង​ភាព​ស័ក្ដិសិទ្ធិ​នៃ​ការ​ផ្ដល់​សេវា បង្ក​លក្ខណៈ​ងាយស្រួល​ជូន​អ្នក​ជាប់ពន្ធ កាត់បន្ថយ​បានការ​ចំណាយ​ពេលវេលា និង​នីតិវិធី​នៃ​ការប្រកាស​បង់ពន្ធ​របស់​​អភិបាល​បណ្ណាធិការ​ និង​តំណាង​សហគ្រាស​។

 
 យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​ស្ដីពី​ «​ពន្ធលើប្រាក់ចំណេញ​និង​របៀប​បំពេញ​លិខិត​ប្រកាស​ពន្ធលើប្រាក់ចំណេញ​ប្រចាំឆ្នាំ​» ចុះ​ថ្ងៃទី​៣០ ខែមករា ​កន្លង​​​មក​ ​ឲ្យ​ដឹង​ថា  ​គម្រោង​ដាក់​ឲ្យ​ដំណើរការ​នូវ​ប្រព័ន្ធ​ដាក់​លិខិត​ប្រកាស​ពន្ធ​តាម​ប្រព័ន្ធ​​អេឡិចត្រូនិក​ ​(E-Filing)​នេះ​ធ្វើ​ឡើង​​ដើម្បី​ជៀសវាង​ការ​ស្នើសុំ​លើកលែង​ពន្ធ ដោយ​លើក​ហេតុផល​ផ្សេងៗ និង​ចូលរួម​ប្រែក្លាយ​ការគោរព​ប្រតិបត្តិ​ច្បាប់​មិន​បាន​ខ្ជាប់ខ្ជួន​ពី​អភិ​បាល​បណ្ណាធិការ​ និង​តំណាង​សហគ្រាស ឲ្យ​បែរមក​គោរព​ប្រតិបត្តិ​ច្បាប់​ឲ្យ​បាន​ខ្ជាប់ខ្ជួន និង​ត្រឹមត្រូវ ​ដោយ​មក​ដាក់​លិខិត​ប្រកាស និង​បង់ពន្ធ​ឲ្យ​បាន​ទាន់​ពេល​វេលា និង​​​បាន​ត្រឹមត្រូវ​។​
 
​សូម​បញ្ជាក់​ថា រដូវ​កាល​នៃ​ការប្រកាស​បង់​ពន្ធលើប្រាក់ចំណេញ​សម្រាប់​ឆ្នាំ​២០១៥​ បាន​ចាប់ផ្ដើម​ចាប់ពី​ទី​១ ខែមករា ឆ្នាំ​២០១៥​នេះ រហូតដល់​ថ្ងៃទី​៣១ ខែមីនា​ខាងមុខ ​ដោយ​តម្រូវ​ឲ្យ​អ្នក​ដែល​ជាប់ពន្ធ​ជា​និវាស​ន​ជន ដែល​មាន​ប្រភព​ចំណូល​កម្ពុជា និង​ប្រភព​ចំណូល​បរទេស និង​អ​និវាស​ន​ជន​ដែល​មាន​ប្រភព​ចំណូល​​កម្ពុជា ​ត្រូវ​ជាប់​កាតព្វកិច្ច​បង់ពន្ធ​ប្រភេទ​នេះ ដោយ​យោង​តាម​បទប្បញ្ញត្តិ​ស្ដីពី​ពន្ធលើប្រាក់ចំណេញ ​ដែល​​មាន​ចែង​ក្នុង​ជំពូក​ទី​១ នៃ​ច្បាប់​ស្ដីពី​សារពើ​ព័ន្ធ​៕
 
​ដោយ​៖ ចរិយា​