Huawei បញ្ជាក់​ថា ​មិន​ប្រើ​អេក្រង់ 4K Display បំពាក់​លើ​ស្មាតហ្វូន​ទេព្រោះ​ស៊ី​ថ្ម

2/03/2015 0 Comments A+ a-

 

ក្រុមហ៊ុន Huawei បញ្ជាក់​ថា​ខ្លួន​គ្មាន​បំណង​ប្រើ 4K display លើ​ស្មាតហ្វូន​ខ្លួន​ទេប្រភព៖​ fonearena, geeky-gadget
ថ្មីៗ​នេះ​ក្រុមហ៊ុន Huawei បាន​អះអាង​នូវ​ការ​យល់ឃើញ​ចំពោះ​ការ​អភិវឌ្ឍ​ស្មាតហ្វូន​បំពាក់​អេក្រង់ high-definition (HD) ថា រាល់​ស្មាតហ្វូន​របស់​ខ្លួន នឹង​មិន​ប្រើ​បច្ចេកវិទ្យា​អេក្រង់​រហូត​ដល់ 4K នោះ​ឡើយ​ព្រោះ​វា​មាន​តម្រូវការ​ថាមពល​ច្រើន​ដើម្បី​ផ្គត់ផ្គង់​ឱ្យ​ដំណើរការ​បាន។

លោក Kevin Ho ប្រធាន​ផ្នែក​ផលិតផល Handset Product Line នៅ​ក្នុង​ក្រុមហ៊ុន Huawei បាន​និយាយ​លាត​ត្រដាង​នូវ​គោលជំហរ​របស់​ខ្លួន​ថា ក្រុមហ៊ុន​មិន​មាន​គម្រោង​ប្រើប្រាស់​បច្ចេកវិទ្យា​អេក្រង់ 4K display នៅ​លើ​ស្មាតហ្វូន​នោះ​ឡើយ ​ហេតុផល​ចម្បង​នោះ​គឺ​ដោយសារ​អេក្រង់​ប្រភេទ​នេះ​អាច​ធ្វើ​ឱ្យ​ឆាប់​មាន​បញ្ហា​ថ្ម​ទូរស័ព្ទ​បាន។ អេក្រង់ high-definition display នឹង​បង្ក​ផល​ប៉ះពាល់​អវិជ្ជមាន​ទៅ​លើ​ថ្ម ដែល​អាច​ប៉ះពាល់​ដល់​ពាណិជ្ជកម្ម​ស្មាតហ្វូន​របស់​ក្រុមហ៊ុន ដូច្នេះ​ក្រុមហ៊ុន​ពុំ​មាន​បំណង​ប្រើប្រាស់ 4K display នេះ​ទេ។

លោក Kevin Ho បាន​ថ្លែង​ឡើង​ដូច្នេះ​ថា៖ «​អេក្រង់ 4K ពិត​ជា​មាន​គុណភាព​ណាស់​ហើយ ប៉ុន្តែ​ចំពោះ​អេក្រង់​ស្មាតហ្វូន​តូចៗ​ប្រហែល ៥អ៊ីញ ទៅ​៦អ៊ីញ នោះ​ប្រហែល​ជា​ភ្នែក​របស់​យើង​រាល់គ្នា​មិន​អាច​កំណត់​ភាព​ខុស​ប្លែក​គ្នា​រវាង 4K និង​ 2K បាន​ឡើយ ម្យ៉ាង​ប្រើ 4K គឺ​ត្រូវ​ប្រើប្រាស់​ថាមពល​ថ្ម​ច្រើន»។ «ថ្ម​របស់​ស្មាតហ្វូន​អេក្រង់ 4K អាច​ប្រើ​បាន​តែ​ប្រហែល កន្លះ​ថ្ងៃ ខណៈ ដែល​អេក្រង់ 2K វិញ​ប្រើ​បាន​រយៈពេល ១ថ្ងៃ​ឬ​យូរ​ជាង​នេះ»។ «4K មាន​ភិចហ្សែល​ខ្ពស់​ជាង Full HD ៤ដង ដូច្នេះ​តម្រូវការ​ថាមពល​ក៏​ច្រើន​ជាង​ប្រហែល​ចន្លោះ​ពី ៤ ទៅ ៨ដង​ឯណោះ»៕

ប្រែ​សម្រួល៖ លី ឈៀន
ប្រភព៖​ FoneArena