ប្រើ Google Earth Pro ​​ដោយ​ឥត​គិត​ថ្លៃ​​ជាមួយ​មុខងារ​ពិសេសៗ

2/03/2015 0 Comments A+ a-

កម្មវិធី Google Earth Pro ត្រូវ​បាន​ដាក់​ឱ្យ​ប្រើ​​ដោយ​ឥត​គិត​ថ្លៃ​ប្រភព៖​ techspot
Google Earth គឺ​ជា​វិធីសាស្ត្រ​ដ៏​ងាយស្រួល​និង​ពេញ​និយម​មួយ​សម្រាប់​ការ​ស្វែងរក​ទីតាំង​បាន​យ៉ាង​មាន​ប្រសិទ្ធភាព និង​ត្រឹមត្រូវ ព្រមទាំង​ផ្ដល់​រូបភាព​ច្បាស់​ល្អ។ ជំនាន់​ស្តង់ដារ (standard version) ដំបូង​នៃ​កម្មវិធី Google Earth គឺ​ត្រូវ​បាន​សាធារណជន​សរសើរ​ថា ​ល្អ​ប៉ុន្តែ​មុខងារ​មួយ​ចំនួន​ត្រូវ​បាន​កំណត់​មិន​អាច​ប្រើ​បាន​ទាំង​អស់ ដូច​ជា​ជំនាន់ Google Earth Pro ដែល​បំពាក់​មុខងារ​ពេញ​លេញ​ប្រើប្រាស់​បាន​ល្អ​ជាង​នោះ​ទេ។ យ៉ាង​ពេល​នេះ អ្នក​អាច​ប្រើ Google Earth Pro បាន​ដោយ​ឥត​គិត​ថ្លៃ ខណៈ​ដែល​កម្មវិធី​នេះ ដើមឡើយ​ត្រូវ​ក្រុមហ៊ុន Google គិត​ថ្លៃ ៣៩៩ដុល្លារ​ក្នុង​មួយ​ឆ្នាំ។

ក្រុមហ៊ុន Google បាន​អភិវឌ្ឍ​កម្មវិធី​មើល​ផែនទី​របស់​ខ្លួន​កាន់តែ​ប្រកប​ដោយ​គុណភាព នាំ​បទពិសោធន៍​ខ្ពស់​ដល់​អ្នក​ប្រើ ដូច្នេះ​ហើយ​ទើប​ទទួល​បាន​ការ​ពេញ​និយម​ប្រើ​យ៉ាង​ច្រើន​ពី​បណ្ដា​ប្រជាជន​លើ​ពិភពលោក។ ក្រុមហ៊ុន​ស្វែង​រុករក​ដ៏​ធំ​នេះ កន្លង​ទៅ​ធ្លាប់​បាន​ដាក់​ចេញ​ជំនាន់ Google Earth Pro ដោយ​គិត​ប្រាក់​សម្រាប់​ការប្រើប្រាស់​លើ​វិស័យ​ពាណិជ្ជកម្ម​ក្នុង​តម្លៃ ៣៩៩ដុល្លារ/ឆ្នាំ។ យ៉ាងណា​ពេល​នេះ ក្រុមហ៊ុន​នឹង​ដាក់​ឱ្យ​សាធារណជន​ប្រើ​ដោយ​មិន​គិត​ថ្លៃ​ឡើយ។

ជំនាន់ Pro version ត្រូវ​បាន​ក្រុមហ៊ុន​អភិវឌ្ឍ​បំពាក់​បន្ថែម​នូវ​មុខងារ​មួយ​ចំនួន ខណៈ​ដែល​ជំនាន់​ស្តង់ដារ (standard version) ពុំ​មាន​ឡើយ។ ជាក់ស្ដែង ដូច​ជា​ការ​ព្រីន​រូប​ក្នុង​កម្រិត resolution 4800×3200 ខណៈ ដែល​ជំនាន់​ស្តង់ដារ​អាច​ព្រីន​បាន​តែ 1000×1000 ប៉ុណ្ណោះ។ មុខងារ​ដទៃ​ទៀត​មាន​ដូច​ជា ការ​ថត​វីដេអូ HD movie, ការ​វាស់​សំណង់​អគារ 3D និង​មុខងារ​អាច​ដាក់​បញ្ចូល​អាសយដ្ឋាន​រាប់ពាន់​កន្លែង​ទៅ pin លើ​ផែនទី​តែ​ម្ដង​គឺ​រួច​រាល់។

សូម​បញ្ជាក់​ថា កម្មវិធី Google Earth អាច​ដំណើរការ​បាន​នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ Windows, OS X និង Linux ហើយ​ត្រូវ​បាន Google ដាក់​ឱ្យ​ប្រើប្រាស់​ដំបូង​នៅ​ក្នុង​ឆ្នាំ​២០០១ គិត​មក​ទល់​ពេល​នេះ​គឺ​មាន​រយៈពេល ១៣ឆ្នាំ​មក​ហើយ៕

លោក​អ្នក​អាច​ទាញ​យក Google Earth 7.1.2.2041 បាន​ដោយ​ចុច​លើ​តំណភ្ជាប់ Download Now

ប្រែ​សម្រួល៖ លី ឈៀន
ប្រភព៖​ techspot