៨ចំណុចនេះសោះ ធ្វើឲ្យអ្នកលេង Facebook អន់ខ្សោយ កើតអារម្មណ៍ក្រៀមក្រំ អាប់អួដល់ថ្នាក់ហ្នឹង!
ជាការពិតណាស់ បណ្ដាញសង្គម Facebook ហេតុតែមានអ្នកប្រើប្រាស់ច្រើនបំផុតលើពិភពលោកដូចសព្វថ្ងៃគឺដោយសារអត្ថប្រយោជន៍របស់វា។ អ្នកប្រើ មិនត្រឹមតែមានភាពងាយស្រួលភ្ជាប់ទំនាក់ទំនងគ្នារហ័សឆ្លងប្រទេសឆ្លងទ្វីបប៉ុណ្ណោះទេ តែព្រឹត្តិការណ៍ និងរឿងរ៉ាវសង្គមជាតិ និងអន្តរជាតិគឺសុទ្ធតែត្រូវបានចែកចាយ (share) បន្តគ្នាយ៉ាងរហ័សទាន់ហេតុការណ៍មកដល់អ្នក។
យ៉ាងណា ក៏កុំឲ្យពឹងផ្អែកជ្រុល ពិសេសគឺត្រូវបែងចែកពេលវេលាប្រើប្រាស់ឱ្យបានសមរម្យ បើមិនដូច្នោះ អ្នកអាចបំផ្លាញពេលវេលាសំខាន់ៗផ្ទាល់ខ្លួនដោយមិនដឹងខ្លួនបាន។ ខាងក្រោមនេះ គឺជាចំណុចទាំង ៨យ៉ាង ដែលអ្នកប្រើកំពុងធ្វើឲ្យខ្លួនអន់ខ្សោយដោយសារ Facebook៖
១) គ្មានអ្នកណាផ្ញើ (send) កាតជូនពរខួបកំណត់ (birthday card) ឱ្យ
តើនៅថ្ងៃពិសេស ដែលជាថ្ងៃខួបកំណើតរបស់អ្នករៀងរាល់ឆ្នាំ មាន friend ប៉ុន្មាននាក់ទៅ ដែលបានផ្ញើកាតខួបកំណើត និងពាក្យជូនពរដល់អ្នក? មិនថា ការជូនពរដោយផ្ទាល់នៅខាងក្រៅ ឬនៅលើបណ្ដាញសង្គម Facebook ទេ មនុស្សជាច្រើនសុទ្ធតែចង់ឃើញការជូនពរនេះឱ្យបានច្រើនៗ កាន់តែច្រើន កាន់តែសប្បាយចិត្ត។ ផ្ទុយទៅវិញ សម្រាប់អ្នកលេង Facebook ខ្លះបែរជាមានការមើលធ្ងន់ទៅលើចំនួនជូនពរនេះទៅវិញ។
២) អ្នកដឹងរឿងរ៉ាវ ឬព័ត៌មានសំខាន់ៗក្រោយគេ
ដោយសារ Facebook ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ រហូតមានរហស្សនាមជាបណ្ដាញសង្គមយក្សធំ និងល្បីបំផុតលើពិភពលោក ដូច្នេះរាល់ការចែកចាយ (share) និងការទទួលបានព័ត៌មាន ឬរឿងរ៉ាវទាំងឡាយផ្សេងៗទាំងក្នុងស្រុក និងក្រៅស្រុក គឺមានភាពរហ័សជាទីបំផុត។ នៅក្នុងពិភពឌីជីថលនេះ គ្មាននរណាហ៊ានអះអាងថា ខ្លួនបានដឹងរឿងរ៉ាវជុំវិញពិភពលោកមុនគេនោះឡើយ។
អ្វីដែលអ្នកបានឃើញ បានដឹងពី Facebook គឺអាចស្ថិតនៅរយៈពេលក្រោយមនុស្សដទៃជាច្រើនបានដឹង និងបានចុច Like ឬ Commend មុនទៅហើយ។ តែដោយសារបែរនេះ អ្នកប្រើមួយចំនួនបែរជាកើតក្ដីមិនសប្បាយចិត្តទៅវិញ ព្រោះយល់ថារឿងរ៉ាវ ឬព័ត៌មានសំខាន់ៗទាំងនោះ ខ្លួនបានត្រឹមតែដឹងក្រោយគេប៉ុណ្ណោះ។
៣) អ្នកច្រណែននឹងរបៀបរស់នៅ (lifestyle) ដ៏មានសុភមង្គលរបស់អ្នកដទៃ
មនុស្សតែងមានការរស់នៅផ្សេងៗគ្នា ពោលគឺមាន lifestyles ខុសៗគ្នា។ អ្នកប្រើបណ្ដាញសង្គម Facebook មួយចំនួនបានកើតក្ដីច្រណែន ដោយសារតែខ្លួនមិនមានអ្វីដែលមនុស្សដទៃកំពុងមាន និងកំពុងរស់នៅក្នុងសុភមង្គលរបស់ពួកគេ។ ពួកគេសប្បាយចិត្តនូវអ្វីដែលគេកំពុងមាន គេមានដ៏ស្អាត សត្វចិញ្ចឹមល្អៗ មានវិស្សមកាលដ៏សប្បាយរីករាយ មានកូនៗគួរឱ្យស្រឡាញ់ និងមានមិត្តល្អជាច្រើន តែនៅពេលងាកមើលខ្លួនឯង ពុំមានអ្វីសោះ ដូច្នេះទើបកើតក្ដីច្រណែន និងធ្វើឲ្យខ្លួនឯងមិនសប្បាយចិត្តទៅវិញ។
៤) អារម្មណ៍សោកសៅ មិនសប្បាយចិត្តពេលកំពុងញុំាអាហារ
ចំណុចតូចនេះ ក៏អាចជះឥទ្ធិពលដល់ការទទួលទានអាហារ ក្នុងបរិយាកាសមិនសប្បាយចិត្ត ញុំាមិនឆ្ងាញ់ផងដែរ ដោយសារតែឃើញ friend បង្ហោះការសោយសុខនូវម្ហូបអាហារឆ្ងាញ់ៗបរបូរណ៍គ្រប់មុខ បង្អួតគ្នានៅលើ Facebook។ ដូច្នេះ យើងគួរតែចេះទៅពេញចិត្ត ស្កប់ចិត្តនូវអ្វីដែលខ្លួនមាន ចេះទៅទទួលយកដោយក្ដីរីករាយល្អជាងការទៅប្រៀបធៀបខ្លួនជាមួយអ្នកដទៃ។
៥) អ្នកអាចមានអារម្មណ៍ធុញនឹងការបង្ហោះរឿងរ៉ាវមិនបានការពី Fake Profile
ការប្រើបណ្ដាញសង្គមក្នុងគោលបំណង ដើម្បីចែករំលែក និងទទួលបានដំណឹងមានប្រយោជន៍ទាំងឡាយ តែមិនមែនរឿងគ្មានបានការ ដូចដែល Fake Profile មួយចំនួនចេះតែបង្ហោះរូបភាពក្លែងក្លាយ ឬវីដេអូអាសអាភាសនោះទេ។ បើអាច គួរតែ block ចោលជៀសវាងធ្វើឲ្យខ្លួនឯងមានអារម្មណ៍ធុញទ្រាន់។
៦) ជួនពេលខ្លះ អ្នកមានអារម្មណ៍ឯកា គ្មានអ្នករាប់រក ធុញនឹងខ្លួនឯង ដោយសារគ្មានអ្នក Like គាំទ្រខ្លួន នៅពេលបង្ហោះរឿងរ៉ាវលើ Facebook
នៅពេលអ្នកបង្ហោះ Status រយៈពេល ៣ម៉ោង មានតែអ្នក Like ប៉ុន្មានអ្នក ឬគ្មានអ្នក Like សោះ នោះអ្នកមុខជានឹងយល់ពីអារម្មណ៍នេះមិនខាន។
៧) អ្នកអាចកើតអារម្មណ៍មិនល្អ នៅពេលឃើញការខកខាន មិនទទួលបានការ tag ពីមិត្តភ័ក្ដិខណៈ friend ទាំងឡាយសុទ្ធតែទទួលបាន
ការ tag ឱ្យគ្នានៅលើ Facebook កំពុងទទួលបានការពេញនិយមច្រើនព្រោះជាការចូលរួម និងបង្ហាញពីការយកចិត្តទុកដាក់របស់ friend។ យ៉ាងណា នៅពេលអ្នកឃើញ friend ជាច្រើនសុទ្ធតែទទួលបាន tag តែអ្នកបែរជាគ្មានទទួលបាន នោះអារម្មណ៍អន់ចិត្តនឹងផសឡើងអូតូម៉ាទិកតែម្ដង ម្យ៉ាងអាចគិតថា អ្នកនោះប្រហែលជាមើលងាយអ្នក ទើបមិន tag ឱ្យក៏ថាបាន។
៨) ប៉ះពាល់ពេលវេលាដែលត្រូវធ្វើរឿងសំខាន់ផ្សេងៗ
មនុស្សតែងយល់ថា ការប្រើ Facebook គឺល្អ ព្រោះអាចយល់ដឹងពីព្រឹត្តិការណ៍សង្គម និងរឿងរ៉ាវមានអត្ថប្រយោជន៍ជាច្រើន។ មិនខុសទេ ប៉ុន្តែអ្នកគួរតែចេះបែងចែកពេលវេលា ឱ្យបានសមស្របជាមួយកិច្ចការខាងក្រៅរបស់អ្នកដែលត្រូវធ្វើជាចាំបាច់ជាង Facebook។ ការចំណាយពេលច្រើនពេកនៅលើ Facebook អាចប៉ះពាល់ដល់ពេលវេលាដែលត្រូវបំពេញកិច្ចការផ្ទាល់ខ្លួនរបស់អ្នកបាន ជាក់ស្ដែងដូចជា ការបង្កើនអានសៀវភៅ បំប៉នចំណេះ ជំនាញផ្សេងៗ ការប្រាស្រ័យទាក់ទងនឹងមនុស្សជាក់ស្ដែង ពិសេសគឺការរៀនសូត្រតែម្ដង៕
ប្រែសម្រួល៖ លី ឈៀន
ប្រភព៖ mashable
