គម្រោង​សាង​សង់​ផ្លូវអាកាស​ល្បឿន​លឿនពី​រង្វង់​មូល​កាំ​កូ​ស៊ីធី​ឆ្ពោះ​ទៅ​​ប្រលាន​យន្ត​ហោះដំណើរ​ការ​យ៉ាង​ម៉េច​ហើយ​?

2/03/2015 0 Comments A+ a-

រូប​តំណាង​ប្រភព៖​ www.lordrobin3k.com
ក្រុមហ៊ុន​ដ៏​ធំ​មួយ​របស់​ចិន​បន្ត​ជជែក​ពិភាក្សា​ពី​គម្រោង​សាងសង់​ផ្លូវអាកាស​ល្បឿន​លឿន​ពី​រង្វង់​មូល​កាំ​កូ​ស៊ី ​ធី​ ឆ្ពោះ​ទៅ​​ប្រលាន​យន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ​ ដើម្បី​កាត់​បន្ថយ​ការ​កក​ស្ទះ​ចរាចរណ៍​ដែល​កំពុង​តែ​កើត​មាន​នា​ពេល​បច្ចុប្បន្ន​។

​តាម​ការ​បញ្ជាក់​របស់​សាលា​រាជ​ធានី​ភ្នំពេញ​នៅ​ថ្ងៃ​នេះ ​ឱ្យ​ដឹង​ថា ​កិច្ច​ប្រជុំ​រវាង​​​​លោក​ អៀង អូននី​ និង​ លោក ត្រាក់​ ថៃសៀង​ អភិបាល​រង​​រាជធានី​​​ភ្នំពេញ​ជា​មួយ ​នឹង​​ក្រុមហ៊ុន​ចិន​​ Henan Provincial Communication Planning Survey & Design Institute Ci.,Ltd ​ស្ដី​ពី​គម្រោង​​​ធ្វើ​ឡើង​តាម​រយៈ​រូបមន្ត​សាងសង់​ អាជីវកម្ម​ផ្ទេរ​ (B.O.T)​​នេះ ​នឹង​ត្រូវ​​សិក្សា​លម្អិត​លើ​បញ្ហា​ ៣​​សំខាន់​ៗ​បន្ថែម​ទៀត​រួម​មាន ​​កត្តា​បច្ចេកទេស សង្គមកិច្ច និង​កត្តា​សេដ្ឋកិច្ច​ ព្រោះ​ដោយ​សារ​គម្រោង​នេះ​មាន​ទ្រង់​ទ្រាយ​ធំ។​​​​

​ក្រៅ​ពី​គម្រោង​សាង​សង់​ផ្លូវ​អាកាស​ដែល​មាន​ល្បឿន​លឿន​ ​កន្លង​មក​ក្រុម​ហ៊ុន​ខាង​លើ​ក៏​មាន​ផែនការ​មេ​អភិវឌ្ឍន៍​ផ្លូវ​ល្បឿន​លឿន​នៅ​កម្ពុជា​សំខាន់​ពីរ​ផង​ដែរ​ មួយ​ចាប់​ពី​ទីក្រុង​ភ្នំពេញ​ឆ្ពោះ​ទៅ​ក្រុង​ព្រះសីហនុ ហើយ​មួយ​ទៀត​ចេញ​ពី​ទីក្រុង​ភ្នំពេញ​ឆ្ពោះ​ទៅ​ទីក្រុង​ហូជីមិញ​របស់​វៀតណាម​ដែល​ផ្លូវ​ល្បឿន​លឿន​ទាំង​ពីរ​នេះ ​នឹង​ចំណាយ​ប្រាក់ ​៩ ​ពាន់​លាន​ដុល្លារ​ ហើយ​រំពឹង​ថា ​នឹង​ត្រូវ​បញ្ចប់​ត្រឹម ឆ្នាំ​២០៣០​។

កាល​ពី​ពេល​កន្លង​មក ​ក្រុម​ហ៊ុន​វាយ​តម្លៃ​​ គម្រោង​គមនាគមន៍​ និង ​វិទ្យាស្ថាន​រចនា​ប្លង់​ខេត្ត​ហឺ​ណាន ​ប្រទេស​ចិន​​(HPCPSDI)​ ក៏​បាន​លើ​កសំណើ​គម្រោង​វិនិយោគ​ចំនួន​៣ ​​​មក​ខាង​​កម្ពុជាផងដែរ​​ ដោយ​គម្រោង​ទាំង​បី​នោះ​រួម​មាន ​គម្រោង​សាង​សង់​ផ្លូវ​ល្បឿន​លឿន​ក្នុង​រាជធានី​ភ្នំពេញ​ គម្រោង​សាងសង់​ស្ពាន​កោះ​ដាច់​តាម​រូប​មន្ត​សាងសង់-អាជីវកម្ម​-ផ្ទេរ​ និង ​គម្រោង​​ជួស​ជុល​កែ​លម្អ​ផ្លូវ​លេខ​៩៥​ នៅ​ខេត្ត​ព្រះ​វិហារ​។

ជា​មួយ​ការ​កក​ស្ទះ​​ចរាចរណ៍​ក្នុង​រាជ​ធានី​ភ្នំពេញ​ ទី​ភ្នាក់​ងារ​សហ​ប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន (JICA)​មាន​គម្រោង​​សាង​សង់​​ប្រព័ន្ធ​ផ្លូវ​ដែក​ចំនួន​ពីរ​ខ្សែ​ពី​ប្រលាន​ យន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ​មក​កណ្តាល​ទីក្រុង​​​ពី​លិច​ទៅ​កើត​និង​ពី​កើត​ ទៅ​លិច​ដែល​​អាច​ដាក់​អ្នក​ធ្វើ​ដំណើរ​ប្រមាណ​ពី ​៧២ ៥០០​នាក់​ទៅ​ ៨១ ៦០០​នាក់​ ក្នុង​ទឹក​ប្រាក់​ប្រមាណ ១ ៣៥៥​​លាន​ដុល្លារ (១​ពាន់​​៣​រយ​ហា​សិប​ប្រាំ​លាន​ដុល្លារ)។ ​គម្រោង​នេះ​នឹង​ត្រូវ​ចាប់​ផ្តើម​ប្រតិបត្តិ​ការ​នៅ​ក្នុង​ឆ្នាំ​២០២៣​ ៕

អត្ថបទ ៖ ចាន់ សុខ នាង