Apple និងផលិត IPAD អេក្រង់ ១២,៩អ៊ីញឆាប់ៗនេះ
យោងតាមប្រភពព័ត៌មានរបស់ចិនបានឱ្យដឹងមកថា ក្រុមហ៊ុន Apple មិនបោះបង់គម្រោងផលិត iPad អេក្រង់ ១២,៩អ៊ីញឡើយ ម្យ៉ាងពេលនេះថែមទាំងបានសម្រេចចិត្តហៅឈ្មោះ iPad អេក្រង់ធំមិនធ្លាប់មាននេះថា ជា iPad Plus មិនមែន iPad Pro នោះទេ។ រូបខាងក្រោមនេះគឺជា រូបតំណាងបញ្ជាក់អំពីគម្រោងនៃដំណើរការផលិត iPad Plus របស់ក្រុមហ៊ុន Apple។
បើមើលតាមរូបរាងលេចឡើងពីបណ្ដាញព័ត៌មានចិនគួរឱ្យទុកចិត្តចំនួនពីរ gizmochina និង weibo បង្ហាញឱ្យឃើញថា iPad Plus នឹងមានអេក្រង់ ១២,៩អ៊ីញបច្ចេកវិទ្យា 2K display មានកម្រាស់ ៧មិល្លីម៉ែត្រ ទម្ងន់មិនដល់ ៧០០ក្រាម។ ចំណែកថ្មនឹងត្រូវបានបង្កើនដល់ 11000mAh ខ្ពស់ជាង iPad ស៊េរីមុនៗ បើធៀបនឹងកម្រិតថ្ម iPad Air 2 លើសជិត ១៥០%ឯណោះ។ iPad ថ្មីនេះ ត្រូវបានការរាយការណ៍ឱ្យដឹងទៀតថា នឹងមានស្រោម keyboard ផលិតឡើងសម្រាប់ការពារថេប្លេត ជាមួយគុណភាពខ្ពស់ថែមទៀត។
គេហទំព័រ gizmochina ឱ្យដឹងថាក្នុងឆ្នាំនេះ Apple នឹងមាន iPad Mini 4 មកស្នងបន្តពី iPad Mini 3 ទៀត។ ទោះជាយ៉ាងណា iPad Mini 2 នៅតែត្រូវក្រុមហ៊ុនបន្តចែកចាយលក់ជាធម្មតា។
គួររំលឹកថា នៅក្នុងរបាយការណ៍មុនៗបានលើកឡើងថា ក្រុមហ៊ុន Apple ទំនងជានឹងចេញ iPhone ម្ដង ៣ម៉ូដែលក្នុងឆ្នាំ២០១៥ នេះ ដែលមួយម៉ូដែលក្នុងចំណោមនឹងនឹងមានអេក្រង់ ៤អ៊ីញ ដើម្បីផ្ដល់ជម្រើសកាន់តែច្រើនជូនអតិថិជន។ យ៉ាងណា នៅពេលនេះ ពុំមានការអះអាងពីក្រុមហ៊ុន Apple នៅឡើយ៕
ប្រែសម្រួល៖ លី ឈៀន
ប្រភព៖ gizmochina , weibo
