Galaxy S6 ចេញរាងស្រដៀង iPhone 6 មែន!
ថ្មីៗនេះ ស្មាតហ្វូនត្រកូល Galaxy S ជំនាន់ក្រោយមួយទៀតដែលត្រូវបានសាធារណជនតែងតែហៅឈ្មោះថា Galaxy S6 នោះ បានលេចរូបរាងកាន់តែប្រាកដប្រជាហើយ។ គេសង្កេតឃើញផ្នែកគែមទូរស័ព្ទដែលលេចឡើងនៅក្នុងរូបថតនេះ មានការរចនាស្រដៀងនឹងទូរស័ព្ទ iPhone 6 អីចឹង។
កំពូលស្មាតហ្វូន Galaxy S6 របស់ Samsung ដែលត្រៀមសម្ពោធចេញផ្លូវការនៅថ្ងៃទី០១ មីនា ខាងមុខ ពេលនេះក្លាយជាជាប្រធានបទក្ដៅគគុកត្រូវបានបណ្ដាញព័ត៌មានធំៗចុះផ្សាយពីលក្ខណៈ សម្បត្តិ ពិសេសគឺរូបរាងដែលមិនមែនផ្លូវការតែម្ដង។ យ៉ាងណា រូបថតប៉ុន្មានសន្លឹកនេះ អាចជាតម្រុយគួរឱ្យទុកចិត្តបាន ព្រោះបើតាមរបាយការណ៍កន្លងមក ក៏ធ្លាប់អះអាងដែរថា Galaxy S6 នឹងមានរូបរាងស្រដៀង iPhone 6។
Galaxy S6 ដែលមិនទាន់ត្រូវបាន Samsung អះអាងផ្លូវការនៅឡើយនេះ មានស៊ុមព័ទ្ធជុំវិញផលិតពីលោហធាតុ ហើយសម្បកខាងមុខ និងខាងខ្នងក្រាលដោយកញ្ចក់ភ្លឺរលោង។ រូបរាង Galaxy S6 លើកនេះអាចនិយាយបានថា គឺមានការឌីហ្សាញខុសប្លែកពីជំនាន់មុនៗច្រើន។
លក្ខណៈខុសប្លែកពីជំនាន់ Galaxy មុនៗរបស់ Galaxy S6 នេះគឺនឹងមិនអាចបើកសន្ទះគម្របខាងក្រោយបានឡើយ។ ចំណែកកាមេរ៉ារបស់វានឹងកាន់តែមានគុណភាពខ្ពស់ ក្នុងនោះក៏នឹងមានបច្ចេកវិទ្យាត្រួតពិនិត្យចង្វាក់បេះដូងដែរ (hear rate sensor)។ រីឯកន្លែងសម្រាប់ដាក់ស៊ីមកាត មានទីតាំងនៅផ្នែកខាងស្ដាំ ខាងក្រោម power/lock key ចំណែករន្ធកាស 3.5mm audio jack នឹងប្ដូរទៅស្ថិតនៅផ្នែកខាងក្រោមទូរស័ព្ទវិញ៕
ប្រែសម្រួល៖ លី ឈៀន
ប្រភព៖ xda-developers
