Galaxy S6 គ្រោងចេញខែមីនា មានវិទ្យុសកម្មទាបជាង iPhone 6
កំពូលស្មាតហ្វូនជំនាន់ក្រោយពីរម៉ូដែលរបស់ Samsung គឺ Galaxy S6 និង S6 Edge ពេលនេះ កាន់តែឡើងកម្ដៅជាមួយការលេចឡើងពីចំណុចពាក់ព័ន្ធមួយចំនួន។ ជាក់ស្ដែង ពេលនេះមានលេចធ្លាយព័ត៌មានពាក់ព័ន្ធនឹងកម្រិតវិទ្យុសកម្ម SAR របស់ Galaxy S6 និង S6 Edge នៅលើទំព័រ (page) ផ្លូវការរបស់ក្រុមហ៊ុន Samsung ផ្ទាល់។ នេះជាដំណឹងល្អមួយសម្រាប់អ្នកគាំទ្រ (fan) របស់ Samsung ដែលស្មាតហ្វូនស៊េរីថ្មីទាំងពីរនេះ មានកម្រិតវិទ្យុសកម្មផ្នែកក្បាល (Head SAR) យ៉ាងទាបដូចគ្នាគឺ 0.306W/kg ទៀបជាង iPhone 6 ដែលមានរហូតដល់ 0.88W/kg។
ការយល់ដឹងអំពីកម្រិតវិទ្យុសកម្មនៅលើទូរស័ព្ទដែលលោកអ្នកមានបំណងចង់ប្រើ ឬកំពុងប្រើ គឺមានសារៈសំខាន់ណាស់ចំពោះសុខភាពមនុស្ស។ តាមរយៈនេះ អ្នកអាចជៀសវាងការប្រើប្រាស់ទូរស័ព្ទដែលមានអត្រាស្រូបយកជាក់លាក់ (SAR) ខ្ពស់ ឬលោកអ្នកក៏អាចរកវិធីសាស្ត្រកាត់បន្ថយការទទួលរងវិទ្យុសកម្មពីស្មាតហ្វូនដែលអ្នកកំពុងប្រើផងដែរ។
គណៈកម្មការសហព័ន្ធផ្នែកទំនាក់ទំនង FCC របស់អាមេរិក បានកំណត់ច្បាប់ក្នុងការផលិតចែកចាយលក់ទូរស័ព្ទស្មាតហ្វូនទាំងអស់មិនឱ្យមានតម្លៃ SAR លើសពី 1.6W/kg នោះទេព្រោះវាជាតម្លៃគ្រោះថ្នាក់ខ្ពស់បំផុតធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពអ្នកប្រើ។
សូមបញ្ជាក់ថា បើប្រៀបធៀបកម្រិតវិទ្យុសកម្មរវាង Galaxy S6 (និង Edge) គឺមានតម្លៃ SAR ទាំងនៅផ្នែកក្បាល (Head SAR) និងផ្នែកដងខ្លួន (Body SAR) សុទ្ធតែទាបជាង iPhone 6 ហើយក៏ទាបជាង Galaxy S5, Xperia Z3 និង Lumia 930 ផងដែរ៕
ប្រែសម្រួល៖ លី ឈៀន
ប្រែសម្រួល៖ លី ឈៀន
ប្រភព៖ samsung, phonearena
