ជនជាតិ​ឥណ្ឌា​ម្នាក់​​​អាច​​លុប​រូបថត​​​គ្មាន​សល់​ដោយ​មិន​ឱ្យ​​ម្ចាស់​រូប​ដឹង​​ Facebook

2/16/2015 0 Comments A+ a-

​​​​​​​​​​​​​

រូប​តំណាង​ប្រភព៖​ au.idigitaltimes.com
ក្រុមហ៊ុន​ Facebook ​បាន​ផ្ដល់​រង្វាន់​ជា​ប្រាក់​​​លើក​ទឹក​ចិត្ត​ដល់​​​អ្នក​ស្រាវជ្រាវ​​ផ្នែក​​សន្តិសុខ​​អ៊ីនធឺណិត​ម្នាក់​​ចំនួន​ ១២ ៥០០​ដុល្លារ​ បន្ទាប់​ពី​​បុរស​ម្នាក់​នោះ​បាន​រក​ឃើញ​ កំហុស​ឆ្គង (bug) ​មួយ​​ដែល​អាច​​ឱ្យ​គាត់​​ចូល​ទៅ​លុប​រូបថត​ ឬ​​កម្រង​រូបថត​ (album) ​របស់​អ្នក​ណា​ម្នាក់​​​​​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​ម្ចាស់​រូបថត​នោះ​ទេ។ ​

​​លោក​ Laxman Muthiyah ​​បាន​រក​ឃើញ​វិធី​មួយ​​​​ដែល​អាច​លេង​ល្បិច​ (trick) ​​​ដាក់​បណ្ដាញ​សង្គម​ Facebook ​បាន​​ថា ​​លោក​ជា​ម្ចាស់​រូបថត​​ ឬ​ម្ចាស់​​កម្រង​រូបថត​ (album) ​ដែល​អនុញ្ញាត​ឱ្យ​​លោក​អាច​លុប​​ចេញ​​បាន​ដោយ​គ្មាន​ការ​ព្រមាន​ទៅ​ម្ចាស់​រូបថត​នោះ​ទេ។ ​លោក​​អាច​ធ្វើ​បែប​នេះ​បាន​ដោយ​ប្រើ​ Graph API ដែល​ជា​ Platform ​របស់​ developer ​ក្រុមហ៊ុន​ Facebook​ តែ​ម្ដង​។

​លោក​បាន​ធ្វើ​តេស្ដ​​ Bug ​នោះ​បាន​ដោយ​ជោគជ័យ។ ​លោក​បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​ខ្លួន​ដូច្នេះ​ថា​ ៖«​ព្រះ​អើយ! ​album នោះ​ត្រូវ​ខ្ញុំ​លុប​បាន​ហើយ! ​ដូច្នេះ​ខ្ញុំ​អាច​ចូល​ទៅ​លុប​​រូបថត​របស់​អ្នក​ទាំង​អស់​នៅ​លើ​បណ្ដាញ​សង្គម​ Facebook (រូបថត​ដាក់​បង្ហោះ​ជា​សាធារណៈ​ ឬ​រូបថត​ដែល​ខ្ញុំ​អាច​មើល​ឃើញ)»។

​​ការ​រក​ឃើញ​ពី​ Developer ​ជនជាតិ​ឥណ្ឌា​រូប​នេះ​ ​គឺ​លោក​គ្មាន​ចេតនា​ដើម្បី​បំផ្លាញ​រូបថត​បុគ្គល​ណា​ម្នាក់​នោះ​ទេ​ ហើយ​​លោក​ក៏​បាន​​រាយការណ៍​ទៅ​ក្រុមហ៊ុន​ Facebook ​ភ្លាម​ៗ​បន្ទាប់​ពី​រក​ឃើញ​​ Bug នោះ។ ​ក្រុមហ៊ុន​ Facebook ​បាន​​​ជួសជុល​ Bug បាន​ក្នុង​រយៈ​ពេល​តែ​ពីរ​ម៉ោង​ប៉ុណ្ណោះ។

​ក្រុមហ៊ុន​ក៏​បាន​ថ្លែង​អំណរគុណ​ដល់​រូប​លោក​ដែល​បាន​រក​ឃើញ​ Bug ​នេះ​ហើយ​ថែម​ទាំង​​ផ្ដល់​រង្វាន់​ប្រមាណ​ ១២ ៥០០​ដុល្លារ​ជូន​ដល់​លោក​ទៀត​ផង៕​​​​​