ដើមអង្គាសីលត្រូវប៉ាន់ក្នុងឱកាសបុណ្យចូលឆ្នាំចិន មួយបាច់តម្លៃជាង ១០០ដុល្លារក៏មានអ្នកទិញដែរ
ដើមអង្គាសីល ត្រូវប៉ាន់ក្នុងឱកាសបុណ្យចូលឆ្នាំចិន បើទោះបីជាថ្លៃលក់មួយបាច់ជាង ១០០ដុល្លារអាមេរិកក៏ប្រជាជនខ្មែរជាប់សែស្រឡាយចិន នាំគ្នាសម្រុកទិញដើម្បីដាក់តុបតែងធ្វើជាគ្រឿងបរិក្ខារថ្វាយដូនតាក្នុងថ្ងៃបុណ្យចូលឆ្នាំចិនខាងមុខនេះ ។
អាជីវករលក់ដើមអង្គាសីល នៅជិតវត្តសំពៅមាស អ្នកស្រី សុខ លៀប ឲ្យ Domneng7ដឹងថានៅក្នុងឆ្នាំនេះ អ្នកស្រីបានតៀមដើមអង្គាសីលជាងមួយរយបាច់សម្រាប់ទុកលក់នៅក្នុងឱកាសបុណ្យចូលចិន ដោយមួយបាច់អាចលក់បានក្នុងតម្លៃខ្ពស់បំផុតជាង ១០០ដុល្លារអាមេរិក និងទាបបំផុតតម្លៃពី ១០ទៅ១៥ដុល្លារអាមេរិក។ អ្នកស្រីបន្តថា សន្ទុះនៃការលក់នៅឆ្នាំនេះមានការធ្លាក់ចុះបើធៀបទៅនឹងឆ្នាំ២០១៤ ហើយដើមអង្គាសីលទាំងនេះត្រូវបាននាំចូលពីខេត្តពោធិ៍សាត់។
អាជីវករម្នាក់ទៀតដែលនាំចូលដើមអង្គាសីលពីខាងពេជ្រនិលលោក ម៉ក់ មានិតឲ្យ Domneng7 ដឹងដែរថា លោកចាប់ផ្ដើមលក់ដើមអង្គាសីលបានរយៈពេលពីរថ្ងៃហើយៗនឹងបន្តលក់រហូតដល់ថ្ងៃបុណ្យចូលឆ្នាំចិនតែម្តង។ លោកបញ្ជាក់ដូច្នេះថា៖«ឆ្នាំមុន អតិថិជនច្រើនជាងប៉ុន្តែនៅឆ្នាំនេះមិនសូវមានអតិថិជនច្រើនទេ» ។ លោកសង្កត់ធ្ងន់ថា៖«បើសិនជាលក់ដាច់អស់អាចចំណេញបានជាងពាក់កណ្ដាលនៃថ្លៃដើម» ។
ដើមអង្គាសីលត្រូវបានគេឲ្យតម្លៃថា ជារុក្ខជាតិមួយប្រភេទដែលនាំមកនូវសេរីសួស្ដីទៅដល់ក្រុមគ្រួសារនីមួយៗដែលបានដាក់តាំងដើមរុក្ខជាតិប្រភេទនេះនៅក្នុងផ្ទះហើយតម្លៃនៃការលក់ដើមរុក្ខជាតិប្រភេទនេះបានឡើងថ្លៃខ្ពស់ នៅក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាមម្តងៗ ។
អាជីវករម្នាក់ទៀតមកពីក្រុងតាខ្មៅ ដែលបានដាក់លក់ដើមអង្គាសីលនៅក្បែរវត្តសំពៅមាស អ្នកស្រីប៉ា ករុណា លើកឡើងថា នៅឆ្នាំនេះអ្នកស្រីត្រៀមដើមអង្គាសីលប្រមាណ ២០០បាច់ទុកសម្រាប់លក់ដែរ ដែលក្នុងមួយបាច់អាចលក់បានពី ១០០ទៅ២០០ដុល្លារអាមេរិក។
ពិធីបុណ្យចូលឆ្នាំចិន មានរយៈពេលបីថ្ងៃដូចពិធីបុណ្យចូលឆ្នាំខ្មែរដែរ។ ពិធីនេះត្រូវបានប្រជាពលរដ្ឋខ្មែរជាប់សែស្រឡាយចិននាំគ្នារៀបចំពិធីសែនរួមជាមួយការរៀបចំគ្រឿងរណ្ដាប់នៅក្នុងផ្ទះដើម្បីបួងសួងទៅដល់ជីដូនជីតាក្នុងជំនឿថានឹងរកស៊ីមានបាន និងទទួលជោគជ័យក្នុងការងារ៕
អត្ថបទ ៖ ចាន់ សុខ នាង