ដឹង​ហើយ​​ប្រវត្តិ​ទិវា​នៃ​​ក្ដី​ស្រលាញ់​ ចុះ​ប្រវត្តិ​អាទិទេព​នៃ​ក្ដី​ស្រលាញ់​ Cupid វិញ​មាន​ប្រវត្តិ​បែបណា?​

2/15/2015 0 Comments A+ a-

អាទិទេព​នៃ​ក្ដី​ស្រលាញ់​ដែល​មាន​ឈ្មោះ​ហៅ​ថា​ Cupid
Domneng7 ជឿ​ថា​ប្រិយមិត្ត​ភាគ​ច្រើន​​ប្រហែល​ជា​បាន​ដឹង​​ប្រវត្តិ​​​ទិវា​​​នៃ​ក្ដី​ស្រលាញ់​ ប៉ុន្តែ​ប្រិយមិត្ត​មាន​ធ្លាប់​ចាប់​អារម្មណ៍​ពី​ប្រវត្តិ​នៃ​អាទិទេព​នៃ​ក្ដី​ស្រលាញ់​ដែល​មាន​ឈ្មោះ​ហៅ​ថា​ Cupid ដែរ​ឬ​ទេ​?​ ថ្ងៃ​នេះ​ Domneng7 នឹង​លើក​យក​ប្រវត្តិ​អាទិទេព​​​រ៉ូម៉ាំង​រូប​នេះ​ មក​បង្ហាញ​ជូន​ប្រិយមិត្ត​អ្នក​អាន។

Cupid គឺ​ជា​និមិត្ត​សញ្ញា​ដ៏​ល្បីល្បាញ​បំផុត​សម្រាប់​ទិវា​នៃ​ក្ដី​ស្រលាញ់​ ​មនុស្ស​ជា​ច្រើន​សុទ្ធ​តែ​ស្គាល់​​ថា​ក្មេង​ប្រុស​ដុះ​ស្លាប​​មាន​ព្រួញ​ក្នុង​ដៃ​និង​គ្រាប់​ព្រួញ​ស្ពាយ​ជាប់​ខ្នង​​គឺ​​ជា​អាទិទេព​ស្នេហា​។ គ្រាប់​ព្រួញ​របស់​ Cupid តំណាង​​​ឱ្យ​​អារម្មណ៍​ស្នេហា​ ហើយ​ព្រួញ​របស់​អាទិទេព​ Cupid បាញ់​ទម្លុះ​បេះដូង​ទាំង​មនុស្ស​និង​ទេព្តា​ ​បាញ់​ចំ​អ្នក​ណា​បណ្ដាល​​ឱ្យ​អ្នក​ទាំង​នោះ​ធ្លាក់​ជ្រៅ​ទៅ​ក្នុង​ស្នេហា​។

អាទិទេព​ Cupid មាន​តួនាទី​បង្កើត​ស្នេហា​និង​គូស្នេហ៍​ ហើយ​បើ​តាម​​​ប្រវត្តិសាស្ត្រ​ក្រិច​បុរាណ​ Cupid ត្រូវ​បាន​គេ​ហៅ​ថា​ Eros កូន​ប្រុស​របស់​ Aphrodite អាទិទេព​នៃ​ស្នេហា​និង​​សម្រស់​ ប៉ុន្តែ​សម្រាប់​រ៉ូម៉ាំង​ឈ្មោះ​អាទិទេព​ស្នេហា​នេះ​ហៅ​ថា​ Cupid ចំណែក​មាតា​​​​ហៅ​ថា​ Venus ។

អាទិទេព​ដែល​បង្កើត​ស្នេហា​​ឱ្យ​​មនុស្ស​លោក​នេះ​ក៏​មាន​រឿង​រ៉ាវ​ស្នេហា​ផ្ទាល់​ខ្លួន​គួរ​ជា​ទី​ចាប់​អារម្មណ៍​មិន​ចាញ់​មុខ​ងារ​របស់​ខ្លួន​ផង​ដែរ។ ​តាម​តំណាល​​តៗ​គ្នា​បាន​និយាយ​ថា​ Venus មាតា​​ Cupid ដែល​ជា​​អាទិទេព​សម្រស់​​ច្រណែន​នឹង​សម្រស់​ដ៏​ត្រកាល​របស់​ Psyche ដែល​បុរសៗ​ណា​បាន​ឃើញ​ហើយ​សុទ្ធ​តែ​លង់​នឹង​សម្រស់​នាង​ ដូច្នេះ​​ទ្រង់​បាន​បញ្ជា​​ឱ្យ​​ Cupid ទៅ​ដាក់​ទោស​ស្ត្រី​​ជា​មនុស្ស​ធម្មតា​រូប​នេះ​​ ដោយ​ឱ្យ​ Cupid ទៅ​​បាញ់​ព្រូញ​ស្នេហ៍​​ឱ្យ​​​នាង​​​បាន​​បុរស​ដែល​អាក្រក់​បំផុត​ក្នុង​លោក​ជា​គូ​អនាគត​ ប៉ុន្តែ​នៅ​ពេល​ Cupid ហោះ​ទៅ​ដល់​ប្រាសាទ​​ឃើញ​រូប​ពិត​​ Psyche ធ្វើ​ឱ្យ Cupid ភាន់ភាំង​របូត​ព្រួញស្នេហ៍​ចាក់​ចូល​បេះដូង​ខ្លួន​ឯង​​ហើយ​ពេល​នោះ​ Cupid បាន​យក​ Psyche ជា​ភរិយា​ប៉ុន្តែ​ដោយ​សារ​តែ​នាង​ជា​មនុស្ស​ធម្មតា​ Cupid បាន​ហាម​មិន​អោយ​នាង​មើល​មុខ​របស់​គេ​នោះ​ទេ​។

ជីវិត​ស្នេហា​ Cupid និង Psyche រីករាយ​ណាស់​រហូត​ដល់​ថ្ងៃ​មួយ​ បងប្អូន​ស្រី​ Psyche ច្រណែន​​នឹង​នាង​បាន​បញ្ចេះ​ឱ្យ​នាង​​លួច​មើល​មុខ​ Cupid គ្រាន់​តែ​នាង​ឃើញ​រូប​ស្វាមី​ដែល​ស្រស់​សង្ហា​មិន​បាន​អាក្រក់​ដូច​ជា​បិសាច​នោះ​ភ្លាម​ Cupid បាន​ហោះ​ទៅ​ចោល​នាង​ភ្លាម​ដើម្បី​​ជា​ការ​ដាក់​ទោស​ ចំណែក​ប្រាសាទ​និង​ឧទ្យាន​របស់​ពួក​គេ​រលាយ​សាបសូន្យ​ដូច​គ្នា​ បន្ទាប់​មក​ Psyche បាន​ធ្វើ​ដំណើរ​ទៅ​កាន់​វិមាន​អាទិទេព​សម្រស់​ Venus ហើយ​នៅ​ទីនោះ​ Psyche បាន​ទទួល​កាតព្វកិច្ច​ការងារ​ដើម្បី​ដក​ពិសោធន៍​ស្នេហ៍​ពិត​ចំពោះ​ Cupid ពីមួយ​ទៅ​មួយ​កាន់​តែ​ពិបាក​និង​​គ្រោះថ្នាក់​ឡើង​។

កាតព្វកិច្ច​ចុង​ក្រោយ​ដែល​ Venus ឱ្យ​ Psyche ធ្វើ​គឺ​​ឱ្យ​នាង​យក​កូន​ប្រអប់​ទៅ​កាន់​ឋាន​ក្រោម​ដើម្បី​​ទៅ​សុំ​ភាព​ស្រស់​ស្អាត​ខ្លះ​ពី​ Proserpine ភរិយា​របស់​ Pluto ហើយ​យក​មក​ដាក់​ក្នុង​ប្រអប់​មក​ឱ្យ​ Venus នៅ​តាម​ផ្លូវ​ Psyche បាន​​​បើក​ប្រអប់​នោះ​ហើយ​ត្រូវ​មន្ដសណ្ដំ​ក៏​​ស្លាប់​ ហើយ​នៅ​ពេល​នោះ​ដែរ​ Cupid បាន​មក​ជួប​នឹង​រូបរាង​គ្មាន​វិញ្ញាណ​របស់​ Psyche ហើយ​បាន​ស្រូប​យក​វេទមន្ត​​ទៅ​ដាក់​ក្នុង​ប្រអប់​វិញ​ធ្វើ​ឱ្យ​ Psyche រស់រាន​ឡើង​វិញ​។

ស្នេហា​ស្មោះស្ម័គ្រ​របស់​ Psyche ​​ចំពោះ​ Cupid ធ្វើ​ឱ្យ​អាទិទេព​នានា​រួម​ទាំង​ Venus រំភើប​ចិត្ត​ហើយ​អាទិទេព​ទាំង​អស់​បាន​ជួយ​​គ្នា​ធ្វើ​ឱ្យ​ Psyche ក្លាយ​ជា​អាទិទេព​ដូច​ជា​ Cupid ​ចាប់​ពី​ពេល​នោះ​មក​​អ្នក​ទាំងពីរ​បាន​រស់​នៅ​ជាមួយ​គ្នា​យ៉ាង​សុខសាន្ត​។

បច្ចុប្បន្ន​អាទិទេព​ Cupid និង​ គ្រាប់​ព្រួញ​របស់​​គាត់​​បាន​ក្លាយ​ជា​និមិត្ត​សញ្ញា​ស្នេហា​ដ៏​ពេញនិយម​បំផុត​ក្នុង​លោក​ ហើយ​មនុស្ស​ជា​ច្រើន​យល់​ថា​ព្រួញ​ទម្លុះ​បេះដូង​នេះ​បាន​ចាក់​ចូល​ក្នុង​បេះដូង​​កំលោះ​ក្រមុំ​ជា​ច្រើន​​ឱ្យ​ក្លាយ​ជា​គូ​នឹង​គ្នា​​៕

ប្រែ​សម្រួល​៖ សុខា​នីកា​