ត្រឹមជាង១នាទីនេះឱ្យចប់ អ្នកនឹងដឹងថា ឪពុកម្ដាយប្រឹងប្រែងរកលុយចិញ្ចឹមកូនគឺមិនទាន់គ្រប់គ្រាន់ទេ
ជាស្ពតឃោសនារបស់ក្រុមហ៊ុនធានារ៉ាប់រង Dial Direct ដែលផលិតឡើងដើម្បីជាកញ្ចក់ឆ្លុះបញ្ចាំងសម្រាប់លោកឪពុកអ្នកម្ដាយសម័យថ្មីដែលបានប្រើប្រាស់ពេលវេលាទាំងអស់ទៅធ្វើភារកិច្ចផ្សេងៗ ប៉ុន្តែបែរជាភ្លេចថា កូនដែលស្ថិតក្នុងវ័យកុមារឬវ័យកំពុងចម្រើនលូតលាស់ត្រូវការសេចក្ដីស្រលាញ់ពីឪពុកម្ដាយខ្លាំងជាងលុយកាក់ដែលបានផ្ដល់ឱ្យកូនទៅទៀត។
វីដេអូនេះមានគតិអប់រំចំពោះឪពុកម្ដាយទាំងឡាយថាការដែលអ្នកមិនបានចំណាយពេលវេលាខ្លះដែលមានឱ្យទៅកូនតូចៗប្រុសស្រីរបស់អ្នក និងបានធ្វើឱ្យក្មេងៗទាំងនោះមានរបួសក្នុងចិត្ត។
ស្ពតឃោសនាដែលមានឈ្មោះហៅថាសៀវភៅកំណត់ត្រា (Notebook) នេះជួយឱ្យឪពុកម្ដាយដែលគិតថាការខិតខំប្រឹងប្រែងធ្វើការងាររកប្រាក់ដើម្បីឱ្យកូនទៅរៀនគឺជាការស្រលាញ់កូននោះ បានដឹងថា លុយដែលអ្នករកបានមកប្រហែលជាមិនស្មើនឹងការចំណាយពេលវេលាបន្តិចបន្តួចសាកសួរឬនិយាយលេងជាមួយកូនៗនោះទេ។
ស្ពត Notebook នេះត្រូវបានក្រុមហ៊ុន Dial Direct បង្ហោះលើគេហទំព័រចែកចាយវីដេអូធំជាងគេ Youtube កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០១៥ ហើយគិតមកទល់នឹងពេលនេះមានចំនួនអ្នកចូលរួមទស្សនាបានចំនួន ៨៣០ ៥២៤ ដងហើយ៕
ប្រែសម្រួល៖ សុខា នីកា