រឿង៤​​យ៉ាង​ដែល​លោក​អ្នក​ត្រូវ​​តែ​ធ្វើ​ មុន​នឹង​លា​ឈប់​ពី​ក្រុមហ៊ុន​​​​​​ណា​មួយ​

2/22/2015 0 Comments A+ a-


រឿង៤​​យ៉ាង​ដែល​លោក​អ្នក​ត្រូវ​​តែ​ធ្វើ​ មុន​នឹង​លា​ឈប់​ពី​ក្រុមហ៊ុន​​​​​​ណា​មួយ​ប្រភព៖​ ketekete.com

ការ​លា​ឈប់​ពី​​ក្រុមហ៊ុន​​​ មិន​មែន​ជា​រឿង​ងាយ​ស្រួល​សម្រាប់​បុគ្គលិក​ម្នាក់​ៗ​នោះ​ទេ។ ​​​ការ​​លា​ឈប់​នេះ​ទៀត​សោត ​អាច​បណ្ដាល​មក​ពី​បញ្ហា​ផ្សេង​ៗ​ដូច​ជា ​​បញ្ហា​ប្រាក់​បៀវត្សរ៍​ សម្ពាធ​ការងារ​ ​ជម្លោះ​​ក្នុង​ក្រុម​ការងារ​ ​​មិន​មាន​ការ​អភិវឌ្ឍន៍​ខ្លួន​ទៅ​មុខ​ទៀត​ ​​និង​សម្លឹង​ឃើញ​ឱកាស​នៅ​ក្រុម​ហ៊ុន​ផ្សេង​ជា​ដើម។ ​​អ្វី​ដែល​ Domneng7 ចង់​បង្ហាញ​លោក​អ្នក​ចំណុច​មួយ​សំខាន់​បំផុត​នោះ​គឺ​ថា​ មុន​នឹង​ដាក់​ពាក្យ​ឈប់​ត្រូវ​សួរ​ខ្លួន​ឯង​​ម្ដង​​ហើយ​ម្ដង​ទៀត​​ឱ្យ​បាន​ច្បាស់​លាស់​​។ ​​ចំណុច​បួន​​ ខាង​ក្រោម​នេះ​ គឺ​លោក​អ្នក​ត្រូវ​ធ្វើ​មុន​នឹង​ឈប់​ពី​ក្រុមហ៊ុន​៖

១) ​ត្រូវ​រក​ការងារ​ថ្មី​ឱ្យ​បាន​​សិន​​មុន​នឹង​ដាក់​ពាក្យ​ឈប់៖ ​មាន​មនុស្ស​​មិន​តិច​នាក់​នោះ​ទេ​ ​ដែល​លា​ឈប់​ពី​ការងារ​ភ្លាម​ៗ​ដោយ​សារ​​តែ​មាន​កំហឹង​​​ ឬ​​​​មិន​ពេញ​ចិត្ត​ត្រង់​ចំណុច​ណា​មួយ​ជា​មួយ​នឹង​មេ​ឬ​ជា​មួយ​នឹង​ក្រុមហ៊ុន​។ ​​ទោះ​​ជា​ដល់​ដំណាក់​​កាល​លោក​អ្នក​មិន​ពេញ​ចិត្ត​នឹង​ក្រុមហ៊ុន​​ឬ​មេ​របស់​អ្នក​យ៉ាង​ណា​ក្ដី​ លោក​ត្រូវ​រក​ការងារ​ឱ្យ​បាន​ថ្មី​មុន​សិន​ចាំ​ដាក់​ពាក្យ​ឈប់។ ​មនុស្ស​មួយ​ចំនួន​ធំ​ ​គឺ​ពឹង​ផ្អែក​លើ​ប្រាក់​ខែ​​​ បើ​សិន​ជា​មិន​ទាន់​រក​ការងារ​ថ្មី​បាន​ផង​ ហើយ​ដាក់​​ពាក្យ​ឈប់​​ ​នោះ​លោក​អ្នក​នឹង​ប្រឈម​បញ្ហា​ហិរញ្ញវត្ថុ។

២) ​ការ​ដាក់​ពាក្យ​ឈប់​គួរ​តែ​គោរព​តាម​លក្ខខណ្ឌ​ក្រុម​ហ៊ុន​កំណត់​​ និង​ប្រាប់​ពី​ការ​ងារ​ថ្មី​ដល់​មេ​របស់​អ្នក៖ ​ពេល​ដែល​លោក​អ្នក​ទទួល​បាន​ការងារ​ថ្មី​ យ៉ាង​ហោច​ណាស់​លោក​អ្នក​គួរ​ដាក់​ពាក្យ​លា​ឈប់​តាម​​​វិធាន​ផ្ទៃក្នុង​ឬ​ច្បាប់​ក្រុមហ៊ុន​កំណត់។ អាច​ពីរ​សប្ដាហ៍​​ មួយ​ខែ​ ឬ​ទៅ​បី​ខែ។ ​មួយ​ទៀត​​ បើ​អាច​ធ្វើ​បាន​លោក​អ្នក​គួរ​តែ​ប្រាប់​ដល់​មេ​របស់​អ្នក​តាម​ត្រង់​ពី​ការងារ​​របស់​អ្នក។ ធ្វើ​បែប​នេះ​ ​មេ​ឬ​ប្រធាន​របស់​​លោក​​អ្នក​នឹង​មិ​​​នគិត​ថា​អ្នក​ក្បត់​​​គាត់​ ឬ​នាំ​ឱ្យ​មើល​មុខ​គ្នា​មិន​ចំ​នៅ​ថ្ងៃ​អនាគត​​នោះ​ទេ។

៣) ធ្វើ​ការងារ​ឱ្យ​អស់​ពី​ដៃ​ពី​ជើង​​ និង​ជួយ​បណ្ដុះ​បណ្ដាល​អ្នក​ថ្មី​​ក្រោយ​ពី​ដាក់​ពាក្យ​ឈប់​៖ ​មិន​មែន​ក្រោយ​ពី​ដាក់​ពាក្យ​លា​ឈប់​ហើយ​ បោះ​បង់​ការងារ​ចោល​ ឬ​ធ្វើ​ឱ្យ​តែ​រួច​ពី​ដៃ​នោះ​ទេ។ ​លោក​អ្នក​​ត្រូវ​បង្ហាញ​ពី​ភាព​ជា​​វិជ្ជាជីវៈ​ក្នុង​​ការងារ​ ហើយ​ត្រូវ​ចាំ​ថា​​លោក​អ្នក​ស៊ី​ប្រាក់​ខែ​ពី​ក្រុមហ៊ុន​មួយ​​ខែ​ ឬ​ពីរ​សប្ដាហ៍​ឬ​បី​ខែ​ទៀត​ ដូច្នេះ​ត្រូវ​ធ្វើ​ការងារ​ឱ្យ​អស់​ពី​ដៃ​ពី​ជើង។ លោក​អ្នក​ត្រូវ​​​​បញ្ចប់​កិច្ចការ​ដែល​នៅ​សល់​ទាំង​ប៉ុន្មាន​ ​ផ្ទេរ​ការងារ​​ឱ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​ដល់​ប្រធាន​ ឬ​បុគ្គលិក​ថ្មី​ដែល​ចូល​ជំនួស។ ​ជួយ​បណ្ដុះ​បណ្ដាល​បុគ្គលិក​ថ្មី​នោះ​ឱ្យ​​​យល់​ពី​ការ​ងារ​របស់​អ្នក​គ្រប់​សព្វ។ ​ប្រាប់​ពី​ឯកសារ​ទាំង​ឡាយ​ដែល​លោក​អ្នក​បាន​ធ្វើ ​ដល់​បុគ្គលិក​ថ្មី​ឱ្យ​បាន​យល់​។ ​នេះ​ជា​​ការ​ធ្វើ​ការ​ប្រកប​ដោយ​វិជ្ជាជីវៈ​មួយ​ដែល​បង្ហាញ​ពី​តម្លៃ​របស់​អ្នក។

៤) ​មិន​ត្រូវ​ចាត់​ទុក​អ្នក​ណា​ម្នាក់​ជា​សត្រូវ៖ ​​លោក​អ្នក​​កំពុង​ធ្វើ​ការងារ​ឱ្យ​ក្រុមហ៊ុន​​ ហើយ​​បុគ្គលិក​​ដទៃ​ទៀត​ក៏​ធ្វើ​ការងារ​ឱ្យ​ក្រុមហ៊ុន​ដែរ។ ប្រការ​ដែល​លោក​អ្នក​គួរ​គិត​នោះ​គឺ​ថា​ កុំ​ចាត់​ទុក​​បុគ្គលិក​​នៅ​ក្នុង​​ក្រុមហ៊ុន​ចាស់​​ ​មិន​ថា​មេ​របស់​អ្នក​ ឬ​បុគ្គលិក​ដែល​អ្នក​មិន​ចូល​ចិត្ត​ ជា​សត្រូវ​​​ ព្រោះ​ថា​ថ្ងៃ​ណា​មួយ​លោក​អ្នក​នឹង​​អាច​ធ្វើ​ការ​នៅ​កន្លែង​ណា​​មួយ​ជា​មួយ​គ្នា​ក៏​អាច​ថា​បាន៕​​