អ្នកវិភាគថា តាមមើលពីនេះទៅ ប្រេងឆៅឡើងថ្លៃមិនរួចទេ
ប្រទេសអារ៉ាប៊ីសាអ៊ូឌីត (Saudi Arabia) កំពុងអនុវត្តផែនការណ៍កែសម្រួល (restructuring) ដើម្បីធ្វើឲ្យប្រេងឆៅឡើងថ្លៃវិញ។ តាមមើល ក្នុងពេលប្រថុចញ៉ុចបែបនេះ ប្រេងមិនឡើងថ្លៃព្រឹបៗ ដូចផ្លេកបន្ទោរ ដូចកាលពីពាក់កណ្ដាលឆ្នាំ២០១៤ នោះឡើយ (កាលណោះប្រេងឆៅ ១៥៩ លីត្រ = ១២០ ដុល្លារ) ហើយបើទុកជាឡើងថ្លៃ ក៏ត្រូវការពេលវេលាយូរអង្វែងទៅមុខ។
អ្នកវិភាគប្រមើលឃើញថា ផែនការណ៍ជំរុញឲ្យប្រេងឆៅឡើងថ្លៃតាមចិត្តចង់ របស់អារ៉ាប៊ីសាអ៊ូឌីត គឺទៅមិនរួចទេ។ នៅចំពោះមុខស្ថានភាពប្រេងឆៅធ្លាក់ថ្លៃបែបនេះ អារ៉ាប៊ីសាអ៊ូឌីតមិនអនុវត្តតាមវិធីកាត់បន្ថយផលិតកម្មប្រេង បែរជាផលិតដូចធម្មតា។
ចំនួនប្រេងឆៅ កាលពីឆ្នាំ២០១៤ ច្រើនលើសតម្រូវការ ២៦៥ លានបារ៉ែល (១ បារ៉ែល = ១៥៩ លីត្រ)។ ចំណែកឆ្នាំ២០១៥ ប្រេងឆៅលើសតម្រូវការ មួយថ្ងៃៗចន្លោះពី ១,៦ – ១,៨ លានបារ៉ែល។ ដូចនេះ បើគិតត្រឹមពាក់កណ្ដាលឆ្នាំ២០១៥ ប្រេងឆៅនឹងលើសតម្រូវការ ៣០០ លានបារ៉ែល។
កត្តាដែលធ្វើឲ្យប្រេងឡើងថ្លៃបន្តិច នាមួយរយៈពេលចុងក្រោយនេះ បណ្ដាលមកពីក្រុមហ៊ុនរកស៊ីប្រេង បានទិញប្រេងស្តុកទុកច្រើនឡើងៗ ក្រែងលោទៅថ្ងៃមុខប្រេងឡើងថ្លៃវិញ និងចំណុចមួយទៀត តំបន់ខួងប្រេងធំបំផុតនៅប្រទេសលីប៊ី កំពុងប្រទាញប្រទង់គ្នារវាងរដ្ឋាភិបាល និងក្រុមឧទ្ទាម។
តាមពិត កន្លែងស្តុកប្រេងមានកំណត់។ បច្ចុប្បន្ន អឺរ៉ុបនិងអាស៊ីសឹងរកកន្លែងស្តុកប្រេងគ្មាន ព្រោះស៊ីទំហំស្តុកអស់ ៨០% – ៨៥% ដល់ថ្នាក់ក្រុមហ៊ុនប្រេង កំពុងជួលកន្លែងស្តុកប្រេងបន្ថែម។ ប្រសិនបើក្រុមហ៊ុនរកកន្លែងស្តុកប្រេងគ្មាន ប្រេងអាចនឹងធ្លាក់ថ្លៃខ្លាំង (tumble)។ ឥឡូវនេះ សន្លឹកបៀរកំពុងស្ថិតនៅក្នុងដៃអារ៉ាប៊ីសាអ៊ូឌីត។
អ្នករកស៊ីខាងប្រេងប្រមើលឃើញថាប្រេងឆៅទំនងធ្លាក់ថ្លៃជារៀងរហូតហើយ មិនអាចស្ដារឲ្យតម្លៃឡើងដូចមុនទេ។ ក្រុមហ៊ុនប្រេងប្រកាសបន្ថយទុនវិនិយោគតិចជាងមុន ២០% សម្រាប់ឆ្នាំ២០១៥។ ឧទាហរណ៍ ក្រុមហ៊ុន BP ប្រកាសប្រើទុន ២០ ពាន់លានដុល្លារ ធៀបនឹងឆ្នាំ២០១៤ ក្រុមហ៊ុនបោះទុន ២៣ ពាន់លាន។ ក្រុមហ៊ុន HIS ខាងស្រាវជ្រាវវិស័យធុរកិច្ច ឲ្យដឹងថាចំនួនប្រេងថ្មីៗដែលគេស្រាវជ្រាវឃើញនៅបាតដីនោះ គឺថយចុះជាងមុន ព្រោះកាលពីឆ្នាំ២០១៤ គេរកឃើញ ១៦ ពាន់លានបារ៉ែល ជាអត្រាទាបបំផុតមិនធ្លាប់មានក្នុងរយៈពេល ៦០ ឆ្នាំចុងក្រោយនេះ។ បើដូច្នេះមែន អារ៉ាប៊ីសាអ៊ូឌីតអាចបានដៃ និងមានទឹកមាត់លេបឡើងវិញ៕
ប្រែសម្រួល ៖ អន សំអាង
ប្រភព៖ ទស្សនាវដ្ដី The Economist